អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឆ្នាំ​២០១៥ ​ជា​ឱកាស​ចុង​ក្រោយ ដែល​ពិភពលោក​ត្រូវ​ពួតដៃ​គ្នា ដើម្បី​កាត់​បន្ថយ​កំដៅ​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ ២០១៥ ​នេះ ​ជា​ឆ្នាំ​ដែល​ពិភពលោក​ ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​រួម​គ្នា​មួយ ដើម្បី​ស្រោចស្រង់​ភព​ផែនដី និង​មនុស្សជាតិ​ទាំង​មូល បើសិន​ជា​យើង​ មិន​ចង់​ឃើញ ផែនដី​ឡើង​កំដៅ​កាន់​តែ​ខ្លាំង គ្រោះ​រាំងស្ងួត និង​គ្រោះ​ធម្មជាតិ​ មាន​កាន់តែ​ច្រើន ទេ។ រដ្ឋធានី បារីស និង​រដ្ឋាភិបាល​បារាំង នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ទទួល​ខ្លួន​ជា​ម្ចាស់ផ្ទះ ព្រមទាំង​ដឹកនាំ​ការ​ពិភាក្សា ដើម្បី​ស្វែងរក​ឲ្យ​បាន​ នូវ​កិច្ច​ព្រមព្រៀង​សកល​មួយ សំដៅ​កាត់​បន្ថយ​កំដៅ​ផែនដី មិន​ឲ្យ​កើន​ឡើង លើស​ពី​ ២ អង្សារ មុន​ដំណាច់​សតវត្ស​ទី២១​នេះ។ 

បដាដែល​សរសេរថា​ "Help HER" ប្រែ​ថា ជួយសង្រ្គោះ​ផែនដីផង  ត្រូវ​បានក្រុមសកម្មជន​ការពារបរិស្ថាន​លើក អំពាវនាវ​ ដើម្បី​ឲ្យជំនួប​កំពូល​ក្រុងញូយ៉ក យកទៅពិចារណា
បដាដែល​សរសេរថា​ "Help HER" ប្រែ​ថា ជួយសង្រ្គោះ​ផែនដីផង ត្រូវ​បានក្រុមសកម្មជន​ការពារបរិស្ថាន​លើក អំពាវនាវ​ ដើម្បី​ឲ្យជំនួប​កំពូល​ក្រុងញូយ៉ក យកទៅពិចារណា REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០៥០ នៅ​តំបន់​ខ្លះ មាន​សីតុណ្ហភាព ៥០ អង្សា។ នេះ​មិនមែន​ជា​ការ​ប្រឌិត​លេង​ទេ តែ​វា​ជា​ការ​ប៉ាន់ស្មាន​ ដោយ​មាន​ទិន្ន័យ​ត្រឹមត្រូវ របស់​អ្នក​វិទ្យាសាស្រ្ត​ ជំនាញ​ផ្នែក​អាកាសធាតុ។ រាល់​ថ្ងៃ​នេះ តាម​តំបន់​ត្រូពិក​ខ្លះ សីហតុណ្ហភាព ក្តៅ​ខ្លាំង​ណាស់​ទៅ​ហើយ ពោល​គឺ​ឈាន​ទៅ​ដល់​ ៤៥-៤៦ អង្សា។ ចុះ​បើ​ឡើង​ទៅ​ដល់​ ៥០​អង្សា​វិញ តើ​វា​ក្តៅ​កំរិត​ណា​ទៅ?

 
បារាំង​ម្ចាស់​ផ្ទះ នៃ​សន្និសីទ​ពិភពលោក​ ស្តីពី​អាកាសធាតុ ឆ្នាំ​២០១៥៖
ជា​ច្រើន​លើក​ ច្រើនសា​មក​ហើយ​ ដែល ពិភពលោក បាន​ព្យាយាម​ជួប​ប្រជុំ​គ្នា មិន​ចេះ​ចប់​ មិន​ចេះ​ហើយ ប៉ុន្តែ​មិន​ដែល​បាន​លទ្ធផល​ ជា​ដុំ​កំភួន​ ទាល់​តែ​សោះ។ ជាក់ស្តែង វេទិកា​កំពូល​ស្តី​ពី​អាកាសធាតុ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ​ កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ។ ប្រទេស​ទាំង​១៩៥ ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ មិន​បាន​ព្រមព្រៀង​គ្នា លើ​បញ្ហា​ធំៗ​ទេ។

ពេល​នេះ វាសនា​ភពផែន​ដី ត្រូវ​ធ្លាក់​មក​លើ​ដៃ​ របស់​បារាំង ដែល​ជា​អ្នក​រៀបចំ​ទទួល បើក​វេទិកា​សន្និសីទ​ អង្គការ​សហ​ប្រជាជាតិ​ ស្តីពី​អាកាសធាតុ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ ខែ​ធ្នូ​ឆ្នាំ​២០១៥។ បារាំង​បាន​ពេល ១ឆ្នាំ​គត់ ដើម្បី​រៀបចំ​ឯកសារ ពិភាក្សា ជាមួយ​ប្រទេស​ទាំង​អស់ ដើម្បី​សំដៅ​ឲ្យ​បាន​នូវ សេចក្តី​ព្រមព្រៀង​រួម​ នៅ​ចុង​ឆ្នាំ។

បើសិន​ជា​បាន​មែន នេះ​ជា កិត្តិយស​ធំ​ណាស់ របស់​រដ្ឋាភិបាល​បារាំង ដែល​មាន​លោក​ប្រធានាធិបតី​ ហ្រ្វង់ស័រ ហូឡង់ ជា​ប្រធាន។ ប៉ុន្តែ ក្នុន​នាម​បារាំង​ជា អាជ្ញា​កណ្តាល ក្នុង​ការ​ដេញដោ​ពិភាក្សា​គ្នា បារាំង​ប្រាដក​ជា​ ជួប​ការ​លំបាក មិន​តិច​ទេ ព្រោះ​ថា ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ បាន​ប្រមូល​គ្នា​ជា​ក្រុម ត​ទល់​ជាមួយ​ក្រុម​ប្រទេស​អ្នក​មាន ហើយ​ម្នាក់ៗ មាន​អំណះអំណាង​ យ៉ាង​រឹង​មាំ​រៀងៗ​ខ្លួន។

 
ហេតុអ្វី ការ​កើន​កំដៅ​ផែនដី វា​ជះ​ឥទ្ធិពល​អាក្រក់​ ដល់​អាយុ​ជីវិត​មនុស្ស?
នេះ​ជា​សំណួរ ដែល​យើង​អាច​រក​ចំលើយ​ បាន​យ៉ាង​ងាយ ដោយ​​គ្រាន់​តែ​ឆ្លើយ​ថា បើ​មេឃ​ក្តៅ​ពេក គ្មាន​មនុស្ស​ណា​ ទ្រាំ​រស់​នៅ​បាន​ទេ។ ប៉ុន្តែ សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង មិនមែន​ជា​មូលហេតុ​ តែ​មួយ​នោះ​ទេ។ កំដៅ និង​ចំហាយ ដែល​នៅ​ជុំវិញ​ផែនដី​ នឹង​បង្ក​ជា​សម្ពាធ យ៉ាង​ខ្លាំង​មិនធ្លាប់​មាន។ សម្ពាធ​ដែល​អណ្តែត​ នៅ​លើ​ស្រទាប់​បរិយាកាស នឹង​បង្ក​ជា​ខ្យល់ព្យុះ ខ្យល់គួច ភ្លៀង​ជន់​លេច​លង់ តាម​តំបន់​នាៗ។ យើង​បាន​សង្កេត​ឃើញ​ហើយ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គ្រោះ​ធម្មជាតិ​ មាន​កាន់​តែ​ច្រើនឡើង​ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ ជាង​លើក​មុនៗ។

សីតុណ្ហភាព​ក្តៅ វា​បាន​បង្ក​ជា​ភ្លៀង​ខ្លាំង​ ខុស​ធម្មតា ​តែ​វា​ក៏បាន​បង្ក​ជា​គ្រោះ​រាំងស្ងួត​ ផង​ដែរ។ ទាំង​អស់​នេះ​ហើយ ដែល​គេ​ហៅ​ថា ការ​ផ្លាស់ប្តូរ​អាកាសធាតុ។ ពោល​គឺ​អ្វីៗ ប្រែប្រួល​​ទាំង​អស់ ខែ​ធ្លាប់​ភ្លៀង​ ទៅ​ជា​រាំង ហើយ ខែ​ប្រាំង ទៅ​ជា​មាន​ភ្លៀងព្យុះ ទៅ​វិញ។ ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​ មាន​ផល​ប៉ះពាល់​ដល់​ការ​ដាំដុះ របស់​កសិករ។ ភោគផល​ដំណាំ​ នឹង​កាន់​តែ ខ្សត់​ទៅៗ ហើយ​តម្លៃ​ នឹង​កាន់​តែ​ឡើង​ថ្លៃ ទៅ​តាម​នោះ​ដែរ។

មេឃ​ក្តៅ មនុស្ស​នាំ​គ្នា​ប្រើ​ម៉ាស៊ីន​ត្រជាក់។ ចុះ​អ្នកក្រ​ មាន​លទ្ធភាព​ឯណា​ ទៅ​ចំណាយ​ដូច​គេ? ប្រើ​ម៉ាស៊ីន​ត្រជាក់ មាន​ន័យ​ថា ប្រើ​ថាមពល​អគ្គីសនី។ ថាមពល​អគ្គីសនី មួយ​ភាគ​ធំ ជា​ពិសេស​តាម​បណ្តារ​ប្រទេស​តូចៗ​ គឺ​បាន​មក​ពី​ប្រេង។ ចំហេះ​ប្រេង​នេះ ហើយ​ដែល​ជា​ប្រភព​ នៃ​ការ​កើនឡើង​ នូវ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស ដែល​ធ្វើ​ឲ្យ​ផែនដី​ ឡើង​កំដៅ។

គ្រោះ​រាំងស្ងួត ធ្វើ​ឲ្យ​ភោគផល​ដំណាំ​មិន​គ្រប់គ្រាន់ ឯ​មាត់​មនុស្ស​កាន់​តែ​ច្រើន តើ​ត្រូវ​ធ្វើ​យ៉ាងណា? កន្លង​មក​ច្រើន​ឆ្នាំ​មក​នេះ កសិករ​ជា​ច្រើន បាន​ប្រើប្រាស់​ជី​គីមី ដើម្បី​ជួយ​ជំរុញ​ឲ្យ​ដំណាំ​របស់​ខ្លួន​ បាន​ផល​ច្រើន។ កសិករ​ទាំង​នោះ មិន​ទាំង​ដឹង​ថា សារធាតុ​គីមី ទាំង​នោះ វា​មិន​គ្រាន់​តែ​បំផ្លាញ​គុណភាព​ដី​ប៉ុណ្ណោះ​ទេ តែ​ជាតិ​គីមី​ទាំង​នោះ នឹង​ទៅ​សំងំ នៅ​ក្នុង​ផល​ដំណាំ ហើយ​ឆ្លង​បន្ត​ទៅ​អ្នក​បរិភោគ បង្ក​ជា​មេរោគ និង​ជំងឺ​ចម្លែកៗ ជាច្រើន​មុខ។ ទាំងអស់​នេះ​ហើយ ដែល​សុទ្ធសឹង​តែ ជា​ផលវិបាក នៃ​ការ​ឡើង​កំដៅ​របស់​ភព​ផែនដី។

តើ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​បន្ថយ មិន​ឲ្យ​ផែនដី​ឡើង​កំដៅ?
ផែនការ​របស់​សន្និសីទ​ ស្តីពី​អាកាសធាតុ ដែល​បារាំង​នឹង​ដឹកនាំ​ នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ គឺ​លៃលក​យ៉ាង​ណា បន្ថយ​កំដៅ​ផែនដី មិន​ឲ្យ​កើន​លើស ពី ២អង្សា ពី​ពេល​ឥឡូវ​នេះ ទៅ​ដល់​ដំណាច់​សតវត្ស​ទី២១។ បច្ចុប្បន្ននេះ សីតុណ្ហាភាព ជា​មធ្យម​បាន​កើនឡើង ០,៨អង្សា ហើយ​បើ​នៅ​តែ​បន្ត ដូច​សព្វថ្ងៃ​នេះ គឺ​ផែនដី​អាច​នឹង​កើន​សីតុណ្ហភាព​ ដល់​ទៅ ៥អង្សា។

មូលហេតុ នៃ​ការ​កើនឡើង​នូវ​កំដៅ​ផែនដី ដោយសារ​តែ​ផ្សែពុល ដែល​នៅ​ក្នុង​បរិយាកាស ​មាន​បរិមាណ​កើនឡើង​ យ៉ាង​ច្រើន ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​​ ចុង​ក្រោយ​នេះ។ ផ្សែង​ពុល ដែល​ជា​ទូទៅ​យើង​ហៅ​ថា ឧស្ម័ន​កាបូនិក CO2   គឺ​កើតឡើង​ ដោយសារ​ចំហេះ​ប្រេង​ឥន្ធនៈ គ្រប់​ប្រភេទ និង​ផ្សែង​ដែល​ចេញ​ពី​ចំហេះ​ធ្យូងថ្ម។ គ្រឿងចក្រ​ឧស្សាហកម្ម ការ​ប្រើប្រាស់​យានយន្ត ឧបករណ៍​អេឡិចត្រូនិក ប្រចាំ​ថ្ងៃ​ផ្សេងៗ ទាំងអស់​នេះ​ សុទ្ធសឹង​តែ​ត្រូវការ ថាមពល​អគ្គីសនី។ នេះ​ហើយ​ជា បញ្ហា ព្រោះ​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​អស់ ​ត្រូវ​ការ​ផលិត ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន។

ប្រទេស​តូចៗ ដែល​កំពុងតែ​ងើប​ចេញ​ ពី​ភាព​ក្រីក្រ មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​អភិវ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន។ នេះ គឺ​ត្រូវធ្វើ តាម​រយៈ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ ដោយ​ចៀស​មិន​រួច។ ដូច្នេះ គេ​ត្រូវការ​ ប្រើប្រាស់​ ​ថាមពល​អគ្គីសនី។ បើ​ប្រទេស​ធំៗ មក​ហាមឃាត់​គេ ពិត​ជា​មិន​បាន​ទេ ព្រោះ​ប្រទេស​អ្នកមាន​ ខ្លួន​ឯង​នឹង​ហើយ ដែល​បាន​បំពុល​អាកាសធាតុ​ ច្រើន​ជាង​គេ ដោយ​បាន​ប្រើប្រាស់​ធ្យូង​ថ្ម មួយ​ឆ្នាំៗ​ រាប់​លាន​តោន និង​បាន​បូម​ប្រេង​ឥន្ធនៈ សឹង​តែ​អស់​ពី​ក្នុងដី។ បើ​ប្រទេស​អ្នក​មាន ដូច​ជា​អាមេរិក បារាំង អាល្លឺម៉ង់ អាច​ធ្វើ​បាន រឿងអី​ប្រទេស​តូចតាច​ ធ្វើ​មិន​បាន។

នេះ​ហើយ​ដែល​ជា​អំណះអំណាង​របស់​ចិន ដែល​ជា​មេ​គំនិត បាន​កៀងគរ ក្រុម​ប្រទេស​តូចៗ ជា​ច្រើន​ ឲ្យ​ដើរ​តាម​ខ្លួន។ ចិន​មាន​មនុស្ស​ជាង​មួយ​កោដ​នាក់ ​ចិន​ត្រូវការ​ ការ​រីក​ចំរើន​សេដ្ឋកិច្ច។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ប្រជាជន​ចិន ជា​ច្រើន​លាន​នាក់ បាន​រងគ្រោះ ដោយសា​តែ​ទឹក​ទន្លេ​ពោរពេញ​ដោយ​ជាតិពុល និង​កាក​សំណល់​ហូរចេញ ពី​រោងចក្រ។ ករណី​ជំងឺ​មហារីក​ធ្ងន់ធ្ងរ មាន​កាន់​តែ​ច្រើន ក្នុង​ចំណោម​ប្រជាជន ដែល​រស់​នៅ​​ក្បែរ​តំបន់​ឧស្សាហកម្ម។ តើ​នេះ​រឺ​ ដែល​គេ​ហៅថា ជា​ការ​អភិវឌ្ឍន៍? នេះ​គ្រាន់តែ​ជា​ការ​អភិវឌ្ឍន៍ ដែល​គិត​តែ​រយៈពេល​ខ្លី ហើយ​គ្មាន​សមភាព។

ផ្លាស់​ប្តូរ​ចក្ខុវិស័យ​សេដ្ឋកិច្ច ជួយ​ប្រទេស​ក្រីក្រ ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ៖
វា​ល្មម​ដល់​ពេល​ហើយ ដែល​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​អស់​ ពួត​ដៃ​គ្នា ឈប់​ប្រកាន់​ថា បើ​គេ​ធ្វើ​បាន រឿង​អី​យើង​ធ្វើ​មិន​បាន​ ត​ទៅ​ទៀត។ ចុះ​បើ​យើង​ងៀក​មក ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច ពិភពលោក​ទាំងមូល​វិញ? សេដ្ឋកិច្ច​បច្ចុប្បន្ន នេះ គឺ​ពឹង​ផ្អែក​តែ​ទៅលើ ការ​ផលិត និង​ការ​ទិញ​ដូរ។ អ្នក​ផលិត គិត​តែ​ពី​ជំរុញ ឲ្យ​មនុស្ស​ទិញ។ កាន់​តែ​ផលិត កាន់​តែ​បំពុល​បរិយាកាស។

ប្រទេស​ដែល​មាន​ឧស្សាហកកម្ម​ជឿនលឿន គឺ​ជា​មេ​បំពុល​បរិយាកាស​ ច្រើន​ជាងគេ។ ដូចជា អាមេរិក ចិន សហភាពអឺរ៉ុប ឥណ្ឌា និង​រុស្ស៊ី​ជាដើម។ ដូច្នេះ ប្រទេស​ទាំងអស់​នេះ ហើយ ដែល​មាន​តួនាទី​កែ​លម្អ សកម្មភាព​ឧស្សាហកម្ម​របស់​ខ្លួន កុំឲ្យ​បញ្ចេញ​ផ្សែង​ពុល​ ច្រើន​ពេក។

មួយ​វិញ​ទៀត ស្ថិត​ក្នុង​ក្របខណ្ឌ​ នៃ​សន្និសីទ​ស្តីពី​អាកាសធាតុ​ដែរ ប្រទេស​ធំៗ​ទាំង​អស់ ត្រូវ​ស្វែង​រក ថវិកា ឲ្យ​បាន ១០០ ពាន់ លានដុល្លា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ ទាំង​អស់ ក្នុង​ការ​ការពារ​បរិស្ថាន ព្រៃឈើ និង​ធនធាន​ធម្មជាតិ ដើម្បី​រក្សា​តុល្យភាព​កំដៅ​ផែនដី កុំឲ្យ​កើនឡើង​ខ្លាំងទៀត។ ពិភពលោក​ សល់​ពេល​មួយ​ឆ្នាំ ក្នុង​ការ​ចរចា​គ្នា មុននឹង​ជួប​គ្នា​ ផ្តាច់​ព្រាត់​នៅ ក្រុង​ប៉ារីស នា​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៥ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ