អានតួអត្ថបទ
អេហ្ស៊ីប

កងទ័ព​អេហ្ស៊ីប​បដិសេធ​ដំណឹង​ចុះផ្សាយ​ដោយ​កាសែតកូវ៉ែត​ស្តីពី​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​សេនាប្រមុខ​ស៊ីសស៊ី

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ផ្តល់​ឲ្យ​កាសែត​កូវ៉ែត​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ​នេះ ប្រមុខ​កងទ័ព​អេហ្ស៊ីប លោក​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប​ដែល​គ្រោង​រៀបចំ​ក្នុង​រយៈពេល ៣ខែ​ខាង​មុខ។ តែ​ដំណឹង​នេះ​ត្រូវ​បាន​កងទ័ព​អេហ្ស៊ីប​ឆ្លើយ​បដិសេធ​ភ្លាមៗ ដោយ​បាន​ចោទ​កាសែត​កូវ៉ែត​ថា ចុះ​ផ្សាយ​សម្តី​លោក​ស៊ីសស៊ី​មិន​ច្បាស់លាស់។ សូម​ជម្រាប​ជូន​ថា គឺ​ប្រមុខ​កងទ័ព​រូប​នេះ​ឯង​ដែល​ជា​តួអង្គ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ម័រស៊ី​កាល​ពី​ខែ​កក្កដា ឆ្នំា ២០១៣។

លោកសេនាប្រមុខ អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី (Abdel Fattah al-Sissi)
លោកសេនាប្រមុខ អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី (Abdel Fattah al-Sissi) EGYPT-PROTESTS/DOWNFALL REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥៩ឆ្នំា លោក​សេនាប្រមុខ អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្សខ្លំាង និង​ជា​ឥស្សរជន​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ គឺ​លោក​សេនាប្រមុខ​រូប​នេះ​ឯង​ដែល​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចង់​បាន​ជា​ប្រធានាធិបតី​របស់​ខ្លួន​នា​ពេល​អនាគត។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា គឺ​រូប​លោក​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​នេះ​ឯង ជា​អ្នក​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ស្របច្បាប់​ម័រស៊ី​កាល​ពី​ខែ​កក្កដា​ឆ្នំា ២០១៣។

 
ឆ្លើយ​នឹង​សំណួរ​របស់​កាសែត​កូវ៉ែត​មួយ​ឈ្មោះ « Al-Seyassah » ក្នុង​ថ្ងៃ​នេះ​ដែល​សួរ​ថា តើ​លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​ដែរ ឬ​ទេ?។ លោក​ស៊ីសស៊ី​បាន​ឆ្លើយ​ច្បាស់ៗ​ថា លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​ប្រជាជន​ទេ និង​បញ្ជាក់​ថា លោក​គ្មាន​ការ​សោកស្តាយ​ចំពោះ​ការ​អំពាវនាវ​របស់​ប្រជាជន​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​ស៊ីសស៊ី​ក៏​បាន​ទទួល​ស្គាល់​ពី​ទង្វើ​រៀបចំ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ម័រស៊ី​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ក្រុមបាតុករ​រាប់សិបលាន​នាក់​នៅ​តាម​ផ្លូវ។

បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ លោក​សេនាប្រមុខ​អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ី​បាន​ថ្លែង​ថា លោក​នឹង​ស្នើ​សុំជំនួយ​ពី​ប្រជាជន​ដើម្បី​ព្យាបាល​ជំងឺ​ប្រចំាកាយ​របស់​អេហ្ស៊ីប​ដែល​បាន​ធ្លាក់ដុនដាប​ខ្លំាង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ស៊ីសស៊ី​ក៏​បាន​និយាយ​បង្ការ​ទុក​ជា​មុន​ថា លោក​គ្មាន​ដំណោះស្រាយ​ទិព្វ​ណា​មួយ​ដើម្បី​បិទបញ្ចប់​វិបត្តិ​តែ​មួយ​ប៉ប្រិចភ្នែក​បាន​ឡើយ និង​ថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក​នឹង​អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធភាព​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ភេរវនិយម។

តែ​ប្រតិកម្ម​ភ្លាមៗ​នៅ​ថ្ងៃ​នេះ កងទ័ព​អេហ្ស៊ីប​បាន​ឆ្លើយ​បដិសេធ ដោយ​បាន​ចោទ​កាសែត​កូវ៉ែត​ថា បាន​កែបន្លំ​ពាក្យ​សម្តី​លោក​ស៊ីសស៊ី។ យោង​តាម​កងទ័ព​អេហ្ស៊ីប លោក​ស៊ីសស៊ី​នៅ​មិន​ទាន់​បាន​ប្រកាស​បេក្ខភាព​ប្រធានាធិបតី​ជា​ផ្លូវការ​របស់​លោក​នៅ​ឡើយ​ទេ និង​ថា បើ​រឿង​នេះ​ជា​ការ​ពិត​មែន​នោះ លោក​សេនាប្រមុខ​នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​ប្រជាជន​អេហ្ស៊ីប​តែ​មួយ​គត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ