អានតួអត្ថបទ
បារំាង-អាកាសធាតុ

អាកាសធាតុ៖បារំាង​កោះប្រជុំ​រដ្ឋមន្រ្តី​បរិស្ថាន និង​ថាមពល​ចំនួន ៦០នាក់​​ដើម្បី​​ត្រៀម​​បើក COP២១

៣សប្តាហ៍ មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង (COP២១) លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស​បាន​កោះ​ប្រជុំ​ចុង​ក្រោយ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ថាមពល​មក​ពី ៦០ប្រទេស​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ពន្លឿន​កិច្ចចរចា​លើ​អត្ថបទ​ដែល​ទើប​អនុម័ត​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ ដោយឡែក លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក៏​នឹង​មាន​វត្តមាន​នៅ​ក្បែរ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ផ្សេង​ក្នុង​ឱកាស​សន្និសីទ​នា​ពេល​ខាង​មុខ​ដែរ។

លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​បរិស្ថាន និង​ថាមពល​នៃ​ប្រទេស​ប៉េរូ
លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស (រូបឆ្វេង) និង​លោក​រដ្ឋមន្រ្តី​បរិស្ថាន និង​ថាមពល​នៃ​ប្រទេស​ប៉េរូ Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី​ពូទីន រួម​ទំាង​រដ្ឋមន្រ្តី​រុស្ស៊ី​ប្រមាណ ២០នាក់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស។ តែ​ក្រសួង​ការបទេស​បារំាង​បាន​គូស​បញ្ជាក់​ថា ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ខាង​ភាគី​រុស្ស៊ី​នៅ​ឡើយ​ទេ និង​ថា បារំាង​បាន​ទទួល​ដំណឹង​នេះ​ពី​លោកស្រី​គ្រីស្ទីណា ហ្វីហ្កេរ៉េស (Christina Figueres) អគ្គនាយការ​នៃ​សន្ធិសញ្ញា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​បារំាង។

គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ បារំាង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​បាន​ទទួល​ចម្លើយ​វិជ្ជមាន​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជាង ១០០ប្រទេស​ហើយ ក្នុង​នោះ​មាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង ឬ​មួយ​ក៏​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា។ លោក​ប្រមុខ​ការទូត​បារំាង​ឡូរ៉ង់ ហ្វាប៊ីយូស​ក្នុង​នាម​ជា​ប្រធាន​សន្និសីទ​បាន​បញ្ជាក់​ថា ការ​អញ្ជើញ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​នៅ​ថ្ងៃ​បើក​សន្និសីទ​ដំបូង​ក្នុង​ថ្ងៃទី៣០ វិច្ឆិកា គឺ​ជា​ការ​ដាក់​សម្ពាធ​ដើម្បី​កុំ​ឲ្យ​សន្និសីទ​ទទួល​បរាជ័យ​ដូច​ក្នុង​សន្និសីទ​នៅ​ប្រទេស​ដាណឺម៉ាក​កាល​ពី​ឆ្នំា ២០០៩។

ដោយឡែក ទាក់ទង​នឹង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ថាមពល​មក​ពី ៦០ប្រទេស​ក្នុង​ទីក្រុង​ប៉ារីស​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃ​អាទិត្យ ទី៨ ដល់​ថ្ងៃ​អង្គារ ទី១០ វិច្ឆិកា​ត្រូវ​បាន​លោក​ហ្វាប៊ីយូស​ប្រាប់​ឲ្យ​ដឹង​ថា មិនមែន​ដើម្បី​ចរចា​ឡើង​វិញ​លើ​អត្ថបទ​កិច្ចព្រមព្រៀង​ចំនួន ៥៥ទំព័រ​ដែល​ទើប​អនុម័ត​នៅ​ក្នុង​កិច្ចចរចា​នា​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់​ថ្មីៗ​នេះ​ទេ តែ​គឺ​ដើម្បី​ជួយ​សម្រួល​លើ​ភាព​មិន​ចុះ​សម្រុង​គ្នា​ដែល​នៅ​សេសសល់​ក្នុង​គោលដៅ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​ចុង​ក្រោយ​មួយ​នៅ​ក្នុង​សន្និសីទ។

សម្រាប់​លោក​ហ្វាប៊ីយូស ការ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​នៅ​មុន​សន្និសីទ​ផ្លូវការ គឺ​ជា​ជំហាន​សាកល្បង​មួយ​ដ៏​សំខាន់​ខ្លំាង​ណាស់។ គួរ​រម្លឹក​ជូន​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​គ្រប់​គ្នា​ចង់​បាន​នា​ឱកាស​សន្និសីទ​ក្នុង​ប្រទេស​បារំាង​ខាង​មុខ គឺ​ការ​ទប់​ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សារ​ធៀប​នឹង​កម្រិត​នៅ​មុន​សម័យ​ឧស្សាហកម្ម។ តែ​ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញាអាសន្ន​ដោយ​បាន​អំពាវនាវ​ប្រទេស​នីមួយៗ​ឲ្យ​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បី​អាច​រក្សា​កំដៅ​ក្នុង​ភពផែនដី​មិន​ឲ្យ​កើន​លើស​ពី ២អង្សារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ