អានតួអត្ថបទ
អេហ្ស៊ីប

ផ្ទុះភេរវកម្ម​នៅ​ក្រុងគែរ​ ថ្ងៃ​ប្រារព្ធខួប​៣ឆ្នាំ​នៃ​ចលនា​បដិវត្តន៍​ទំលាក់​លោក​មូបារ៉ាក់​

នៅប្រទេស​អេហ្ស៊ីប ព្រឹក​ថ្ងៃ​សៅរ៍​នេះ ការបំផ្ទុះ​ភេរវកម្ម​គ្រាប់បែក​មួយ​បានកើតឡើង​ នៅ​ជិត​សាលាប៉ូលិស​ទីក្រុង​គែរ ប៉ុន្តែ​មិនបាន​បណ្តាល​អោយ​មាន​អ្នករបួស​ទេ។ ភេរវកម្ម​នេះ​ កើតឡើង ចំថ្ងៃ​ប្រារព្ធ​ខួប៣ឆ្នាំ​នៃ​ចលនា​បដិវត្ត​ទំលាក់​អតីតប្រធានាធិបតី ហូស្ន៊ី មូបារ៉ាក់ កាលពីថ្ងៃ​២៥មករា ឆ្នាំ២០១១។ នៅថ្ងៃ​សុក្រ​ម្សិលមិញ​នេះដែរ​​ ​មាន​ភេរវកម្ម​ចំនួន​៤ បាន​ផ្ទុះឡើង នៅទីក្រុង​គែរ សម្លាប់​មនុស្ស​​៦នាក់។

ភេរវកម្ម​គ្រាប់បែក​ នៅ​ចំណត​រថយន្ត​​ក្នុង​សង្កាត់​របស់​ប៉ូលិស​ ថ្ងៃ​សុក្រ​ម្សិលមិញ
ភេរវកម្ម​គ្រាប់បែក​ នៅ​ចំណត​រថយន្ត​​ក្នុង​សង្កាត់​របស់​ប៉ូលិស​ ថ្ងៃ​សុក្រ​ម្សិលមិញ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​​សៅរ៍​ ២៥មករា នេះ អេហ្ស៊ីប​រៀបចំ​ប្រារព្ធខួប​៣ឆ្នាំ នៃ​ចលនា​បដិវត្តន៍​ទំលាក់​អតីត​ប្រធានាធិបតី​ ហូស្ន៊ី មូបារ៉ាក់ ក្នុង​ស្ថានភាព​​តានតឹង​បំផុត។ តាំងតែ​ពីព្រឹក​ព្រលឹម​ គ្រាប់បែក​បានផ្ទុះ​នៅ​ជិត​សាលាប៉ូលិស​មួយកន្លែង នៅទីក្រុងគែរ។ ហើយ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​នេះដែរ ​ក្រុងគែរ​​រង​​នូវ​ភេរវកម្ម​ចំនួន​៤ ​ក្នុង​នោះ ភេរវកម្ម​ចំនួន​៣ ជាភេរវកម្ម​ប្រឆាំង​​ប៉ូលិស ដោយ​សារការផ្ទុះ​បានកើតឡើង នៅ​មុខ​អគារ​ប៉ូលិស និង​ស្នងការ​ប៉ូលិស ធ្វើអោយ​​មាន​ប៉ូលិស​ស្លាប់។

អំពើភេរវកម្ម​ទាំង៤​នៅថ្ងៃ​សុក្រ​ម្សិលមិញ​ គឺ​ជា​ស្នាដៃ​របស់​ក្រុមឧទ្ទាម​ជីហាដ​មួយ ​នៅ​ស៊ីណៃ មានឈ្មោះថា អាន់សារ​ បៃអ៊ីត អាល់ ម៉ាក់ឌី​ ជាក្រុម​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​អាល់កៃដា។ ចាប់តាំង​ពី​កងទ័ព​អេហ្ស៊ីប​​​ទំលាក់​អតីតប្រធានាធិបតី​មរស៊ី​ ពីអំណាច​ នៅដើម​ខែ​កក្កដា ឆ្នាំ​២០១៣មក ក្រុមឧទ្ទាម​ជាច្រើន​បាន​បង្ក​ភេរវកម្ម​​​វាយប្រហារ​ប៉ូលិស ដើម្បី​សងសឹក​នឹង​ការ​​ដែលកងទ័ព​បាន​​ប្រើហិង្សា​បង្ក្រាប​ សកម្មជន​គាំទ្រ​លោម​មរស៊ី។

រដ្ឋាភិបាល​យោធា​អេហ្ស៊ីបបច្ចុប្បន្ន​ ដឹកនាំ​ដោយ​ប្រមុខ​ទ័ព​ អាល់ស៊ីសស៊ី ​បានចោទ​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី ថា​ជាអ្នក​បង្ក​អំពើភេរវកម្ម​​ទាំងអស់​នេះ ហើយ​​បាន​ចាត់ទុក​សកម្មជន​ភាតរអ៊ីស្លាម​ ជា​ក្រុមភេរវជន។ ជាង​៧ខែ​មកនេះ រដ្ឋាភិបាល​​​អេហ្ស៊ីប​ ​ បាន​បង្ក្រាប​រាល់​បាតុកម្ម​គាំទ្រ​លោកមរស៊ី។ មនុស្ស​ជាង​មួយពាន់នាក់​​ បាន​ស្លាប់ ហើយ​រាប់ពាន់នាក់ទៀត ត្រូវ​បាន​ចាប់ខ្លួន ភាគច្រើន​ជា​សមាជិក​​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី។

សម្រាប់​ថ្ងៃប្រារព្ធ​ខួប​៣ឆ្នាំ​នៃចលនា​បដិវត្តន៍​ទំលាក់​អតីតប្រធានាធិបតី​មូបារ៉ាក់ ថ្ងៃ​សៅរ៍នេះ ក្រសួងមហាផ្ទៃ​អេហ្ស៊ីប​បាន​អំពាវនាវ​អោយ​ប្រជាជន​ចុះតាមផ្លូ​វ​អោយបាន​ច្រើន​កុះករ ក្នុង​ពិធី​បុណ្យ​នេះ។ ដោយឡែក ​ក្រសួង​មហាផ្ទៃ​អេហ្ស៊ីប​បាន​ព្រមានទុក​ជាមុន​ថា នឹង​ធ្វើការ​​តបត​ប្រសិន​បើ​ក្រុម​ភាតរអ៊ីស្លាម​​​ហ៊ាន​ប៉ះពាល់​​ទិវា​ខួប​នេះ។ គួររំលឹកថា បន្ទាប់​ពីបាន​​ទំលាក់​លោក​មូបារ៉ាក់ ពី​អំណាច​​​ ​ថ្ងៃ​២៥មករា ឆ្នាំ២០១១មក កងទ័ព​អេហ្ស៊ីប​បាន​គ្រប់គ្រង​អេហ្ស៊ីបបណ្តោះ​អាសន្ន​​ មុននឹង​ប្រគល់​​​​​​អំណាច​អោយ​​ទៅ​​លោក​មរស៊ី ដែល​បានជាប់ឆ្នោត​​ជា​ប្រធានាធិបតី​ ក្នុង​ខែមិថុនា ឆ្នាំ២០១២។ ​​ ការ​​ទំលាក់​លោក​មរស៊ី​ពីអំណាច បានធ្វើអោយ​កងទ័ព​អេហ្ស៊ីប​ទទួល​បាន​​ការគាំទ្រ​ខ្លាំងក្លា​ ពីប្រជាជន ក្នុង​ពេល​បច្ចុប្បន្ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ