លីប៊ី៖គូភាគីជម្លោះលីប៊ីព្រមព្រៀងគ្នាដោះស្រាយវិបត្តិ ផ្អែកលើគោលការណ៍នៃបទឈប់បាញ់និងការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
នៅប្រទេសបារាំង ថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្ត្រីលីប៊ី លោកហ្វាយេ អាល់ សារ៉ា និងប្រមុខកងទ័ពលីប៊ី លោកខាលីហ្វា ហាហ្វតា ដែលជាគូភាគីជម្លោះនយោបាយលីប៊ី បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ព្រមព្រៀងគ្នាដោះស្រាយជម្លោះ ដោយផ្អែកលើគោលការណ៍នៃបទឈប់បាញ់ និងការរៀបចំការបោះឆ្នោតនៅលីប៊ី អោយបានឆាប់រហ័សបំផុត។ ៦ឆ្នាំមកនេះ ក្រោយការដួលរលំរបបខាដាហ្វ៊ី លីប៊ីបានផុងជ្រៅក្នុងជម្លោះរវាងក្រុមប្រដាប់អាវុធជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ។
ជំនួបរវាងគូភាគីជម្លោះលីប៊ីទាំង២រូប នៅបារាំងម្សិលមិញ ជាការផ្តួចផ្តើមរបស់ប្រធានាធីបតីបារាំង ហើយក៏មានវត្តមានចូលរួមរបស់លោកសាឡាមេ ជាបេសកជនថ្មីរបស់អង្គការសហប្រជាជាតិសម្រាប់លីប៊ីផងដែរ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីលីប៊ី អាល់ សារ៉ា និងប្រមុខកងទ័ពលីប៊ី ហាហ្វតា
សេចក្តីថ្លែងការណ៍រួមរបស់មេដឺកនាំលីប៊ីទាំង២ មាន១០ចំណុច ផ្តោតជាគោលលើបទឈប់បាញ់ និងការរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភាអោយបានឆាប់រហ័សបំផុត។ បើយោងតាមប្រធានាធិបតីបារាំងដែលជាអ្នកផ្តួចផ្តើមអោយមានជំនួបរវាងភាគីជម្លោះទាំង២នេះ ការបោះឆ្នោតលីប៊ីអាចធ្វើនៅអំឡុងដើមឆ្នាំ២០១៨ខាងមុខ។ លោកហ្វាយេ អាល់ សារ៉ា ជានាយករដ្ឋមន្ត្រីលីប៊ី និងលោកខាលីហ្វា ហាហ្វតា ជាមេបញ្ជាការកងទ័ពលីប៊ី បានលើកឡើងរួមគ្នាពីសារៈសំខាន់នៃការផ្សះផ្សាជាតិ ផ្សះផ្សារវាងប្រជាជនលីប៊ីគ្រប់រូប ក្នុងការដោះស្រាយវិបត្តិ។ នាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពលីប៊ីបានសន្យាផ្អាកឈប់ប្រយុទ្ធគ្នា ប៉ុន្តែការប្រយុទ្ធប្រឆាំងអំពើភេរវកម្មក្នុងស្រុក នៅតែបន្តធ្វើ។ គូភាគីជម្លោះទាំង២ ព្រមព្រៀងទៀតថា ថានឹងរំសាយកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបង្កើតអោយមានកងទ័ពជាតិទៀងទាត់មួយសម្រាប់លីប៊ី។
ដោយឡែក គូភាគីជម្លោះលីប៊ីទាំង២ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ្វីទេ ការព្រមព្រៀងគ្នាម្សិលមិញនេះ គឺជាធ្វើឡើងផ្ទាល់មាត់ប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តី វាក៏ប្រសើរជាជាងមិនព្រមព្រៀងគ្នាដែរ ព្រោះគូភាគីជម្លោះលីប៊ីទាំង២រូបនេះ ធ្លាប់ជួបចរចាគ្នាកាលពីខែឧសភា នៅទីក្រុងអាប៊ូដាប៊ី រួចហើយ តែកាលនោះ មិនបានសម្រេចចេញអ្វីទេ។ ក្រោយរបបលោកខាដាហ្វ៊ីដួលរលំ លីប៊ីធ្លាក់ក្នុងវិបត្តិដណ្តើមអំណាច ដែនដីគ្នារវាងក្រុមប្រដាប់អាវុធជាច្រើន សេដ្ឋកិច្ចក៏ធ្លាក់ដុនដាប។ ក្រុមអ៊ីស្លាមជ្រុលនិយមក៏ឆ្លៀតបង្កភេរវកម្មសម្លាប់ជនស្លូតត្រង់ ធ្វើអោយប្រជាជនសន្ធឹកសន្ធាប់ ភៀសខ្លួន។ បើកិច្ចព្រមព្រៀងពេលនេះ អាចអនុវត្តទៅបាន នោះវាជារឿងល្អសម្រាប់ប្រជាជនលីប៊ី។
បារាំងមើលឃើញថា ប្រមុខកងទ័ពហាហ្វតា ដែលកាន់អំណាចនៅភាគខាងកើត និងនាយករដ្ឋមន្ត្រីអាល់ សារ៉ា ដែលសហគមន៍អន្តរជាតិទទួលស្គាល់ សុទ្ធតែជាអ្នកមានឥទ្ធិពលលើក្រុមជម្លោះនានានៅលីប៊ី។
បារាំងមានមុខមាត់ ដោយសារគូភាគីជម្លោះលីប៊ីស្រុះស្រួលគ្នាក្នុងទឹកដីបារាំង តែអ៊ីតាលីមិនសប្បាយចិត្ត
គូភាគីជម្លោះលីប៊ី ជួបចរចាគ្នាក្នុងទឹកដីបារាំង និងព្រមព្រៀងគ្នាដោះស្រាយជម្លោះ ដោយបានចេញសេចក្តីថ្លែងការណ៍រួមគ្នា។ នេះជាមុខមាត់មួយរបស់បារាំង ព្រោះថា ប្រធានាធិបតីម៉ាក្រុង ជាអ្នកផ្តួចផ្តើមអោយមានជំនួបនេះឡើង។ លោកអេម៉ានុយអែល ម៉ាក្រុង ជាមេដឹកនាំទី១ នៅប្រទេសលោកខាងលិច ដែលហ៊ានអញ្ជើញលោកហាហ្វតា ដែលជាប្រមុខកងទ័ពលីប៊ី អោយចូលមកចរចាជាមួយនាយករដ្ឋមន្ត្រីលីប៊ី អាល់ សារ៉ា ក្នុងទឹកដីបារាំង។
ប្រទេសលោកខាងលិចជាទូទៅ មិនចូលចិត្តមេដឺកនាំទ័ពហាហ្វតាទេ ព្រោះលោកហាហ្វតា ធ្លាប់ជិតដិតនឹងអតីតមេដឺកនាំខាដាហ្វ៊ី។ លោកហាហ្វាតា ធ្លាប់រងការចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាម និងការសម្លាប់អ្នកទោស។ វត្តមានលោកហាហ្វតានៅបារាំង ក្នុងជំនួបចរចាម្សិលមិញ បូករួមនឹងវត្តមានរបស់លោកហ្កាសាន សាឡាមេ ជាបេសកជនថ្មីរបស់អង្គការសហប្រជាជាតិ ប្រៀបបាននឹងការជំរុញអោយមានការទទួលស្គាល់ប្រមុខកងទ័ពហាហ្វតា ស្របច្បាប់ដូច្នោះដែរ។
ប្រទេសដែលគាំទ្រប្រមុខទ័ពលីប៊ី គឺអេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម។ សូមរំលឹកថា លោកអាល់ សារ៉ា បានក្លាយជាមេដឺកនាំរដ្ឋាភិបាលដែលសហគមន៍អន្តរជាតិទទួលស្គាល់ អង្គការសហប្រជាជាតិទទួលស្គាល់ គឺក្រោយមានកិច្ចព្រមព្រៀងដោះស្រាយវិបត្តិលីប៊ី ដែលបានសម្រេចឡើង នៅម៉ារុក ឆ្នាំ២០១៥។ ប៉ុន្តែ ប្រមុខកងទ័ពហាហ្វតា មិនទទួលស្គាល់កិច្ចព្រមព្រៀងឆ្នាំ២០១៥នេះទេ។
រដ្ឋាភិបាលបារាំងមានមោទនភាព ព្រោះបានរៀបចំជំនួបគូភាគីជម្លោះលីប៊ីក្នុងទឹកដីខ្លួន ហើយភាគីជម្លោះក៏សម្រេចបានកិច្ចព្រមព្រៀងផ្ទាល់មាត់នឹងគ្នា ទោះគ្មានការចុះហត្ថលេខាក៏ដោយចុះ។ បារាំងគាំទ្រប្រមុខកងទ័ពលីប៊ី តាំងតែពីអាណត្តិដឺកនាំរបស់លោកហ្វ្រង់ស៊័រ ហូឡង់ម្ល៉េះ។ បារាំងមើលឃើញថា លោកហាហ្វតាជាបុរសខ្លាំង ក្នុងយុទ្ធនាការកំចាត់ភេរវកម្ម។ ជាក់ស្តែង ថ្មីៗនេះ កងកម្លាំងលោកហាហ្វតា បានវាយដណ្តើមយកបានទីក្រុងបិនហ្កាហ្ស៊ី មកវិញ។ លោកហាហ្វតា គ្រប់គ្រងភាគខាងកើតលីប៊ី និងមានការទទួលស្គាល់ពីសភាតូប្រ៊ុកនៅទីនោះ។
ដោយឡែក បារាំងផ្តួចផ្តើមជំនួបគូភាគីជម្លោះលីប៊ី មិនបានធ្វើអោយអ៊ីតាលីសប្បាយចិត្តទេ។ អ៊ីតាលីធ្លាប់ដាក់អាណានិគមនៅលីប៊ី។ អ៊ីតាលីកំពុងសកម្មការទូតក្នុងដំណោះស្រាយជម្លោះលីប៊ី អ៊ីតាលីកំពុងមាមាញឹកជួយជនភៀសខ្លួននៅតាមឆ្នេរលីប៊ី តែឥឡូវ បារាំងបែរជាមកកាត់មុខកាត់មាត់អ៊ីតាលី ដោះស្រាយជម្លោះលីប៊ីទៅវិញ។ រដ្ឋាភិបាលអ៊ីតាលីសំដែងការបារម្ភដែលឃើញអ្នកផ្សះផ្សាជម្លោះលីប៊ីកាន់តែមានច្រើនគ្នា។ ប្រធានាធិបតីបារាំងលើកឡើងទៅវិញថា អ៊ីតាលីនិងបារាំងមានជំហរមិនខុសគ្នាទេ ចំពោះបញ្ហានៅលីប៊ី។
ការអនុវត្តគោលការណ៍នៃកិច្ចព្រមព្រៀងចែងក្នុងសេចក្តីថ្លែងការណ៍រួមរបស់គូភាគីជម្លោះលីប៊ី អាចជួបការលំបាក
យោងតាមក្រុមជំនាញ ការអនុវត្តកិច្ចព្រមព្រៀងដោះស្រាយវិបត្តិលីប៊ី អាចនឹងពិបាកធ្វើដូចការរំពឹងទុក។ ឧទាហរណ៍ គេចង់អោយមានការបោះឆ្នោតអោយបាន នៅដើមឆ្នាំក្រោយនេះ ប៉ុន្តែសួរថា តើក្រុមជម្លោះក្នុងស្រុកលីប៊ីឯណោះវិញ បានព្រមព្រៀងគ្នា ត្រូវរ៉ូវគ្នា ត្រៀមខ្លួន ដូចការគិតរបស់មេដឺកនាំលីប៊ីទាំង២រូបនេះទេ? សភាតូប្រ៊ុកភាគខាងកើតវិញ ក៏មិនបានទទួលស្គាល់រដ្ឋាភិបាលលោកអាល់ សារ៉ា នៅទីក្រុងទ្រីប៉ូលីដែរ។ ក្រុមគាំទ្រលោកហាហ្វតា អាចនឹងមិនស្រុះស្រួលគ្នាលើគោលការណ៍ដោះស្រាយដែលសម្រេចបាននៅបារាំងពេលនេះ។
លោកនាយករដ្ឋមន្ត្រីលីប៊ីអាល់ សារ៉ាវិញ មកចរចាជាមួយប្រមុខទ័ពហាហ្វតា ក៏មិនបានទទួលការអនុញ្ញាតអ្វីពីអ្នកគាំទ្រលោកដែរ។ អន្តរជាតិទទួលស្គាល់លោកអាល់សារ៉ាមែន តែលោកអាល់សារ៉ា គ្មានកម្លាំងទ័ព ក្រោមបញ្ជាលោកទេ លោកគ្មានឥទ្ធិពលលើសភាទេ។ អញ្ចឹង ការដោះស្រាយវិបត្តិ តាមសេចក្តីថ្លែងការណ៍រួមរបស់លោកអាល់ សារ៉ា និងលោកហាហ្វតា ប្រហែលជាពិបាកអនុវត្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ