អានតួអត្ថបទ
ហិរញ្ញវត្ថុ-អឺរ៉ុប

ប្រាក់អឺរ៉ូ​​ងើបមុខ​​ឡើងវិញ​​ក្រោយពី​​ធនាគារ​​កណ្តាល​​បានធ្វើ​​អន្តរាគមន៍​​

នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី១ធ្នូ​ឆ្នាំ២០១១​នេះ​ ​ ​តម្លៃ​ប្រាក់អឺរ៉ូ​បាន​ស្ទុះ​កើនឡើង​ទៅមុខ​ ​ ដោយ​សារ​តែ​មាន​អន្តរាគមន៍​ស្របគ្នា​ពី​សំណាក់​ធនាគារ​កណ្តាល​នៃ​ប្រទេស​ធំៗ​នៅ​លើលោក​ ​ ក្នុង​គោល​បំណង​ជួយ​សម្រួល​ហិរញ្ញប្បទាន​នៃ​វិស័យ​ធនាគារ​ដែល​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប។

​ធនាគារ​កណ្តាល​អឺរ៉ុប​នៅទីក្រុង​ហ្វ្រង់ហ្វ័រនៃ​ប្រទេស​អាល្លឺម៉ង់
​ធនាគារ​កណ្តាល​អឺរ៉ុប​នៅទីក្រុង​ហ្វ្រង់ហ្វ័រនៃ​ប្រទេស​អាល្លឺម៉ង់ Reuters/Ralph Orlowski
ផ្សាយពាណិជ្ជកម្ម

នៅម៉ោង៧ព្រឹក​ម៉ោងសកល​ត្រូវជា​ម៉ោង៨​នៅ​ទីក្រុង​ប៉ារីស​ ​ ប្រាក់១អឺរ៉ូ​ដូរបាន​១,៣៤៤៩​ដុល្លារ​​អាមេរិក​ទល់នឹង​១,៣៤៣៨​នៅ​ល្ងាច​មិញ​។​ ហើយ​នៅ​ថ្ងៃពុធ​ទី៣០​វិច្ឆិកា​ឆ្នាំ២០១១​ ​ ប្រាក់អឺរ៉ូ​បាន​ស្ទុះ​កើនឡើង​ដល់​១,៣៥៣៣ដុល្លារ​ ដែលជា​កម្រិត​មួយ​ដ៏សែនខ្ពស់​ចាប់តាំងពី​ថ្ងៃទី​២២​វិច្ឆិកា​មក។

ជាមួយ​នឹង​ប្រាក់យេន​ជប៉ុនវិញ​ ​ ក្នុង១អឺរ៉ូ​ប្តូរបាន​១០៤,៥០យេន​ទល់នឹង​១០៤,២៥​នៅយប់​ថ្ងៃពុធ​ម្សិលមិញ​នៅម៉ោង២២,០០​ម៉ោងសកល។

ធនាគារ​កណ្តាល​អឺរ៉ុប​ ​ ធនាគារ​កណ្តាល​អាមេរិក​​ ​ ធនាគារ​កណ្តាល​កាណាដា​ ​ ធនាគារ​កណ្តាល​អង់គ្លេស​ ​ ធនាគារ​កណ្តាល​ជប៉ុន​ ​ និង​ធនាគារ​កណ្តាល​ស្វីស​បាន​ព្រមព្រៀង​គ្នា​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​សម្រួល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​ ដោយហេតុថា​ ​ ធនាគារ​ពុំសូវ​មាន​ទំនុកចិត្ត​នឹងគ្នា​ហើយក៏​លែង​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដូច​ពេលមុនៗ​ទៀត​ឡើយ។​ ទាំងនេះ​ក៏​ជាមូលហេតុ​មួយទៀត​ដែលនាំឲ្យ​ធនាគារ​លែង​ឲ្យ​សហគ្រាស​ឬ​អតិថិជន​របស់​ខ្លួន​ខ្ចីប្រាក់​សម្រាប់​យកទៅ​អភិវឌ្ឍ​សកម្មភាព​ពាណិជ្ជកម្ម​ឬឧស្សាហកម្ម​របស់ខ្លួន។

គួរកត់​សម្គាល់ថា​ ​ ធនាគារ​កណ្តាល​ធំៗ​ទាំង៦​ខាងលើនេះ​បាន​ព្រមព្រៀង​សម្រួល​ធ្វើការ​ដោះដូរ​រូបិយប័ណ្ណ​នឹងគ្នា​រហូត​ដល់​ខែកុម្ភៈ​ឆ្នាំ២០១៣។

សូមបញ្ជាក់ថា​ ​ បច្ចុប្បន្ននេះ​តំបន់​អឺរ៉ូ​កំពុង​ងាកទៅ​រក​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ ដោយហេតុតែ​មូលនិធិ​អឺរ៉ុប​សម្រាប់​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ FESF ​ដែល​កាលពី​ដំបូង​គ្រោង​ថា​មាន​សមត្ថភាព​អាច​ផ្តល់​ប្រាក់​កម្ចី​បាន​ប្រមាណ​៤៤០ពាន់លាន​អឺរ៉ូ​ ​ ឥឡូវនេះ​យល់ដឹងថា​ពុំអាច​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ឡើងដល់​១ ០០០ពាន់លាន​អឺរ៉ូ​ដូចសន្យា​សម្រាប់​ជួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​មាន​វិបត្តិ​បានឡើយ។

ដូច្នេះហើយ​ ​ បានជា​វិនិយោគិន​នាំគ្នា​រង់ចាំមើល​ជំនួប​កំពូល​អឺរ៉ុប​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៨និង៩​ធ្នូ​ឆ្នាំ២០១១​ខាងមុខនេះ​ដែល​ត្រូវ​ដោះស្រាយ​ពី​បញ្ហា​ថវិកាជាតិ​នៃ​ប្រទេស​ក្នុងតំបន់​អឺរ៉ូ។​ ហើយនិង​ត្រូវ​ពិនិត្យ​មើល​ពី​ស្ថានភាព​នៃ​ប្រទេស​ក្រិក​និង​អ៊ីតាលី ​ថា​តើ​បាន​វិវត្ត​ដល់ណា?​ ​ ហើយ​ថាតើ​ប្រទេស​អាល្លឺម៉ង់​យល់ព្រម​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងតំបន់​ដែរឬទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ