អានតួអត្ថបទ
ក្រិក-អឺរ៉ុប

តំបន់​ចាយប្រាក់​អឺរ៉ូ​ធ្លាក់​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ក្រោយ​ប្រជាជន​ក្រិក បោះឆ្នោត មិនព្រម

លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ក្រិក កាលពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា ជាង ៦០ភាគរយ​នៃ​ប្រជាជន​ក្រិក បោះឆ្នោត មិនព្រម​ទទួល​យក​ផែនការ​ផ្តល់ជំនួយ ពី អឺរ៉ុប និង​មូលនិធិរូបិយ​វត្ថុ។ នេះ​ជា​លើក​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​អឺរ៉ុប ដែល​ប្រជាជន​នៅក្នុង​ប្រទេស​មួយ បាន​បោះឆ្នោត​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​ថវិកា ដែល​ដាក់​ចេញ​ដោយ​អឺរ៉ុប។ 

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា ម៉ែរគែល​ដែល​មាន​ជំហរ​តឹងរ៉ឹង​ជាងគេ ជាមួយ​ក្រិក
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា ម៉ែរគែល​ដែល​មាន​ជំហរ​តឹងរ៉ឹង​ជាងគេ ជាមួយ​ក្រិក Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ កាលពីថ្ងៃ​អាទិត្យ ប្រជាជន​ក្រិក​បោះឆ្នោត​ប្រឆាំង មិន​ចង់​បាន​ផែនការ​ផ្តល់​ជំនួយ​របស់​អឺរ៉ុប ដែល​មាន​ចងភ្ជាប់​មក​ជាមួយ​នឹង​លក្ខខណ្ឌ ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា​នៅក្រិក។ តាំងពីមុន ក្រិក​រៀបចំ ការបោះឆ្នោត​ប្រជាមតិ​ម្ល៉េះ ភាគី​អឺរ៉ុប ជាពិសេស អាល្លឺម៉ង់​បាន​ព្រមាន​ពី​ផលវិបាក បើសិន សំឡេង​មិនព្រម ទទួល​ជោគជ័យ នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​ក្រិក។

 
តាំងពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​គ្រាន់តែ លទ្ធផល​ឆ្នោត​បង្ហាញ​ថា ក្រុមមិនព្រម ក្រុមប្រឆាំង​នឹង​ផែនការ​ជំនួយ​របស់​អឺរ៉ុប បាន​ទទួល​ជោគជ័យ​ភ្លាម លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​ទាក់ទង​ទូរស័ព្ទ​ភ្លាម ទៅ​ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់។ លោកស្រី អង់គែឡា ម៉ែរគែល បាន​ស្នើ​ឲ្យ​មាន​ការកោះប្រជុំ​បន្ទាន់ ប្រមុខ​ដឹកនាំ ប្រទេស​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ នៅ​ថ្ងៃ​អង្គារ​ស្អែក។ ហើយ នៅ​ថ្ងៃចន្ទ​ទី ៦ កក្កដា លោកស្រី ត្រូវ​ជួប​ប្រធានាធិបតី​បារាំង ក្នុង​ក្រុង​ប៉ារីស ដើម្បី​ជជែក​ពី​ផលប៉ះពាល់ ដែល​អាច​មាន ទៅ​លើ​តំបន់​ចាយប្រាក់​អឺរ៉ូ នៅក្រោយ​ប្រជាជន​ក្រិក​បោះឆ្នោត មិនព្រម។

ប្រធាន គណៈកម្មការ​អឺរ៉ុប លោកហ្សង់ក្លូត ហ្សុងគ័រ បានជួប​ទូរស័ព្ទ ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ទាំង ១៨ ដែល​ជា​សមាជិក​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ ប៉ុន្តែ ផាត់​ចោល​មិន​និយាយ​ជាមួយ នាយករដ្ឋមន្រ្តី​ក្រិក។ នៅថ្ងៃចន្ទ នេះ នៅក្នុង​សន្និសីទ​វីដេអូ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ដែល​ត្រូវ​កោះប្រជុំ​បន្ទាន់​ផងដែរ រដ្ឋមន្រ្តី​ថវិកា​របស់​សហភាព​អឺរ៉ុប​ទាំងមូល នៅថ្ងៃ​ចន្ទ។

អាឡិចស៊ីស ស៊ីប្រាស៖ សំឡេង​មិនព្រម របស់​ប្រជាជន​ក្រិក នឹង​រឹត​តែ​ជួយ​ឲ្យ​រដ្ឋាភិបាល មាន​កម្លាំង​ខ្លាំង​ជាងមុន ដើម្បី​ចរចា ទាមទារ​ឲ្យ​ម្ចាស់បំណុល
នាយករដ្ឋមន្រ្តី​ក្រិក លោក​អាឡិចស៊ីស ស៊ីប្រាស​បាន​ទទួល​ជោគជ័យ​ក្នុងការកៀងគរ​ប្រជាជន​ក្រិក ឲ្យ​បោះឆ្នោត​ប្រឆាំង​កម្មវិធី ធ្វើកំណែទម្រង់ ទាមទារ​ដោយ​អឺរ៉ុប ម្ចាស់​បំណុល។ ជាមួយ​នឹង​សំលេង​មិនព្រម ច្រើន​លើសលប់ លោក​ចង់​បង្ហាញថា មិនមែន​មាន​តែ​រដ្ឋាភិបាល​ក្រិកតែ​ម្នាក់ឯង​ទេ ប៉ុន្តែ គឺ​ប្រជាជន​ក្រិក​ទាំងមូល ដែល​ប្រឆាំង មិនចង់​បាន​កញ្ចប់​ជំនួយ ជាថ្នូរ​នឹង​នយោបាយ​រឹតត្បិត​ថវិកា ដែល​ដាក់​ដោយ​អឺរ៉ុប។

សម្រាប់​នាយករដ្ឋមន្រ្តី​ក្រិក សំឡេង​របស់​ប្រជាជន​ក្រិក សំឡេង​ប្រជាធិបតេយ្យ នឹង​អាច​មាន​សម្ពាធ​ទៅលើ​មេដឹកនាំ​អឺរ៉ុប ផ្សេងទៀត ដែល​ជា​ភាគី​ម្ចាស់បំណុល ឲ្យ​គិត​ពិចារណា​ឡើងវិញ ពី​កម្មវិធី​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា​នៅ​ក្រិក។ ម្តងហើយ ម្តងទៀត លោក​អាឡិចស៊ីស ស៊ីប្រាស​បញ្ជាក់​ថា ការបោះឆ្នោត មិនទទួល​យក​ផែនការ​ធ្វើកំណែ​ទម្រង់​របស់​អឺរ៉ុប មិនមែន​មានន័យ​ថា ក្រិកត្រូវ​កាត់ផ្តាច់​ខ្លួន​ចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​នោះទេ។ លោក​ស៊ីប្រាស អះអាងថា ក្រិក​នៅ​តែ​ចង់​ស្ថិតនៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ប៉ុន្តែ សុំ​ឲ្យ​ភាគី​ម្ចាស់បំណុល​ធ្វើសម្បទាន និង​សាមគ្គី​ជួយ​ក្រិក​ឲ្យ​ស្មោះអស់​ពីចិត្ត។

អឺរ៉ុប៖ ក្រិក​រំលោភ មិនគោរព​ច្បាប់​របស់​អឺរ៉ុប។
សម្រាប់​ភាគី​អឺរ៉ុប ចម្លើយ​មិនព្រម​របស់​ប្រជាជន​ក្រិក មានន័យ​ស្មើ​នឹង​ការដែល​ក្រិក​ចង់​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ។ សេណារីយ៉ូ ដ៏​អាក្រក់​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ទាំង​ក្រិក និង​អឺរ៉ុប​ខាតបង់​ទាំងអស់គ្នានោះ គឺ​គ្មាន​អ្នកណា​ចង់​បាន​នោះទេ។ គេ​ក៏​មិនសង្ឃឹម​ថា វា​នឹង​អាច​កើតឡើងដែរ ព្រោះថា រហូតមកដល់​ម៉ោងនេះ គ្រប់ភាគី​សុទ្ធតែ​បង្ហាញ​ចេតនា​ចង់​ចរចា ដើម្បី​រកដំណោះស្រាយ។

ប្រមុខដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ជា​ម្ចាស់បំណុល​សំខាន់​មួយ​របស់​ក្រិក នៅ​តែ​បើកផ្លូវចរចា​ជាមួយ​ក្រិក នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ។ ចំណែក​ រដ្ឋាភិបាល​ក្រិក​បាន​ សុខចិត្ត​លះបង់​ចោល​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ដើម្បី​អាច​ផ្តើម​ចរចា​ជាថ្មី ជាមួយ​ម្ចាស់បំណុល។ នៅថ្ងៃ​ចន្ទនេះ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ក្រិក ដែល​ជា​អ្នកតំណាង​ចរចា​យ៉ាង​តឹងសសៃក ឲ្យ​រដ្ឋាភិបាល​ក្រិកបាន​ប្រកាស​លាចេញពីតំណែង ដែល​បើតាមលោក គឺ​ដើម្បី​ជួយ​សម្រាល​ភាពតានតឹង ដែលក្រិក ធ្លាប់​មាន​ភាគី​ម្ចាស់បំណុល។ រដ្ឋមន្រ្តី​សេដ្ឋកិច្ច លែងចូល​ខ្លួន ជា​ដៃគូ​ចរចា ជាមួយ​អឺរ៉ុប ដោយសារ​មក​ពី​នៅ ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ធ្លាប់​បាន​ប្រើពាក្យ​ធ្ងន់ៗ ចាត់ទុក ក្រុមប្រទេស​ម្ចាស់​បំណុល ថា ជា​ភេរវជន។

នៅថ្ងៃ​ចន្ទ គ្រប់គ្នា​កំពុង​តាមដាន​មើល​ប្រតិកម្ម ជំហរ​របស់​ធនាគារ​កណ្តាល​របស់​អឺរ៉ុប។
នៅក្រោយ​សំឡេង មិនព្រម ឈ្នះដាច់ សំឡេង​ព្រម នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ រដ្ឋាភិបាល​ក្រិក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប បង្កើន​ប្រាក់កម្ចី​ទៅឲ្យ​ក្នុង​ធនាគារ​ក្រិក ដែល​តាម​រដ្ឋាភិបាល​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​វិញ នៅ​ថ្ងៃ​អង្គារ។

ធនាគារ​កណ្តាល​អឺរ៉ុប​ទំនង​មិនទាន់​សម្រេច​ចិត្ត​អ្វី នៅ​មុន​ការសម្រេច​របស់​កិច្ចប្រជុំ​កំពូល​បន្ទាន់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ចាយប្រាក់​អឺរ៉ូ​នៅថ្ងៃ​អង្គារ​នោះទេ នោះបើទោះ​ជា​ ធនាគារ​កណ្តាល​អឺរ៉ុប ជាស្ថាប័ន​ឯករាជ្យ​ក៏ដោយ។

ធនាគារ​កណ្តាល​អឺរ៉ុប កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍មុន ធ្លាប់​បាន​បញ្ជូន​សាច់ប្រាក់ ទៅ​ឲ្យ​ធនាគារ​ក្រិក​ខ្ចី បន្ទាប់​ពី​រដ្ឋាភិបាល​ក្រិក​ប្រកាស​បោះឆ្នោត​ប្រជាមតិ និង​បិទធនាគារ មួយរយៈ។ ធនាគារ​កណ្តាល​អឺរ៉ុប កាលណោះ បាន​សម្រេច​ចិត្ត ដោយ​ឯកេង ផ្តល់​សាច់ប្រាក់ ទៅ​ឲ្យ​ធនាគារ​ក្រិក ក្នុង​បំណង​ជួយ​រក្សា ធានា​តម្លៃ​រូបិយបណ្ណ​អឺរ៉ូ តែមួយ កុំ​ឲ្យ​ធ្លាក់​ថ្លៃ ដោយសារ​វិបត្តិ​ប្រាក់​បំណុល​ក្រិក។ ប៉ុន្តែ សម្រាប់ សមាជិក​មួយចំនួន របស់​ក្រុមប្រឹក្សា​ធនាគារ​កណ្តាល​អឺរ៉ុប រំលោភ​វិធានផ្ទៃ​ក្នុង ហើយ​ការធ្វើ​ដូច្នេះ គឺ​រឹតតែ​បំផ្លាញ​លុយ​អឺរ៉ូ​ទៅវិញ​ទេ។ មួយវិញទៀត ធនាគារ​កណ្តាល​ដែល​បញ្ចេញ​លុយ​ជាង ៥០ពាន់​លាន​អឺរ៉ូ រួចទៅហើយនោះ នឹង​អាច​ជួប​បញ្ហា​ ខ្វះខាត​សាច់ប្រាក់ នៅក្នុង​កេស ទៅ​ថ្ងៃ​មុខ។

បើធនាគារ​កណ្តាល​អឺរ៉ុប មិន​ផ្តល់​ប្រាក់កម្ចី​ទៅ​ឲ្យ​ធនាគារ​ក្រិក​ខ្ចី នោះ​ធនាគារ​ក្រិក​នឹង​លែង​មាន​លុយ សម្រាប់​ប្រជាជន​ក្រិក។ សេដ្ឋកិច្ច​ក្រិក​នឹង​អាច​ធ្លាក់​ចុះ​ដាំដូង​កាន់តែខ្លាំង ព្រោះថា ក្រិក​លែង​អាច​ខ្ចីលុយ​ពី​អ្នកណា​ផ្សេងទៀត​ក្រៅតែ​ពី​អឺរ៉ុប តំាង​ពី​ឆ្នាំ ២០១២ ដែល​ក្រិក​កើតមាន​ប្រាក់បំណុល​លើកដំបូងម្ល៉េះ។ ហើយ​នៅពេល​ដែល​ក្រិក​អស់លុយ​អឺរ៉ូ​នៅក្នុង​ធនាគារ រដ្ឋក្រិក​នឹង​អាច​បង្កើត​បុង សម្រាប់​ចាយ​បណ្តោះអាសន្ន ប៉ុន្តែ ធ្វើដូច្នេះ នឹង​ធ្វើ​ឲ្យ​ក្រិក​ត្រូវ​ដើរ​ចេញ ដោយ​ឯកឯង​ចេញពី​តំបន់ចាយប្រាក់​អឺរ៉ូ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ