អានតួអត្ថបទ
បារាំង-គុយបា

មន្រ្តី​ជាន់​ខ្ពស់​បារាំង​ជាន់​ទឹកដី​គុយបាជាលើក​ទីមួយ បន្ទាប់​ពី​ខកខាន​ជាង​៣០​ឆ្នាំ

លោក​រដ្ឋមន្រ្តី​ការបរទេស​បារំាង ឡូរ៉ង់ ហ្វាប៊្យូស​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​មួយភ្លែត កាលពី​ថ្ងៃ​សៅរ៍ទី ១២ មេសា ក្នុង​ប្រទេស​គុយបា បន្ទាប់ ពី​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ម៉ិចស៊ិក។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​មាន​រយៈពេល​តែ​៨​ម៉ោង ក្នុង​ទឹកដី គុយបា ប្រមុខការបរទេស​បារាំង​បាន​ជួប​ពិភាក្សា ពីរឿង​សេដ្ឋកិច្ច នយោបាយ និង​សិទ្ធិមនុស្ស​ជាមួយ​លោក​ប្រធានាធិបតី​រាអ៊ូល កាស្រ្តូ។

រដ្ឋមន្រ្តីការបរទេស​ ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស លោក ឡូរ៉ង់ ហ្វាប៊្យូស ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា កាលពីថ្ងៃ​សៅរ៍ ទី ១២ មេសា ២០១៤
រដ្ឋមន្រ្តីការបរទេស​ ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស លោក ឡូរ៉ង់ ហ្វាប៊្យូស ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា កាលពីថ្ងៃ​សៅរ៍ ទី ១២ មេសា ២០១៤ REUTERS/Enrique De La Osa
ផ្សាយពាណិជ្ជកម្ម

 

វត្តមាន​របស់​ប្រមុខ​ការបរទេស​បារាំង​ក្នុង​ប្រទេស​កុម្មុយនិស្ត​គុយបា ទើប​តែ​មាន​ជាលើក​ទីមួយ ក្នុង​រយៈពេល ៣១​ឆ្នាំ​ក្រោយនេះ។ ឆ្លៀត​ឱកាស​បញ្ចប់​ទស្សនកិច្ច​អម​លោក​ប្រធានាធិបតី​បារាំង នៅក្នុង​ប្រទេស​ម៉ិចស៊ិក លោក​ឡូរ៉ង់ ហ្វាប៊្យូស​បាន​ឈៀង​ចូល​ធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី នៅ​ទីក្រុង​ឡាហាវ៉ាន ជាទី​ដែល​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី របស់លោក និង​លោក​ប្រធានាធិបតី​គុយបា រាអ៊ូល កាស្រ្តូ។

នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី គុយបា រដ្ឋមន្រ្តីការបរទេស​បារាំង​បាន​និយាយ​ថា ប្រទេស​ទាំងពីរ បារាំង គុយបា មាន​ចេតនា​ចង់​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​គ្នា នៅក្នុង​វិស័យ​វប្បធម៌ អប់រំ សេដ្ឋកិច្ច និង​នយោបាយ។ តាម​លោក​ប្រមុខ​ការបរទេស​បារាំង គុយបា​បាន​កែប្រែ​មុខមាត់​ច្រើន នៅផ្នែក​សេដ្ឋកិច្ច និង​សង្គម។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ បារាំង​នៅ​ចង់​ឃើញ​ការគោរព​សិទ្ធិ​នយោបាយ ឲ្យ​បាន​ច្រើន នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយនេះ។

ចាប់តាំង​ពី​ចូលកាន់​តំណែង​ជា​រដ្ឋមន្រ្តីការបរទេស​បារាំង នៅ​ឆ្នាំ ២០១២ លោក​ឡូរ៉ង់ ហ្វាប៊្យូស​​ប្រឹងប្រែង​សកម្មភាព​ការទូត​បរទេស​ច្រើន ដើម្បី​ជួយ​យឹតយោង​ក្រុមហ៊ុន​បារាំង នៅ​បរទេស។ ទីក្រុង​ប៉ារីស​កំពុង​ចង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាមេរិកឡាទីន ដោយ​ក្នុង​នោះ គុយបា​ជា​ភាគី​មិន​អាច​ខ្វះបាន។ នៅ​ឆ្នាំ ២០១៣ ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តម្លៃ​២៨០​លាន​អឺរ៉ូ ដែល​ភាគច្រើន គឺ​ក្រុមហ៊ុន​បារាំង​ដែល​ជាអ្នក​ទទួល​ផល​ចំណេញ ដែល​​បាន​មក​ពីការនាំ​ផលិតផល​កសិកម្ម​ចូលទៅកាន់​ដីកោះ គុយបា។

ទស្សនកិច្ច​របស់ប្រមុខការបរទេស​បារាំង នៅ​គុយបា​ធ្វើឡើង នៅក្នុង​ខណៈ​ដែល​ សហភាព​អឺរ៉ុប និង​​គុយបា​ចាប់ផ្តើម​ចង់​បោះដៃ​រកគ្នា បន្ទាប់ពី​សហភាព​អឺរ៉ុប​ដកទណ្ឌកម្ម​ចេញ​ពី​គុយបា កាលពី​៦​ឆ្នាំមុន។ កាលពី​ខែកុម្ភៈ កន្លងទៅ សហភាព​អឺរ៉ុប​បាន​បើកភ្លើងខៀវ​ឲ្យ​មាន​ពិភាក្សា​​ជាមួយ​ទីក្រុង​ឡាហាវ៉ាន ដើម្បី​ឈាន​ទៅដល់​ការបង្កើត​កិច្ចព្រមព្រៀង​ពិសេស ស្តីពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការគោរព​សិទ្ធិមនុស្ស។ ទីក្រុង​ឡាហាវ៉ាន​វិញ ដែល​នៅ​ជាប់​រង​ទណ្ឌកម្ម​ពី អាមេរិក​អស់​ពាក់កណ្តាល​សតវត្សរ៍​មកហើយនោះ សង្ឃឹមថា សហភាព​អឺរ៉ុប​នឹង​បោះបង់​ចោល​គោលការណ៍​ចាស់ ដែល​អនុវត្ត​តាំងពី​ឆ្នាំ ១៩៩៦ និង​ដែល​ថា គេ​អាច​រឹង​ចំណង​សេដ្ឋកិច្ច ជាមួយ​គុយបា ប្រសិន​បើ​ប្រទេស​នេះ គោរព​លទ្ធិ​ប្រជាធិបតេយ្យ។

ការពិភាក្សា​រវាង​ភាគី ទាំងពី (សហភាព​អឺរ៉ុប និង​គុយបា) នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី ២៩​មេសា ខាងមុខ នៅទីក្រុង​ឡាហាវ៉ាន។ មុន​នឹង​​ឈាន​ទៅ​បង្កើត​កិច្ចព្រមព្រៀង សហភាព​អឺរ៉ុប​ត្រូវ​ទទួល​ការយល់​ព្រម​ពី ប្រទេស​សមាជិក​ទាំង​២៨​សិន។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆែក​ជា​ដើម នៅ​តែ​មាន​អរិភាព​នឹង​គុយបា ដោយសារ​តែ​ដាន​ប្រវត្តិកុម្មុយនិស្ត​ដែល​ប្រទេស​ទាំងពីរ​ធ្លាប់​ជួប​ប្រទះ​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ