អានតួអត្ថបទ
ស៊ុយអែត-អារ៉ាប៊ី សាអូឌីត

ស៊ុយអែត​បញ្ចប់​ទំនាក់ទំនង​យោធា​ជាមួយ​អារ៉ាប៊ី សាអូឌីត​ដោយសារ​សំណុំរឿង​សិទ្ធិមនុស្ស

ភាពតានតឹង​ការទូត​រវាង​ស៊ុយអែត និង​ អារ៉ាប៊ី សាអូឌីត បាន​កើនឡើង​មួយកម្រិត បន្ទាប់ពី​ អារ៉ាប៊ី សាអូឌីត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សម្រេច​កោះហៅ ឯកអគ្គរាជទូត​របស់ខ្លួន​ប្រចាំ​ទីក្រុង​ស្តុកខូម ឲ្យ​ចូល​ប្រទេស​វិញ។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ស៊ុយអែត។ ការសម្រេច​យ៉ាងដូច្នេះ​របស់​ទីក្រុង​រីយ៉ាដ ធ្វើឡើង​នៅ​ថ្ងៃ​ដែល​រដ្ឋាភិបាល​ស៊ុយអែត​ប្រកាស​បញ្ចប់​ទំនាក់ទំនង​យោធា ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ជាមួយ​គ្នា តំាង​ពី​ឆ្នាំ ២០០៥មក។ 

រដ្ឋមន្រ្តីការបរទេស​ស៊ុយអែត
រដ្ឋមន្រ្តីការបរទេស​ស៊ុយអែត ©REUTERS/Claudio Bresciani/TT News Agency
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ស៊ុយអែត​បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពីថ្ងៃ​ពុធ​ថា ក្រសួង​បាន​ទទួល​ការជូន​ដំណឹង​ពី​ស្ថានទូត អារ៉ាប៊ី សាអូឌីត​ដែល​ថា ឯកអគ្គរាជទូត​ អារ៉ាប៊ី សាអូឌីត ត្រូវ​បាន​កោះហៅ​ឲ្យ​ត្រលប់​ទៅ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​អង្គារ។ តាម​អ្នកនាំពាក្យ​ដដែល ទោះបី​ជា​ អារ៉ាប៊ី សាអូឌីត​កោះហៅ​មន្រ្តីទូត​របស់​ខ្លួន​ចូលប្រទេស​វិញ ប៉ុន្តែ ស៊ុយអែត និង​ អារ៉ាប៊ី សាអូឌីត​មិន​បាន​កាត់ផ្តាច់​ចំណងការទូត​នឹង​គ្នា​នោះទេ។

 
អារ៉ាប៊ី សាអូឌីត​ទំនង​ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​រដ្ឋាភិបាល​ស៊ុយអែត ដែល​កាល​ពីថ្ងៃ​អង្គារ​ដដែល​បាន​ប្រកាស​ថា នឹង​មិន​បន្ត​កិច្ចព្រមព្រៀង​ស្តីពី​សហការ​យោធា​ជាមួយ​ អារ៉ាប៊ី សាអូឌីត តទៅទៀត។ តាម​គម្រោង​ស៊ុយអែត និង​ អារ៉ាប៊ី សាអូឌីត​ត្រូវ​ចុះ​ហត្ថលេខា នៅ​ខែ​ឧសភា ដើម្បី​បន្ត​កិច្ចព្រមព្រៀង​យោធា រវាង​ប្រទេស​ទាំងពីរ សម្រាប់​រយៈពេល​៥​ឆ្នាំទៅមុខ​ទៀត។ នៅក្នុង​កិច្ចព្រមព្រៀង​នោះ ស៊ុយអែត​ត្រូវ​លក់​សព្វាវុធ​ តម្លៃ​ប្រមាណ​៣៧​លាន​អឺរ៉ូ​ទៅ​ឲ្យ​ អារ៉ាប៊ី សាអូឌីត។ អារ៉ាប៊ី សាអូឌីត ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៣ នៃ​ក្រុម​ប្រទេស​មិនមែន ប្រទេស​លោក​ខាងលិច ដែល​ទិញ​អាវុធ ជា​ពិសេស រ៉ាដា ពី​ប្រទេស​ស៊ុយអែត។

រដ្ឋាភិបាល​ទីក្រុង​ស្តុកខូម បាន​ប្រកាស​បញ្ចប់​ទំនាក់​ទំនង​យោធា​ជាមួយ អារ៉ាប៊ី សាអូឌីត ដោយ​គ្មាន​ការពន្យល់​អ្វី​បន្ថែម។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ស៊ុយអែត ធ្វើឡើង នៅក្នុងពេល​ភាពតានតឹង​ការទូត​រវាង​ប្រទេស​ពីរ​កំពុង​ឡើង​កំដៅ​ខ្លាំង។ នៅ​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ការបរទេស​ស៊ុយអែត​បាន​ចោទ​អារ៉ាប៊ី សាអូឌីត​ថា បាន​រារាំង​មិន​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ សម្ព័ន្ធ​អារ៉ាប់ ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ តាម​គម្រោង​លោកស្រី Margot Wallstroem​ត្រូវ​ឡើង​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អារ៉ាប់។ វា​មិនមែន​ចៃដន្យ​ឡើយ ដែល​អារ៉ាប៊ី សាអូឌីត​ត្រូវ​បន្ទុចបង្អាក់​លោកស្រី ប្រមុខ​ការបរទេស​ស៊ុយអែតនោះ។ កាលពី​ខែ​មករា ដើមឆ្នាំ​នេះ លោកស្រី Margot Wallstroem​ដែល​កម្រ​នឹង​និយាយ​អ្វី​ប៉ះពាល់​ដល់​អារ៉ាប៊ី សាអូឌីត បែរ ជា​ចេញមុខ​រិះគន់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ ថា បាន​អនុវត្ត​វិធី​ចាស់គំរិល ដោយ​បាន​វាយ ១ពាន់​រំពាត់ ទៅលើ​អ្នកសរសេរ​blog​ម្នាក់ ក្នុងបទចោទ​ប្រកាន់​ថា បាន​ជេរប្រមាថ​សាសនា​អ៊ីស្លាម។ ទីក្រុង​រីយ៉ាដ វិញ​បានឆ្លើយ​ប្រាប់​ទីក្រុង​ស្តុកខូម​កុំ​ឲ្យ​លូក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន។

តាម​អ្នកតាមដាន​នយោបាយ​ស៊ុយអែត ការសម្រេច​របស់​រដ្ឋាភិបាល​ថ្មី​របស់​ស៊ុយអែត ក្នុង​ការ​ឈប់​លក់​អាវុធ​ឲ្យ អារ៉ាប៊ី សាអូឌីត​ក៏​អាច​ចេញ​មក​ពី​ការខ្វែងគំនិត​គ្នា​នៃ​បក្ស​ចម្រុះ​ក្នុង​រដ្ឋាភិបាល​ដែរ។ គណបក្ស​បៃតង ដែល​ចូលរួម​នៅក្នុង​រដ្ឋាភិបាល​ដែរនោះ មាន​ជំហរ​ប្រឆាំង​នឹង រដ្ឋាភិបាល​អាណត្តិ​មុន ដែល​បាន​សម្រេច​លក់​អាវុធ ឲ្យ​ អារ៉ាប៊ី សាអូឌីត ដោយ​មិន​បាន​តាមដាន​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ។ ការឈប់ មិន​លក់​អាវុធ​ឲ្យ​ប្រទេស​ផ្តាច់ការ នោះ គឺ​ជា​គោលការណ៍​រហូតមក​របស់​ស៊ុយអែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ