អានតួអត្ថបទ
ស៊ុយអែត-ស៊ីព្រី

Sipri៖​ចំណាយ​យោធា​ក្នុង​ពិភពលោក​បាន​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៥

 ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ហៅកាត់​ថា ស៊ីព្រី (Sipri) ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​តែងតែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ចំណាយ​យោធា​នៅ​ក្នុង​ពិភពលោក។ សម្រាប់​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ ត្រូវ​បាន​ស៊ីព្រី​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី៥ មេសា​ថា ការ​ចំណាយ​យោធា​ក្នុង​លោក​បាន​ផ្តើម​កើន​ឡើង​ជា​ថ្មី បើ​ធៀប​នឹង​៤ឆ្នាំ​កន្លង​ទៅ។ 

Sipri៖​ចំណាយ​យោធា​ក្នុង​ពិភពលោក​បាន​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៥
Sipri៖​ចំណាយ​យោធា​ក្នុង​ពិភពលោក​បាន​កើន​ឡើង​ក្នុង​ឆ្នាំ ២០១៥
ផ្សាយពាណិជ្ជកម្ម

 

១ ៦៧៦ ០០០លានដុល្លារ នេះ​ជា​ចំនួន​ទឹកប្រាក់​ដែល​ពិភពលោក​បាន​ចំណាយ​នៅ​ក្នុង​វិស័យ​យោធា​សម្រាប់​ឆ្នាំ ២០១៥ កន្លង​ទៅ ពោល​បាន​កើន​ឡើង​ចំនួន ១% បើ​គិត​ក្នុង​រយៈពេល ១ឆ្នាំ​ពេញ។ ក្រៅ​ពី​មាន​ការ​កើន​ឡើង​ជា​លក្ខណៈ​ទូទៅ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ហៅកាត់​ថា ស៊ីព្រី (Sipri) ក៏​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​ចំណាយ​យោធា​នៅ​អឺរ៉ុបខាងកើត នៅ​អាស៊ី និង​នៅ​មជ្ឈិមបូព៌ា។ ចំណែក​ចំណាយ​យោធា​នៅ​បស្ចិមលោក​មាន​ការ​ថយចុះ​បន្តិច។

នៅ​អាមេរិក ថវិកា​យោធា​ក្នុង​ឆ្នាំ ២០១៥ មាន​ចំនួន ៥៩៦ ០០០លានដុល្លារ ពោល​តិច​ជាង​ឆ្នាំ ២០១៤ ចំនួន ២,៤%។ ក៏​ប៉ុន្តែ អាមេរិក​បន្ត​ស្ថិត​ជា​ប្រទេស​ជើងឯក​ផ្តាច់​មុខ​នៅ​ក្នុង​ចំណាយ​ផ្នែក​យោធា ពិសេស​ការ​ចាយវាយបន្ថែម​នៅ​បរទេស​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ រីឯ​ប្រទេស​ដែល​មាន​កញ្ចប់​ថវិកា​យោធា​ធំ​លំដាប់​ទី២​បន្ទាប់​ពី​អាមេរិក​គឺ​ចិន​ចំនួន ២១៥ ០០០លានដុល្លារ បន្ត​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​មាន ៨៧ ២០០លានដុល្លារ និង​ប្រទេស​រុស្ស៊ី​ដែល​មាន​កញ្ចប់​ថវិកា​យោធា​ចំនួន ៦៦ ៤០០លានដុល្លារ។

ដោយឡែក បារាំង​ដែល​ធ្លាប់​ស្ថិត​លំដាប់​ទី៥ ក្នុង​ឆ្នាំ ២០១៤ បាន​ធ្លាក់​ចុះ​នៅ​លេខ​រៀង​ទី៧​សម្រាប់​ឆ្នាំ ២០១៥ ពោល​នៅ​ក្រោម​ប្រទេស​អង់គ្លេស និង​ប្រទេស​ឥណ្ឌា។ បើ​គេ​គិត​ក្នុង​រយៈពេល ១០ឆ្នាំ ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៥ កញ្ចប់​ថវិកា​យោធា​អាមេរិក​មាន​ការ​ធ្លាក់​ចុះ​ចំនួន ៤% តែ​នៅ​ចិន​មាន​ការ​ស្ទុះ​ឡើង​ជាង ១៣២% បន្ត​ដោយ​អារ៉ាប៊ីសាអូឌីត​ដែល​កើន​ចំនួន ៩៧% និង​រុស្ស៊ី​កើន​ឡើង​ចំនួន ៩១%។ នៅ​អឺរ៉ុបខាងលិច​វិញ គេ​សម្គាល់​ឃើញ​ជា​រួម​ពី​ការ​កាត់​បន្ថយ​ថវិកា​យោធា តែ​មាន​ចង្វាក់​យឺតៗ។

នៅ​អាស៊ី ប្រទេស​ដែល​បាន​បង្កើន​ការ​ចាយវាយ​ក្នុង​ផ្នែក​យោធា រួម​មាន​ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន និង​វៀតណាម។ តាម​ស៊ីព្រី កំណើន​ចំណាយ​ផ្នែក​យោធា​របស់​ប្រទេស​អាស៊ី​ទាំង​នេះ​ក៏​ដោយ​តែ​មាន​ប្រទេស​ខ្លះ​កំពុង​ប្រឈម​មុខ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​នឹង​ចិន និង​ជាមួយ​កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ