អានតួអត្ថបទ
ក្រិក-អាល្លឺម៉ង់

កាកបាទ​ក្រហម​អាល្លឺម៉ង់​ប្រកាស​ត្រៀម​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ដល់​ប្រជាជន​ក្រិក

កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​តំបន់អឺរ៉ូ កាលពី​ថ្ងៃ​អង្គារ មិន​បាន​ផ្តល់​ដំណោះស្រាយ ​បញ្ចប់​វិបត្តិ​​នៅក្រិក។ គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់ពី​អឺរ៉ុប វិបត្តិ​សេដ្ឋកិច្ច​ក្រិក នឹង​រាលដាល​ទៅ​ជា​វិបត្តិ​មនុស្សធម៌ នៅពេល​ដែល​ប្រជាជន​ក្រិក​មួយចំនួន​ធំ រស់ពឹង​អាស្រ័យ​នឹង​ជំនួយ​សង្គម​របស់​រដ្ឋក្រិក។ នៅក្នុង​កាលៈទេសៈ ដែល​ប្រជាជន​ក្រិក​កំពុង​ជួប​អាសន្ន​អន់ក្រ​យ៉ាងដូច្នេះ អង្គការ​កាកបាទ​ក្រហម​អាល្លឺម៉ង់ បាន​ប្រកាស នៅថ្ងៃ​ពុធ​នេះ ថា បាន​ត្រៀម​ខ្លួន នាំយក​ជំនួយ មនុស្ស​ធម៌​ទៅ​ឲ្យ​ប្រជាជន​ក្រិក។ 

អ្នកចូល​និវត្តន៍​ក្រិកតម្រង់ជួរ រង់ចាំបើកលុយ​នៅ ធនាគារ​ជាតិក្រិក នៅថ្ងៃ​ទី ៦​កក្កដា ២០១៥
អ្នកចូល​និវត្តន៍​ក្រិកតម្រង់ជួរ រង់ចាំបើកលុយ​នៅ ធនាគារ​ជាតិក្រិក នៅថ្ងៃ​ទី ៦​កក្កដា ២០១៥ ©REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

“ប្រជាជន​ក្រិក​មិនត្រូវ​មក​រងគ្រោះ ទទួល​ថ្មបាក់ ដែល​បង្ក​ឡើង​នយោបាយ​ដ៏​ងងឹត​ងងល់​របស់​ថ្នាក់ដឹកនាំ របស់​ពួកគេ​ទេ។” នេះ​ជា​ការថ្លែង​របស់​រដ្ឋមន្រ្តី អាល្លឺម៉ង់ លោក​ស៊ិកម៉ា ហ្គាប្រ៊ីយែល។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី សេដ្ឋកិច្ច និង​ជា​ឧបនាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់​រូបនេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​អឺរ៉ុប​នឹង​ជជែក​ពី​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ក្រិក ដែល​ជា​ជនរងគ្រោះ ខ្លាំង​ជាងគេ នៅក្នុង​រឿង​វិបត្តិ​ប្រាក់បំណុល​ក្រិក។

 
កិច្ចប្រជុំ​វិសាមញ្ញ​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ​អ្វី។ គ្មាន​ដំណោះស្រាយ ប្រទេស​ក្រិក ​ធ្លាក់​ខ្លួន​កាន់តែជ្រៅ ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ។ ប្រជាជន​ក្រិក នៅ​តែ​លំបាក មិនអាច​បើក​ប្រាក់​ពី ធនាគារ​ក្រិក ដែល​បាន​បិទទ្វារ អស់ជាង​១​សប្តាហ៍​មកហើយ ហើយ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​សាច់ប្រាក់។ រហូត​មក​ដល់​ថ្ងៃ​ពុធនេះ មាន​តែ​ប្រជាជន​ចូលនិវត្តន៍​ដែល​អាច​បើក​ប្រាក់​របស់ខ្លួន ដោយ​ច្រើន​បំផុត​៦០​អឺរ៉ូ ក្នុង​មួយ​ថ្ងៃ។ ក្នុង​ស្ថានភាព​ដែល​ប្រជាជន​ក្រិក កំពុង​ជួប​គ្រោះ​អាសន្ន ផ្នែក​ហិរញ្ញវត្ថុ អង្គការ​កាកបាទ​ក្រហម អាល្លឺម៉ង់ បាន​ប្រកាស នៅថ្ងៃ​ពុធនេះ ថា ខ្លួន​ត្រៀម​ខ្លួន​ផ្តល់ជំនួយ ដល់​ប្រជាជន​ក្រិក​ដែល​កំពុង​ជួប​ការលំបាក មិន​បាន​ទទួល​គ្រប់គ្រាន់ សេវា​សុខភាព។

កាកបាទ​ក្រហម អាល្លឺម៉ង់ មិនអាច​ជួយ​ក្រិក​ផ្នែក​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ អាច​ផ្តល់ជំនួយ​មនុស្សធម៌ ដល់​ប្រជាជន​ក្រិក។ តាម​អ្នកនាំពាក្យ​របស់​កាកបាទ​ក្រហម អាល្លឺម៉ង់ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត ក្នុង​ស្រុក​អាល្លឺម៉ង់ គឺ ប្រជាជន​ក្រិក ដែល​ចូលនិវត្តន៍ ក្រីក្រ អ្នកជម្ងឺ និង​ក្រុមប្រជាជន​ភៀសខ្លួន នៅ​ក្នុង​ទឹកដី​ក្រិក ដែល​រងគ្រោះ ខ្លាំង​ជាងគេ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ នៅ​ក្រិក។

ប្រធាន​របស់​អង្គការ SOS​ភូមិ​កុមារ​ វិញ​បាន​អះអាងថា ចំនួន​គ្រួសារ​ក្រិក ដែល​រត់មក​ជំនួយ​ពី អង្គការ បាន​កើនឡើង ៥០​ដង ចាប់តាំង​ពី​វិបត្តិ​ប្រាក់បំណុល​ផ្ទុះឡើង​នៅ​ប្រទេស​ក្រិក។ ការដើរចេញ​របស់​ក្រិក​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ នឹង​រឹត​តែ​ធ្វើ​ឲ្យ​សង្គម​ប្រជាជន​ក្រិក​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​អត្តខាត់។

កាលពីថ្ងៃ​សុក្រ រូបថត​របស់​ទីភ្នាក់ងារ​បារាំង AFP​ដែល​បង្ហាញ ពី​បុរស​វ័យចំណាស់ ក្រិក ម្នាក់​អង្គុយ​យំ នៅមុខ​ធនាគារ​ក្រិក បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម រំជួលចិត្ត និង​រិះគន់ នៅ​តាម​អ៊ីនធ័រនែត។ តាម​កាសែត បុរស​ចូលនិវិត្តន៍ អង្គុយយំ ដោយសារ​តែ​គាត់​បាក់ទឹកចិត្ត និង​អស់សង្ឃឹម ក្រោយ​ពី​ធនាគារ​បដិសេធ មិន​ព្រម​បើក​លុយ ឲ្យ​គាត់។ នៅថ្ងៃ​ពុធនេះ អ្នកជំនួញ​ហិរញ្ញវត្ថុ​ម្នាក់ ដើមកំណើត​ក្រិក រស់នៅ​ប្រទេស​អូស្ត្រាលី បានអះអាងថា គាត់​នឹង​នាំយក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​បុរស​វ័យចំណាស់ ដែល​គាត់​ធ្លាប់​ស្គាល់ ជាមិត្តភក្តិ​ឪពុក​របស់គាត់។ អ្នកជំនួញ​ខាងលើ បញ្ជាក់ដែរថា គាត់​នឹង​រៃអង្គាស​រក​ប្រាក់​បន្ថែមទៀត ដើម្បី ជួយ​ដល់​ប្រជាជន​ចូលនិវត្តន៍​ផ្សេងទៀត នៅ​ក្រិក ដែល​ជួប​ការលំបាក ដោយសារ​តែ​វិបត្តិ​ប្រាក់បំណុល​ក្រិក​សព្វថ្ងៃ។

 

អាឡិចស៊ីស ស៊ីប្រាស៖ ក្រិក​ជាមន្ទីរពិសោធន៍​នយោបាយ​រឹតត្បិត​ថវិកា​របស់​អឺរ៉ុប ប៉ុន្តែ បទពិសោធន៍​នេះកំពុង​ជួប​បរាជ័យ

 

នាយករដ្ឋមន្រ្តី​ក្រិក ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា នៅថ្ងៃ ពុធ​នេះ នៅ​ក្នុង​សភាអឺរ៉ុប នៅ​៣​ថ្ងៃ​ក្រោយ​បោះឆ្នោត​ប្រជាមតិ​ក្រិក ដែល​សំឡេង​មិនព្រម ទទួល​យក​ផែនការផ្តល់​ជំនួយ​របស់​អឺរ៉ុប បាន​ឈ្នះ​លើសលប់។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅក្នុង កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ប្រទេស​ចាយប្រាក់​អឺរ៉ូ ទាំង ១៩ គ្រប់គ្នា បាន​ប្រកាស​ទុកពេល រហូត​ដល់​ថ្ងៃ​អាទិត្យ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​កិច្ចព្រមព្រៀង ក្រិក និងម្ចាស់បំណុល ដែល​គណៈកម្មការអឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។ មុន​នឹង​ដល់​ឱសានវាទ ចុងក្រោយ នៅថ្ងៃ​អាទិត្យ រដ្ឋាភិបាល​ក្រិក ត្រូវដាក់ស្នើ​កម្មវិធី​កំណែទម្រង់ ឲ្យ​បាន​នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បើក​ការចរចា​ផ្តល់​ជំនួយ​បន្ត​ដល់​រដ្ឋក្រិក។

នៅ​ថ្ងៃ​អង្គារ​ដដែល ប្រទេស​ដៃគូ​ក្រិក​ជាច្រើន​សំដែង​ការអស់សង្ឃឹម ដែល​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​របស់​ក្រិក​ថ្មី គ្មាន​បាន​យក​ឯកសារ មក​ដាក់​ក្នុង​តុចរចា។ ឥរិយាបថ​ព្រងើយ​កន្តើយ ឬ​ការធ្វេសប្រហែល​របស់​ក្រិក បាន​ធ្វើ​ឲ្យ​ពាក្យ ក្រិក​ដើរចេញ​ពី​តំបន់​អឺរ៉ូ កាន់តែ​លឺ​បង្ហើរ​ចេញ​ពី​មាត់​របស់​ថ្នាក់ដឹកនាំ អឺរ៉ុប ដែល​នៅក្នុង​នោះ មាន​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប។
 




 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ