អានតួអត្ថបទ
កីឡាអូឡាំពិក

ទីក្រុង​ឡុងដ៍ចំណាយ​លុយ​សន្ធឹកសន្ធាប់​ដើម្បី​ទទួល​​កីឡា​អូឡាំពិក​

ពិធី​បើក​សម្ពោធ​កីឡា​អូឡាំពិក​លើកទី ៣០ នឹង​ចាប់ផ្តើម នៅយប់នេះ ក្នុង​ទីក្រុង​ឡុងដ៍ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រិយានី​Elisabethe ទីពីរ។ នៅក្នុង​ការប្រកួត​កីឡាអូឡាំពិកដែល​មាន​លក្ខណៈ​​ប្រវត្តិសាស្រ្ត​សម្រាប់​ប្រទេស​អង់គ្លេស មានកីឡាករ​១០៤០០​នាក់​មកពី​ប្រទេស​ចំនួន ២០៤​ចូលរួម​ប្រកួត​ដើម្បីដណ្តើម​មេដាយ។ មនុស្ស​ជាង ៦ម៉ឺននាក់​នឹង​ចូលទៅ​ទស្សនា​កម្មវិធីបើក​ដោយផ្ទាល់ នៅស្តាតអូឡាំពិក។ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ ១១​ពាន់​លាន​អឺរ៉ូ សម្រាប់​ទទួល​កីឡាអូឡាំពិក ដែល​ចាប់ប្រព្រឹត្ត​ទៅ ពីថ្ងៃ​សុក្រ​ទី ២៧ កក្កដា ដល់​ថ្ងៃ​ទី ១២​សីហា ឆ្នាំ ២០១២។

ទីក្រុង​ឡុងដ៍​ទទួល​រៀបចំ​កីឡាអូឡាំពិក​ជា​លើកទីបី
ទីក្រុង​ឡុងដ៍​ទទួល​រៀបចំ​កីឡាអូឡាំពិក​ជា​លើកទីបី © REUTERS
ផ្សាយពាណិជ្ជកម្ម

ជាផ្លូវការ​រដ្ឋាភិបាល​អង់គ្លេស​បាន​ចំណាយ​លុយ ជាង ១១​ពាន់​លាន​អឺរ៉ូ សម្រាប់​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​លើកនេះ។ ចំណាយ​មាន​កាន់តែច្រើន គឺ​ច្រើន​ដល់ ទៅ​បីដង បើ​ប្រៀបធៀប​​នឹង​ថវិកា​ដែលគេ​គ្រោង កាលពីឆ្នាំ ២០០៥ ដែល​ថា នឹង​ចាយវាយ​ត្រឹម​តែ​៤,៥​ពាន់​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទើប​នឹង​ចុះហត្ថលេខា​បង្កើនទ្វេ​លុយ​ដល់​ទៅ ៩១​លាន​អឺរ៉ូ សម្រាប់​រៀបចំ​កម្មវិធី​បើក និង​បិទ ការប្រកួតកីឡាអូឡាំពិក​ឲ្យ​បាន​ល្អឥតខ្ចោះ។ លោក​នាយករដ្ឋមន្រ្តី David Cameroun​ដោយពិត​ទៅ​ល្បី​ខាង​កាត់បន្ថយ​ចំណាយ​សាធារណៈ លើ​គ្រប់​វិស័យ។ នៅក្នុង​ត្រីមាស​ទីពីរ​ឆ្នាំនេះ កំណើន​សេដ្ឋកិច្ច​អង់គ្លេស កំពុង​ដើរ​ថយក្រោយ ប្រជាជន​អង់គ្លេស​ត្រូវរដ្ឋ​ប្រាប់​ឲ្យ​​រឹតខ្សែក្រវ៉ាត់ សន្សំសំចៃ។ ប៉ុន្តែ សម្រាប់​កីឡាអូឡាំពិក នាយករដ្ឋមន្រ្តី​អង់គ្លេស​មិនខ្លាច​​នឹង​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់ទេ។ សម្រាប់​លោក​David Cameroun វា​ជា​ឱកាស​មាស ដើម្បី​បង្ហាញថា អង់គ្លេស​ជា​ព្រះរាជាណាចក្រ​រុងរឿង​ក្នុង​អតីតកាល ហើយ​អនាគត​របស់ប្រទេស​នេះ​ក៏​កំពុង​ត្រចះត្រចង់​ដែរ។ ដូច្នេះ ​ប្រជាជន​អង់គ្លេស​ត្រូវ​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន។

ថវិកា​ជាង ១១​ពាន់​លាន​អឺរ៉ូ ដែល​រដ្ឋបាន​ចំណាយ​លើ​ការរៀបចំ​កីឡាអូឡាំពិក​ក៏​បាន​ផ្តល់​ប្រយោជន៍​ខ្លះដែរ តាមរយៈ ការសាងសង់​អគារ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការប្រកួត។ ការដ្ឋាន​សំណង់​បាន​ផ្តល់​ការងារ​រាប់ម៉ឺន រាប់ពាន់​ដល់​ប្រជាជន​អង់គ្លេស។ លើសពីនោះ ទីក្រុង​អង់គ្លេស​ឆ្លៀត រៀបចំ​ការប្រកួត​កីឡាអូឡាំពិក ដើម្បី​បង្កើត​បាន​សំណង់ថ្មី ដូចជា​ផ្លូវថ្នល់ និង​អគារ​ផ្សេងៗ។ លោកនាយករដ្ឋមន្រ្តី​អង់គ្លេស​វិញ​រំពឹង​ថា ​សមិទ្ធិផលក្រោយ​កីឡា​អូឡាំពិក នឹង​អាច​ឲ្យ​រដ្ឋ​រកប្រាក់​ចំណេញ​បាន​១៣ពាន់​លាន​អឺរ៉ូ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០១៦។

ប៉ុន្តែ សម្រាប់អ្នកសេដ្ឋកិច្ច​ជាច្រើន ផលប្រយោជន៍​ពី​ការប្រកួត​កីឡា​អូឡាំពិក​នឹង​មិនធ្លាក់​ដល់​ដៃ​រដ្ឋ​ដោយ​ផ្ទាល់​ទេ។ គឺ​ផ្នែកឯកជន ដូចជា​ក្រុមហ៊ុន​សណា្ឋគារ និង​ក្រុមហ៊ុន​ផលិត​សម្ភារៈ ដែល​​រកប្រាក់ចំណេញ​ដោយ​ផ្ទាល់ នៅក្នុង​ឱកាស​ការប្រកួតកីឡាអូឡាំពិក។ ជាញឹកញាប់ ប្រទេស​ម្ចាស់ផ្ទះ មិនងាយ​នឹង​សង្ឃឹម​រកប្រាក់​ចំណេញ ពីកីឡាអូឡាំពិកទេ។ ផ្ទុយទេ គេ​រង់ចាំ​តែ​​ខាត ប៉ុណ្ណោះ។ ជាក់ស្តែង ប្រទេស​ចិន (៤២​លានអឺរ៉ូ) និង​ក្រិក ដែល​ទើប​រៀបចំ​កីឡា​អូឡាំពិក ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ក៏ខាត​ធ្ងន់ខ្លួនដែរ។ ឧទាហរណ៍ នៅក្រិក ការចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់ ប្រមាណ ៩ពាន់​លានអឺរ៉ូ គឺ​ច្រើន​ជាង​សមត្ថភាព​របស់ខ្លួន បាន​ធ្វើ​រដ្ឋក្រិក​ខាតបង់ និង​ជំពាក់​គេ​វណ្ឌក។ ប៉ុន្តែ ក្នុង​ករណី​អង់គ្លេស ក្រសួងសេដ្ឋកិច្ច​បាន​អះអាងថា គេ​នៅសន្សំសំចៃលុយ​បាន គឺ​គេ​នៅមាន​ជាង ៥០០​លាន​អឺរ៉ូ​សម្រាប់​ទប់ទល់​ក្រែង​មាន​ការខ្វះខាត។

ការខាតបង់​ច្រើន បាន​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​រុញរា​លែង​ចង់​ទទួល​កីឡាអូឡាំពិក។ ប្រទេស​អ៊ីតាលី​ដែល​ពេលនេះ​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​បាន​បោះបង់​បេក្ខភាព​របស់ខ្លួន សម្រាប់​ការរៀបចំ​កីឡាអូឡាំពិក​ឆ្នាំ ២០២០ បន្ទាប់​ពី​ទីក្រុង​Rio របស់​ប្រទេស​ប្រេស៊ីល។

ទីក្រុង​Rio នឹង​អាច​សង្ឃឹមប្រើ​កីឡាអូឡាំពិក​ដើម្បី​ទាក់ទាញ​ទេសចរណ៍ ប៉ុន្តែ ទីក្រុង​ឡុងដ៍ ជាទីក្រុង​ដែល​ទាក់ទាញ​ក្រុមទេសចរណ៍​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​រួច​ទៅហើយ។ ដូច្នេះ ឡុងដ៍​មិន​ចាំបាច់​ប្រើ​កីឡាអូឡាំពិកនេះ​ដើម្បី​ផលប្រយោជន៍​ទេសចរណ៍​ទេ។ តាម នាយក​រដ្ឋមន្រ្តី​​អង់គ្លេស កីឡាអូឡាំពិក​លើកនេះ​មាន​បំណង​ទាក់ទាញ ក្រុមវិនិយោគ​ទៅវិញទេ។ ទីក្រុង​ឡុងដ៍​ចង់បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​រៀបចំ​កីឡា​អូឡាំពិក បាន​ដោយ​ល្អបំផុត ជាពិសេស នៅក្នុង​កាលៈទេសៈដែល​សេដ្ឋកិច្ច​របស់​អង់គ្លេស​ក៏មិន​សូវ​ល្អ​ផង។ រូបភាព ទីក្រុង​ឡុងដ៍ ដែល​មាន​សមត្ថភាព​រៀបចំ​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ​អាច​បង្ហាញ​ថា ទីក្រុង​ឡុងដ៍​មាន​សក្តានុពល​ដើម្បី​ទទួល​ក្រុមវិនិយោគ។ នេះ​ហើយ​ជា​គោលដៅ​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​អង់គ្លេស។

ទាហាន​អង់គ្លេស​១៣៥០០​នាក់​នឹង​ត្រូវ​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក ពីថ្ងៃ​ទី ២៧ កក្កដា ដល់​ថ្ងៃ​ទី ១២សីហា ២០១២
ទាហាន​អង់គ្លេស​១៣៥០០​នាក់​នឹង​ត្រូវ​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក ពីថ្ងៃ​ទី ២៧ កក្កដា ដល់​ថ្ងៃ​ទី ១២សីហា ២០១២ ©Reuters

ទាហាន​ជាង មួយម៉ឺននាក់​នឹង​ត្រូវ​រក្សា​សន្តិសុខ
បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក​Mitt Rumney បាន​លើកឡើង​ពី​ការសង្ស័យ​ទៅលើ​សមត្ថភាព​រៀបចំ​របស់​ប្រទេស​អង់គ្លេស។ កាលពេលថ្មីៗនេះ អង់គ្លេស​មាន​បញ្ហា​ចោទ​ពី​រឿង​ខ្វះ​អ្នករក្សា​សន្តិសុខ។ ក្រុមហ៊ុន​ឯកជន​G4Sដែលជា​ក្រុមហ៊ុន​សន្តិសុខ​ធំជាងគេ​ក្នុង​ពិភពលោក និង​ដែល​បាន​ទទួល​កិច្ចសន្យា​ពី​រដ្ឋាភិបាល​ដើម្បី​ធានា​សន្តិសុខ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក បាន​ទទួល​ស្គាល់ កាលពី​ដើម​ខែកក្កដានេះ​ថា ខ្លួន​អាច​ផ្តល់​បុគ្គលិក​រក្សា​សន្តិសុខ​តែ​ជាង​៤ពាន់នាក់ គឺ​តិចជាង​ចំនួន​ដែល​ក្រុមហ៊ុន​បាន​សន្យា ជាមួយ​រដ្ឋាភិបាល ដែល​មាន​ប្រមាណ​​ជាង មួយម៉ឺន​នាក់។ ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​បែបនេះ រដ្ឋាភិបាល​បានសម្រេច​ប្រើ​ទាហាន​ជាង​ម៉ឺននាក់ ដើម្បី​រក្សា​សន្តិសុខ នៅ​កន្លែង​ប្រកួត​ដែល​មាន​ប្រមាណ ១៥០​កន្លែង។

សម្រាប់​ថ្ងៃ​ប្រកួតធំ ដែល​មាន​មនុស្ស​ចូលទស្សនា​ច្រើន រដ្ឋាភិបាល​គ្រោង​នឹង​ប្រើ​ប៉ូលិស​ជាង​មួយម៉ឺននាក់ និង​មន្រ្តីរាជការ​ផ្សេងទៀត ដើម្បី​ទៅជួយ​បន្ថែម​ពីលើ​កម្លាំង​ទាហាន និង​កង​រក្សា​សន្តិសុខ​​ឯកជន​ដែល​មាន​ជាង ពីរម៉ឺននាក់​រួចហើយ។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​បញ្ជាក់ថា គេ​បាន​បោះទីតាំង​មីស៊ីល​នៅជិតស្តាត។ ចំណែក​នាវា​ផ្ទុកឧទ្ធម្ភាគចក្រ នឹង​ចត​នៅ​ក្នុង​ទឹកទន្លេ ទីក្រុង​ឡុងដ៍ នៅពេល​ដែល​នាវា​ចម្បាំង​មួយ​គ្រឿង​ផ្សេងទៀត​នឹង​បោះទីតាំង​នៅភាគនិរតី​អង់គ្លេស ដើម្បីការពារ ក្រែង​មាន​ឧប្បត្តិហេតុ កើត​មាន​នៅក្នុង​ការប្រកួត ផ្នែកទូកប្រណាំង។ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​លើកនេះ​ អង់គ្លេស​បាន​ប្រើ​ទាហាន​របស់ខ្លួន ដល់​ទៅ ១៣ ៥០០នាក់ គឺ​ច្រើន​ជាង​ចំនួន​ទ័ព​អង់គ្លេស នៅក្នុង​ប្រទេស​​អាហ្វហ្កានីស្ថានទៅទៀត។

សន្តិសុខ​ក្នុង​ការប្រកួតកីឡា​អូឡាំពិក គឺ​ជារឿង​អាទិភាព​របស់​រដ្ឋាភិបាល​អង់គ្លេស។

នាយករដ្ឋមន្រ្តី​លោក​David Cameroun បាន​និយាយ​ថា លោកគ្រប់គ្រង​កាន់កិច្ចការ​សន្តិសុខ​ដោយ​ដៃ​របស់​លោកផ្ទាល់ ពីព្រោះថា មនុស្ស​ច្រើន​លាន​នាក់​ត្រូវ​គេ​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅទស្សនា​ការប្រកួត​កីឡាអូឡាំពិក នៅទីក្រុង​ឡុងដ៍។ ម្យ៉ាងទៀត ទីក្រុង​ឡុងដ៍​ឧស្សាហ៍​ទទួល​បាន​ការគំរាមកំហែង​ធ្វើ​ភេរវកម្ម ញឹកញាប់​ណាស់។ កាលពី ២០០៥ គឺ​នៅក្រោយ​ថ្ងៃ គណៈកម្មាធិការ​អូឡាំពិក​បាន​បោះឆ្នោត​ជ្រើសរើស​ទីក្រុង​ឡុងដ៍​ឲ្យ​ទទួល​រៀបចំ​កីឡាអូឡាំពិក អំពើ​ភេរវកម្ម​បាន​ផ្ទុះ​កណ្តាល​ទីក្រុង​ដែល​បាន​សម្លាប់​មនុស្ស​៥២នាក់។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខ្លះ បាន​និយាយ​ថា អាមេរិក ​អ៊ីស្រាអែលវិញ ​បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់ និង​ក្រុមការពារ​ពូកែៗ​ទៅ​ការពារ​ក្រុមកីឡាករ និង​គណៈប្រតិភូ​​របស់ខ្លួន នៅក្នុង​ទីក្រុង​ឡុងដ៍។ គួរដឹងថា រហូតមកដល់ពេលនេះ អ៊ីស្រាអែល​នៅ​តែ​រំលឹក​មិនឈប់ ថ្ងៃ​ភេរវកម្ម​ឆ្នាំ ១៩៧២ ដែល​កាលណោះ​កីឡាករ និង​គ្រូបង្វឹក​អ៊ីស្រាអែល ១១​នាក់​ត្រូវ​ពួកចលនា​ប៉ាឡេស្ទីន​ចាប់ជំរិត និង​បាញ់សម្លាប់ នៅក្នុង​ឱកាស​ប្រកួតកីឡាអូឡាំពិក ក្នុង​ទីក្រុង​Munich ប្រទេស​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ