អានតួអត្ថបទ
Amnesty International

Amnesty International៖២០១៤ ជា​ឆ្នំា​ដែល​មាន​ជនស៊ីវិល​ស្លាប់ និង​ភៀសខ្លួន​យ៉ាង​ច្រើន

ក៏​ដូច​ជា​រៀងរាល់​ឆ្នំា អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International តែងតែ​បាន​​ចេញ​ផ្សាយ​របាយការណ៍​ប្រចំា​ឆ្នំា​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស ​នៅ​ក្នុង​ពិភពលោក។ របាយការណ៍​ឆ្នំា ២០១៤ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី២៥ កុម្ភៈ​នេះ​ត្រូវ​បាន Amnesty International ចាត់​ទុក​ជា​ឆ្នំា​ពោរពេញ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ និង​ជា​ឆ្នំា​ដែល​មាន​ជនស៊ីវិល​ស្លាប់ ព្រម​ទំាង​ភៀសខ្លួន​យ៉ាង​ច្រើន​សម្បើម។ ទន្ទឹម​គ្នា​នេះ Amnesty International ក៏​បាន​ស្តីបន្ទោស​សហគមន៍​អន្តរជាតិ​ពី​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ព្រម​ទំាង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​នៅ​ផ្ទៃក្នុង​ស្ថាប័ន​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

លោក Salil Shetty អគ្គលេខាធិការ Amnesty International
លោក Salil Shetty អគ្គលេខាធិការ Amnesty International REUTERS/Mohammed Dabbous
ផ្សាយពាណិជ្ជកម្ម

Amnesty International បាន​ចាត់​ទុក​ឆ្នំា ២០១៤ ជា​ឆ្នំាពិសេស​គ្របដណ្តប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ មនុស្ស​ស្លាប់​ជា​ច្រើន​លាននាក់ និង​មាន​ជនភៀសខ្លួន​យ៉ាង​តិច ១៥លាននាក់។ លោក Salil Shetty អគ្គលេខាធិការ Amnesty International បាន​បញ្ជាក់​ថា ឆ្នំា ២០១៤ ជា​ឆ្នំា​ដែល​មាន​ចំនួន​​ជនភៀសខ្លួន​ដ៏​ច្រើនសម្បើម​មិន​ធ្លាប់​មាន បើ​គិត​តំាង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២។ ក្នុង​ចំណោម ១៦០ប្រទេស​ដែល Amnesty International បាន​វាយតម្លៃ​ពី​រឿង​សិទ្ធិមនុស្ស​នៅ​ក្នុង​របាយការណ៍​ឆ្នំា ២០១៤ មាន ៣៥ប្រទេស​ដែល​បាន និង​កំពុង​បន្ត​គ្រប​ដណ្តប់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ទ័ពរដ្ឋាភិបាល និង​ក្រុមឧទ្ទាម ឬ​មួយ​ក៏​ពួក​ជ្រុលនិយម ដូច​យ៉ាង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ពួក​បូកូ​អារ៉ាម​ជា​ដើម។

ជាក់ស្តែង សង្រ្គាមស៊ីវិល​នៅ​ស៊ីរី​ដែល​កំពុង​បន្ត​មក​ដល់​សព្វថ្ងៃ​បាន​សម្លាប់​ មនុស្ស​ជាង ២០០ ០០០នាក់ និង​មាន​ជនភៀសខ្លួន ១០លាននាក់។ វិបត្តិ​អ៊ុយក្រែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៥ ០០០នាក់ និង​អ្នក​រត់ចោល​ផ្ទះសម្បែង​ជា​ច្រើន​ពាន់នាក់។ នៅ​តំបន់​ដើមបូព៌ា ការ​វាយប្រហារ​របស់​ទាហាន​អ៊ីស្រាអែល​លើ​ចលនា​ហាម៉ាស់​ប៉ាឡស្ទីន​នៅ​តំបន់​ ហ្គាហ្សា​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ២ ០០០នាក់។ នៅ​ទ្វីបអាហ្រ្វិក ពួក​អ៊ីស្លាមនិយមជ្រុល​បូកូ អារ៉ាម​បាន​បង្កើន​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស​ជិតខាង។ នៅ​អាហ្រ្វិកកណ្តាល ជម្លោះ​សាសនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៥ ០០០នាក់។ នៅ​ស៊ូដង់ខាងត្បូង មាន​ស្លាប់​ជនស៊ីវិល​ជា​ច្រើន​រយពាន់នាក់​នៅ​ក្នុង​ជម្លោះប្រដាប់​អាវុធ​ រវាង​រដ្ឋាភិបាល និង​ពួកប្រឆំាង។

ក្រៅ​ពី​ជនភៀសខ្លួន​ដែល​បាន​រត់​គេច​ពី​ជម្លោះប្រដាប់​អាវុធ Amnesty International ក៏​បាន​ផ្តោត​លើ​ជនភៀសខ្លួន​ដែល​បាន​រត់ចេញ​តាម​សមុទ្រ​ពី​ប្រទេស​កំណើត​ ដើម្បី​ស្វែង​រក​អនាគត​ថ្មី​នៅ​ក្នុង​ប្រទេស​ផ្សេង ពិសេស​នៅ​អឺរ៉ុប។ យោង​តាម Amnesty International មាន​មនុស្ស​ជាង ២០ម៉ឺននាក់​បាន​ព្យាយាម​រត់ភៀសខ្លួន​ផ្សងព្រេង​តាម​ផ្លូវសមុទ្រ​កាល​ពី​ ឆ្នំា ២០១៤ ក្នុង​នោះ មាន​ស្លាប់​យ៉ាង​តិច ៣ ៥០០នាក់។ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​ចាត់​ទុក​ ផ្លូវសមុទ្រ ជា​ផ្លូវ​មរណៈ​ជាង​គេ​ក្នុង​លោក។

Amnesty International ទម្លាក់​កំហុស​ដាក់​សហគមន៍​អន្តរជាតិ

Amnesty International បាន​ស្តីបន្ទោស​ត្រង់ៗ​ពី​អសមត្ថភាព​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ ដោះស្រាយ​បញ្ហា ពិសេស​គឺ​ជួយ​ការពារ​ជនស៊ីវិល។ អ្នក​ដែល Amnesty International បាន​ចង្អុល​ចំ​មុខ គឺ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពិសេស​សមាជិក​អចិន្រ្តៃយ៍​ទំាង ៥ប្រទេស​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ពាក្យស្តីបន្ទោស​នេះ​ត្រូវ​បាន​ថ្លែង​ជា​សាធារណៈ​ដោយ​លោក​អគ្គលេខាធិការ Amnesty International Salil Shetty។ លោក Salil បាន​ចាត់​ទុក​ចម្លើយ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ការពារ​ជនស៊ីវិល និង​បង្រ្កាប​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ថា ជា​ចម្លើយ​ឥត​បាន​ការ និង​គ្មាន​ប្រសិទ្ធិភាព។

អ្នក​ដែល​លោក Salil បាន​ចង្អុល​ចំ​មុខ គឺ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល Amnesty International បាន​យល់​ឃើញ​ថា ជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ជនស៊ីវិល និង​ធានា​សន្តិភាព ព្រម​ទំាង​សន្តិសុខ​នៅ​ក្នុង​ពិភពលោក។ ត្រង់​ចំណុច​នេះ លោក Salil បាន​និយាយ​ផ្តោត​សំខាន់​លើ​សមាជិក​អចិន្រ្តៃយ៍​ទំាង ៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសប្រជាជាតិ រួម​មាន​អាមេរិក បារំាង អង់គ្លេស ចិន និង​រុស្ស៊ី។ លោក Salil បាន​ចោទ​ប្រទេស​ទំាង​នោះ​ថា បាន​រំលោភបំពាន​​អំណាច​របស់​ខ្លួន និង​បាន​ប្រើ​សិទ្ធិវេតូ​ដើម្បី​ការពារ​ប្រយោជន៍នយោបាយ ឬ​ភូមិសាស្រ្តនយោបាយ​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្ចី​រវីរវល់​ការពារ​ជនស៊ីវិល។

នៅ​ក្នុង​ន័យ​នេះ លោក Salil បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សាសន្តិសុខ ពិសេស​គឺ​ការ​កម្រិត​សិទ្ធិវេតូ​របស់​សមាជិកអចិន្រ្តៃយ៍​ទំាង ៥ប្រទេស។ អ្វី​ដែល​លោក Salil ចង់​បាន គឺ​សុំ​កុំ​ឲ្យ​សមាជិកអចិន្រ្តៃយ៍​ទំាង ៥ប្រទេស​អាច​ប្រើ​សិទ្ធិវេតូ​ប្រឆំាង​នឹង​សេចក្តីសម្រេចចិត្ត​​ណា​ដែល​ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និង​ឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ។ សំណើ​ដូច​នេះ​ដោយ​លោក Salil យល់​ឃើញ​ថា នឹង​ផ្តល់​​អំណាច​យ៉ាង​ធំធេង​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​ការពារ​ ជនស៊ីវិល ព្រម​ទំាង​ជា​សញ្ញា​ប្រាប់​ថ្នាក់ដឹកនំា​ផ្តាច់ការ និង​ឧក្រិដ្ឋជន​គ្រប់​រូប​ថា ទង្វើ​របស់​ពួក​គេ​នឹង​មិន​អាច​គេច​ពី​សំណាញ់​ច្បាប់អន្តរជាតិ​បាន​ទេ។

គួរ​រម្លឹក​ជូន​ថា វិបត្តិ​ពិភពលោក​មួយ​ចំនួន​ដែល​បាន​អូសបន្លាយ​មិន​អាច​ដោះស្រាយ​បាន​មក​ដល់​ សព្វថ្ងៃ ក៏​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​ប្រទេស​ខ្លះ​ជា​សមាជិកអចិន្រ្តៃយ៍​នៃ​ ក្រុមប្រឹក្សាសន្តិសុខ។ ជាក់ស្តែង​វិបត្តិ​នៅ​ស៊ីរី រុស្ស៊ី និង​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ប្រើ​ សិទ្ធិវេតូ​ប្រឆំាង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​​ ចំនួន ៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ