អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

លោកចន ឃ៊ែរី៖​រុស្ស៊ី​ត្រូវ​តែ​ប្តូរ​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​នៅ​ស៊ីរី

សង្រ្គាមពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​រុស្ស៊ី​ទាក់ទង​នឹង​សំណុំរឿង​ស៊ីរី។ នៅ​ថ្ងៃ​សៅរិ៍ ទី១៣ កុម្ភៈ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ថ្លែង​ថា ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​របស់​រុស្ស៊ី​នៅ​ស៊ីរី​ត្រូវ​តែ​ផ្លាស់ប្តូរ​ផ្ទាំងស៊ីប​របស់​ខ្លួន។ លោក​ឃ៊ែរី​បាន​ថ្លែង​យ៉ាង​នេះ​នៅ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​រៀបចំ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។ អ្វី​ដែល​លោក​ឃ៊ែរី​ចង់​និយាយ គឺ​ស្នើ​ឲ្យ​រុស្ស៊ី​ប្តូរ​ពី​ការ​វាយប្រហារ​លើ​ក្រុមប្រឆាំង​ស៊ីរី​ស្របច្បាប់​ទៅ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​វិញ។ ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​វ៉ាស៊ីនតោន និង​មូស្គូ​បាន​ព្រមព្រៀង​ឲ្យ​មាន​បទ​ឈប់បាញ់​នៅ​ស៊ីរី។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី Reuters / Michael Dalder
ផ្សាយពាណិជ្ជកម្ម

« នៅ​ថ្ងៃ​នេះ អ្វី​ដែល​យើង​បាន​ដឹង​នោះ​គឺ​ថា ការ​វាយប្រហារ​ផ្លូវអាកាស​របស់​ទ័ពរុស្ស៊ី​លើ​ទឹកដី​ស៊ីរី​ភាគច្រើន​បាន​សំដៅ​លើ​ក្រុមប្រឆាំង​ស៊ីរី​ស្រប​ច្បាប់។ ដូច្នេះ និង​ដើម្បី​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​រុស្ស៊ី​បាន​យល់ព្រម​នោះ វា​ចាំ​បាច់​ដែល​រុស្ស៊ី​ត្រូវ​តែ​ផ្លាស់​ប្តូរ​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ខ្លួន។

គ្រប់​ភាគី​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ រួម​ទាំង​ភាគី​រុស្ស៊ី​ផង យើង​ទាំង​អស់​គ្នា​បាន​យល់ព្រម​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ។
 
អនុញ្ញាត​ឲ្យ​ខ្ញុំ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​នៅ​ត្រង់​ចំណុច​នេះ​បន្តិច លោក​រដ្ឋមន្រ្តីក្រសួង​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយ​ថា យើង​ត្រូវ​ការ​ធ្វើ​ការងារ​រួម​គ្នា​ដូច​ជា​ក្រុម​មួយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​នរណា​ដែល​ត្រូវ​វាយប្រហារ និង​នរណា​ដែល​មិន​ត្រូវ​វាយប្រហារ និង​ថា តើ​នរណា​ដែល​ត្រូវ​ចាត់​ទុក​ជា​ភេរវនិយម និង​នរណា​ដែល​មិន​ត្រូវ​ចាត់​ទុក​ជា​ភេរវនិយម។
 
ដើម្បី​អាច​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​បទ​ឈប់​បាញ់​បាន គឺ​គ្មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ក្រៅ​ពី​ការ​ចូល​អង្គុយ​តុចរចា និង​ធ្វើ​ការងារ​រួម​គ្នា​ទេ។ នៅ​ក្នុង​កិច្ចចរចា​នោះ គេ​ត្រូវ​តែ​លើក​យក​គ្រប់​ប្រធានបទ​ទៅ​ជជែក មិន​ថា​ជា​ប្រធានបទ​នយោបាយ មនុស្សធម៌ ឬ​មួយ​ក៏​ប្រធានបទ​យោធា​ទេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ