អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុងអាប៊ីដហ្សង់​នៃ​ប្រទេស​កូតឌីវ័រ​រង់ចាំ​ការវាយប្រ​យុទ្ធ​ផ្តាច់ព្រ័ត្រ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងកម្លាំង​គាំទ្រ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​បាន​សន្យា​ថា​នឹង​មាន​ ការ​វាយ​លុកមួយ​ដែល​មាន​ទ្រង់ទ្រាយធំ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ ​ ក៏​ប៉ុន្តែ​នៅទី​បំផុត​គេពុំ​ឃើញ​អ្វី​កើតមាន​ឡើយ។​ ទោះបី​ជា​ គេ​ឃើញមាន​ការបាញ់​គ្នា​នៅ​ជុំវិញ​វិមាន​របស់​ឡូរ៉ង់​បាកបូ​ហើយនិង​នៅ​ជិត​ បន្ទាយ​ទាហាន​ក៏​ដោយ​ ​ ក៏​គេពុំ​បាន​ឃើញ​កើតមាន​ការ​វាយ​ប្រហារ​គ្នា​ដែល​មាន​លក្ខណៈ​ខ្លាំងក្លា​ ដូច​កាលនៅ​ថ្ងៃសុក្រ​កន្លងទៅ​ឡើយ។​ "បំរាម​គោចរ”​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​របស់​លោក​វ៉ាត់តារ៉ា​បាន​ត្រូវ ​ដាក់បន្ត​ឲ្យ​មាន​រហូត​ដល់​ថ្ងៃចន្ទ​ស្អែក​វេលាម៉ោង​៦ព្រឹក។

ជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​សង្កាត់​ Plateau នៅ​ទីក្រុង​ Abidjan ​ដោយ​ទាហាន​មួកខៀវ​របស់​អ ស ប នៅ​ថ្ងៃទី២​មេសា​ឆ្នាំ២០១១
ជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​សង្កាត់​ Plateau នៅ​ទីក្រុង​ Abidjan ​ដោយ​ទាហាន​មួកខៀវ​របស់​អ ស ប នៅ​ថ្ងៃទី២​មេសា​ឆ្នាំ២០១១ © AFP PHOTO/ JEAN-PHILIPPE KSIAZEK
ផ្សាយពាណិជ្ជកម្ម

នៅ​ពេញ​មួយ​ថ្ងៃសៅរ៍​ទី២​មេសា​ឆ្នាំ២០១១​ គេ​នាំគ្នា​ទន្ទឹង​រង់ចាំ​មើល​កងកម្លាំង​គាំទ្រ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​ធ្វើ​ការ​វាយ​លុកមួយ​ដែល​មាន​ទ្រង់ទ្រាយធំ​ទៅលើ​ទីក្រុង​អាប៊ីដហ្សង់​ដ៏ធំ​ជាងគេ​នៅ​ប្រទេស​កូតឌីវ័រ​ ​ ក៏​ប៉ុន្តែ​នៅទី​បំផុត​គេពុំ​ឃើញ​អ្វី​កើតមាន​ឡើយ​ ​ ក្រៅតែពី​មាន​ការវាយ​ប្រយុទ្ធគ្នា​នៅ​សង្កាត់​Plateau ​ដែលមាន​វិមាន​ប្រធានាធិបតី។

 
បើ​យោងតាម​ប្រភព​ជាក់ច្បាស់​ខ្លះ​បាន​ឲ្យ​ដឹងថា​ ​ ទាំងនេះ​បណ្តាល​មកពី​កងកម្លាំង​យោធា​គាំទ្រ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​នៅ​រង់ចាំ​កងកម្លាំង​មួកខៀវ​របស់​អ ស ប ​វាយ​កំទេច​សព្វាវុធ​ធុន​ធ្ងន់ៗ​របស់​កងកម្លាំង​យោធា​គាំទ្រ​ឡូរ៉ង់​បាកបូ​ជាមុនសិន។​ ក៏​ប៉ុន្តែ​ ដោយ​មាន​ការ​ខកខាន​ ​ ការ​វាយ​លុកមួយ​ដែល​មាន​ទ្រង់ទ្រាយធំ​ទៅលើ​ទីក្រុង​អាប៊ីដហ្សង់​ដោយ​កងកម្លាំង​គាំទ្រ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​ក៏​ពុំ​បាន​កើតមាន​ដូច​សន្យា។

ការខកខាន​នៃ​ការ​វាយប្រយុទ្ធ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​អាប៊ីដហ្សង់​ដែល​ជា​ទីក្រុង​ធំជាងគេ​នៅ​ប្រទេស​កូតឌីវ័រ​ពិតជា​ធ្វើ​ឲ្យ​ឡូរ៉ង់​បាកបូ​ទាញយក​ផល​ចំណេញ​បានច្រើន​ ​ ហើយ​ដោយ​សារ​តែ​កងកម្លាំង​យោធា​គាំទ្រ​ឡូរ៉ង់​បាកបូ​វាយយក​ទូរទស្សន៍​រដ្ឋ​កូតឌីវ័រ​បាន​មកវិញ​ ​ ទើប​ពួក​ឡូរ៉ង់​បាកបូ​បាន​មាន​លទ្ធភាព​បញ្ជូន​សារ​ឲ្យ​ទៅ​ទាហាន​របស់​ខ្លួន​ ជាពិសេស​ “ក្រុម​យុវជន​ស្នេហាជាតិ”​របស់​ឡូរ៉ង់​បាកបូ​ឲ្យ​កេណ្ឌ​ប្រមូល​គ្នីគ្នា​ដើម្បី​ការពារ​បក្សពួក​របស់​ខ្លួន។

គួរកត់​សម្គាល់ថា​ ​ នៅ​រសៀល​នៃ​ថ្ងៃសៅរ៍​ម្សិលមិញ​ គេឃើញ​មាន​អ្នកគាំទ្រ​ឡូរ៉ង់​បាកបូ​ជាច្រើន​រយនាក់​បាន​នាំគ្នា​ដើរ​សំដៅ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​និង​គេហដ្ឋាន​របស់​ឡូរ៉ង់​បាកបូ​ដោយបាន​នាំគ្នា​ស្រែក​ច្រៀង​ចម្រៀង​សាសនា​និង​ស្រែក​ពាក្យស្លោក​ថា​ “​ប្រទេស​កូតឌីវ័រ​ជា​របស់​ប្រជាជន​កូតឌីវ័រ”​ ​ ហើយពូកគេ​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ថា​ គេនឹង​នាំគ្នា​ធ្វើជា​ “ខែល​មនុស្ស”​សម្រាប់​ការពារ​បុរស​ជើងឯក​របស់គេ។

ការចូល​ប្រឡូក​ក្នុង​ឆាកប្រយុទ្ធ​នៃ​ “ក្រុម​យុវជន​ស្នេហាជាតិ”​របស់​ឡូរ៉ង់​បាកបូ​ពិតជា​ធ្វើឲ្យ​កង​កម្លាំង​គាំទ្រ​លោក​វ៉ាត់តារ៉ា​ជួបនឹង​បញ្ហា​ច្រើន។​ ដោយហេតុថា​ ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​របស់​ខ្លួន​ កងកម្លាំង​គាំទ្រ​លោក​វ៉ាត់តារ៉ា​អាច​នឹង​បាញ់​ទៅលើ​“ក្រុម​យុវជន​ស្នេហាជាតិ”​របស់​ឡូរ៉ង់​បាកបូ​ដែល​ជា​ជន​ស៊ីវិល។​ ទាំងនេះ​​ពិតជា​​បង្កើត​​ឲ្យ​មាន​​បញ្ហា​​​ចម្រូង​​​ចម្រាស​ច្រើន​។​​ ក៏​ប៉ុន្តែ​​អ្នក​ជំនិត​​នឹង​​លោក​​ប្រធានាធិបតី​​វ៉ាត់តារ៉ា​​បាន​​សម្តែង​​ឲ្យ​ដឹង​​នៅ​ថ្ងៃ​សៅរ៍​​ម្សិល​មិញ​​ថា​ ​ គោលដៅ​របស់​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​គ្មាន​ប្តូរ​ប្រែ​បន្តិច​សោះឡើយ។​ បើ​ឡូរ៉ង់​បាកបូ​អាច​បង្ក​ឲ្យ​មាន​វឹកវរ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​ ​ កងកម្លាំង​គាំទ្រ​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា​ក៏ពុំ​អាច​ដើរ​ថយក្រោយ​បាន​ឡើយ។

សូមបញ្ជាក់ថា​ ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៣​មេសា​នេះ​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក​ស្រី​គ្លីនតុន​បាន​ថ្លែង​ប្រកាស​ថា​ ​ ឡូរ៉ង់​បាកបូ​ត្រូវតែ​ចាកចេញ​ពី​មុខតំណែង​ភ្លាមៗ​ដោយ​គ្មាន​បង្អង់​ ​ ដោយ​ហេតុថា​ការ​រក្សា​មុខតំណែង​ប្រធានាធិបតី​ដោយ​លោក​ឡូរ៉ង់​បាកបូ​នឹង​រុញច្រាន​ឲ្យ​ប្រទេស​កូតឌីវ័រ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​អនាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ