អានតួអត្ថបទ
ស៊ីរី

​ឈប់​បាញ់​​បណ្តោះ​អាសន្ន​​នៅ​​ស៊ីរី​ ​ក្នុង​​រយៈ​ពេល​​៧​ថ្ងៃ​​ទៀត

ការ​ចរចា​ដើម្បី​ស្វែងរក​កិច្ច​ឈប់បាញ់​នៅ​ស៊ីរី​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​មុយនិច​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​បាន​បិទ​បញ្ចប់​ទៅ​ហើយ ​ ដោយ​ឆ្លងកាត់​ការ​ពិភាក្សា​យ៉ាង​តានតឹង​ជា​ច្រើនម៉ោង​ ភាគី​សំខាន់ ​មាន​អាមេរិក​ និង​រុស្ស៊ី ​ បាន​សុខចិត្ត​ឲ្យ​មាន​ការ​ដាក់​អាវុធ​ឈប់បាញ់​គ្នា ​ នៅ​រវាង​៧ថ្ងៃ​ទៀត ​ នៅ​ទូទាំង​ស៊ីរី។ ការ​ផ្អាក​ការ​បាញ់គ្នា​នេះ ​ នឹង​អនុញ្ញាតិ​ ឲ្យ​ក្រុម​ការងារ​មនុស្សធម៌ ​យក​ជំនួយ​ទៅ​ជួយ​ប្រជាជន​ស៊ីរី ​ដែល​កំពុងតែ​រស់នៅ​ក្នុង​ភាព​វេទនា​ជាទី​បំផុត។

លោក ចន ឃែរី និងលោក សែកហ្គៃ ឡារ៉ូវ  ពេល​ធ្វើសន្និសីទ​នៅក្រុង​មុយនីច ក្រោយ​​ចប់​កិច្ច​ប្រជុំ
លោក ចន ឃែរី និងលោក សែកហ្គៃ ឡារ៉ូវ ពេល​ធ្វើសន្និសីទ​នៅក្រុង​មុយនីច ក្រោយ​​ចប់​កិច្ច​ប្រជុំ AFP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ស៊ីរី ​ដែល​កំពុងតែ​ហែកហួរ​ដោយ​ភ្លើង​សង្រ្គាម ​រវាង​ក្រុម​ឧទ្ទាម​ជា​ច្រើន​ក្រុម​ ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​ផ្តាច់ការ​របស់​បាស្ឆា ​អាល់អាសាដ។ នៅមាន​ក្រុម​ផ្សេង​ទៀត ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជាក្រុម​ភេរវកម្ម ​គឺ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ និង​ក្រុម​អាល់ន័រស្រា ​ដែល​ជា​ក្រុម​អាល់កាយដា។ រុស្ស៊ីបាន​ចូលលូក​ដៃ​ ទៅ​ទម្លាក់​គ្រាប់បែក​ដើម្បី​ជួយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​ត្រូវ​គេ​រិះគន់​ជា​ខ្លាំង​ ព្រោះ​គ្រាប់បែក​របស់​រុស្ស៊ី ​បាន​សម្លាប់​ប្រជាជន​ស្លូត​ត្រង់ ​និង​បាន​រុញ​ច្រាន​ពួក​គេ ​ឲ្យ​រត់​ចោល​ផ្ទះ​សម្បែង។

 
ផ្អាកឈប់បាញ់បណ្តោះអាសន្ន៖
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១១​ កុម្ភៈ​ក្រុម​ប្រទេស​មហាអំណាច ​ដែល​មាន​ចំណែក​ក្នុង​កិច្ចការ​ស៊ីរី ​ ដូច​ជា​អាមេរិក​ រុស្ស៊ី ​បារាំង ​និង​អង់គ្លេស ​ ជាដើម ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​មុយនិច ​ដើម្បី​ធ្វើការ​ផ្អាក​ការ​បាញ់​តបតប​គ្នា ​ហើយ​អនុញ្ញាតិឲ្យ​ក្រុម​អង្គការ​មនុស្សធម៌ ​ យក​ជំនួយ​ទៅ​ជួយ​ប្រជាជន​ស៊ីរី។ កូនក្តី​សង្ឃឹម​តូចមួយ​ បាន​ផ្តល់​ឲ្យ​ នៅ​ទីក្រុង​មុយនិច​ ក្រោយ​ពេល​ចរចា​គ្នា ​ជិត​៦ម៉ោង​ រវាង​ថ្នាក់​ដឹកនាំ​ការទូត​របស់​ប្រទេស​ពាក់ព័ន្ធ។ ក្តី​សង្ឃឹម​នោះ ​គឺ​ការ​ដាក់​អាវុធ​ឈប់​បាញ់​បណ្តោះ​អាសន្ន នៅស៊ីរី។

យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ​នេះ​មិនមែន​ជា​ការ​ទម្លាក់​អាវុធ​ទាំង​ស្រុង​ទេ។ លោក​ចន ឃែរី ​ បាន​ប្រើពាក្យ​ថា ​ជា​ការ​ផ្អាក​ឈប់បាញ់​មួយ​រយៈ។ អញ្ចឹង​មាន​ន័យ​ថា ​ជា​ការ​ផ្អាក​តែ​មួយ​រយៈតែ​ប៉ុណ្ណោះ ​ដែល​នឹង​ចាប់ផ្តើម​ធ្វើ​ ក្នុង​រយៈពេល​៧ថ្ងៃ​ទៀត។ កាល​ពី​មុននេះ ​តាម​ពាក្យ​ល្ហិចល្ហៀង ​ គឺ​រុស្ស៊ី​ចង់​ផ្អាក​ការ​ទម្លាក់​គ្រាប់​នៅ​ដើម​ខែ​មីនា ​ក៏​ប៉ុន្តែ​ប្រហែល​ជា​ភាគី​អាមេរិក ​ បាន​ទាមទារ​ខ្លាំង ​ ទើប​រុស្ស៊ី​ព្រម​ធ្វើ​ក្នុង​ពេល​១អាទិត្យ​ទៀត​នេះ។ កិច្ច​ព្រមព្រៀង​នេះ ​ជា​ការ​ផ្អាក​ឈប់បាញ់​បណ្តោះ​អាសន្ន​ ហើយ​មិន​មាន​បញ្ជាក់​ថា ​ផ្អាក​ដល់​ពេល​ណា​ទេ។

តែ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​តែ​បន្ត៖
ចំណុច​មួយ​ទៀត​ដែល​សំខាន់​ដែរ​ ​ គឺ​ការ​ផ្អាក​បណ្តោះអាសន្ន​នេះ ​ មាន​ប្រសិទ្ធិភាព​នៅ​ទូទាំង​ស៊ីរី​តែ​ម្តង ​ ហើយ​ត្រូវ​គោរព​ដោយ​ភាគី​សំខាន់ៗ​ទាំងអស់​ លើកលែងតែ​ក្រុម​ភេរវកម្ម។ មាន​ន័យ​ថា ​ក្រុម​ទាហាន​រដ្ឋាភិបាល ​ត្រូវតែ​ផ្អាក​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម ​ហើយ​យន្តហោះ​រុស្ស៊ី​ក៏​ត្រូវ​ផ្អាក​ ឈប់​ទម្លាក់​គ្រាប់​លើ​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ដែរ។ ក៏​ប៉ុន្តែ​លើកលែង​ក្រុម​ភេរវកម្ម​ មាន​ន័យ​ថា ​ ការ​ប្រយុទ្ធ​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម ​ដូច​ជា​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ និង​ក្រុម​អាល់ន័រស្រា ​នឹង​នៅ​តែ​បន្ត​ធ្វើ​ដដែល​ អត់​មាន​ផ្អាក​ទេ។
 

លោកចន ឃែរី យកដៃទះស្មារ​លោក សែកហ្គៃ ឡារ៉ូវ  មុន​ពេល​លា​គ្នា​
លោកចន ឃែរី យកដៃទះស្មារ​លោក សែកហ្គៃ ឡារ៉ូវ មុន​ពេល​លា​គ្នា​ REUTERS/Goran

រុស្ស៊ី​អ្នក​សន្យា​ រុស្ស៊ី​ត្រូវតែ​ប្រយត្ន័៖
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​ក្នុង​សន្និសីទ​ថា ​ ក្រុម​ការងារ​ពិសេស​មួយ ​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ថ្ងៃនេះ​តែម្តង​ ​នៅ​ក្រុង​ហ្សឺណែវ។ ក្រុម​ការងារ​នេះ ​ដឹកនាំ​ដោយ​អ្នក​ជំនាញ​ការ​របស់​រុស្ស៊ី ​និង​អាមេរិក​ ដោយ​មាន​ការ​សម្របសម្រួល​ពី​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ។ អ្វីៗ ​គឺ​វា​ស្ថិត​នៅ​លើ​សមរភូមិ​ទាំង​ស្រុង។ មិនមែន​ថា​ សរសេរ​លើ​ក្រដាស ​ថា​ផ្អាក ​ ហើយ​ផ្អាក​មែន​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ ​ ក្នុងនាម​រុស្ស៊ី​ ដែល​ព្រម​សន្យា​ផ្អាក​ការ​ទម្លាក់​គ្រាប់​មួយ​រយៈ​នេះ ​ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ត្រេកអរ​ ព្រោះ​ថា​បើ​រុស្ស៊ី​មិន​ទម្លាក់​គ្រាប់​បើក​ផ្លូវ​ ទាហាន​រដ្ឋាភិបាល ​ក៏​មិន​អាច​វាយ​សម្រុក​រុល​ទៅ​មុខ​ដែរ។ ហើយ​ក្រុម​ឧទ្ទាម​បច្ចុប្បន្ន​នេះ ​កំពុងតែ​ដកថយ ​ មិន​មាន​កម្លាំង​មក​វាយ​ទេ។ ដូច្នេះ​បើ​រុស្ស៊ី ​ផ្អាក ​គ្រប់​ភាគី​អាច​នឹង​ផ្អាក​ដែរ។

ក៏​ប៉ុន្តែ​ការ​លំបាក ​គឺ​វា​ស្ថិត​នៅ​ក្នុង​បញ្ហា ​ ដែល​ថា​ការ​វាយ​កម្ទេច​ក្រុម​ភេរវកម្ម​នឹង​នៅ​តែ​បន្ត​ទៅ​មុខ។ កន្លែង​នេះ​អាច​ចោទ​ជា​បញ្ហា ​ ដោយសារ​តែ​រុស្ស៊ី​សន្យាថា​ផ្អាក​ទម្លាក់​គ្រាប់តែ​ទៅលើ​ក្រុម​ឧទ្ទាម​ទេ ​តែក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ និង​ក្រុម​អាល់ន័រស្រា ​ដែល​ជា​ក្រុម​ភេរវកម្ម​ គឺ​គេ​នៅ​តែ​ទម្លាក់​ដដែល។ ដូច្នេះ​ប្រជាជន​ស្លូតត្រង់ ​ដែល​នៅ​ជាប់​ក្នុង​តំបន់ ​ដែល​ក្រុម​ទាំង​នេះ​កាន់កាប់ ​ ​គឺ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ដដែល។ ហើយ​បើ​រុស្ស៊ី​ទម្លាក់ខុស ​ដោយ​ចំ​ទៅ​លើ​ក្រុម​ឧទ្ទាម​ ដែល​មិនមែន​ជា​ក្រុម​ជីហាដ ​មាន​ន័យ​ថា​ រុស្ស៊ី​ខ្លួនឯង​ត្រូវ​ទទួល​ខុសត្រូវ។

ជំនួយ​បន្ទាន់​នៅតាម​ដំបន់​ដែល​ហ៊ុំព័ទ្ធ​ដោយ​ក្រុម​ជីហាដ៖
អាយុជីវិត ​ការ​ផ្តល់​ជំនួយ​ទៅ​ដល់​ប្រជាជន​ គឺ​ជា​កម្មវត្ថុ​ចំបង​មួយ ​ នៃ​ការ​ទម្លាក់​អាវុធ​បណ្តោះ​អាសន្ន​នេះ។ តាមការ​ឲ្យ​ដឹង​ ក្រុម​ការងារ​ពិសេស ​ដែល​កំពុង​តែ​ធ្វើការ​នៅ​ហ្សឺណែវ ​ ​គឺ​កំពុង​តែ​ជជែក​គ្នា ​ទាក់ទិន​នឹង​កម្មវិធី​ដឹក​ជំនួយ​បន្ទាន់​ទៅ​ជួយ​ប្រជាជន​ស៊ីរី។

តាម​ការ​គ្រោងទុក​ ជំនួយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ជាច្រើន​កន្លែង ​ ជា​ពិសេស ​កន្លែង​ដែល​មាន​ការ​ហ៊ុំព័ទ្ធ​ដោយ​ក្រុម​ភេរវកម្ម​ជីហាដ។ តំបន់​ទាំងនោះ​កំពុង​មាន​ស្ថានភាព​អាសន្ន​ ដោយសារ​ប្រជាជន​ចេញ​ទៅ​ណា​មិន​រួច ​ គ្មាន​ការ​នាំចូល​ទំនិញ ​និង​ស្បៀង​អាហារ ​ ដោយសារ​តែ​ក្រុម​ជីហាដ ​ បិទ​ផ្លូវ​ជិត​ឈឹង​ អស់​ជាច្រើនខែ​មក​ហើយ។ ក្រុម​អន្តរជាតិ​ដើម្បី​ស៊ីរី​ មួយ​ត្រូវ​បាន​បង្កើត​ឡើង​ផងដែរ ​ ដើម្បី​ប្រមូល​ជំនួយ​សប្បុរស ​ជួយ​ដល់​ស៊ីរី។

យ៉ាងណា​ក៏ដោយ ​ ក្តី​សង្ឃឹម​ធំ​នា​ពេលនេះ ​ ​គឺ​គេ​សង្ឃឹម​ថា​អ្វីៗ​ នឹង​មាន​ដំណើរការ​ទៅ​ដោយ​រលូន ​ ការផ្អាក​ឈប់​បាញ់​បណ្តោះអាសន្ន​ នឹង​ត្រូវ​បាន​គោរព​ជា​ទូទៅ។ បើសិន​បាន​ជោគ​ជ័យមែន ​ មាន​ភាព​ធូរ​ស្រាល​នេះ ​ អាច​នឹង​នាំ​ក្រុម​ប្រឆាំង​ស៊ីរី​ និង​រដ្ឋាភិបាល​បាស្ឆា អាល់អាសាដ ​ឲ្យ​ចូល​តុចរចា ​ ជាថ្មី​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ