អានតួអត្ថបទ

ចិន-បារាំង កាន់​ដៃ​គ្នា​ជំរុញ​សន្និសីទ​អន្តរជាតិ​ឱ្យ​សម្រេច​ជោគជ័យ

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ចិន​និង​បារាំង​បាន​ស្រុះ​ស្រួល​គ្នា​ថា​នឹង​ប្រឹង​ប្រែង​ធ្វើ​គ្រប់យ៉ាង រក​ឱ្យឃើញ នា​ឱកាស​សន្និសីទ​ស្តី​អំពី​អាកាសធាតុ​​ខែ​ក្រោយ​នេះ នូវ​កិច្ចព្រមព្រៀង​ប្រកប​ដោយ​មហិច្ឆតា​មួយ និង​តាម​ផ្លូវ​ច្បាប់ ដែល​មាន​លក្ខណៈ​បង្ខិត​បង្ខំ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​តែ​គោរពតាម។ មិន​តែ​ប៉ុណ្ណោះ​កិច្ចព្រមព្រៀង​នោះ នឹង​ត្រូវភ្ជាប់ពាក្យ​ខ​សន្យា​សើរើ​ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធផល ជា​រៀង​រាល់​៥​ឆ្នាំម្តង។

លោក​ប្រធានាធិបតី​បារាំង​François Hollande និង​សមភាគីចិនលោក Xi Jinping (ស្តាំ) ក្រោយ​សេចក្តីថ្លែងការណ៍​រួម
លោក​ប្រធានាធិបតី​បារាំង​François Hollande និង​សមភាគីចិនលោក Xi Jinping (ស្តាំ) ក្រោយ​សេចក្តីថ្លែងការណ៍​រួម REUTERS/Jason Lee/Pool
ផ្សាយពាណិជ្ជកម្ម

 

កិច្ចព្រមព្រៀង​បារាំង-ចិន ត្រូវ​បាន​ប្រកាស​ឡើង​រួម​គ្នា​ដោយ​ប្រធានាធិបតី​បារាំង​និង​ចិន ពី​វិមាន​ប្រជាជន​ចិន ក្រុង​ប៉េកាំង។ ប្រធានាធិបតី​ចិន ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង​ជាង​គេ​នៅលើ​ពិភពលោក បាន​អះអាង​ថា សេចក្តីថ្លែងការណ៍​រួម​បារាំង​ចិន​នេះ មាន​១២​ចំណុច និង​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​​រួម​គ្នា​ ក្នុង​ការ​ដឹកនាំ​សន្និសីទ​ស្តី​អំពី​អាកាសធាតុ ក្រុង​ប៉ារីស នៅ​ចុងខែ​ ឱ្យ​បាន​សម្រេច​ជោគជ័យ។ សម្រាប់​លោក​ហ្វ្រង់ស័រ​ហូឡង់​វិញ កិច្ចព្រមព្រៀង​បារាំង-​ចិន ជា​ជំហាន​ដ៏​សំខាន់​មួយ​ នាំ​ឆ្ពោះ​ទៅ​រកកិច្ចព្រមព្រៀង​ទូទៅ-COP២១។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​រួម ប៉ារីស​បាន​មើលឃើញ​អំពី​ភាព​ចាំបាច់ នៃ​ការ​តាមដាន​សកម្មភាព។ ​ ​យន្តការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​​​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង សម្រាប់​វាស់វែង​ថា​ ប្រទេស​ជា​សមាជិក​គោរព​កិច្ច​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​បាន​ប៉ុណ្ណា។

នៅ​ពេល​មិន​ដល់​មួយ​ខែ​ទេ សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​នឹង​ត្រូវ​ចាប់​ផ្តើម ! ប៉ុន្តែ​ កិច្ចព្រម​ព្រៀង​ទូទៅ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ប៉ុន្តែប្រធានាធិបតី​បារាំង​និង​ចិន បាន​​ប្រកាស​ក្តែងៗ ក្នុង​សំឡេង​តែ​មួយ ​ថា​នឹង​ធ្វើ​ឱ្យកិច្ចព្រមព្រៀង​ដ៏​លំបាក​សម្រេច​មួយ​នេះ ក្លាយ​ជា​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​ដាក់​កំហិត​ ជា​ច្បាប់​ត្រូវ​​គោរព គ្រប់គ្នាៗ និង​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍ទទួល​ខុសត្រូវ​រួម របស់​ប្រទេស​ជា​សមាជិក​ទាំង​១៩៥​ប្រទេស ទៅ​តាម​សមត្ថភាព​និង​លទ្ធភាព ដើម្បី​កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ត្រឹម​ក្រោម​២អង្សារ។

ប៉ារីស​និង​ប៉េកាំង បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ឧស្ម័ន​កាបូនិច កំណត់​តម្លៃ កំណត់​កូតា​ ដើម្បី​ឱ្យ​មាន​តម្លាភាព​និង​ការ​ទុក​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ចិន​បាន​ផ្តើម​អភិវឌ្ឍន៍ទីផ្សារ​កាបូន​ជាតិ ដែល​បើ​តាម​សេចក្តីថ្លែងការណ៍ គឺ​ដំណាក់កាល​ដ៏​សំខាន់ ប្រកប​ដោយ​និមិត្តរូប​ និង​ជា​សន្យា​ប្រកប​ដោយ​សេចក្តីក្លាហាន​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ