វិបត្តិជាតិសាសន៍ បន្សល់ទុកនូវទេសភាពគួរឲ្យខ្លោចផ្សា
ទេសភាពនេះ ទើបបានឃើញនឹងភ្នែកផ្ទាល់ ដោយលោកស្រី Roza Otounbaieva ជាប្រធានាធិបតីស្តីទី និងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នគៀរហ្ស៊ីស្តង់ដែលព្រឹកមិញបានជិះឧទ្ធម្ភាគចក្រហោះឆ្វែលជាលើកទី១លើក្រុង Osh និង Djalal-Abad នៅខាងត្បូងប្រទេស ជាទីដែលតាំងពីថ្ងៃ ១១មិថុនាមក មានផ្ទុះឡើងជាការប៉ះទង្គិចបង្ហូរឈាមយ៉ាងខ្លាំងក្លារវាងជាតិ Kirghiz និង Ouzbek ដែលតាមតួលេខផ្លូវការបានផ្តាច់ជីវិតមនុស្សអស់១៩១នាក់ឯណោះ ប៉ុន្តែតាមយោបល់លោកស្រី គឺត្រូវគុណនឹង១០ដងទើបសម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ កែវ ឆាយា
ទេសភាពនេះបង្ហាញឲ្យឃើញថា គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃសោះនៃវិបត្តិដែលឥឡូវចាប់ស្រកទៅវិញហើយ អណ្តាតភ្លើងនៃជម្លោះជាតិសាសន៍បានបំផ្លាញទីក្រុង Osh ដល់ ទៅ៧០%។ តាមការប្រមាណឃើញត្រួសៗជាមុន ដោយមិនគិតអំពីលំនៅដ្ឋានច្រើនឥតគណនារបស់ជាតិOuzbekដែលបានត្រូវដុតចោល នៅមានសំណង់ និងអាគារសាធារណៈរបស់ក្រុងចំនួន ៧៦ ទៀត ដែលខូចខ្ទេចខ្ទាំ មិនអាចស្តារកសាងឡើងវិញឡើយ។ តើដើម្បីស្តារក្រុងនេះឡើងវិញ ដែលជាក្រុងទី២នៃប្រទេស និងដែលមានឈ្មោះថាជា “រដ្ឋធានីខាងត្បូង” របស់គៀរហ្ស៊ីស្តង់ ត្រូវចំណាយលុយ អស់ប៉ុន្មានលានដុល្លារទៅ?
អំពីចំនួនអ្នកធ្លាក់ខ្លួនស្លាប់ ក្នុងអំពើហិង្សានោះ ដែលត្រូវក្រសួងសុខាភិបាលប្រកាសថា មានដល់១៩១នាក់ ពីក្នុងនោះ ១៤០នាក់គឺនៅក្រុង Osh និង ៥១នាក់គឺនៅក្រុង Djalal-Abad ប្រមុខបច្ចុប្បន្ននៅគៀរហ្ស៊ីស្តង់ លោកស្រី Roza Otounbaieva ក្នុងសម្ភាសន៍គាត់ដែលចេញផ្សាយដោយកាសែតរុស្ស៊ីឈ្មោះ Kommersant លេខថ្ងៃនេះ បានបំភ្លឺឲ្យដឹងថា បើរាប់ទាំងអ្នកស្លាប់នៅតាមជនបទផង គឺអាចឡើងដល់ ២.០០០នាក់ឯណោះ ដ្បិតតាមប្រពៃណីសាសនាអ៊ីស្លាម អ្នកដែលក្ស័យជីវិតទៅហើយ គឺត្រូវលើកសពគេទៅកប់ក្នុងដី នៅថ្ងៃនោះឯងតែម្តង ហើយកប់ឲ្យបានមុនថ្ងៃលិចទៅ។
ក្រៅពីចំនួនអ្នកស្លាប់ នៅមានអ្នកដែលបង្ខំចិត្តសង្គ្រោះជីវិតដោយចាកចេញពីកន្លែងដែលគេធ្លាប់រស់នៅ។ តាមដែលលោកស្រី Elisabeth Beers តំណាងផ្លូវការរបស់ អ.ស.ប. ខាងសម្របសម្រួល ប្រតិបត្តិការមនុស្សធម៌បានថ្លែង គេទាំងនោះមានចំនួនយ៉ាងហោចណាស់ ៤០០.០០០នាក់ ពីក្នុងនោះ ៣០០.០០០នាក់ គឺជាជនបន្លាស់ទី នៅលើដែនដីគៀរហ្ស៊ីស្តង់ផ្ទាល់ ១០០.០០០នាក់ ក្លាយជាជនភៀសខ្លួនទៅកាន់ប្រទេស Ouzbekistanជិតខាង។
នាប៉ុន្មានថ្ងៃចុងក្រោយ រុស្ស៊ីបានជម្លៀសពលរដ្ឋខ្លួនចំនួន ១៨០នាក់ទៅហើយ ពីក្នុងចំណោមជាតិរុស្ស៊ី១.៦០០នាក់ដែលរស់នៅប៉ែកខាងត្បូងគៀរហ្ស៊ីស្តង់។ ចិនដីគោក ដែលមានព្រំដែនជាប់ផ្ទាល់នឹងគៀរហ្ស៊ីស្តង់ ក្នុង៣ថ្ងៃ កន្លងទៅបានដឹកចេញពីតំបន់អាសន្នអន់ក្រនោះ នូវពលរដ្ឋខ្លួនចំនួន ១.២៩៩នាក់ទៅដែរ ដឹកតាមជើងយន្តហោះដល់ទៅ ៩ជើង។ ក្នុងពេលជាមួយគ្នា ជំនួយមនុស្សធម៌ដែលបញ្ជូនទៅគៀរហ្ស៊ីស្តង់ ដោយ អ.ស.ប ប្រទេសរុស្ស៊ី អាមរិក សហភាពអឺរ៉ុប ត្រូវជាតិOuzbek រស់នៅទីនោះត្អូញត្អែរថា ពុំសូវបានទទួលទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ