អានតួអត្ថបទ
សហរដ្ឋអាមេរិក-អូតង់

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​ចង់​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​អូតង់

រដ្ឋមន្រ្តីការពារ​ជាតិ អាមេរិក​លោក អាស្តុន ការធ័រ ផ្តើម​ទស្សនកិច្ច នៅ​សប្តាហ៍នេះ នៅ​​ប្រទេស​អឺរ៉ុប​មួយចំនួន ដែល​ជា​សមាជិក​​របស់សម្ព័ន្ធ​​អាត្លង់ទិក អូតង់។ តាម​តារាង​កាលវិភាគ ដែល​មន្ទីរបញ្ចកោណ​បញ្ចេញ​ឲ្យ​ដឹង កាលពីថ្ងៃ អាទិត្យ ប្រមុខ​ដឹកនាំ​ការពារ​ជាតិ​អាមេរិក​នឹង​ទៅដល់​អាល្លឺម៉ង់ នៅថ្ងៃ​ចន្ទ មុននឹង​ធ្វើដំណើរ​ទៅទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក ជាទី​ដែល​មាន​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់។ នៅថ្ងៃ​សុក្រ លោក​អាស្តុន កាធ័រ នឹង​ត្រលប់​មក​ចូលរួម​មើល​សមយុទ្ធ​យោធា ដែល​មាន​ចូលរួម​ពី​ប្រទេស​ចំនួន ១២​នៅ​អឺរ៉ុប ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​អាល្លឺម៉ង់។ 

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អាស្តុន ការធ័រ
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អាស្តុន ការធ័រ ©REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​កាន់តែច្បាស់​ពី​ចេតនា​របស់​អាមេរិក​ដែល​ចង់​ឈរជើង បោះទីតាំង​របស់ខ្លួន នៅ​អឺរ៉ុប ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី។ តាម​អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ក្រសួងការពារ​ជាតិ​អាមេរិក អូតង់ និង​អាមេរិក​បាន​សហការ បង្កើត​សមយុទ្ធ ហ្វឹកហ្វឺន​កងទ័ព ដ៏​ច្រើន មិនធ្លាប់​មាន ពីមុនមក ពោល​គឺ​ចាប់តាំង​ពី​ចប់​សម័យ​សង្រ្គាម​ត្រជាក់។

 
នៅ​ព្រុចស៊ែល ជាទី​ដែល​លោក​ត្រូវ​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​សមាជិក​អូតង់ លោក​អាស្តុន ការធ័រ​អាច​នឹង​អំពាវនាវ​សុំ​ឲ្យ​អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​ដទៃ ទៀត បង្កើន​ថវិកា​យោធា បន្ថែម​ទៀត។ រហូត​មក​ដល់ពេលនេះ មាន​តែ​អង់គ្លេស អេស្តូនី និង​ក្រិក ដែល​ឆ្លើយតប​​នឹង​ការទាមទារ​របស់​អូតង់ ដែល​ចង់​ឲ្យ​សមាជិក​របស់​អូតង់ បង្កើត​ថវិកា​យោធា ឲ្យ​បាន​២ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

នៅថ្ងៃ​អង្គារ លោក​អាស្តុន ការធ័​នឹង​អញ្ជើញ​ទៅ​ប្រទេស​អេស្តូនី ដើម្បី​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​ប្រទេស​បី ដែលធ្លាប់​ស្ថិតនៅ​ក្នុង​អតីត​សហភាព​សូវៀត។ អេស្តូនី ឡេតូនី និង​លីទុយអានី ដែល​ខ្លាច​រង​ការឈ្លានពាន​ពី​រុស្ស៊ី ដូចក្នុង​ករណី​អ៊ុយក្រែន ធ្លាបបាន​ទទូច​សុំ​ឲ្យ​អូតង់​បោះ​ទីតាំង កងទ័ព ជាអចិន្ត្រៃយ៍ ក្នុង​ទឹកដី​របស់ខ្លួន។ អឺរ៉ុប ដែល​ជា​សមាជិក​របស់​អូតង់ រារែក មិន​សម្រេច​អ្វី ដោយសារ​ខ្លាច​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព ជានិរន្ត ដែល​អង្គការ​អូតង់​ធ្លាប់​ចុះ​ជាមួយ​រុស្ស៊ី នៅក្រោយ​ការដួលរំលំ​នៃ​របប​កុម្មុយនិស្ត។ អាមេរិក​វិញ​បាន​ស្នើ​ឲ្យមាន​ការតាំងទី​អាវុធ​ធុនធ្ងន់​របស់​អាមេរិក នៅក្នុង​ប្រទេស​បាល់​ទាំង​៣។ មន្រ្តី​ការពារ​ជាតិ​អាមេរិក បាន​បញ្ជាក់ថា អាវុធ​ធុនធ្ងន់ ដែល​ពេលនេះ ត្រូវ​បាន​បញ្ជូន​ទៅដល់​ទឹកដី​អាល្លឺម៉ង់ នឹង​ត្រូវ​គេ​ប្រើ​សម្រាប់​បំពាក់ បង្វឹកហាត់ កងកម្លាំង​អាមេរិក ប្រមាណ ៥ ០០០​នាក់ ដែល​កំពុង​មាន​វត្តមាន នៅ​ក្នុងប្រទេស​អឺរ៉ុប​ខាងកើត​ក្បែរ​ព្រំដែន​រុស្ស៊ី។

ការបោះមួយជំហាន​ទៅមុខ​របស់​កងទ័ព​អាមេរិក នៅ​អឺរ៉ុប​ខាងកើត បានធ្វើ​ឲ្យ​រុស្ស៊ី ខឹង​ក្តៅ​ក្រហាយ។ ជាការឆ្លើយតប​ ប្រធានាធិបតី​រុស្ស៊ី លោក​វ៉្លាឌីមៀរ ពូទីន ទើប​បាន​ប្រកាស​នៅ​សប្តាហ៍នេះ ថា កងទ័ព​រុស្ស៊ី នឹង​ត្រូវ​បំពាក់​ដោយ​មីស៊ីល អន្តរទ្វីប ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទំនើប​ថ្មី ចំនួន ៤០​ដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ