អានតួអត្ថបទ
កូតឌីវ័រ

រដ្ឋធានី​កូតឌីវ័រ​ធ្លាក់​ក្នុងដៃ​កងកម្លាំង​របស់​លោក​វ៉ាត់តារ៉ា

កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​លោក​​វ៉ាត់តារ៉ា (Ouattara) ប្រធានាធិបតី​កូតឌីវ័រ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​វាយលុក​ចូល​កាន់កាប់​​ទីក្រុង​យ៉ាមូស៊ូក្រូ (Yamoussoukro) ដែល​ជា​រដ្ឋធានី​​នយោបាយ និង​រដ្ឋបាល​របស់​កូតឌីវ័រ។ ក៏ប៉ុន្តែ ទីក្រុង​អាប៊ីដហ្សង់ (Abidjan) ទីក្រុង​សេដ្ឋកិច្ច និង​ជា​អតីត​រដ្ឋធានី​កូតឌីវ័រ នៅតែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ដដែល។

កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​លោក​វ៉ាត់តារ៉ា (អតីត​ទាហាន​ឧទ្ទាម) កំពុង​មានប្រៀប​លើ​ទាហាន​របស់​លោក​បាក់បូ
កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​លោក​វ៉ាត់តារ៉ា (អតីត​ទាហាន​ឧទ្ទាម) កំពុង​មានប្រៀប​លើ​ទាហាន​របស់​លោក​បាក់បូ AFP / ZOOM DOSSO
ផ្សាយពាណិជ្ជកម្ម

01:41

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ជាផ្លូវការ ទីក្រុង​យ៉ាមូស៊ូក្រូ គឺ​ជា​រដ្ឋធានី​របស់​ប្រទេស​កូតឌីវ័រ។ ក៏ប៉ុន្តែ រហូត​មកទល់​ពេលនេះ ស្ថាប័ន​រដ្ឋធំៗ ក្នុងនោះរួមមាន​ទាំង​វិមាន​ប្រធានាធិបតី​ និង​វិមាន​រដ្ឋសភា​ផង នៅ​តែ​បន្ត​តាំងទី នៅ​ក្នុង​ទីក្រុង​អាប៊ីដហ្សង់ ដែល​ជា​រដ្ឋធានី​ចាស់​ដដែល។ ការ​ដណ្តើម​កាន់កាប់​រដ្ឋធានី​យ៉ាមូស៊ូក្រូ គឺ​ជា​និមិត្តរូប​ដ៏​សំខាន់​មួយ នៃ​ជ័យជំនះ​របស់​កងទ័ព​​លោក​វ៉ាត់តារ៉ា។

ក្រោយ​ពី​បាន​ចូលកាន់កាប់​​យ៉ាមូស៊ូក្រូ កាល​ពី​យប់​ម្សិលមិញ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ កងកម្លាំង​​​របស់​លោក​វ៉ាត់តារ៉ា​​មួយ​ក្រុម​ផ្សេងទៀត ​​បាន​វាយលុក​​ដណ្តើម​​កាន់កាប់​ទីក្រុង​សាន់​ប៉េដ្រូ (San Pedro) ដែល​ជា​ច្រក​ដ៏សំខាន់​បំផុត សម្រាប់​ការនាំ​កាកាវ ចេញ​ទៅ​បរទេស។

នៅពេលនេះ ទឹកដី​កូតឌីវ័រប្រមាណ ៣​ភាគ៤ ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​កងកម្លាំង​លោក​វ៉ាត់តារ៉ា។ ក៏ប៉ុន្តែ​​ កងកម្លាំង​របស់​លោក​បាក់បូ នៅ​តែ​បន្ត​កាន់កាប់​​​ទីក្រុង​អាប៊ីដហ្សង់​ដដែល។ កងកម្លាំង​របស់​វ៉ាត់តារ៉ា ដែល​មក​ទិស​ខាងជើង ខាង​លិច និង​ខាងកើត គ្រោង​នឹង​ធ្វើ​ដំណើរ​មកចាប់ដៃ​គ្នា​ជាមួយ​កម្លាំង​នៅ​​​​អាប៊ីដហ្សង់ ដើម្បី​​បណ្តេញ​លោក​បាក់បូ​ឲ្យ​ចេញ​ពី​អំណាច។

គួរ​រំឭក​ឡើងវិញ​ថា យោងតាម​លទ្ធផល​​​បោះឆ្នោត​​ដែល​ទទួល​ស្គាល់​ដោយ​អ.ស.ប. នាពេលថ្មីៗនេះ ជ័យជំនះ​ត្រូវបាន​ទៅលោក​វ៉ាត់តារ៉ា។ ក៏ប៉ុន្តែ លោក​បាក់បូ ដែល​ជា​ប្រធានាធិបតី​ផុតអាណត្តិ​បាន​បដិសេធ​មិន​ព្រម​ចុះចេញ​ពី​អំណាច។

នៅពេលនេះ លោក​បាក់បូ​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ឯកោ​ជាង​ពេលណាៗ​ទាំងអស់។ សមរភូមិ​យោធា​ក៏​ចាញ់​​ជា​បន្តបន្ទាប់។ ចំណែក​នៅ​លើ​ឆាកអន្តរជាតិ​វិញ ទណ្ឌកម្ម​​ក៏​មាន​ជុំទិស ទាំង​ផ្នែក​ការទូត និង​ផ្នែក​សេដ្ឋកិច្ច។

កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​អនុម័ត​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​ជាច្រើន លើ​រូបលោក​បាក់បូ និង​ក្រុមគ្រួសារ ព្រមទាំង​មន្រ្តី​ជំនិតៗ​ជាច្រើន​រូបទៀត។ ទណ្ឌកម្ម​នេះ នឹង​ត្រូវ​បន្ថែម​ពីលើ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​សហភាព​អាហ្វ្រិក និង​សហភាព​អឺរ៉ុប​បាន​អនុម័ត​​នាពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ