អានតួអត្ថបទ

ភាគី​ជម្លោះ​​អ៊ុយក្រែន​ប្រកាស​ដក​រថក្រោះ​ចេញពី​ខ្សែត្រៀម

កងទ័ព​ជាតិ​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី សុទ្ធតែ​បាន​នាំគ្នា​ប្រកាស នៅថ្ងៃ​សៅរ៍​ថា ពួកគេ​បាន​ចាប់ផ្តើម​ដក​កងរថក្រោះ​ចេញ​ពី​តំបន់​ជម្លោះ នៅ​ខាងកើត​ប្រទេស​អ៊ុយក្រែន ទៅតាម​អ្វី​ដែល​បាន​​ព្រមព្រៀងគ្នា។ ក៏ប៉ុន្តែ បើទោះបី​ជា​មាន​ការ​ដកគ្រឿងសព្វាវុធ​ធុនធ្ងន់​បែបនេះ​ក៏ដោយ ដំណើរឆ្ពោះទៅ​រក​សន្តិភាព​ពេញលេញ​នៅ​ខាង​កើត​អ៊ុយក្រែន នៅ​សល់​វែងឆ្ងាយ​តទៅទៀត។

រថក្រោះ​ដែល​ត្រូវ​បាន​គេ​ដាក់ពង្រាយ​នៅ​តំបន់​ជម្លោះ នៅ​ខាង​កើត​អ៊ុយក្រែន កាលពីថ្ងៃ​ទី២២ វិច្ឆិកា ២០១៤
រថក្រោះ​ដែល​ត្រូវ​បាន​គេ​ដាក់ពង្រាយ​នៅ​តំបន់​ជម្លោះ នៅ​ខាង​កើត​អ៊ុយក្រែន កាលពីថ្ងៃ​ទី២២ វិច្ឆិកា ២០១៤ REUTERS/Antonio Bronic
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ដក​រថក្រោះ​ចេញ​ពី​តំបន់​ជម្លោះ ត្រូវ​បាន​ធ្វើឡើង តែ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ជំនួបកំពូល នៅ​ក្នុង​ទីក្រុង​ប៉ារីស រវាង​ប្រមុខដឹកនាំ​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន។ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ គេ​នៅទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយទេ​ថា តើ​ភាគី​ជម្លោះ​ទាំងពីរ​ពិតជា​បាន​អនុវត្ត​តាម​ការប្រកាស​របស់ខ្លួន​​បាន​យ៉ាងពេញលេញ​ដែរ​ឬ​ក៏​យ៉ាងណា។

គួររំឭកឡើងវិញ​ថា កាល​ពីពេល​កន្លងមក ការដក​គ្រឿងសព្វាវុធ​ធុនធ្ងន់​ចេញ​ពី​ខ្សែត្រៀម​ប្រយុទ្ធ ដែល​ភាគី​ជម្លោះ​បាន​ព្រមព្រៀងគ្នា និង​បាន​ប្រកាស​រៀងៗខ្លួន​ថា​នឹង​ធ្វើ​តាមនោះ មិនដែល​ត្រូវ​បាន​អនុវត្ត​យ៉ាងពេញលេញ​នោះទេ ហើយ​ការ​វាយប្រយុទ្ធគ្នា​ដោយ​ប្រើ​អាវុធ​ធុនធ្ងន់ នៅតែ​បន្ត​កើតមាន​ឡើង​ជារឿយៗ។

ការដក​រថក្រោះ និង​កាំភ្លើងផ្លោង​ធុនស្រាល ​ទាបជាង ១០០មីលីម៉ែត្រ ឲ្យ​ចេញ​មក​នៅ​ចម្ងាយ​យ៉ាងតិច ១៥គីឡូម៉ែត្រ​ពី​ខ្សែត្រៀម ត្រូវ​បាន​ភាគី​ជម្លោះ​អ៊ុយក្រែន​ព្រមព្រៀង​គ្នា កាល​ពី​ដើមសប្តាហ៍ ក្នុងគោលដៅ​បង្ហាញ​ពី​សុឆន្ទៈ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​បទឈប់បាញ់​ពេញលេញ ស្រប​ទៅតាម​​​កិច្ចព្រមព្រៀង​ឈប់បាញ់ ដែល​បាន​ចុះ នៅ​ទីក្រុង​មីនស្ក៍ ប្រទេស​បេឡារុស្ស៊ី កាល​ពីខែ​កុម្ភៈ​កន្លងទៅ។ ក៏ប៉ុន្តែ រហូតមក​ទល់​នឹង​ពេលនេះ គេ​ដឹង​រួចទៅហើយ​ថា កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​នេះ នឹង​មិន​អាច​អនុវត្ត​បាន​ពេញលេញ ទៅតាម​ការ​គ្រោងទុក​នោះទេ។

នៅ​ក្រោយ​ជំនួបកំពូល​ រវាង​ប្រមុខដឹកនាំ​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន កាល​ពីថ្ងៃ​សុក្រ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ឲ្យដឹង​ថា ការបោះឆ្នោតនៅ​ក្នុង​តំបន់​ខាងកើត​អ៊ុយក្រែន នឹង​មិន​អាច​រៀបចំ​ធ្វើ​ទៅបាន នៅ​ក្នុង​ឆ្នាំ​២០១៥ ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍។

ចំណុច​ដ៏សំខាន់​មួយ​ទៀត គឺ​ការ​ផ្ទេរ​ការគ្រប់គ្រង​ព្រំដែន​អ៊ុយក្រែន-រុស្ស៊ី ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​គៀវ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​ដែរ​នោះ ក៏​មិន​ត្រូវបាន​គេ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​អនុវត្ត​ឲ្យ​បាន​ច្បាស់លាស់​នោះ​ដែរ។ ខ្សែបន្ទាត់​ព្រំដែន ចម្ងាយ​ប្រមាណ​ជា ៤០០គីឡូម៉ែត្រ ដែល​អាជ្ញាធរ​អ៊ុយក្រែន និង​បណ្តា​ប្រទេស​លោក​ខាងលិច​អះអាង​ថា ជា​ច្រក​ឆ្លងកាត់​ដ៏សំខាន់ ដែល​រុស្ស៊ី​ប្រើ ដើម្បី​បញ្ជូន​គ្រឿងសព្វាវុធ និង​ទាហាន​ឲ្យ​ចូល​ទៅ​ជួយ​ក្រុមឧទ្ទាម​ផ្តាច់ទឹកដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ