អានតួអត្ថបទ
ស៊ីរី

សន្និសីទ​បន្ទាន់​នៅ​ក្រុង​មុយនិច ទាមទារ​ឲ្យ​រុស្ស៊ី​ឈប់​ទម្លាក់​គ្រាប់​នៅ​ស៊ីរី

នៅថ្ងៃទី​១១ ​កុម្ភៈ​នេះ ​នៅ​ទីក្រុង​មុយនិច ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ ​​មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ ​ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​១៧​ប្រទេស។ កម្មវត្ថុ​នៃ​សន្និសីទ​ដ៏​បន្ទាន់​នេះ ​គឹ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ​ឲ្យ​មាន​ការ​ទំលាក់​អាវុធ​ជា​បន្ទាន់​នៅ​ស៊ីរី។ រុស្ស៊ី​ដែល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ដំណំ ​ទៅ​លើ​តំបន់​អាឡិប​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​កំពុងត្រូវ​បាន​សន្និសីទ​នេះ ​ទាមទារ​ ឲ្យ​ធ្វើការ​ឈប់​ទម្លាក់​គ្រាប់ ​និង​ផ្តល់​ដំណោះស្រាយ​ថ្មី​ ដើម្បី​ស្វែរក​សន្តិភាព​នៅ​ស៊ីរី។ ប្រជាជន​ស៊ីរី​ប្រមាណ​ជា​៤ម៉ឺន​នាក់ ​កំពុងតែ​រត់​ខ្ចាត់ខ្ចាយ ​គេច​ចេញ​ពី​ការ​ទំលាក់គ្រាប់​របស់​រុស្ស៊ី។

ទិដ្ឋភាព​ក្រុង​អាឡិប អតីតទីក្រុង​សេដ្ឋកិច្ច​របស់​ស៊ីរី
ទិដ្ឋភាព​ក្រុង​អាឡិប អតីតទីក្រុង​សេដ្ឋកិច្ច​របស់​ស៊ីរី REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តជាតិ ​នៅ​មុយនិច​ថ្ងៃ​នេះ ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​នៃ​ប្រទេ​សចំនួន​ ១៧​ ដែល​ជា​ភាគី​ពាក់ព័ន្ធ ​ក្នុង​វិបត្តិ​នយោបាយ​និង​សង្រ្គាម​នៅ​ស៊ីរី។ ក៏​ប៉ុន្តែ​តួអង្គ​ធំៗ ​សំខាន់ៗ​ គឺ​មាន​រុស្ស៊ី ​និង​អាមេរិក​តែ​ម្តង​ ដែល​ជា​មេក្រុម​ចរចា។ កម្មវត្ថុ​នៃ​សន្និសីទ​នេះ ​គឺ​ទីមួយ​ចាត់ចែង​ឲ្យ​មាន​ការ​ទម្លាក់​អាវុធ​ ឈប់​បាញ់​នៅ​ស៊ីរី ​ជា​បន្ទាន់។ ហើយ​កម្មវត្ថុ​ទី​ពីរ​គឺ ​ ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​សន្តិភាព ​នៅ​ក្រុង​ហ្សឺណែវ ​ស្តីពី​ការ​រៀបចំ​សន្តិភាព​នៅ​ស៊ីរី។ ការ​ចរចា​សន្តិភាព​នេះ ​ កំពុងតែ​ជាប់​គាំង​ដោយ​សារ​តែ​ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​សង្រ្គុប​លើ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដក​ថយ​ លែង​ចូល​តុ​ចរចា។

រុស្ស៊ី​ត្រូវតែ​ឈប់​ទម្លាក់​គ្រាប់​ជា​បន្ទាន់៖
សម្រាប់​កម្មវត្ថុ​ទីមួយ ​គឺ​គ្រប់គ្នា​សំឡឹង​ទៅ​មើល​រុស្ស៊ី​តែ​ម្តង។ សំណើរ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​ គឺ​ទាមទារ​ឲ្យ​រុស្ស៊ី ​ផ្អាក​ការ​ទម្លាក់​គ្រាប់​នៅ​ស៊ីរី​ជា​បន្ទាន់។ សំណើរ​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​គាំទ្រ​ដែរ។ មួយ​សប្តាហ៏​ចុងក្រោយ​នេះ ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​យោធា​រុស្ស៊ី ​កងទ័ព​អាកាស​រុស្ស៊ី ​បាន​ទម្លាក់​គ្រាប់​ជិត​២ពាន់​គ្រាប់ ​នៅ​តំបន់​អាឡិប ​ដើម្បី​បើក​ផ្លូវ​ឲ្យ​កងទ័ព​រដ្ឋាភិបាល ​របស់​បាស្ឆាអាល់អាសាដ​ វាយ​យក​ទីក្រុង​នេះ​ ពី​ក្រុម​ឧទ្ទាម។ ប្រជាជន​ដែល​នៅ​តំបន់​នេះ ​ រាប់​ម៉ឺន​នាក់​បាន​នាំគ្នា​រត់​ប្រសេច​ប្រសាច ​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​តួកគី ​ដើម្បី​រក​កន្លែង​ជ្រក។

ការចរចា​សន្តិភាព​នៅ​ហ្សឺណែវ ​ជាប់​គាំង៖
នេះ​ជា​ស្ថានភាព​មនុស្សធម៌ ​ដែល​កំពុងតែ​អាសន្ន​ខ្លាំង ​ ហើយ​ដែល​គេ​ត្រូវតែ​រក​ដំណោះស្រាយ។ អាសន្ន​មួយ​ទៀត ​ដែល​បណ្តាល​មក​ពី​ការ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​នេះ​ដែរ​ ​គឺ​ការ​ចរចា​រក​សន្តិភាព ​ដែល​ជាកម្មវត្ថុ​ទីពីរ ​របស់​សន្និសីទ​នៅ​មុយនិច។ ការចរចា​សន្តិភាព​ ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​៣កុម្ភៈ ​ឥឡូវ​កំពុង​ជាប់គាំង ​ ដោយសារតែ​ក្រុម​ឧទ្ទាម​លែង​ចូល​ចរចា។ មូលហេតុគឺ​ថា ​ ពួកគេ​មិន​អាច​ទទួល​យក​បាន​ទេ ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីរី​របស់​បាស្ឆា ​អាល់អាសាដ ​ នៅ​ក្នុង​តុ​ចរចា​សន្យា​ថា​ចរចា​រក​សន្តិភាព​ ក៏​ប៉ុន្តែ​នៅ​សមរភូមិ​ឯណោះ​វិញ ​បាន​បន្ថែម​កម្លាំង ​ឃុបឃិត​ជាមួយ​រុស្ស៊ី ​ទម្លាក់​គ្រាប់​ កម្ទេច​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម។ ត្រង់​ចំណុច​នេះ​ហើយ​ ដែល​សហគម​អន្តរជាតិ ​ ទាមទារ​ហើយ​ទាមទារ​ទៀត​ថា ​រុស្ស៊ី​ត្រូវ​ចាប់ផ្តើម​ ឈប់​ទម្លាក់​គ្រាប់​ជា​មុនសិន ​ មុន​នឹង​អ្វីៗ​ អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ដំណើរការ​ចរចា ​រៀបចំ​សន្តិភាព​នៅ​ស៊ីរី ​កំពុង​ជាប់គាំង​ទាំងស្រុង​ នា​ពេល​នេះ ​ ដោយសារ​ក្រុម​ប្រឆាំង​ បាន​ដាក់​កំហិត​ ថា​ដរាប​ណា​រុស្ស៊ី​មិន​ព្រម​ឈប់​ទម្លាក់​គ្រាប់​ទេ ​​គេ​នឹង​មិន​ចូល​តុ​ចរចា​ទេ។ ហើយ​ក្នុង​ខណៈ​ពេល​នេះ ​ប្រជាជន​ស៊ីរី​វេទនា ​ស្លាប់​កាន់តែ​ច្រើន។ គ្រាន់តែ​នៅ​ក្រុង​អាឡិប​ ចាប់​ពី​ដើមខែ​កុម្ភៈ​នេះ ​មាន​ស្លាប់​ប្រហែល​ជា​៥០០​នាក់។ ដូច្នេះ ​ចង់​មិន​ចង់​ សហគមន៍​អន្តរជាតិ ​ត្រូវតែ​ពន្យល់​រុស្ស៊ី​ឲ្យ​ឈប់​ធ្វើ​ការ​ទម្លាក់​គ្រាប់ ​ឲ្យ​ខាង​តែ​បាន។ ពន្យល់​ដោយ​វិធី​ណា​គេ​មិនដឹង​ទេ ​ តែ​គេ​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​ គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​លោក​ចន ឃែរី ​ជា​អ្នក​តំណាង។

រុស្ស៊ី​ត្រៀមខ្លួន​ឈប់​ទម្លាក់​គ្រាប់ ​ចាប់ពី​ដើម​ខែ​មីនា៖
តាមការ​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ពី​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​បញ្ជាក់​ថា ​រុស្ស៊ី​នឹង​ចូលរួម​សន្និសីទ​នេះ ​ ដោយ​ត្រៀមខ្លួន​ចរចា​ទាក់ទិន​នឹង​របៀបវារៈ​ នៃ​ការ​ដាក់​អាវុធ​ចុះ​ជា​បណ្តោះ​អាសន្ន។ ក្នុងន័យ​នេះ ​មាន​ន័យ​ថា ​រុស្ស៊ី​ប្រហែល​ជា​សុខចិត្ត​ផ្អាក​ការ​ទម្លាក់​គ្រាប់​បែក។ ហើយ​បើ​តាម​ដំណឹង​ល្ហៀងៗ ​ការ​ដាក់​អាវុធ​ចុះ​របស់​រុស្ស៊ី ​ អាច​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១​មីនា ​ខាង​មុខ​នេះ។

ក៏​ប៉ុន្តែ ​ពី​នេះ​រហូត​ដល់​ថ្ងៃ​ទី​១​មីនា ​គឺ​នៅសល់​ពេល​ជាង​ពីរ​អាទិត្យ​ទៀត​ឯណោះ។ មាន​ន័យ​ថា ​ទំរាំ​ដល់ពេល​នោះ ​ គឺ​រុស្ស៊ី ​និង​កងទ័ព​របស់​បាស្ឆា អាល់អាសាដ ​និង​វាយ​យក​ក្រុង​អាឡិប​ បាន​ជា​ស្ថាពរ​ទៅ​ហើយ។ ដូច្នេះ ​ក្រុម​ឧទ្ទាម​ប្រឆាំង​ អស់​មាន​ដែនដី​មូលដ្ឋាន​ជា​បង្អែក ​ ព្រមទាំង​លែង​មាន​ទំងន់អី​ទៅ​ចរចា​នៅ​ហ្សឺណែវ​ទៀត​ហើយ។ នេះ​ជា​ចំណុច​សំខាន់​ណាស់ ​បើ​យើង​វិភាគ​ឲ្យ​មែនទែន​ គឺ​រុស្ស៊ី​និង​រដ្ឋាភិបាល​បាស្ឆា ​ កំពុងតែ​លេង​ខ្សែលើ ​បោកប្រាស់​សហគមន៍​អន្តរជាតិ ​ជា​ពិសេស​អង្គការ​សហ​ប្រជាជាតិ ​ និង​សហរដ្ឋ​អាមេរិក​តែម្តង។

ព្រមដាក់​អាវុធ ​នៅ​ពេល​ដែល​បាន​ឈ្នះ​ទៅ​ហើយ៖

លោក ចន ឃែរី និង​លោក ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលជួប​គ្នា​នៅ ហ្ស៊ុយរិច ថ្ងៃទី ២០ មករា ២០១៦
លោក ចន ឃែរី និង​លោក ឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលជួប​គ្នា​នៅ ហ្ស៊ុយរិច ថ្ងៃទី ២០ មករា ២០១៦ REUTERS/Jacquelyn Martin/Pool

ទី​បំផុត​ទៅ​យុទ្ធសាស្ត្រ​រុស្ស៊ី ​នៅ​តែ​ឈ្នះ​ដដែល។ ព្រម​ផ្អាក​ការ​ទម្លាក់​គ្រាប់ ​បើ​ស្តាប់​មួយភ្លែត​ ហាក់​ដូច​ជា​រុស្ស៊ី​ព្រម​បន្ទន់​ឥរិយាបថ ​តែ​បើ​សម្លឹង​ឲ្យ​ឆ្ងាយ​ គឺ​គេ​ឈប់​ទម្លាក់​គ្រាប់ ​ ព្រោះថា​គេ​បាន​ជោគជ័យ​ទៅ​ហើយ។ បើសិន ​ជា​រុស្ស៊ី​ព្រម​ផ្អាក​ការ​ទម្លាក់គ្រាប់ ​ចាប់​ពី​ខែ​មីនា​ទៅ ​មាន​ន័យ​ថា ​ពី​នេះ​ទៅ ​គេ​នឹង​នៅតែ​ធ្វើការ​ទម្លាក់​គ្រាប់ ​ ដើម្បី​កម្ចាយ​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម។ ដូច្នេះ ​នៅ​ខែ​មីនា​ នៅ​ពេល​រុស្សី​ឈប់​ទម្លាក់​គ្រាប់ ​ រដ្ឋាភិបាល​បាស្ឆា ​អាល់អាសាដ ​នឹង​បាន​ជោគជ័យ​នយោបាយ ​ក្នុង​ការ​ចរចា ​ ដោយសារ​តែ​ក្រុម​ឧទ្ទាម​ លែង​មាន​អី​មក​ចរចា​ទៀត​ហើយ ​ ព្រោះ​បាត់បង់​ដែនដី​មូលដ្ឋាន​អស់​រលីង​ទៅ​ហើយ។

អាមេរិក​ និង​អង្គការ​សហប្រជាជាតិ​ទន់ជ្រាយ៖
បញ្ហា​នេះ ​បាន​ធ្វើឲ្យ​អ្នក​វិភាគ​មួយ​ចំនួន​ រិះគន់​សហរដ្ឋ​អាមេរិក​ជាខ្លាំង ​ ដែល​បណ្តែត​បណ្តោយ ​ឲ្យ​សមរភូមិ​ស៊ីរី ​ត្រូវ​រុស្ស៊ី​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តែ​ម្នាក់ឯង ​ដូច​រាល់​ថ្ងៃ​នេះ។ នរណា​ក៏​ដឹងដែរ​ ថា​រុស្ស៊ី​កំពុងតែ​ដើរ​ខ្សែលើ​ យក​លេស​កម្ទេច​ក្រុម​ភេរវកម្ម ​ដើម្បី​វាយ​បំបែក​ក្រុម​ឧទ្ទាម​តស៊ូ ​ហើយ​អនុញ្ញាត​ ឲ្យ​បាស្ឆា ​អាល់អាសាដ ​ដណ្តើម​អំណាច​បាន​វិញ។

មិនមែន​តែ​អ្នក​វិភាគ​ឯករាជ្យ​ទេ ​ដែល​យល់​ដូច្នេះ។ លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ឡូរ៉ង់ ហ្វាប្យ៊ូស​ បានថ្លែង​រិះគន់​នៅ​ថ្ងៃ​នេះ​ដែរ​ ពី​គោលជំហរ​មិន​ច្បាស់លាស់ ​គោល​ជំហរ​មិន​លះ​ របស់​សហរដ្ឋអាមេរិក ​ទាក់ទិន​នឹង​វិបត្តិ​នៅ​ស៊ីរី។ សហរដ្ឋអាមេរិក​ កន្លង​មក​ទន់ជ្រាយ​ពេក ​បណ្តោយឲ្យ​រុស្ស៊ី​ញាក់បាន​តាម​ចិត្ត។ ឥឡូវ​វា​ចង់​ហួស​ពេល​ទៅ​ហើយ។

អង្គការ​សហប្រជាជាតិ ​ ក៏ត្រូវ​គេ​រិះគន់​ដែរ។ នៅថ្ងៃនេះ​ នាយករដ្ឋមន្ត្រី​តួកគី​ បាន​រិះគន់​អង្គការ​សហប្រជាជាតិ​ចំៗ​តែម្តង ​ ដែល​គិតតែ​ពី​អំពាវនាវ​ឲ្យ​តួកគី​ បើក​ព្រំដែន​ទៅ​ ដើម្បី​ទទួល​ជនភៀសខ្លួន​ស៊ីរី​ ដែល​រត់​គេច​ពី​ការ​ទម្លាក់​គ្រាប់​របស់​រស្ស៊ី។ តួកគី​ថា ​ម្តេច​មិន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ឈប់​ទម្លាក់​គ្រាប់បែក​ផង? តួកគី​ ណា​ត្រូវគិត​ពី​បញ្ហា​មនុស្សធម៌ ​ណា​ជាប់​ករណីកិច្ច​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ ឲ្យ​តួកគី​យាមព្រំដែន​ឲ្យ​ជាប់ ​ ដើម្បី​កុំឲ្យ​ជនភៀសខ្លួន​របូត​ហូរ​ចូល​ទៅ​អឺរ៉ុប។

ដូច្នេះ​យើងឃើញ​ថា ​មាន​គោល​ជំហរ​ប្រទាំងប្រទើស​គ្នា​ច្រើន​ណាស់។ ដរាបណា ​មេ​ដំបូល​ធំ​ មាន​សហរដ្ឋ​អាមេរិក​និង​អង្គការ​សហ​ប្រជាជាតិ​​ នៅតែ​មិន​ចង់​ប្រឈមមុខ​ជាមួយ​រុស្ស៊ី ​មាន​ន័យ​ថា ​របប​បាស្ឆា អាល់អាសាដ ​អាច​នឹង​ត្រឡប់​មក​វិញ។ អាមេរិក ​និង​ក្រុម​ប្រទេស​លោក​ខាង​លិច ​ ប្រាកដ​ជា​បាក់​មុខ​បន្ទោស​គ្នា​ទៅវិញ​ទៅមក។ កន្លែងនេះ​ហើយ​ដែល​ ប្រធានាធិបតី​ពូទីន​ចង់​ឃើញ ​ គឺ​រុស្ស៊ី​ចង់​ឃើញ​សហរដ្ឋ​អាមេរិក ​និង​មហា​អំណាច​អឺរ៉ុប ​បែកបាក់​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ