អានតួអត្ថបទ
អូតង់

អូតង់​បង្ហាញ​កម្លាំង​យោធា នៅក្នុង​សមយុទ្ធ នៅ​សមុទ្រ​មេឌីទែរ៉ាណេ

ប្រទេស​សមាជិក​ទាំង​២៨​របស់​សម្ព័ន្ធ​អាត្លង់ទិក ហៅ​អូតង់​ត្រូវ​ផ្តើម​សមយុទ្ធ ចាប់​ពី​ថ្ងៃ​ចន្ទ ទី ១៩​តុលា នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ ជាសមយុទ្ធ​ដ៏ធំ ដែល​អូតង់​មិនដែល​ធ្លាប់​រៀបចំ​ធ្វើ នៅ​ក្នុង​រយៈពេល ១០​ចុងក្រោយ​នេះ។ សមយុទ្ធ របស់​អង្គការ​អូតង់ នឹង​មាន​ការចូលរួម​ពី​ទាហាន​៣ម៉ឺន ៦ពាន់​នាក់ ២៣០​កង​អង្គភាព យន្តហោះ និង​នាវាចម្បាំង ចំនួន ២០០ របស់​ប្រទេស​សមាជិក​អូតង់

អង្គភាព​យោធា​របស់​អូតង់​ធ្វើ​លំហាត់​សឹក​នៅ​ក្នុង​ទឹកដី​ប៉ូឡូញ​ថ្ងៃទី ១៦​តុលា ២០១៥
អង្គភាព​យោធា​របស់​អូតង់​ធ្វើ​លំហាត់​សឹក​នៅ​ក្នុង​ទឹកដី​ប៉ូឡូញ​ថ្ងៃទី ១៦​តុលា ២០១៥ ©REUTERS/Przemyslaw Skrzydlo/Agencja Gazeta
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៥​សប្តាហ៍ អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង បើក​ធ្វើ​សមយុទ្ធ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដែល​ស្ថិតនៅ​ចន្លោះ អាហ្វ្រិក​ខាងជើង និង​ទឹកដី​អឺរ៉ុប​ខាងត្បូង។ នៅថ្ងៃ​ចន្ទ មន្រ្តី​ជាន់ខ្ពស់​របស់​អូតង់​ត្រូវ​ចូលរួម​មើល​ការបង្ហាញ​សមត្ថភាព​របស់​កងទ័ព​អាកាស នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស ភាគខាងត្បូង​ប្រទេស​អ៊ីតាលី។ រុស្ស៊ី ដែល​បាន​ធ្វើ​សមយុទ្ធ​ដ៏​ធំមួយ នៅ​ដើម​ឆ្នាំនេះ ហើយ​និង​ធ្លាប់​ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​មេឌីទែរ៉ាណេ​កន្លងមក ត្រូវ​បាន​អញ្ជើញ ឲ្យ​ធ្វើ​ជា​ភ្ញៀវ មើល​លំហាត់​យោធា​របស់​អូតង់ នៅ​អ៊ីតាលី។

 

សមយុទ្ធ​របស់​អូតង់​ត្រូវ​បាន​ផ្តួចផ្តើម ធ្វើឡើង ក្នុង​បរិបទ​ដែល​តំបន់​អាហ្វ្រិក​ខាងជើង ដូចជា​​ប្រទេស​លីប៊ី ជាដើម ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ទឹកដី​អឺរ៉ុប កំពុង​ជួប​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ។

 
ប៉ុន្តែ នៅក្នុង​កាលៈទេសៈ ដែល រុស្ស៊ី​ចាប់ផ្តើម​លូកដៃ ធ្វើ​អន្តរាគមន៍​យោធា នៅ​ប្រទេស​ស៊ីរី អស្ថិរភាព នៅ​តំបន់​ដើមបូព៌ា និង​នៅ​អាហ្វ្រិក​ខាងជើង ក្លាយ​ជា​កង្វល់​តែ​មួយ សម្រាប់​អង្គការ​អូតង់។ តាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​អូតង់ ការគំរាមកំហែង​ពី​ខាងកើត និង​ខាងត្បូង បាន​ក្លាយ​ទៅជា​ការគំរាមកំហែង​តែមួយ។ គេ​ចង់​និយាយ​យោង​ទៅ​ដល់​រុស្ស៊ី ដែល​បាន​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី បន្ថែម ពី​លើ​ការលូកដៃ ទៅក្នុង​ជម្លោះទឹកដី​ភាគខាងកើត​អ៊ុយក្រែន នៅ​ភាគ​ខាង​កើត​អឺរ៉ុប។

នៅក្នុង​សមយុទ្ធ​ដែល​មាន​ការចូលរួម​ពី​ទាហាន​៣ម៉ឺន ៦នាក់នាក់ និង​យន្តហោះ នាវាចម្បាំង ចំនួន ២០០ អូតង់​ចង់​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​ធ្វើ​អន្តរាគម​ទ័ព នៅក្នុង​ពិភពលោក​មួយ ដែល​រដ្ឋមន្រ្តី​ការពារ​ជាតិ អង់គ្លេស ចាត់ទុកថា ស្រអាប់ និង​គ្រោះថ្នាក់ បំផុត។

នៅក្នុង​សមយុទ្ធ លើក​នេះ អូតង់​ត្រូវ​ពិនិត្យ​មើល​ផងដែរ សមត្ថភាព​របស់​កងកម្លាំង​ប្រតិកម្ម​រហ័ស ចំនួន ៥ពាន់​នាក់ ដែល​ត្រូវ​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​ក្រោយ។ កងកម្លាំង ពិសេស មាន​ទាំង​យន្តហោះ និង​នាវាចម្បាំង និង​មាន​សមត្ថភាព​ផ្លាស់ទី តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍។ នៅ​ក្រោយ​រុស្ស៊ី ប្រកាស​កាត់យក​ទឹកដី​គ្រីមេ​របស់អ៊ុយក្រែន អូតង់​បាន​បង្កើត​ កងកម្លាំង​ប្រតិកម្ម​រហ័ស ដើម្បី ធានា ការពារ​ទឹកដី​របស់​សមាជិក​អូតង់ ដែល​មាន​ព្រំដែន​ខាងកើត ជាប់​ជាមួយ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ