ជំនួបលើកទីបួននៅអ៊ីស្តង់ប៊ូលដើម្បីដោះស្រាយវិបត្តិលីប៊ីដោយគ្មានវត្តមានចិននិងរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៤
ក្រុមប្រទេសរិះរកដំណោះស្រាយឲ្យវិបត្តិលីប៊ីជួបប្រជុំគ្នានៅ ថ្ងៃសុក្រទី១៥កក្កដាឆ្នាំ២០១១នេះនៅទីក្រុងអ៊ីស្តង់ប៊ូលនៃប្រទេស តួកគី ដោយមានវត្តមានរបស់លោកស្រីគ្លីនតុន។ ក៏ប៉ុន្តែ ប្រទេសចិននិងប្រទេសរុស្ស៊ីបានបដិសេធពុំចូលរួម។ ជំនួបលើកទីបួននេះ រៀបចំឡើងដើម្បីរិះរកដំណោះស្រាយនយោបាយឲ្យវិបត្តិលីប៊ី ហើយនិងសម្របសម្រួលការផ្តល់ជំនួយឲ្យពួកអ្នកប្រឆាំងបះបោរលីប៊ី។
ក្រៅពីការចូលរួមប្រជុំដោយលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកហ៊ីល្លារីគ្លីនតុន នៅមានរដ្ឋមន្ត្រីក្រសួងការបរទេសសំខាន់ៗចំនួន១៥ប្រទេសទៀត ដែលក្នុងនោះមានជាអាទិ៍លោក Alain Juppé រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Franco Frattini រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី និងលោក William Hague រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអង់គ្លេស។
ជំនួបប្រជុំលើកទីបួននៅថ្ងៃសុក្រទី១៥កក្កដាឆ្នាំ២០១១នៅទីក្រុងអ៊ីស្តង់ប៊ូលនៃប្រទេសតួកគីនេះគឺរៀបចំឡើងដើម្បីរិះរកដំណោះស្រាយនយោបាយឲ្យវិបត្តិលីប៊ី ហើយនិងជួយសម្របសម្រួលការផ្តល់ជំនួយឲ្យពួកអ្នកបះបោរប្រឆាំងនៅប្រទេសលីប៊ី។
ជំនួបប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ូលនេះ ចាប់បើកប្រជុំនៅម៉ោង៨កន្លះម៉ោងសកលនៅក្នុងវិមានមួយដែលឋិតនៅលើដៃសមុទ្រBosphore ហើយសន្និសីទកាសែតមួយគ្រោងរៀបចំឲ្យមាននៅម៉ោង១៤និង៤៥នាទីម៉ោងសកល។
ប្រទេសបារាំងដែលជាមុខព្រួញនៃប្រតិបត្តិការយោធាអន្តរជាតិនៅប្រទេសលីប៊ីដែលបានចាប់ផ្តើមអស់រយៈពេលបួនខែមកហើយមានជំនឿជឿជាក់ថា ដំណោះស្រាយតាមផ្លូវនយោបាយកំពុងតែចាប់លេចចេញជារូបរាង។ ទាំងនេះ ក៏ដោយសារតែមានការខិតខំប្រឹងប្រែងរបស់អ្នកការទូតដែលរៀបចំធ្វើការជំរុញឲ្យមេដឹកនាំផ្តាច់ការ មូអាម៉ារ កាដាហ្វ៊ី លាចាកចេញពីមុខតំណែង ក្រោយពីបានកាន់កាប់អំណាចនៅប្រទេសលីប៊ីអស់រយៈពេល៤២ឆ្នាំ។ បញ្ហានេះនឹងត្រូវគេលើកយកមកពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ូល ហើយដែលនៅពេលទន្ទឹមគ្នានេះ គេទទួល “សញ្ញា”ជាលើកទីមួយបានមកពីទីក្រុងទ្រីប៉ូលីថា មេដឹកនាំផ្តាច់ការ មូអាម៉ារ កាដាហ្វ៊ី អាចនឹងត្រូវគេកៀកចេញពីរដ្ឋអំណាច។
សូមបញ្ជាក់ថា បញ្ហាជួយសម្របសម្រួលក្នុងការផ្តល់ជំនួយឲ្យពួកអ្នកបះបោរប្រឆាំងលីប៊ីក៏ត្រូវគេលើកយកមកពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ូលផងដែរ ដោយមានការចូលរួមពីសំណាក់ឥស្សរជនទីពីរនៃពួកអ្នកបះបោរប្រឆាំងលីប៊ី ពោលគឺលោក ម៉ាហ៍មូដ ជីព្រីល ដែលមានតួនាទីជា”រដ្ឋមន្ត្រី”ទទួលបន្ទុកខាងកិច្ចការបរទេស។
ប្រទេសចិននិងប្រទេសរុស្ស៊ីបានត្រូវគេអញ្ជើញឲ្យមកចូលរួមប្រជុំក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏ប៉ុន្តែចិននិងរុស្ស៊ីបានបដិសេធពុំព្រមមកប្រជុំ។ មូលហេតុគឺប្រទេសចិននិងប្រទេសរុស្ស៊ីពុំយល់ស្របនឹងប្រតិបត្តិការយោធារបស់បក្សសម្ព័ន្ធអូតង់ប្រឆាំងនឹងរបបផ្តាច់ការលីប៊ី។
គួរកត់សម្គាល់ថា ក្រោយពីមានការអញ្ជើញរបស់អ្នកកាទូតរុស្ស៊ីទៅទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានគាំទ្រគំនិត ជំរុញឲ្យរុស្ស៊ីធ្វើអន្តរាគមន៍ដើម្បីកៀក មូអាម៉ារ កាដាហ្វ៊ី ចេញពីអំណាច។ ចំណែកឯប្រទេសបារាំងក៏ដូចគ្នាអ៊ីចឹងដែរ សង្ឃឹមទៅលើការចរចាសម្រាប់កៀកកាដាហ្វ៊ីចេញពីអំណាច។ ទាំងនេះ ប្រាំខែក្រោយពីមានប្រតិបត្តិការយោធាដ៏ខ្លាំងក្លារបស់បក្សសម្ព័ន្ធអូតង់នៅប្រទេសលីប៊ី។
សូមបញ្ជាក់ថា ជំនួបលើកទីបួននៅអ៊ីស្តង់ប៊ូលដើម្បីដោះស្រាយវិបត្តិលីប៊ីនេះធ្លាក់ចំពេលដែលកងកម្លាំងនៃពួកឧទ្ទាមបានពង្រឹងជំហររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញនៅទីក្រុង Al-Assabaa ដែលជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ឋិតនៅប្រមាណ៨០ គ..ម.ពីរដ្ឋធានីទ្រីប៉ូលី។ ពួកឧទ្ទាមលីប៊ីបានប្រកាសឲ្យដឹងទៀតថា ពួកគេកំពុងរៀបចំធ្វើការវាយប្រហារទៅលើទីក្រុងBrega ដែលជាទីក្រុងប្រេងឥន្ធនៈមួយដ៏សំខាន់ដែលឋិតនៅក្នុងដៃរបស់កងកម្លាំងរបស់កាដាហ្វ៊ីនៅឡើយ។
បើយោងតាមព័ត៌មានបានមកពីខាងរុស្ស៊ីបានឲ្យដឹងថា កាដាហ្វ៊ីនៅមាននៅក្នុងដៃនូវកាំជ្រួចមីស្ស៊ីល sol-sol យ៉ាងច្រើន។ សម្រាប់គ្រឿងរំសេវផ្ទុះក៏ដូចគ្នាអ៊ីចឹងដែរ។ បិរមាណនៃគ្រឿងរំសេវផ្ទុះទាំងនោះអាចនឹងធ្វើឲ្យផ្ទុះខ្ទេចខ្ទីទីក្រុងទ្រីប៉ូលីទាំងមូលដែលធ្លាប់ជាការគំរាមរបស់កាដាហ្វ៊ី។ ដូច្នេះហើយ បានជានៅទីក្រុងអ៊ីស្តង់ប៊ូលគេនឹងខិតខំរិះរកដំណោះស្រាយឲ្យវិបត្តិនៅលីប៊ីតាមផ្លូវនយោបាយដើម្បីចៀសវាងការដោះស្រាយតាមផ្លូវយោធាដែលនៅជាប់គាំងស្ទះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ