អានតួអត្ថបទ
អេហ្ស៊ីប

ប្រមុខទ័ព​អេហ្ស៊ីប​ អាល់ ស៊ីសស៊ី​ ឡើង​ឋានន្តរស័ក្តិ​​ជា​សេនាប្រមុខ​ មុន​ការបោះឆ្នោត​ប្រធានាធិបតី​

នៅ​ប្រទេស​អេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីសស៊ី ជា​ប្រមុខ​ទ័ពដែល​បាន​ទំលាក់​អតីត​ប្រធានាធិបតី​មរស៊ី ពីអំណាច​ កាលពី​ខែកក្កដា ឆ្នាំ២០១៣​នោះ បាន​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ជា​សេនាប្រមុខ​ ក្នុង​ប្រទេស គឺជា​ឋានន្តរស័ក្តិ​​​យោធា​ខ្ពស់បំផុត​​។ នៅថ្ងៃ​ចន្ទនេះ ផ្នែកបញ្ជាការ​យោធា បាន​​ពិភាក្សា​គ្នា​ពី​លទ្ធភាព​​ដែល​លោក​អាល់ស៊ីសស៊ី អាច​ឈរ​បេក្ខភាព​​ ជា​ប្រធានាធិបតី​ ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​នេះ។​

សេនាប្រមុខ​អេហ្ស៊ីប លោក Abdel Fattah al-Sissi
សេនាប្រមុខ​អេហ្ស៊ីប លោក Abdel Fattah al-Sissi EGYPT-PROTESTS/DOWNFALL REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

នៅប្រទេសអេហ្ស៊ីប ថ្ងៃចន្ទ​នេះ ផ្នែក​បញ្ជាការ​យោធា​​​បាន​រៀបចំ​ការពិភាក្សា​គ្នា ស្តី​ពី​ស្ថានភាពសុវត្ថិភាព​សន្តិសុខ​ក្នុង​ប្រទេស ព្រមទាំង​ពី​​លទ្ធភាព​របស់​សេនាប្រមុខ​ អាប់ឌែល ហ្វាតា អាល់ស៊ីសស៊ី ក្នុង​ការដាក់បេក្ខភាព​ជាប្រធានាធិបតី សម្រាប់​ការបោះឆ្នោត​​​នាពេល​ខាងមុខ​នេះ​ផងដែរ។ យោងតាម​អ្នកជិតដិត​នឹង​សេនាប្រមុខ​យោធា​ អាល់ស៊ីសស៊ី ជាច្រើនរូប លោក​អាល់ ស៊ីសស៊ី មានបំណង​ចង់​ដាក់បេក្ខភាព​លោក ជាប្រធានាធិបតី ក្នុង​ការ​បោះឆ្នោត​​ប្រធានាធិបតី​នេះ។

កាលពីថ្ងៃ​អាទិត្យ ប្រធានាធិបតីស្តីទី អាដលី ម៉ាន់សួ បាន​ប្រកាស​ថា ការបោះឆ្នោត​ប្រធានាធិបតី​ ​នឹងធ្វើឡើង​ មុនការបោះឆ្នោត​សភា។ ការ​​​បោះឆ្នោត​ប្រធានាធិបតី ​ត្រូវបានគ្រោង​ធ្វើ ក្នុង​រវាង​​៣ខែ​ខាងមុខ​នេះហើយ។ ប្រធានាធិបតី​ស្តីទី ម៉ាន់សួ បានដំឡើង​ឋានន្តរស័ក្តិ​​​ ប្រមុខទ័ព​ អាល់ ស៊ីសស៊ី អោយ​ក្លាយជា​សេនាប្រមុខ​ប្រចាំប្រទេស​។ នេះ​​គឺជា​ឋានន្តរស័ក្តិ​យោធាខ្ពស់បំផុត​នៅ​អេហ្ស៊ីប។ ឋានន្តរស័ក្តិ​នេះ សបង្ហាញ​ថា កងទ័ព​​អេហ្ស៊ីប​​​​បាន​ពោលពាក្យ ​លាគ្នា​ជាមួយ​​មេដឹកនាំ​របស់​ខ្លួន​ មុនពេល​បោះឆ្នោត​។

ដើម្បី​ក្លាយជា​បេក្ខជន​ឈរឈ្មោះបោះឆ្នោត លោកអាល់ស៊ីសស៊ី អាយុ​៥៩ឆ្នាំ ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ ​និង​ឧបនាយករដ្ឋមន្ត្រី​ ក្នុងរដ្ឋាភិបាល​ស្តីទីអេហ្ស៊ីប ត្រូវ​តែ​ចូលនិវត្តន៍​ រឺក៏​លាលែងពីតំណែង​ជាមុនសិន ព្រោះថា រដ្ឋធម្មនុញ្ញ​ចែងថា ប្រធានាធិបតី​ត្រូវតែ​ជា​ជនស៊ីវិល​ធម្មតា។

ងាកមើល​ស្ថានភាព​ក្នុងប្រទេសវិញ។ ជាង៧ខែ​មកនេះ មាន​បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី ជាង​១ពាន់នាក់​ហើយ​ ដៃលបាន​បាត់បង់​ជីវិត​ក្នុង​ការ​បង្ក្រាប​របស់​ប៉ូលិស​និង​ទាហាន។ សកម្មជន​អ៊ីស្លាម​​រាប់ពាន់នាក់ ភាគច្រើន​ជា​សមាជិកបក្ស​ភាតរអ៊ីស្លាម​របស់​លោកមរស៊ី​​​ ​ត្រូវ​​បាន​អាជ្ញាធរ​ចាប់ខ្លួន។

គ្រាន់តែ​ចុងសប្តាហ៍​កន្លងទៅ ពិសេស​​កាលពីថ្ងៃ​សៅរ៍ ២៥មករា ក្នុង​ឱកាស​ប្រារព្ធ​​​ខួប​៣ឆ្នាំ​នៃចលនាបដិវត្តន៍ទំលាក់​អតីត​ប្រធានាធិបតី​មូបារ៉ាក់ ពីអំណាច ទីក្រុងគែរ​បាន​រងភេរវកម្ម​ជាច្រើន ហើយ​អំពើហិង្សា​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥០នាក់​ផងដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ