អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖បន្ទាប់​ពី​ឋានន្តរស័ក្តិ​ជា​សេនាប្រមុខ លោក​ស៊ីសស៊ី​កំពុងសម្លឹង​វិមានប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ជិត​មួយ​ឆ្នំា​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ស្របច្បាប់​ម័រស៊ី និង​មួយ​ខែ​បន្ទាប់​ពី​អេហ្ស៊ីប​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មក ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ត្រូវ​បាន​គេ​គ្រោង​រៀបចំ​ក្នុង​ឆ្នំា ២០១៤ នេះ តែ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ ខែ​ច្បាស់លាស់​ទេ។ និយាយ​ពី​ចំនួន​បេក្ខជន​ដែល​កំពុង​ត្រៀម​ប្រកាស​ឈរ​ឈ្មោះ​វិញ គឺ​ទើប​មាន​តែ​លោក​ហាម ដេន សាបាហ៊ី​ម្នាក់​គត់​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី៨ កុម្ភៈ​សប្តាហ៍​កន្លង​ទៅ។ លោក​សាបាហ៊ី គឺ​ជា​ប្រធាន​គណបក្សឆ្វេងនិយម។ តែ​បើ​ការ​ស្ទង់មតិ និង​ពាក្យចចាមអារ៉ាម ឥស្សរជន​ដែល​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចង់​បាន​ជា​ប្រធានាធិបតី​​នោះ គឺ​លោក​សេនាប្រមុខ​​លោក​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​ឯណោះ​ទេ។ លោក​ស៊ីសស៊ី​ដែល​នៅ​បន្ត​ស្ងាត់ស្ងៀម​មិន​ទាន់​និយាយ​អ្វី​ទំាង​អស់​មក​ដល់​ថ្ងៃ​នេះ។ តើ​លោក​ស៊ីសស៊ី​ផ្តើម​មាន​ប្រជាប្រិយភាព​យ៉ាង​ដូច​ម្តេច?

បន្ទាប់​ពី​តំណែង​ជា​សេនាប្រមុខ លោក​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​កំពុង​សម្លឹង​វិមាន​ប្រធានាធិបតី
បន្ទាប់​ពី​តំណែង​ជា​សេនាប្រមុខ លោក​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​កំពុង​សម្លឹង​វិមាន​ប្រធានាធិបតី
ផ្សាយពាណិជ្ជកម្ម

ចាប់​ផ្តើម​ពី​ឋានៈ​ជា​ឧត្តមសេនីយ ឈ្មោះ​ស៊ីសស៊ី​បាន​ចាប់​ផ្តើម​ជ្រាប​ចូល​បន្តិច​ម្តងៗ​ទៅ​ក្នុង​ស្រទាប់​អ្នក​នយោបាយ​អេហ្ស៊ីប ក៏​ដូច​ជា​មហាជន​អេហ្ស៊ីប​ទូទៅ នៅ​ពេល​ដែល​លោក​បាន​លាតត្រដាង​ប្រាប់​ពិភពលោក​អំពី​ភាព​ស្អាតស្អំ​របស់​កូនទាហាន​របស់​ខ្លួន។ អ្វីៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នំា ២០១១ ឆ្នំា​ដែល​អេហ្ស៊ីប​បាន​ទទួល​ចម្លង​យក​បដិវត្តន៍អារ៉ាប់​ដែល​បាន​ផ្ទុះ​ដំបូង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី។ នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​បះបោរ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នា​ពេល​នោះ កម្លំាងទ័ព​របស់​ឧត្តមសេនីយ​ស៊ីសស៊ី​បាន​ឃាត់​ខ្លួន​បាតុករ​នារី​វ័យក្មេង​ស្អាតៗ​ជា​ច្រើន​រូប។ តែ​ភស្តុតាង​ដែល​លោក​ស៊ីសស៊ី​បាន​បង្ហាញ​ប្រាប់​ពី​ភាព​ស្អាតស្អំ​របស់​កម្លំាង​ទាហាន​របស់​គាត់​នោះ​នៅ​ត្រង់​ថា គ្មាន​នារីបាតុករ​វ័យក្មេង​ណា​ម្នាក់​ត្រូវ​បាន​កូន​ទាហាន​របស់​គាត់​ចាប់​រំលោភ​នោះ​ទេ។ នេះ​ពិត​ជា​ទង្វើ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ស្ថាប័នកងទ័ព​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​នារីបាតុករ​វ័យក្មេង​ទំាង​នោះ។

ផ្តើម​ចេញ​ពី​ចំណុច​នេះ និង​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​នោះ​នៅ​ត្រង់​ថា គ្មាន​មធ្យោបាយ​ឃោសនាមហាជន​ណា​មួយ​បាន​ចាប់​អារម្មណ៍ និង​នឹកស្មាន​ដល់​សោះ​ឡើយ​ថា រូបឧត្តមសេនីយ​ដ៏​វ័យក្មេង​ជាង​គេ​នៅ​ក្នុង​ឧត្តមក្រុមប្រឹក្សា​កងទ័ព​អេហ្ស៊ីប​រូប​នេះ​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ស្ថានការណ៍​ប្រទេស​អេហ្ស៊ីប​សព្វថ្ងៃ​ឡើយ។ ជា​ការ​ពិត​នៅ​ពេល​នោះ សូម្បី​តែ​មហាជន​អេហ្ស៊ីប​ទូទៅ​ក៏​មិន​សូវ​ស្គាល់​លោក​ស៊ីសស៊ី​ដែរ ទោះ​បី​ជា​គាត់​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ស៊ើបការណ៍សម្ងាត់​ក៏​ដោយ។

នៅ​ក្រោយ​ការ​លាលែង​ពី​មុខ​តំណែង​ប្រធានាធិបតី​របស់​លោក​ហូស្នី មូបារាក់​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១១ ក្រោម​សម្ពាធ​របស់​បាតុករ​នៅ​តាម​ផ្លូវ ឧត្តមក្រុមប្រឹក្សា​កងទ័ព​ក៏​បាន​ឡើង​កាន់​អំណាច​ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ការិយាល័យ​របស់​លោក​ស៊ីសស៊ី​បាន​ក្លាយ​ជា​ទីស្នាក់ការកណ្តាល​នៃ​កិច្ចចរចា​នយោបាយ​គ្រប់​ស្រទាប់វណ្ណៈ។ គឺ​រូប​ឧត្តមសេនីយ​ស៊ីសស៊ី​នេះ​ឯង​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ នៅ​ក្រោយ​លោក​មូបារ៉ាក់។ កាល​ណោះ ក៏​មាន​ការ​ចូលរួម​ពី​ក្រុម​ភាតរៈអ៊ីស្លាម​ដែល​តំណាង​ដោយ​លោក​ម័រស៊ី​ផង​ដែរ។ លោក​ម័រស៊ី​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ខែ​មិថុនា ឆ្នំា ២០១២តែ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​វិញ​កាល​ពី​រដូវក្តៅ​ឆ្នំា ២០១៣។

គឺ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ម័រស៊ី​នោះ​ឯង​ដែល​លោក​ស៊ីសស៊ី​បាន​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ។ គឺ​តាម​រយៈ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រមុខ​ក្រសួងការពារជាតិ​នោះ​ហើយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​ឃើញ បាន​ស្គាល់ និង​បាន​ឮ​សម្លេង​លោក​ស៊ីសស៊ី។ មាន​អាយុ ៥៩ឆ្នំា ឧត្តមសេនីយ​ស៊ីសស៊ី​មាន​កូនប្រុស ៣នាក់ និង​កូនស្រី​ម្នាក់។ នៅ​ក្នុង​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ស៊ីសស៊ី​​បាន​ទទួល​ឋានន្តរស័ក្តិ​​ជា​សេនាប្រមុខ​ដែល​តួនាទី​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​សេនាប្រមុខទី៩ នៅ​ក្នុង​ប្រវត្តិកងទ័ព​អេសហ្ស៊ីប។

តាម​ពិត​ទៅ កេរ្តិ៍ឈ្មោះ​លោក​ស៊ីសស៊ី​បាន​លេចលឺ ខ្ចរខ្ចាយ​​ខ្លំាង​នៅ​ក្នុង​មហាបាតុកម្ម​ប្រឆំាង​លោក​ប្រធានាធិបតី​ម័រស៊ី​ក្នុង​ឆ្នំា ២០១៣។ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ឧត្តមសេនីយ​ស៊ីសស៊ី​យល់​មិន​ច្រឡំ​ទេ​ថា ជា​ឱកាស​មួយ​ល្អ​ណាស់​សម្រាប់​រូប​លោក។ អ៊ីចឹង​ហើយ​បាន​ជា​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ស៊ីសស៊ី​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​កំចាត់​លោក​ម័រស៊ី​ចេញ​ពី​អំណាច ព្រម​ទំាង​គាស់រំលើង​ឫសគល់​រចនាសម្ព័ន្ធ​របស់​ក្រុម​ភាតរៈអ៊ីស្លាម​ទៀត​ផង។ គឺ​ការ​ចេញ​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ប្រជាជន​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ស៊ីសស៊ី​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់ រហូត​ដល់​​ធ្វើ​ឲ្យ​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចាត់​ទុក​លោក​ជា​វីរជន​ម្នាក់​ដែល​សក្តិសម​នឹង​ទទួល​បាន​តំណែង​ប្រធានាធិបតី​នា​ពេល​ខាង​មុខ។

អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ ដែល​ប្រជាជន​អេហ្ស៊ីប​បាន​អំពាវនាវ​ឲ្យ​ឧត្តមសេនីយ​ស៊ីសស៊ី​ប្រកាស​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។ តែ​មក​ទល់​ពេល​នេះ លោក​ស៊ីសស៊ី​នៅ​បន្ត​ស្ងៀមស្ងាត់ មិន​ទាន់​និយាយ​ស្តី​អ្វី​ទំាង​អស់។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រជាជន​អេហ្ស៊ីប​មិន​បារម្ភ​ដែរ ព្រោះ​លោក​ស៊ីសស៊ី​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​រួច​ហើយ​ថា លោក​ត្រូវ​ការ​ជំនួយ​ពី​ប្រជាជន​ដើម្បី​ព្យាបាល​ជំងឺ​ប្រចំាកាយ​របស់​អេហ្ស៊ីប​ដែល​បាន​ធ្លាក់​ដុនដាប​ខ្លំាង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តើ​នេះ​មិនមែន​ជា​សម្តី​អំពាវនាវ​របស់​ថ្នាក់ដឹកនំាជាន់ខ្ពស់​ម្នាក់​ទេ ឬ​យ៉ាង​ណា?

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ប្រវត្តិ​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប រូប​ប្រធានាធិបតី​សុទ្ធ​តែ​មាន​ប្រភព​ចេញ​មក​ពី​ជួរកងទ័ព​ទំាង​អស់ គឺ​ទើប​តែ​មាន​លោក​ប្រធានាធិបតី​ម័រស៊ី​ជាប់​ឆ្នោត​ក្នុង​ឆ្នំា ២០១២ តែ​ម្នាក់​គត់​ដែល​មិន​ធ្លាប់​ពាក់​ឯកសណ្ធាន​ជា​យោធា។ តែ​ដូច​គេ​បាន​ឃើញ​ជាក់ស្តែង​នឹង​ភ្នែក​រួច​ហើយ រូប​ប្រធានាធិបតី​ដែល​មិន​ធ្លាប់​ពាក់​ខោ អាវ​ទាហាន​មិន​អាច​អង្គុយ​កៅអី​ប្រធានាធិបតី​បាន​យូរ​ឡើយ។ ដូច្នេះ វា​ពិត​ជា​មិន​ភ្ញាក់ផ្អើល​អ្វី​ទេ ដែល​ប្រទេស និង​ប្រជាជន​អេហ្ស៊ីប​កំពុង​ត្រៀម​ខ្លួន​ទទួល​រូបប្រធានាធិបតី​ថ្មី​ម្នាក់​ដែល​ចេញ​ពី​ជួរ​កងទ័ព។ បន្ទាប់​ពី​ទទួល​បាន​ឋានន្តរស័ក្តិ​​ជា​សេនាប្រមុខ លោក​ស៊ីសស៊ី​កំពុង​សម្លឹង​វិមាន​ប្រធានាធិបតី។ វិមានប្រធានាធិបតី​ដែល​លោក​ស៊ីសស៊ី​ត្រូវ​ការ​ឈាន​តែ​មួយ​ជំហាន​ទៀត​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ