អានតួអត្ថបទ
គៀរហ្ស៊ីស្តង់

អង្គការ ODKB​ នឹងជួយគៀរហ្ស៊ីស្តង់​ ជាអាវុធ​ផងដែរ​

ដំណឹងនេះ​ ទើប​បង្ហើប​ឲ្យដឹង​ដោយ ​ស្ថានទូត​គៀរហ្ស៊ីស្តង់​នៅក្រុង​ម៉ូស្គូ។​ ODKB​ ជា​ពាក្យ​បំព្រួញ​ជា​ភាសារុស្ស៊ី ​នៃ “ អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម ​“​ នាំ​មុខ​ដោយ​រុស្ស៊ី ​និង​ ដែល​ប្រមូល​ផ្តុំក្នុង​ជួរខ្លួន​ តាំង​ពី​ឆ្នាំ១៩៩២​មក​ គឺ៧​ប្រទេសនៃ​អតីត​សហភាព​សូវៀត​ បូក​ទាំង​ គៀរហ្ស៊ីស្តង់​ផង​ និង​ដែល​តាំង​គោល​ដៅ​ធានា​សន្តិសុខ​សំរាប់​ខ្លួន​ម្នាក់ៗ។ ​

អង្គការ ODKB​ នឹងជួយគៀរហ្ស៊ីស្តង់​ ជាអាវុធ​ផងដែរ​
អង្គការ ODKB​ នឹងជួយគៀរហ្ស៊ីស្តង់​ ជាអាវុធ​ផងដែរ​ ©Reuters/Stringer
ផ្សាយពាណិជ្ជកម្ម

02:39

សេចក្តីរាយការណ៍​របស់​ កែវ ឆាយា

កែវ ឆាយា

អ្នកការ​ទូត​គៀរហ្ស៊ីស្តង់​ បាន​លាត​ត្រដាង​ថា ​អង្គការ​ ODKB​ នឹង​ផ្តល់​ទៅឲ្យ​រដ្ឋា​ភិបាល​ បណ្តោះ​អាសន្ន​គៀរហ្ស៊ីស្តង់​ នូវ​អាវុធ​ និង​​គ្រឿង​​បច្ចេកទេស​​យោធា ​​សំរាប់​​បំពេញ​​ប្រតិ​​បត្តិការ​​​​​បង្ក្រាប​​​​​​ ​​​ចលាចល​​​ដែល​​​បង្ក​ជា​​ អស្ថិរភាព​​និង​​អសន្តិសុខ​​រង្គាល​​នៅ​​ភូម៌​ភាគ​​ខាង​​ត្បូង​ប្រទេស។ ​​ប៉ុន្តែ​ មជ្ឈមណ្ឌល​ពត៌មាន​របស់​ ODKB​ មិន​បញ្ជាក់ ​ក៏ដូចជា​មិន​​បដិ​សេធ​​​ទេ ទៅ​លើដំណឹង​នោះ។ គេ​គ្រាន់តែ​នៅចង​ចាំថា​ ៣ថ្ងៃមុន​ ក្រោយ​ពី​មាន​ចប់​ទៅ​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ពិនិត្យ​មើល ​សំណូមពរ​ថ្នាក់ដឹក​នាំ​គៀរហ្ស៊ីស្តង់​ សុំ​ឲ្យ​បញ្ជូន​ទ័ព​មួក​ខៀវ​របស់ ​ODKB​ ទៅទ្រ​ទ្រង់​សន្តិភាព​ នៅតំបន់​ខាង​ត្បូង​គៀរហ្ស៊ីស្តង់​ ដែល​មាន​ផ្ទុះ​ឡើង​ជា​ការ​ប៉ះទង្គិច​ជាតិសាសន៍​យ៉ាង​ខ្លាំង​​ក្លា​​ លោក​​រ​ដ្ឋ​​​មន្ត្រី​ការ​បរទេស​រុស្ស៊ី Serguei​ Lavrov​ បាន​ថ្លែង​ថា ​ជា​ចម្លើយ​តប​នឹង​សំណូម​ពរ​​នោះ​ODKB​​ បាន​​សំរេច​ចិត្ត​បញ្ជូន​ទៅគៀរហ្ស៊ីស្តង់​ ត្រឹម​តែ​ជំនួយ​សម្ភារៈ​បច្ចេកទេស​ សំរាប់​នគរបាល ​និង​ទ័ព​មហាផ្ទៃ​ធ្វើកា​រ​ប្រយុទ្ធ​កាន់​តែ​ស័ក្តិសិទ្ធ​ទល់នឹង​ស្ថានការណ៍​អស្ថិរភាព​និង​អសន្តិសុខ​នោះ។ ​

រឿង​បញ្ជូន​ទ័ព​ទៅ ទី​ក្រុង​ម៉ូស្គូមិ​ន​ស្វាគមន៍​ទេ ​ដ្បិត​ចាត់​ទុក​ព្រឹត្តិការណ៍​នៅទី​នោះ ​ជាកិច្ច​ការ​ផ្ទៃក្នុង​សុទ្ធសាធ​របស់​គៀរហ្ស៊ីស្តង់។​ ស្រប​នឹង​លក្ខន្តិកៈ ​ODKB ​ ការ​បញ្ជូន​ទ័ព​ឲ្យចូល​អន្តរគមន៍ លុះ​ណាតែ​ប្រទេសសមា​ជិក​រង​នូវ​អំពើឈ្លាន​ពាន​ពីក្រៅ។​  អំពី​ដើម​ហេតុ​នៃ​ជម្លោះរវាង​ជាតិ Kirghiz​ និង​ Ouzbek​ ដែល​សុទ្ធ​តែ​កាន់​សាសនា​Islam និកាយ ​Sunnit​ ដូចគ្នា​សោះ ​គឺបែរ​ទៅជា​មាន​ការ​ច្រណែន​ពីខាង​ជាតិ Kirghiz​ ដោយ​ឃើញ​ជាតិ Ouzbek​ មានស្ថាន​ភាព​ស្ដុកស្តម្ភ​ធូរ​ចាយជាង​ ជា​ថៅកែ​ហាង​លក់​ដូរ​ មាន​ភូម៌​គ្រឹះ។ល។​ អ៊ីចឹង​បានជា​មាន​ការ​ដុត​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំងនោះ​របស់​ជាតិ​Ouzbek​ ហើយ​បណ្តញ​គេ​ចេញ​ទៅផង។ ​ រីឯជាតិ​ Ouzbek ​វិញ​ គឺ​តូច​ចិត្ត​ ដោយ ​ទោះបី​សហគមន៍​ខ្លួន​ដែល​រស់​នៅប៉ែក​ខាង​ត្បូង​ គៀរហ្ស៊ី ស្តង់​មាន​ចំនួន​ច្រើន​ ជាង​ជាតិ​Kirghiz​ ក្តី​ បែរ​ទៅជាមាន​តំណាង​ខ្លួនតិច​តួច​ស្ដួច​ស្តើង​ណាស់​ ប្រចាំ ​នៅ​តាម​អង្គ​ការ​អំណាច។​

ក្នុង​បំណង​​ជួយ​រៀបរយ​ស្ថានការណ៍​នៅទីនោះ ​ឲ្យមាន​ប្រក្រតីភាព​វិញ​ ស.រ.អា.​ ត្រៀម​បញ្ជូន​ពួក​យោធា​​​ខ្លួន​ទៅកាន់​គៀរហ្ស៊ីស្តង់​ ប៉ុន្តែ​​យ​ក​ល្អ ​ប្រសិន​បើ​រុស្ស៊ី​សុខ​ចិត្ត​បញ្ជូន​យោធា​ខ្លួន​ ទៅ​ ទី​នោះដែរ។​សេចក្តី​នេះបាន​ត្រូវ​ថ្លែង​ទៅ​ក្រុមហ៊ុន​ទូទស្សន៍​CNN​ដោយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់។ ​ហើយការ​ដែល​រុស្ស៊ីនៅ​អល់អែក​ក្នុង​រឿង​នេះ ​លុះនាំ​ឲ្យ​មជ្ឈដ្ឋាន​បស្ចិមលោក​ងឿងឆ្ងល់​ ទៅហើយ​ តាម​មតិពួក​អ្នកវិភាគ​នៅរុស្ស៊ី ​គឺ​ដើម្បី​កុំឲ្យ​ប្រទេស​ឯទៀត​ជាសមាជិក​ ODKB​ ព្រួយ​​បា​រម្ភ​​​ភ័យ​ខ្លាច​​ចំពោះវាសនា​គេរៀងៗ​ខ្លួន៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ