អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅក្រោយ​វិបត្តិ រដ្ឋាភិបាល​ក្រិក​ត្រូវ​កសាង​មុខមាត់​របស់ខ្លួន​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ រដ្ឋាភិបាល​ក្រិក និង​ក្រុម​ប្រទេស​ចាយប្រាក់​អឺរូ បាន​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ ទាំងយប់ ទាំងថ្ងៃ ពី​រឿង​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវិត្ថុ​ដល់​ប្រទេស​ក្រិក។ នៅ​​ថ្ងៃ​សុក្រ សប្តាហ៍​មុន ក្រិក​ក៏​បាន​ទទួល​ការយល់ព្រម ពី​សហភាព​អឺរ៉ុប សម្រាប់​បន្ត​ជំនួយ​ហិរញ្ញវត្ថុ។ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ដល់​ល្ងាច​ថ្ងៃ​អង្គារ សប្តាហ៍​នេះ នៅពេល​ក្រិក​បញ្ជូន​បញ្ជី ធ្វើ​កំណែទម្រង់ ឲ្យ​ឃើញ ទើប​ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ បើកភ្លើង​ខៀវ​ជា​ផ្លូវការ ឲ្យ​ក្រិក​បន្ត​ខ្ចី​លុយ​សម្រាប់​៤​ខែ​ទៅមុខ។ 

នាយករដ្ឋមន្រ្តី​ក្រិក​ Alexis Tsipras.
នាយករដ្ឋមន្រ្តី​ក្រិក​ Alexis Tsipras. REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ថ្ងៃ​មុន រដ្ឋាភិបាល​ក្រិក​ត្រូវ​អស់​លុយ ពីកេស នៅថ្ងៃ​ទី ២៨​កុម្ភៈ សម្រាប់​ចំណាយ​សាធារណៈ ក្រិក​ស្រាប់តែ​បាន​ទទួល​យល់ព្រម​ពី​ក្រុម​ប្រទេស​ចាយប្រាក់​អឺរ៉ូ ឲ្យ​អាច​បន្ត​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​អឺរ៉ុប សម្រាប់​រយៈពេល​៤​ខែ​ទៅមុខ។ ទម្រាំ​ឈាន​ដល់​កិច្ច​ព្រមព្រៀង ដែល​ធ្វើឡើង សឹង​នៅ​នាទីចុងក្រោយ ក្រិក និង​អឺរ៉ុប​បាន​ជជែក ចរចា គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត។

 
ដោយពិត​ទៅ ក្រិក​នឹង​អាច​ទទួល​កញ្ចប់​ជំនួយ​ចុងក្រោយ នៅក្នុង​កម្មវិធី​ផ្តល់​ជំនួយ​របស់​សហភាព​អឺរ៉ុប ទៅ​តាម​កាលបរិច្ឆេទ​កំណត់ ដោយ​គ្មាន​បញ្ហា បើសិន​ជា​រដ្ឋាភិបាល​ថ្មី​របស់​ក្រិក មិន​រករឿង កិកកុក ចង់​សើរើ​រឿង​បំណុល​របស់ក្រិក ក៏​ដូចជា​នយោបាយ​រឹតត្បិត​ថវិកា​ដាក់​ដោយ​អឺរ៉ុប​ទេនោះ។ រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​ដែល​ប្រឆាំង​នឹង​កម្មវិធី​នយោបាយ​រឹតត្បិត​ថវិកា​ដាក់​ដោយ​អឺរ៉ុប បាន​ព្យាយាម​ចរចា បញ្ចុះបញ្ចូល​ជា​ច្រើន​លើក ដើម្បី​សុំ​ឲ្យ​អឺរ៉ុប​ជួយ​សម្រាល ឈប់​សង្កត់ក​ក្រិក​ឲ្យ​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា ដែល​តាមពិត ជា​ប្រភព​រុញច្រាន​ឲ្យ​ប្រជាជន​ក្រិក​កាន់តែ​ធ្លាក់​ខ្លួនក្រ។

នៅពេល​ដែល​មាន​ពាក្យ​ចចាម អារ៉ាម​ថា ក្រិក​អាច​ដើរចេញ​ពី​សហភាព​អឺរ៉ុប បើសិន​ការចរចា​ជួប​បរាជ័យ​នោះ គេ​អាច​គិតថា រដ្ឋាភិបាល​ក្រិក​ជា​អ្នកដឹកមុខ នៅក្នុង​ការចរចា ជាមួយ​អឺរ៉ុប។ និយាយ​ក្នុង​ន័យ​ម្យ៉ាង រដ្ឋាភិបាល​ក្រិក​ដែល​ជា​កូនបំណុល ចង់​សាកល្បង​មួយក្តារ ដើម្បី​អាច​ក្រែង​ទាមទារ​អ្វី​បាន​ខ្លះ​ពី​ ម្ចាស់បំណុល ដូចជា​​ទាមទារ​ឲ្យ​គេ​លុប​ចោល​បំណុល​ទាំងស្រុង។ នៅពេល​ដែល​លឺ​សំលេង​ជា​ឯកច្ឆន្ទ របស់​ម្ចាស់បំណុល រដ្ឋាភិបាល​របស់​ស៊ីរីហ្សា ក៏​បញ្ចេញ​ស្នៀត​មួយទៀត បាន​និយាយ​គំរាម​ថា ខ្លួន​លែង​ចង់​បាន​ជំនួយ​មាន​សំណង​ពី​សហភាព​អឺរ៉ុប​តទៅទៀត។ ការអះអាង​បែបនេះ អាច​បំពេញចិត្ត​ទាំងស្រុង​ប្រជាជន​ក្រិក ដែល​ជា​ម្ចាស់ឆ្នោត ព្រោះថា ជំនួយ​នោះ តាមពិត​ជា​បំណុល ដែល​នាំ​មក​ជាមួយ​នឹង​លក្ខខណ្ឌ​ធ្វើ​នយោយបាយ​រឹតត្បិត​ថវិកា។ ប៉ុន្តែ អឺរ៉ុបវិញ តាំងពី​ដំបូងទី មិន​បាន​ចុះចាញ់​ទៅ​តាម​ការសម្លុត​របស់​ក្រិក។ ផ្ទុយ​ទៅ​វិញ អឺរ៉ុប ដែល​នាំមុខ​ដោយ​អាល្លឺម៉ង់ បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ថា អឺរ៉ុប​មិន​អាច​ផ្តល់​លុយ​ទៅ​ឲ្យ​ប្រទេស​ណាមួយ ដែល​មិន​ចេះ​ចាយត្បិតត្បៀត​នោះទេ។ នៅចំពោះ​ជំហរ​នឹងថ្កល់ មិន​រង្គើ​របស់​អឺរ៉ុប ក្រិក​បាន​ចុះចាញ់ និង​នៅទីបំផុត​បាន​ធ្វើ​ទៅតាម​ការទាមទារ​របស់​សហភាព​អឺរ៉ុប ម្ចាស់​បំណុល ធំ​របស់ខ្លួន។

បញ្ជី​ធ្វើ​កំណែទម្រង់ ដែល​រដ្ឋាភិបាល​ក្រិក ដាក់​ទៅ​ឲ្យ​ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ​ពិនិត្យ​មើល​កាលពី​ថ្ងៃ​ចន្ទ ជា​ភស្តុតាង​ជាក់ស្តែង ដែល​បង្ហាញ​ពីការចុះចាញ់​របស់​រដ្ឋាភិបាល​ក្រិក នៅ​ចំពោះមុខ​ម្ចាស់បំណុល។ នៅ​ពេល​ជាប់ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​ក្រិក មកពី គណបក្ស​ឆ្វេងនិយមជ្រុល​ធ្លាប់​បាន​សន្យា​ធ្វើ​កំណែទម្រង់​សង្គម​ជាច្រើន​ដើម្បី​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្រិក ដែល​នៅក្នុង​នោះ​មាន​ការដំឡើង​ប្រាក់ខែ​អប្បរមា ឬ ការដំឡើង​ប្រាក់សោធននិវត្ត​ជាដើម។ ប៉ុន្តែ នៅក្នុង​បញ្ជី​ធ្វើ​កំណែទម្រង់ របស់​រដ្ឋាភិបាល​ស៊ីរីហ្សា កាលពីថ្ងៃ​ចន្ទ រឿង​ដំឡើង​ប្រាក់ខែ​អប្បបរមា ត្រូវ​បាន​គេ​សរសេរ​នៅ​ចុង​ទំព័រ​បំផុត ហើយ​គេ​មិន​បាន​បញ្ជាក់​កាលកំណត់​ដែល​ត្រូវ​ធ្វើ​នោះទេ។ ជារួម កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្រិក​ថ្មី គឺ​មិនចាក​ឆ្ងាយ​ប៉ុន្មាន​ពី​នយោបាយ​កំណែទម្រង់​ដែល​រដ្ឋាភិបាល​ក្រិក​ចាស់​បាន​អនុវត្ត​កន្លងមក ពោល​គឺ​កំណែទម្រង់​ដែល​តាមពិត​ទាមទារ​ដោយ​សហភាព​អឺរ៉ុប ដូចជា​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹតបន្តឹង​លើ​សកម្មភាព​រត់គេច មិន​បង់ពន្ធ ឬ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ។

នៅពេល​គេ​និយាយ​ពី​រឿង​លុយ គ្មានទេ ដែល​ម្ចាស់​បំណុល​ត្រូវ​ធ្វើ​សម្បទាន ហើយ​កូនបំណុល​ដែល​អាច​ឈ្នះ​យកប្រៀប​លើ​នោះ។ ចង់ ឬ​មិនចង់ អាគក ក៏​ដូច​អាចែ។ រដ្ឋាភិបាល​ក្រិកថ្មី ក៏​មិន​ខុសពី​រដ្ឋាភិបាល​មុន។ អ្វីដែល​ខុសគ្នា គឺ​ថា រដ្ឋាភិបាល​ក្រិក​ថ្មី បាន​ខូច​ស្អុយ​ឈ្មោះ មិន​ធ្វើ​ឲ្យ​គេ​ទុកចិត្ត នៅពេល​ដែល​ខ្លួន​ទើប​ចូល​កាន់អំណាច​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ លើកនេះ ទោះបី​ជា​ក្រុម​ប្រទេស​ចាយប្រាក់​អឺរ៉ូ​បាន​បើក​ភ្លើងខៀវ​ឲ្យ​ក្រិក​បន្ត​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ដែល​នៅសល់ ប្រមាណ ជាង ៧ពាន់​លាន​អឺរ៉ូ មែន ប៉ុន្តែ ក្រិក មិន​អាច​ទទួល​បាន​ទាំងអស់​ភ្លាមៗទេ។ ដំបូង គេ​ត្រូវ​រង់ចាំ​សិន ការសម្រេច​របស់ សភា​ប្រទេស​អឺរ៉ុប​ចំនួន​៤ ដូចជា អាល្លឺម៉ង់ ហ្វាំងឡង់ ដែល​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ប្រាក់​ពន្ធ​របស់​ប្រជាជន​ខ្លួន នឹង​មិន​ត្រូវ​ក្រិក​យក​ទៅ​ចាយ​ខ្ជះខ្ជាយ។ ទម្រាំ​បាន​ទឹកប្រាក់​ជាង​៧ពាន់​លាន​អឺរ៉ូ ដែល​ជា​កញ្ចប់​ថវិកា​ចុងក្រោយ នៃ​កម្មវិធី​ជួយសង្រ្គោះ របស់​អឺរ៉ុប ក្រិក​ត្រូវ​បន្ត​បើក​ដៃ​ឲ្យ​អឺរ៉ុប​ចូល​ត្រួតពិនិត្យ ដូចមុន នៅក្នុង​មុខចំណាយ​របស់ខ្លួន។ បើសិន​ជា​ក្រិក​មិន​ អនុវត្ត​នយោបាយ​កំណែទម្រង់​តាម​ការទាមទារ របស់​អឺរ៉ុប​ទេ នោះ​លុយ​ដែល​ត្រូវ​ផ្តល់​ជាដំណាក់កាល​នឹង​ត្រូវ​ផ្អឹប ដោយ​ស្វ័យប្រវត្តិ។

គណបក្ស​ស៊ីរីហ្សា មិនត្រឹម​បាក់មុខ​នៅ​ឆាក​អន្តរជាតិ ប៉ុន្តែ នៅក្នុង​ស្រុក រដ្ឋាភិបាល​ឆ្វេងនិយម​មួយនេះ នឹង​អាច​រងការរិះគន់​ពី​ម្ចាស់​សំឡេង​ឆ្នោត​របស់ខ្លួន ដែល​អាច​ខកចិត្ត ដ្បិត ពួកគេ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ​ដោយ​សង្ឃឹមថា នឹង​អាច​ជួយ​យឹតយោង​ក្រិក​ឲ្យ​រួចពីការគាបសង្កត់​ក ពី​អឺរ៉ុប ម្ចាស់​បំណុល។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ