អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់​ថា​ការ​ធ្វើសមយុទ្ធ​មិនមែន​ជា​ការ​ត្រៀមខ្លួន​ចង់​ធ្វើ​សង្រ្គាម

អង្គការអូតង់​បាន​អះអាង​នៅថ្ងៃ​ពុធ​ថា សមយុទ្ធ​ដែល​ខ្លួន​បាន​រៀបចំ​ធ្វើឡើង​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​នៅ​អឺរ៉ុប​ខាង​កើត​នាពេល​កន្លងទៅនេះ មិនមែន​មានន័យថា​ជា​ការ​ត្រៀម​ខ្លួន​ចង់​ឃើញ​សង្រ្គាម​ផ្ទុះឡើង​នៅ​អឺរ៉ុប​នោះទេ។ ការថ្លែង​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ ដែល​ថា ការ​ធ្វើ​សមយុទ្ធតបតគ្នា​ទៅវិញ​ទៅមក រវាង​រុស្ស៊ី និង​អូតង់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុងតែ​ធ្វើ​ឲ្យ​ប្រូបាប៊ីលីតេ​នៃ​ការ​កើតសង្រ្គាម​មាន​កាន់តែ​ខ្លាំង។

កងទ័ព​អាមេរិក​ប្រចាំការ​នៅ​ប្រទេស​អេស្តូនី ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​របស់​អូតង់​នៅ បាល់ទិក
កងទ័ព​អាមេរិក​ប្រចាំការ​នៅ​ប្រទេស​អេស្តូនី ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​របស់​អូតង់​នៅ បាល់ទិក © REUTERS/Michael Dalder
ផ្សាយពាណិជ្ជកម្ម

 

វិទ្យាស្ថានស្រាវជ្រាវ​ឯករាជ្យ​មួយ ឈ្មោះ​ថា European Leadership Network ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ចេញផ្សាយ​អត្ថបទ​មួយនៅថ្ងៃ​ពុធ​នេះ ដោយ​ធ្វើការ​កត់សម្គាល់​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទាំង​រុស្ស៊ី និង​ទាំង​អូតង់​សុទ្ធតែនាំគ្នា​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ធ្វើ​សង្រ្គាម​ទៅវិញ​ទៅមក តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំៗ ដែល​ទាំងអស់​នេះ កំពុងតែ​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​អឺរ៉ុប​ត្រូវ​ជួប​នឹង​ភាព​តានតឹង​ខ្លាំង។

វិទ្យាស្ថានស្រាវជ្រាវ​នេះ​បាន​លើកឡើង​ជា​ឧទាហរណ៍​នូវ​សមយុទ្ធទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី ដោយ​មាន​ទាហាន​ចូលរួម​រហូតដល់​ទៅ ៨ម៉ឺននាក់ កាល​ពីខែ​មីនា និង​សមយុទ្ធ​របស់​អូតង់ ដោយ​មាន​ទាហាន​ចូលរួម​ ១ម៉ឺន៥ពាន់នាក់ កាល​ពីខែ​មិថុនា នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ជុំវិញ​សមុទ្រ​បាល់ទិក។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ គឺនៅត្រង់​ថា នៅ​ក្នុង​សមយុទ្ធ​ទាំងពីរ​នេះ អតីត​គូសត្រូវ​នៃ​សង្រ្គាម​ត្រជាក់ទាំងពីរ​​​សុទ្ធតែនាំគ្នា​​ហាត់សម​អំពី​សេណារីយ៉ូ​នៃ​ការ​ផ្ទុះសង្រ្គាម​នឹងគ្នា ពោលគឺ រុស្ស៊ី​ហាត់សម​ពី​សេណារីយ៉ូ​សង្រ្គាម​ទល់​នឹង​អូតង់ ចំណែក​អូតង់​ហាត់សម​ពី​សេណារីយ៉ូ​សង្រ្គាម​ទល់​នឹង​រុស្ស៊ី។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន European Leadership Network បាន​បញ្ជាក់ថា គេ​មិនមែន​ចោទ​ថា មេដឹកនាំ​អូតង់ និង​មេដឹនាំ​រុស្ស៊ី​សុទ្ធតែ​មាន​គំនិត​ចង់​ឲ្យ​ផ្ទុះសង្រ្គាម ឬ​ក៏​ថា សង្រ្គាម​រវាង​អូតង់​ និង​រុស្ស៊ី គឺ​ជា​រឿង​ដែល​មិន​អាច​ចៀសរួចនោះទេ គ្រាន់តែថា ការ​ធ្វើ​សមយុទ្ធ​តបគ្នា​ទៅវិញ​ទៅមក​នេះ កំពុងតែ​បង្កើត​ឲ្យ​មាន​បរិយាកាស​តានតឹង​នៅ​ក្នុង​តំបន់​អឺរ៉ុប។

ប្រឈមមុខ​​នឹង​ការរិះគន់​នេះ អ្នក​នាំពាក្យ​របស់​អង្គការ​អូតង់​បាន​ឆ្លើយតប​មកវិញ​ភ្លាមៗ នៅ​ល្ងាច​ថ្ងៃ​ពុធ​ថា ការធ្វើ​សមយុទ្ធ​របស់​អូតង់​មិន​ធ្វើ​ឲ្យ​ប្រូបាបីលីតេ​នៃ​សង្រ្គាម​នៅ​អឺរ៉ុប​ត្រូវ​កើនឡើង​នោះទេ ហើយ​ថា អ្វី​ដែល​អូតង់​កំពុងធ្វើ​សព្វថ្ងៃ​នេះ គឺ​គ្រាន់តែ​ជា​ការឆ្លើយតប​នឹង​ទង្វើ​របស់​រុស្ស៊ី​តែ​ប៉ុណ្ណោះ គឺ​ “​ឆ្លើយតប​ទៅនឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​កើតមាន​កាន់តែ​ខ្លាំង” ចាប់តាំង​ពី​មាន​ការ​កាត់យក​តំបន់​គ្រីមេ​ពី​អ៊ុយក្រែន។

អ្នក​នាំពាក្យ​អូតង់​ក៏​បាន​លើកឡើង​ផងដែរ​ថា រាល់​ការ​ធ្វើ​សមយុទ្ធ​ម្តងៗ​អូតង់​តែងតែ​ប្រកាស​ឲ្យដឹង​ជាមុន​រាប់ខែ ព្រមទាំង​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​ខាងក្រៅ ជាពិសេស មក​ពី​រុស្ស៊ី ឲ្យ​ចូលរួម​ត្រួតពិនិត្យ គឺ​ផ្ទុយ​ពី​រុស្ស៊ី ដែល​ពេលខ្លះ​​បើក​ធ្វើ​សមយុទ្ធភ្លាមៗ ដោយ​មិន​ប្រកាស​ឲ្យដឹង​ជាមុន។

រហូតមកទល់​នឹង​ពេលនេះ គេនៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​ពី​សំណាក់​រុស្ស៊ី​នៅឡើយទេ ទាក់ទង​នឹង​ការថ្លែង​អស់ទាំងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ