អានតួអត្ថបទ
អ៊ុយក្រែន

ឃាតកម្ម​ផ្ទួនៗ​នៅ​អ៊ុយក្រែ​នទៅ​លើ​អ្នក​នយោបាយ​គាំទ្រ​រុស្ស៊ី

នៅ​ក្នុង​សប្តាហ៍នេះ នៅ​ប្រទេស​អ៊ុយក្រែន​បរិយាកាស​នយោបាយ​ មាន​ភាព​តានតឹង​ជាខ្លាំង ​ដោយសារ​តែ​មាន​ឃាតកម្ម​ពីរ​ផ្ទួនៗ​គ្នា ​ដែល​បាន​ធ្វើ​ទៅ​លើ​អ្នក​កាសែត​ម្នាក់​ ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​គាំទ្រ​ ចេញ​មុខ​ចេញ​មាត់​ លើ​នយោបាយ​ពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី ​ហើយ​ម្នាក់​ទៀត​គឺ​ជា ​អតីត​អ្នក​តំណាង​រាស្រ្ត​ ​ស្និត​​ជា​មួយ​​លោក​អតីត​ប្រធានាធិបតី​ យ៉ាណូកូវិឆ ​ដូចគ្នា​ដែរ ​គឺ​សុទ្ធសឹង​ជា​មនុស្ស​ដែល​ស្រលាញ់​​គាំទ្រ​រុស្ស៊ី។ ឃាតកម្ម​ទាំង​នេះ ​ត្រូវ​​បាន​​គេ​​មើល​ឃើញ​​ថា ​ជា​​ឃាតកម្ម​​នយោបាយ ​ដែល​​មាន​ទិសដៅ ​បង្ក​​អស្ថិរភាព​​នយោបាយ​នៅ​អ៊ុយក្រែន។

អ្នក​កាសែត​ Oles Bouzina ជាអ្នកគាំទ្រឥតលក្ខខណ្ឌ លើនយោបាយពង្រីកអាណាចក្ររុស្សី នៅអ៊ុយក្រែន​ត្រូវបាន​ឃាតករ​សម្លាប់ នៅក្រុង​គាវ កាល​ពីថ្ងៃ​ព្រហស្បតិ៍ទី ១៦ មេសា​
អ្នក​កាសែត​ Oles Bouzina ជាអ្នកគាំទ្រឥតលក្ខខណ្ឌ លើនយោបាយពង្រីកអាណាចក្ររុស្សី នៅអ៊ុយក្រែន​ត្រូវបាន​ឃាតករ​សម្លាប់ នៅក្រុង​គាវ កាល​ពីថ្ងៃ​ព្រហស្បតិ៍ទី ១៦ មេសា​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍ទី ១៦ មេសា អ្នកកាសែត ជនជាតិអ៊ុយក្រែនម្នាក់ឈ្មោះ អូលេស ប៊ូហ្ស៊ីណា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ពីរនាក់​ បាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់​ នៅក្បែរផ្ទះ ក្នុងទីក្រុងគាវ រដ្ឋធានី​អ៊ុយក្រែន។ អ្នកកាសែតរូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកកាសែត ដែល​ធ្លាប់​បាន​សរសេរ​អត្ថបទ គាំទ្រ​យ៉ាងពេញទំហឹង ទៅលើការបង្រួបបង្រួមអ៊ុយក្រែន ជាមួយនឹងរុស្ស៊ី។

 
អូលេស ប៊ូហ្ស៊ីណា ​ធ្លាប់​ជា​អ្នក​សរសេរគាំទ្រគោលនយោបាយរុស្ស៊ីនិយម របស់​លោក​អតីត​ប្រធានាធិបតី​អ៊ុយក្រែន យ៉ាណូកូវិឆ ហើយធ្លាប់បានប្រកាសថា ចង់​ឲ្យ​បង្កើត​អាណាចក្រ​រុស្ស៊ី។​ ក្រៅ​ពី​សរសេរ​អត្ថបទ ​រិះគន់​ចលនា​បដិវត្តន៍​ម៉ៃដាន់ ​អ្នក​កាសែត​រូប​នេះ ​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ ក្នុង​ការ​បោះឆ្នោត​នៅ​អ៊ុយក្រែន​ផង​ដែរ ​ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះទេ។

មុន​ឃាតកម្ម​នេះ ​មួយ​ថ្ងៃ ​មាន​ករណី​ ស្លាប់ ​អតីត​អ្នក​តំណាងរាស្ត្រ​ម្នាក់​ទៀត​ផងដែរ។ អតីត​អ្នក​តំណាងរាស្ត្រ​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ស្និត​ជាមួយ​លោក​អតីត​ប្រធានាធិតបតី រណប​រុស្ស៊ី ​យ៉ាណូកូវិឆ ​ហើយ​បើ​តាម​ការ​សង្ស័យ ​អ្នក​តំណាងរាស្ត្រ​នេះ​ឯង ​ដែល​បាន​បញ្ជា​ឲ្យមាន​ ការ​បង្រ្កាប​ដោយ​ហឹង្សា ​នៅ​ទីលាន ម៉ៃដាន់ ​កាល​ពី​ឆ្នាំ ២០១៤។ ទោះបី​ជា​យ៉ាងណា នគរបាល​អ៊ុយក្រែន​ បាន​ចាត់​ទុក​ករណី​នេះ​ ជា​ការ​ធ្វើ​អត្តឃាត។

អ៊ុយក្រែន​បាន​ដាក់​ការ​សង្ស័យ​ថា​នេះ​ប្រាកដ​ជា​ទង្វើ​របស់​រុស្ស៊ី ​ដែល​ចង់​បង្ក​អស្ថិរភាព ​នយោបាយ​នៅ​អ៊ុយក្រែន ​ចំនែក​រុស្ស៊ី​វិញ​ បាន​ចោទ​ទៅ​លើ​ក្រុម​អ្នក​ជាតិ​និយម​អ៊ុយក្រែន ​​ដែល​មាន​ចេតនា ​ទម្លាក់​កំហុស​លើ​រុស្ស៊ី​ មិន​ខុស​ពី ​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ។ លោក​ប្រធានាធិបតី​រុស្ស៊ី ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​ ថា ​ឃាតកម្ម​ទាំង​អស់​នេះ ​សុទ្ធសឹង​ជា​ឃាតកម្ម​នយោបាយ ​ដែល​អ៊ុយក្រែន ​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ ត្រូវ​តែ​ទទួល​ខុសត្រូវ។ លោក​ពូទីន ​បាន​ទាំង​និយាយ​ចំអក​ថា ​អ៊ុយក្រែន​សុទ្ធតែ​អ៊ួត​ខ្លួន​ ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ដូច​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ផ្សេង​ទៀត ​ប៉ុន្តែ​ធាតុ​ពិត ​អ៊ុយក្រែន​គ្មាន​ទាំង​សមត្ថភាព ​វែក​រក​មុខ​ឃាតករ​ឃើញ​ផង។

ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ​បរិយាកាស​នយោបាយ​រវាង ​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ខ្មៅ​ងងឹត​ថែម​ទៀត។ អាច​មាន​មូលហេតុ​ច្រើន ​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​ទាំង​នេះ ​ដូច​ជា​ករណី​ចង់​សម្លាប់​បំបិត​មាត់ ​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី​ ហើយ​ឆ្លៀត​ឱកាស​នេះ ចោទ​ទៅ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ក្រុម​អ្នក​ជាតិ​និយម។

ដោយឡែក ​កង​ទាហាន​ឆ័ត្រ​យោង​អាមេរិក ​៣០០នាក់ ​បាន​ទៅ​ដល់​អ៊ុយក្រែន​ហើយ​ នៅ​ថ្ងៃ​សុក្រ​ ទី​ ១៧​ មេសា​នេះ ​ដើម្បី​ទៅ​ជួយ​បង្វឹក​ កង​សេនា​ការពារ​ជាតិ​អ៊ុយក្រែន។ រុស្ស៊ី​មើលឃើញ​ថា​នេះ ​គឺជា​អាកប្បកិរិយា​អុចអាល​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ