ប្រជាមតិ បានគាំទ្រដល់ គំរោងរដ្ឋធម្មនុញ្ញថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៨
លទ្ធផលធំចំបង នៃការគាំទ្រនេះ ពីសំណាក់ប្រជាជន គឺថាចាប់ពីអំណើះតទៅរដ្ឋាភិបាលបណ្តោះអាសន្ន ប្រែក្លាយទៅជារដ្ឋាភិបាលស្របច្បាប់ ចំណែកប្រមុខបច្ចុប្បន្ននៃរដ្ឋាភិបាលនេះ ទទួលឋានៈជាប្រធានាធិបតីសម័យអន្តរកាល លុះរហូតដល់ដំណាច់ឆ្នាំក្រោយឆ្នាំ២០១១ ប៉ុន្តែសំខាន់បំផុត នៅគៀរហ្ស៊ីស្តង់ ដែលជាករណីទី១ សំរាប់តំបន់អាស៊ីកណ្តាល អំណាចនឹងឆ្លងពី ដៃប្រធានាធិបតី ទៅក្នុងដៃរដ្ឋសភា បន្ទាប់ការបោះឆ្នោតសកល នៅពេលខាងមុខ។
សំណួរដែលមានដាក់ជូនប្រជាជនបញ្ចេញយោបល់ សរុបទៅមានបី គឺថា ៖
ទី១- តើគួរបំពាក់ឬទេ លើរូបលោកស្រី Roza Otounbaieva សព្វថ្ងៃ ជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន នូវឋានៈជាប្រធានាធិបតីសម័យអន្តរកាល លុះរហូតថ្ងៃ៣១ធ្នូ២០១១?
ទី២- តើគួរលុបឈប់ឲ្យមានឬទេក្នុងប្រទេស ជាតុលាការធម្មនុញ្ញ?
ទី៣- តើគួរអនុម័តយកឬទេ វិសោធនកម្មភ្ជាប់ទៅលើច្បាប់គោល ដែលប្រមើលចម្លងអំណាចគ្រប់គ្រងនៅគៀរហ្ស៊ីស្តង់ ចេញពីដៃប្រធានាធិបតី ទៅក្នុងដៃរដ្ឋសភាទៅវិញ?
សំរាប់ជាការកត់សំគាល់ ការអនុម័តយកវិសោធនកម្មនេះ គឺមានន័យថា គៀរហ្ស៊ីស្តង់នឹងក្លាយទៅជាសាធារណរដ្ឋទី១ នៅតំបន់អាស៊ីកណ្តាល ដែលការតែងតាំង ឬការទម្លាក់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺជាបុព្វសិទ្ធិពេញទីរបស់រដ្ឋសភា លែងជាបុព្វសិទ្ធិរបស់ប្រធានាធិបតី ដូចនៅតាមសាធារណរដ្ឋ៤ទៀតនៃតំបន់នោះ ពោលគឺ Kazakhstan Tadjikistan Turkmenistan Ouzbekistan។
នៅគៀរហ្ស៊ីស្តង់ ពីក្នុងចំណោមបណ្តាជន ៥លាន៥សែននាក់ អ្នកដែលមានសិទ្ធិបោះឆ្នោតគឺ ២លាន៧សែននាក់ ដែលពីក្នុងនោះ តាមតួលេខរបស់គ.ជ.ប. បានទៅកាន់ហិបឆ្នោត គឺ ៧០% ហើយពីក្នុងនោះមានដល់ ៩០% បានបោះឆ្នោតគាំទ្រដល់គំរោងរដ្ឋធម្មនុញ្ញថ្មី។ ទ្រង់ទ្រាយនៃការគាំទ្រនេះ គឺថាសំណួរទាំង៣បានត្រូវរដ្ឋអំណាចចងជាចង្កោមតែមួយ ដាក់ឲ្យប្រជាជនឆ្លើយ ៖ ឬមួយគាំទ្រ ឬមួយច្រានចោល។ បើគេគាំទ្រដល់សំណួរណាមួយ គឺមានន័យជាស្វ័យប្រវត្តិថាគេគាំទ្រដល់សំណួរ២ទៀត។
ទោះយ៉ាងណាក្តី ក៏អង្គការស្តីអំពីសន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប ហៅថា OSCE ដែលមានភារៈខាងតាមដានអំពីការបោះឆ្នោត បានប្រកាសទៅហើយថា ប្រជាមតិនៅគៀរហ្ស៊ីស្តង់ បានប្រព្រឹត្តទៅក្នុងតម្លាភាព និងសុចរិតត្រឹមត្រូវ ឆ្លើយស្រប Standard ប្រជាធិបតេយ្យ។
លទ្ធផលប្រជាមតិនេះ តាមសំដីលោកស្រី Roza Otounbaieva ផ្ទាល់ គឺមានន័យថា ៖ រដ្ឋាភិបាលបណ្តោះអាសន្នដែលគាត់ដឹកនាំ ទទួលបាននីត្យានុកូលកម្ម ក្លាយទៅជា រដ្ឋាភិបាលស្របច្បាប់។
រូបគាត់ផ្ទាល់ មានលក្ខន្តិកៈស្របច្បាប់ ទៅជាប្រធានាធិបតីសម័យអន្តរកាលលុះរហូតដល់ ថ្ងៃ៣១ធ្នូឆ្នាំ២០១១ឯណោះ។ ប៉ុន្តែស្របនឹងគំរោងរដ្ឋធម្មនុញ្ញថ្មីនោះ លោកស្រីលែងអាចបញ្ឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី សំរាប់អាណត្តិថ្មីទៀតឡើយ។
ក្នុងបទអន្តរគមន៍ខ្លួន លោកស្រីសង្កត់ធ្ងន់ថា ៖ ប្រជាមតិនេះ សឲ្យឃើញថា ប្រជាជននាំគ្នាច្រានចោលរបបគ្រួសារនិយមនៃប្រធានាធិបតីមុនៗ។ រដ្ឋធម្មនុញ្ញថ្មី ចាក់ជាគ្រឹះច្បាប់សំរាប់គាស់រំលើងអំពើពុករលួយក្នុងប្រទេស។ រដ្ឋធម្មនុញ្ញថ្មី អនុញ្ញាតឲ្យបំផ្លាញចោលបណ្តាញស្កេកស្កះខាងលួចទ្រព្យសម្បត្តិរដ្ឋ ដែលដុះស្លែរអស់យូរឆ្នាំមកហើយ។
ប្រជាពលរដ្ឋគៀរហ្ស៊ីស្តង់ ដែលបានបោះឆ្នោតម្សិលមិញ គឺគេបោះដើម្បីប្រជាធិបតេយ្យ ដើម្បីប្រទេសជាតិថ្មី ជាទីដែលសិទ្ធិមនុស្សសាមញ្ញ ត្រូវរដ្ឋលើកជាតម្លៃកំពូលតែម្តង។
តបនឹងសំណូមពរអ្នកកាសែតម្នាក់ ដែលសុំឲ្យគាត់ធ្វើអត្ថាធិប្បាយទៅលើប្រជាមតិនៅគៀរហ្ស៊ីស្តង់ ពេលថ្លែងក្នុងជំនួបកំពូល G-20 នៅក្រុង Toronto ប្រទេស កាណាដាលោកប្រធានាធិបតីរុស្ស៊ី Medvedev បានបញ្ចេញយោបល់ថា ប្រជាមតិនេះជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់គៀរហ្ស៊ីស្តង់ ដែលជារដ្ឋអធិបតេយ្យទេតើ។ ប៉ុន្តែរូបគាត់ផ្ទាល់ ពិបាកនឹកស្មានឃើញណាស់ តើដោយរបៀបណាដែល នៅគៀរហ្ស៊ីស្តង់គេអាចសមិទ្ធិទៅកើត នូវគំនិតដែលចែងថា អំណាចត្រូវស្ថិតក្នុងដៃរដ្ឋសភាសោះ។ មិនតែប៉ុណ្ណោះ តាមយោបល់លោក Medvedev ក្នុងស្ថានការណ៍បច្ចុប្បន្ន រដ្ឋគៀរហ្ស៊ីស្តង់ថែមទាំងអាចបែកបាក់ជាចំណែកៗទៅផង។
មូលហេតុ មកពីនៅទីនោះ អំណាចនៅខ្សោយនៅឡើយ ខាងរៀបរយឲ្យមានសណ្តាប់ធ្នាប់។ ទន្ទឹមនេះ លក្ខណៈស្របច្បាប់នៃរដ្ឋអំណាច ស្ថិតនៅក្នុងកំរិតទាបនៅឡើយ។
លោក Medvedev សម្តែងក្តីព្រួយបារម្ភមែនទែន ខ្លាចកើតឡើងនៅគៀរហ្ស៊ីស្តង់ ជាScenarioកាលដែល អំណាចអាចរបូតជាយថាហេតុ ទៅក្នុងដៃពួកជ្រុលនិយមទៅវិញ ពីព្រោះពួកអ្នកតំណាងរាស្ត្រ ដែលក្រោយពីមានអាសនៈប្រចាំក្នុងរដ្ឋសភា ដោយមកពីគេតំណាងឲ្យគណបក្សនយោបាយប្លែកៗ គឺអាចប្រទ្រុស្តប្រទ្រះគ្នា បង្កើតជាបញ្ហាមិនចេះចប់ លុះទាល់តែអំណាច ឆ្លងពីដៃមួយទៅមួយ រហូតនៅទីបំផុត អាចនឹងឡើងកាន់អំណាច គឺកម្លាំងដែលមានទំនោរជ្រុលនិយមសោះ។ នៅពីមុខScenario បែបនេះ គឺពិតជាទាមទារឲ្យមានអំណាចខ្លាំងដែលមានទ្រង់ទ្រាយច្បាស់លាស់។
ទោះបីរដ្ឋាភិបាលខំអះអាងថា ស្ថានការណ៍មានស្ថិរភាពឡើងវិញហើយ រួចស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួនក្តី ក៏ការដែលគួរឲ្យភ្ញាក់ផ្អើល ចាប់ពីព្រឹកមិញមក ក្រោយពីប្រជាមតិចប់ទៅភាពអាសន្ន និង ម៉ោងបំរាមគោចរ បានត្រូវអាជ្ញាធរប្រកាសអនុវត្តន៍ជាថ្មី នៅខេត្ត Osh និងខេត្ត Djalal-Abad ប៉ែកខាងត្បូងប្រទេស ជាទីដែលពេលថ្មីៗ ដោយមកពីការប៉ះទង្គិច រវាងជាតិKirghiz និង ជាតិOuzbek គ្រាន់តែតាមតួលេខផ្លូវការ មានស្លាប់ដល់ជាង ២៨០នាក់ទៅហើយ ប៉ុន្តែតាមតួលេខក្រៅផ្លូវការ គឺស្លាប់ដល់ប្រមាណ ២.០០០នាក់ ហើយតាមតួលេខអ.ស.ប.១០ម៉ឺននាក់ ក្លាយជាជនភៀសខ្លួនទៅប្រទេស Ouzbekistan ជិតខាង និង៤០ម៉ឺននាក់ ក្លាយទៅជាជនបន្លាស់ទី ក្នុងប្រទេសគៀរហ្ស៊ីស្តង់ផ្ទាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ