កិច្ចប្រជុំពីរថ្ងៃដើម្បីស្រោចស្រង់ លុយអឺរ៉ូ?
មេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅយប់ថ្ងៃព្រហស្បតិ៍ទី៨ ធ្នូ២០១១ ក្នុងទីក្រុងប៊្រុចសែល ប្រទេសបែលហ្សិក។ កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបត្រូវបានធ្វើឡើង ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ដែលអឺរ៉ុបកំពុងជួបវិបត្តិប្រាក់បំណុល និងក្នុងកាលៈទេសៈដែលប្រទេសក្នុងតំបន់ចាយលុយអឺរ៉ូ កំពុងស្ថិតនៅក្រោមការគំរាមដកចំណាត់ថ្នាក់AAAពីទីភា្នក់ងារ វាយតម្លៃហានិភ័យបំណុលStandard &Poor’s។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:១៧
ការកែប្រែសន្ធិសញ្ញាអឺរ៉ុប ឬ ការបង្កើតសន្ធិសញ្ញាអឺរ៉ុបថ្មីមួយ ដែលចេញពីគំនិតរួមគ្នារបស់ប្រមុខដឹកនាំបារាំង និងអាល្លឺម៉ង់ គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាអឺរ៉ុប។ កាលពីថ្ងៃពុធទី៧ ធ្នូ ២០១១ ពោលគឺនៅមួយថ្ងៃមុនការបើកប្រជុំក្រុមប្រឹក្សាអឺរ៉ុប ប្រធានាធិបតីបារាំង លោកSarkozy និងនាយករដ្ឋមន្រ្តីMerkel បានផ្ញើសំបុត្រមួយទៅឲ្យប្រធានសហភាពអឺរ៉ុប លោក Van Romp uyដែលនឹងត្រូវធ្វើជាប្រធានកិច្ចប្រជុំ។ នៅក្នុងសំបុត្រនោះ ប្រមុខដឹកនាំប្រទេសធំទាំងពីររបស់តំបន់លុយអឺរ៉ូ បានលើកឡើងពីមូលហេតុចាំបាច់ដែលគេត្រូវធ្វើការផ្លាស់ប្តូរសន្ធិសញ្ញាអឺរ៉ុប។ ដើម្បីធ្វើសន្ធិសញ្ញាថ្មី បារាំង និងអាល្លឺម៉ង់ បានបង្ហាញនូវគម្រោងប្រាំដែលមានគោលដៅជួយស្រោចស្រង់អឺរ៉ុបចេញពីវិបត្តិប្រាក់បំណុល។
ទីមួយ បារាំង និងអាល្លឺម៉ង់(ដែលយល់ស្របគ្នាជាធ្លុងមួយ ឲ្យមានការត្រួតពិនិត្យថវិកា របស់រដ្ឋសមាជិក) ចង់ឲ្យគេដាក់ទណ្ឌកម្ម ជាស្វ័យប្រវត្តិដល់ប្រទេសណា ដែលចាយលុយខ្ជះខ្ជាយ និងមានឧុនភាពថវិកាច្រើនជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ គឺគណៈកម្មាការអឺរ៉ុបដែលនឹងមានសិទ្ធិអំណាចជាងពេលបច្ចុប្បន្ន ក្នុងការសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសសមាជិកណាមួយ។ ធនាគារកណ្តាលអឺរ៉ុបវិញបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ទី ៨ធ្នូថា ខ្លួននឹងផ្តល់ជំនួយបន្ថែមដល់ប្រទេសមានវិបត្តិប្រាក់បំណុល ក្នុងលក្ខខណ្ឌដែលកិច្ចព្រមព្រៀងស្តីពីថវិកា (ឧុនភាពសាធារណៈមានតិចជាង ៣ភាគរយ) ត្រូវសរសេរចែង នៅក្នុងសន្ធិសញ្ញាអឺរ៉ុប
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ដោយសារតែគ្មានការដាក់ពិន័យ គ្មានប្រទេសណាមួយបានគោរពតាមលក្ខខណ្ឌរបស់សន្ធិសញ្ញាអឺរ៉ុបឡើយ។ សូម្បីបារាំងខ្លួនឯងដែលជាអ្នកចង់ឲ្យមានការដាក់ទណ្ឌកម្មលើកនេះ ក៏កំពុងតែមានឧុនភាពថវិកាដល់ទៅជាង ៧ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ឧុនភាពថវិកាខ្ពស់ ជាមូលហេតុមួយដែលធ្វើប្រទេសមួយចំនួនរបស់តំបន់ចាយលុយអឺរ៉ូធ្លាក់ក្នុងវិបត្តិប្រាក់បំណុល ដូចជាក្រិក អ៊ីតាលី និងអេស្ប៉ាញជាដើម។
ទីពីរ គឺវិធានមាស ដែលរដ្ឋសមាជិកត្រូវតាក់តែងបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់គេរៀងៗខ្លួន។ ធ្វើដូច្នេះ គឺដើម្បីឲ្យប្រទេសនៅអឺរ៉ុបរៀបចំថវិការបស់ខ្លួនឲ្យបានត្រឹមត្រូវ និងជៀសវាងអស្ថិរភាពហិរញ្ញវត្ថុ ក្នុងតំបន់ចាយលុយអឺរ៉ូ។
ទីបី ក្នុងសំណើរបស់ខ្លួន ប្រមុខរដ្ឋបារាំង និងអាល្លឺម៉ង់ចង់បន្ថយការចូលរួមអន្តរាគមន៍របស់ធនាគារឯកជនក្នុងបញ្ហាវិបត្តិប្រាក់បំណុល។ គឺគេនឹងមិនធ្វើដូចករណីប្រទេសក្រិក ដែលក្នុងនោះ ធនាគារឯកជនត្រូវបានលើកទឹកចិត្តឲ្យចូលរួមច្រើន ដើម្បីលុបចោលពាក់កណ្តាលប្រាក់បំណុលដែលខ្លួនមានជាមួយប្រទេសក្រិក។ បទពិសោធន៍បានបង្ហាញហើយថា ចាប់តាំងពីធនាគារត្រូវជម្រុញឲ្យអន្តរាគមន៍ក្នុងវិបត្តិប្រាក់បំណុលក្រិក ក្រុមអ្នកវិនិយោគទុនបានបាក់ទឹកចិត្ត និងលែងសូវមានជំនឿចិត្តលើរបៀបដឹកនាំរបស់ប្រទេសនៅអឺរ៉ុបទៀត។
ទីបួន ក្រៅតែពីរៀបចំសម្រួលខ្ទង់ថវិកាឲ្យមានរបៀបឡើងវិញ បារំាងនិងអាល្លឺម៉ង់ចង់ឲ្យប្រទេសសមាជិកអឺរ៉ុបផ្សេងទៀតចាប់ផ្តើមសហការគ្នាលើនយោបាយសេដ្ឋកិច្ចដើម្បីពង្រឹងការប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបទាំងមូល។ បារាំង និងអាល្លឺម៉ង់ទើបចង់ឲ្យមានការយកពន្ធលើការទិញដូរក្នុងទីផ្សារហិរញ្ញវត្ថុ។
ទីប្រាំ គឺការដាក់ឲ្យដំណើរការយន្តការអឺរ៉ុបដើម្បីរក្សាស្ថិរភាព។ យន្តការនេះ នឹងចូលមកជំនួស ចាប់ពីពាក់កណ្តាលឆ្នាំ២០១២ មូលនិធិអឺរ៉ុបដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ (Fonds européen de stabilité financière បង្កើតឡើង ជាពិសេសដើម្បីជួយដោះស្រាយបំណុលក្រិក)។ យន្តការថ្មីនេះនឹងត្រូវគេប្រើជាដំណោះស្រាយចុងក្រោយដើម្បីជួយផ្តល់ជាហិរញ្ញវត្ថុប្រទេសណាដែលមានបញ្ហាប្រាក់បំណុល។
ការខ្វែងគំនិតគ្នា
អាល្លឺម៉ង់មិនសូវមានសុទិដ្ឋិនិយម បន្ទាប់ពីបានមើលឃើញនូវគំនិតប្រឆាំង មិនយល់ស្របគ្នាកាន់តែច្រើនក្នុងចំណោមប្រទេស នៅក្នុងតំបន់ចាយប្រាក់អឺរូផង និងក្នុងសហភាពអឺរ៉ុបទាំងមូល។ ប្រធានអឺរ៉ុបលោកV an Rompuy មុនគេ។ តាមយោបល់លោក គេមិនចាំបាច់ធ្វើសន្ធិសញ្ញាអឺរ៉ុបថ្មីនោះទេ។ គេគ្រាន់តែធ្វើវិសោធនកម្មលើសន្ធិសញ្ញាចាស់ ហើយប្រទេសនីមួយៗរៀបចំកែតម្រូវនយោបាយសេដ្ឋកិច្ច ក្នុងស្រុក ជារឿងស្រេចបាច់ទៅហើយ។ ធ្វើនេះ គឺដើម្បីជៀសវាងការបោះឆ្នោតប្រជាមតិជាថ្មីរបស់ប្រទេសសមាជិក ព្រោះថា ការបោះឆ្នោតប្រជាមតិទៅលើសន្ធិសញ្ញាអឺរ៉ុបត្រូវការពេលវេលាវែង ហើយមិនប្រាកដថា ប្រទេសសមាជិកអឺរ៉ុបយល់ព្រមបោះឆ្នោតទទួលយកសន្ធិសញ្ញាថ្មីទេ។
អង់គ្លេសវិញ តាមរយៈនាយករដ្ឋមន្រ្តីDavid Cameron បានបញ្ជាក់រួចហើយថា អង់គ្លេសនឹងព្រមទទួលឲ្យមានការកែប្រែសន្ធិសញ្ញា ណា ដែលមិនធ្វើឲ្យអង់គ្លេសបាត់បង់ប្រយោជន៍។ ជាមួយគ្នានេះ អង់គ្លេសបាននិយាយទុកមុនហើយថា ខ្លួនអាចទទួលយកឲ្យមានការយកពន្ធលើការទិញដូរក្នុងទីផ្សារហិរញ្ញវត្ថុ តែក្នុងករណីណាដែលមានការអនុវត្តទូទៅ នៅគ្រប់ប្រទេសនៅអឺរ៉ុប។ អង់គ្លេសនៅក្រៅតំបន់ចាយលុយអឺរ៉ូគិតថា ការយកពន្ធលើការទិញដូរក្នុងទីផ្សារហិរញ្ញវត្ថុ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
គំនិតមិនយល់ស្របគ្នាច្រើនតាំងពីដើមទី បានធ្វើឲ្យគេគិតថា កិច្ចពិភាក្សានៅយប់ថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើឡើងដោយតឹងតែងបំផុត។ សមាជិកអឺរ៉ុបភាគច្រើនរិះគន់ថា សន្ធិសញ្ញាថ្មីដែលស្នើឡើង គឺជាសន្ធិសញ្ញាបារាំងអាល្លឺម៉ង់ គឺមិនបានសួរយោបល់ដល់ប្រទេសសមាជិកដទៃទៀត ដែលមានដល់ទៅជាង ២០ប្រទេស។ ប្រទេសតូចៗ នៅសហភាពអឺរ៉ុបផ្សេងទៀតដែលតូចចិត្តព្រោះត្រូវប្រទេសសេដ្ឋកិច្ចធំៗបំភ្លេចចោល មិនខ្ចីសួរយោបល់ បាននិយាយរួចហើយពួកគេមិនសូវជាគាំទ្រគំនិតឲ្យមានសន្ធិសញ្ញាអឺរ៉ុបថ្មីអ្វីទេ។
លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បាននិយាយទុកមុនហើយថា បើមានគំនិតប្រឆាំងច្រើនពេក នៅក្នុងសហភាពអឺរ៉ុប នោះ បារាំងនិងអាល្លឺម៉ង់ចង់បានត្រឹមតែសន្ធិសញ្ញាសម្រាប់តំបន់ចាយលុយអឺរ៉ូ គឺ ១៧ប្រទេស។ ធ្វើយ៉ាងនេះ គឺដើម្បីទាញទំនុកចិត្តពីអ្នកវិនិយោគទុនឡើងវិញ និងដើម្បីសង្រ្គោះជាបន្ទាន់លុយអឺរ៉ូ ដែលជាបេះដូង និងកត្តាកំណត់វាសនាអនាគតប្រទេសសមាជិកតំបន់អឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ