អានតួអត្ថបទ
បារាំង​

បារាំង​ព្រួយ​បារម្ភ​នឹង​ដ្រូនចម្លែក​ហោះ​កាត់​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ

យន្តហោះ​ដ្រូនតូចៗ បាន​ហោះ​កាត់​ជា​ថ្មីពី​​លើ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង។ ការ​បង្ហោះ​កូន​ដ្រូន​​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន​៥​កន្លែង បាន​និង​កំពុង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បារាំង ងើយ​ឆ្ងល់​និង​ខ្វាយ​ខ្វល់​បំផុត។ ​តើ​នរណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ​​បង្ហោះ​ដ្រូន​លើ​​តំបន់​ហាមឃាត់​នេះ ? និង​ ដើម្បី​អ្វី ?​ មាន​តែ​សំណួរ​តែ​គ្មាន​ចម្លើយ​ ! ដ្រូន​ចម្លែក​នេះ​ស្ថិត​នៅ​ជា​អាថ៌កំបាំង​ដដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​ម៉ោង​នេះ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fessenheim ដែល​ដ្រូន​បាន​ហោះ​ឆ្វែល​ពី​លើ​នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍​ទី​១ វិច្ឆិកា២០១៤
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fessenheim ដែល​ដ្រូន​បាន​ហោះ​ឆ្វែល​ពី​លើ​នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍​ទី​១ វិច្ឆិកា២០១៤ (cc) Wikimédia/Florival fr (Rémi Stosskopf)
ផ្សាយពាណិជ្ជកម្ម

ការ​ហោះហើរ​ពី​លើនិង​ជុំវិញ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ក្នុង​រង្វង់​៥​គីឡូម៉ែត្រ​ និងក្នុង​​កម្ពស់​១ពាន់​ម៉ែត្រ ត្រូវ​បាន​ហាមឃាត់​ដោយ​​ច្បាប់។ ជន​ល្មើស​អាច​ជាប់​ពន្ធនាគារដល់​​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៧៥០០០​អឺរ៉ូ។ ប៉ុន្តែ​តាំង​ពី​ខែ​តុលា​មក​ មាន​ដ្រូន​ហោះហើរកាត់​លើ​​៧ មជ្ឈមណ្ឌល ដោយ​​​គ្មាន​កង​រក្សា​សន្តិសុខ​​ណា​ម្នាក់​កម្ទេច​ដ្រូន​ឬ​ចាប់​អ្នក​បញ្ជា​ដ្រូន​នោះបាន​សោះ។​ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​មក​ថ្ងៃ​សុក្រ សប្តាហ៍​នេះ មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​នៅ​ភាគ​ខាង​ត្បូង ត្រូវ​បាន​ដ្រូន​ហោះ​កាត់ ហើយ​នៅ​​យប់​អាធ្រាត្រ​​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍​ មាន​ការ​ហោះហើរ​ឆ្វែល​ពី​មជ្ឈមណ្ឌល​ហាម​ឃាត់​ដល់​ទៅ​៥​កន្លែងទៀត ក្នុង​នោះ​មាន​​មួយ​មាន​ទីតាំង​នៅ​ជាយទីក្រុង​ប៉ារីស។

 
មាន​ការ​បង្ហោះ​ដ្រូន​ក្នុង​តំបន់​ហាមឃាត់​តែ​គ្មានការ​កម្ចាត់ ?! ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ចាប់​បាន​សញ្ញា​មាន​ការ​ហោះហើរ តែ​គ្មាន​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​​នុយក្លេអ៊ែរ​ឡើយ ព្រោះ​មជ្ឈមណ្ឌល​បារាំង​​មាន​សមត្ថភាព​ធុន​នឹង​គ្រោះ​រញ្ជួយ​ដី​ខ្លាំង ឬ​ក៏​យន្ត​ដឹកជញ្ជូន​អ្នក​ដំណើរ​ធ្លាក់​ផង។ ដូច្នេះ ដ្រូន​តូចៗ​ដែល​អាច​រក​ទិញ​បានយ៉ាង​ងាយ​​នៅ​តាម​ទីផ្សារ​ មិន​បង្ក​គ្រោះ​ថ្នាក់​ និង​មិន​មែន​ជា​ការ​គំរាម​កំហែង​អ្វី​ដែរ​ បើ​ទោះ​បី​ជា​មាន​សមត្ថភាព​អាច​ហោះ​លើ​មជ្ឈមណ្ឌល​យ៉ាង​ណា​ក៏​ដោយ។ ដ្រូន​ប្រើ​ជា​គ្រាប់​គប់ ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដែរ​ នៅ​ពេលធ្លាក់ ព្រោះ
មាន​ទម្ងន់​ស្រាល។ មីនីដ្រូន ដែល​សាក្សី​បាន​ឃើញ​ហោះ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង អាច​​បញ្ជា​ពី​ចម្ងាយ​ដោយ​ទូរស័ព្ទ​សម័យ​ថ្មី មាន​លក់នៅ​តាម​ផ្សារ ក៏​មិន​មែន​ជា​គំរាម​កំហែង​អ្វី​ដែរ ព្រោះ​មាន​ទម្ងន់​ក្រោម​​តែ​២​គីឡូ មិន​អាច​ដឹក​សារធាតុ​ផ្ទុះ​បាន​ទេ។ ប៉ុន្តែ​បើ​ដ្រូន​​ទំនើប​ខ្លាំង​ ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​ សម្រាប់​យាម និង​ត្បាត​ថែរក្សា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក​និង​ឧស្សាហកម្ម​ កសិកម្ម​ ទើប​មិន​អាច​ធ្វេស​ប្រហែស​បាន។ នេះ​បើ​តាមការ​ពន្យល់​​របស់​អ្នកនាំពាក្យ​យោធា​អាកាស​បារាំង។

បើ​តាម​ក្រុមហ៊ុន​អគ្គីសនី​បារាំង ម្ចាស់​គ្រប់គ្រង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ កូន​ដ្រូន​ហោះ​ពីលើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ មិន​បាន​បង្ក​ជា​ផល​វិបាក​អ្វី​មែន​ ​ ប៉ុន្តែ​បញ្ហា​សន្តិសុខ​នុយក្លេអ៊ែរ​កំពុង​ចោទ​ឡើង​ជា​ថ្មី ព្រម​ទាំង​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ផង។ ចំណែក​ក្រុម​អ្នក​បរិស្ថាន​ Greenpeace ដែល​ធ្លាប់​បាន​ជិះ​ឆ័ត្រ​យោង​ចូល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ បាន​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ដ្រូន​ចម្លែក​នេះ​ទេ និង​បាន​ទាមទារ​ឱ្យ​មាន​ការ​បើក​អង្កេត​ស៊ីជម្រៅ​ ព្រោះ​ជា​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ។ សម្រាប់​ពេល​នេះ ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​​កំពុង​សិក្សា​លើ​គ្រប់​សេណារីយោ​ទាំង​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ