អានតួអត្ថបទ
បារាំង-ម៉ាលី

ទាហាន​បារាំង​និង​ម៉ាលី​វាយដណ្តើម​កាន់កាប់​ក្រុង​ដែលជា​មូលដ្ឋាន​ក្រុម​ភេរវជន

ប្រតិបត្តិការ​កងទ័ព​​បារាំង និង​ម៉ាលី បាន​បោះជំហាន​ដ៏សំខាន់​មួយ កាល​ពីថ្ងៃ​សៅរ៍ ម្សិលមិញ ដោយ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង Gao ដែល​ជា​ទីក្រុង​ធំបំផុត កាន់កាប់​ដោយ​ក្រុមឧទ្ទាម​អ៊ីស្លាមជ្រុលនិយម​ ស្និទ្ធ​នឹង​អាល់កៃដា។ នៅថ្ងៃ​អាទិត្យ​នេះ កងទ័ព​បារាំង​កំពុង​បន្ត​ដំណើរ​ ឆ្ពោះទៅ​កាន់​​ទីក្រុង Tombouctou ដែល​ជា​ទីក្រុង​បុរាណ ស្ថិត​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​យូណេស្កូ។ ក្នុងពេល​ជាមួយគ្នា អាមេរិក​បាន​ប្រកាស​ថា​នឹង​បញ្ជូន​យន្តហោះ​ចាក់សាំង​ជាច្រើន​គ្រឿងទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​របស់​កងទ័ព​បារាំង នៅ​ម៉ាលី​នេះ។

យន្តហោះ​ចម្បាំង​បារាំង ធុន Mirage 2000 ចាក់សាំង​លើ​អាកាស។ អាមេរិក​សន្យា​បញ្ជូន​យន្តហោះ​ចាក់សាំង​លើ​អាកាស ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​កងទ័ព​បារាំង នៅ​ម៉ាលី។
យន្តហោះ​ចម្បាំង​បារាំង ធុន Mirage 2000 ចាក់សាំង​លើ​អាកាស។ អាមេរិក​សន្យា​បញ្ជូន​យន្តហោះ​ចាក់សាំង​លើ​អាកាស ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​កងទ័ព​បារាំង នៅ​ម៉ាលី។ REUTERS/ECPAD via Reuters Tv/Handout
ផ្សាយពាណិជ្ជកម្ម

យោងតាម​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង ​កងកុម្ម៉ង់ដូ​បារាំង រួមជាមួយ​នឹង​កងទ័ព​ថ្មើជើង​ម៉ាលី ដោយ​មាន​​យន្តហោះ និង​ឧទ្ធម្ភាគច្រក​ចម្បាំង​ជាជំនួយ​ ដែល​បាន​បើក​ប្រតិបត្តិការ​​វាយប្រហារ​លើ​​​​ទីក្រុង​ Gao តាំង​ពី​យប់ថ្ងៃ​សុក្រ បាន​​វាយ​លុក​ដណ្តើម​កាន់កាប់​ក្រុង​នេះ​បាន ​នៅ​រសៀល​​ថ្ងៃ​សៅរ៍ម្សិលមិញ។

កងទ័ព​ជើងគោកបារាំង​ផ្សេងទៀត កំពុង​​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Gao នេះ រួមមួយ​នឹង​ទាហាន​មក​ពី​ប្រទេស​ឆាដ និង​នីហ្សែរ ដែល​សុទ្ធតែ​មាន​បទពិសោធន៍​ខ្ពស់​ខាង​សង្រ្គាម​វាលខ្សាច់។

ការវាយដណ្តើម​កាន់កាប់​ទីក្រុង Gao នេះ អាច​រាប់ថា​ជា​ជោគជ័យ​ដ៏ធំ​មួយ របស់​កងទ័ព​បារាំង និង​ម៉ាលី ក្នុង​ប្រតិបត្តិការ​រំដោះ​តំបន់​ខាងជើង​ប្រទេស​ម៉ាលី ពី​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម។

នាយករដ្ឋមន្រ្តី​បារាំង​​​បាន​បញ្ជាក់បន្ថែម​ថា បន្ទាប់​ពី​វាយបាន​ទីក្រុង Gao នេះ កងទ័ព​បារាំង​នឹង​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​វាយលុក​ចូល​ក្នុង​ទីក្រុង​ Tombouctou នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។

គួរបញ្ជាក់ថា​ Tombouctou គឺ​ជា​ទីក្រុង​បុរាណ ស្ថិត​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក របស់​យូណេស្កូ។ ​ទីតាំង​ប្រវត្តិសាស្រ្ត​ជាច្រើន​កន្លែង នៅ​ក្នុង​ទីក្រុង​នេះ ត្រូវ​បាន​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​វាយកម្ទេច​ចោល ដោយ​ពួកគេ​ចាត់ទុក​ថាជា​ទីតាំង​ដែល​មិនស្រប​នឹង​ជំនឿ​របស់​សាសនា​អ៊ីស្លាម។

នៅក្នុង​ពេល​ដែល​ប្រតិបត្តិការ​យោធា​បារាំង​​នៅ​ប៉ែក​ខាងជើង​ម៉ាលីកំពុង​បោះជំហាន​ទៅមុខ ប្រទេស​ជា​សម្ព័ន្ធមិត្ត រួមជាមួយ​នឹង​បណ្តា​ប្រទេស​នៅអាហ្វ្រិក ក៏​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ដែរ។

ក្រោយ​ពី​លោក​អូបាម៉ា​បាន​ទូរស័ព្ទ​ទៅ​លោក​ហ្វ្រង់ស័រ ហូឡង់ ដើម្បី​បញ្ជាក់​ប្រាប់​ពី​ការគាំទ្រ​របស់​អាមេរិក ចំពោះ​ប្រតិបត្តិការ​យោធា​បារាំង នៅ​ម៉ាលី ក្រសួង​ការពារជាតិ​អាមេរិក បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា​នឹង​បញ្ជូន​យន្តហោះ​ចាក់សាំង​លើ​អាកាស ដើម្បី​ទៅជួយ​កងទ័ព​អាកាស​បារាំងនៅម៉ាលី។

មេដឹកនាំ​កងទ័ព​នៅ​តាម​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​វិញ ក៏​បាន​ប្រកាស​ឲ្យដឹង ពី​ម្សិលមិញ​នេះ​ដែរ​ថា នឹង​បង្កើន​ចំនួន​ទាហាន​នៅ​ម៉ាលី ពី ៥ ៧០០នាក់ ទៅដល់ ៧ ៧០០នាក់។ ចំណែក​ជប៉ុនវិញ ដែល​មាន​ពលរដ្ឋ​ត្រូវ​ស្លាប់ ក្នុង​វិបត្តិ​ចំណាប់​ខ្មាំង នៅ​អាល់ហ្សេរី កាល​ពី​ពេលថ្មីៗ​នេះ បាន​ប្រកាស​សន្យា​​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ ដើម្បី​ជួយ​ដល់​ការ​ដាក់​ពង្រាយ​កងកម្លាំង​អាហ្វ្រិក​ នៅ​ម៉ាលី​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ