អានតួអត្ថបទ
បារាំង-បរិស្ថាន

សន្និសីទ​បរិស្ថាន​បារាំង ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​អាប់អួរ

សន្និសិទ​បរិស្ថាន​ បាន​ចាប់​បើក​ទ្វារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ប៉ារីស។ ​សន្និសីទ​បរិស្ថាន​នេះ ជា​ចំណែក​មួយ​នៃ​កម្មវិធី​នយោបាយ​របស់​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ ដែល​បាន​សន្យា​តាំង​ពី​សម័យ​ឃោសនា​បោះឆ្នោត។ ជា​ជំនួប​ ប្រចាំ​ឆ្នាំ លើក​ទី​បី ប៉ុន្តែ​មាន​តម្លៃ​ខ្លាំង ព្រោះ​នៅ​សល់​តែ​មួយ​ឆ្នាំ​គត់​ទៀត​ប៉ុណ្ណោះ បារាំង​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​សន្និសីទ​អន្តរជាតិ​។

លោក​​ប្រធានាធីបតី​បារាំង​ ហ្រ្វង់ស័រ ហូឡង់ ថ្លែងសន្ទរកថា ក្នុង​ឱកាស​បើក​​សន្និសីទ​ក្រុងប៉ារីស ស្តីពីបរិស្ថាន ថ្ងៃ​ ២៧ វិច្ឆិកា ២០១៤
លោក​​ប្រធានាធីបតី​បារាំង​ ហ្រ្វង់ស័រ ហូឡង់ ថ្លែងសន្ទរកថា ក្នុង​ឱកាស​បើក​​សន្និសីទ​ក្រុងប៉ារីស ស្តីពីបរិស្ថាន ថ្ងៃ​ ២៧ វិច្ឆិកា ២០១៤ MICHEL EULER / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​ពី​ថ្ងៃ​នេះ ជំនួប​ប្រចាំ​ឆ្នាំ ស្តី​ពី​បរិស្ថាន​ មាន​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​ ចង់​ធ្វើ​ឱ្យ​ ​បារាំង​ក្លាយ​ជា​ប្រទេស​ដែល​មាន​បរិស្ថាន​ប្រសើរ​បំផុត។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​នេះ ការ​ជួប​ជុំ​ក្រុម​អ្នក​បរិស្ថាន​​ បាន​ក្លាយ​​ទៅ​ជា​សមរភូមិ រិះគន់​ ងងក់​ដាក់​គ្នា ពី​សំណាក់​ភាគី ពាក់ព័ន្ធ​ ​ដែល​ទាមទារ​លទ្ធផល​ជាក់​ស្តែង មិន​មែន​ត្រឹម​តែ​ជា​​ពាក្យ​ថ្លែងក្នុង​សុន្ទរកថា ពិរោះ​ត្រចៀក​ប៉ុណ្ណោះ​ទេ។

នា​​ឱកាស​នេះ ប្រធានបទ​បី​នឹង​ត្រូវ​លើក​​មក​ជជែក​​ពិភាក្សា ៖​ អាកាសធាតុ​និង​ជីវៈចម្រុះ - មធ្យោបាយ​ធ្វើ​ដំណើរ ​ចំណែក​ប្រធានបទ​ដែល​សំខាន់ និង​បន្ទាន់​​ជាង​គេ សម្រាប់​ចក្ខុ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បារាំង គឺ​​​សុខភាព។ រដ្ឋមន្ត្រី សមាជិក​សភា អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន សហជីព ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​ផែនទី​ចង្អុល​ផ្លូវ​ សម្រាប់​ទុក​​ឱ្យ​រដ្ឋាភិបាល​ត្រួសត្រាយ​ក្នុង​ពេល​មួយឆ្នាំ​ខាង​មុខ។

 
សន្និសីទ​ស្តី​ពី​បរិស្ថាន​នេះ ត្រូវ​បើក​ជា​បន្ត​បន្ទាប់​គ្នា​។ ក្រោយ​ប៉ារីស នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នឹង​មាន​សន្និសីទ​ស្តី​ពី​អាកាស​ធាតុ​នៅ​ទីក្រុង​លីម៉ា។ មួយ​ឆ្នាំ​ទៀត ពោល​គឺ​នៅចុង​ឆ្នាំ ២០១៥​ ក្រុង​ប៉ារីស​ត្រូវ​ទទួល​រៀប​ចំ​​​​សន្និសីទ​​​អង្គការ​សហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ ដែល​ជា​ឱកាស​ចុងក្រោយ​ក្នុង​ការ​ស្វែង​រក​ឱ្យ​ឃើញ​កិច្ចព្រមព្រៀង​ច្បាស់​លាស់ មក​បន្ត​ពិធីសារ​ក្យូតូ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​កម្តៅ​នៃ​ភព​ផែនដី ដោយកំរិត​ការ​បញ្ចេញ​ផ្សែង​ពុល​-​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ដូច្នេះ​សន្និសីទ​ថ្ងៃ​នេះ មាន​តម្លៃ​ជា​និមិត្តរូប​ខ្លាំង​ណាស់ ! បារាំង​ចង់​បង្ហាញ​អំពី​សមត្ថភាព​ ជា​គំរូ​ក្នុង​​វិស័យ​ការពារ​បរិស្ថា​ន​ ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ ត្រង់​ចំណុច​នេះ បារាំង​អាច​ទុក​ចិត្ត​បាន ប៉ុន្តែ​នៅ​មាន​សំណុំ​រឿង​ជា​ច្រើន​ដែលបាន​ចូល​បំពុល​បរិយាកាស​សន្និសីទ មាន​ជា​អាទិ៍​រឿង​អាស្រូវ​អ្នក​បរិស្ថាន​ស្លាប់​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​ទឹក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ សំណុំ​រឿង​អេកូតាក់​ យក​ពន្ធ​លើ​រថយន្តដឹក​ជញ្ជូន​​ធុន​ធ្ងន់​ ជាប់​គាំង ការ​បិទមជ្ឈមណ្ឌល​នុយក្លេអ៊ែរដ៏​ចំណាស់​មួយ​របស់​បារាំង​មិន​ត្រូវ​បាន​បញ្ជាក់ ... អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​សម្រេច​ធ្វើ​ពហិការ​មិន​ចូល​ពិភាក្សា​ក្នុង​សន្និសីទ​ជុំ​វិញ​ប្រធានបទ​បរិស្ថាន​និង​មធ្យោបាយ​ធ្វើ​ដំណើរ។ ភាគី​ចូល​រួម​ហាក់​ដូច​ជា​បង្ហាញ​ភាព​សង្ស័យ​ច្រើន​លើ​កម្មវត្ថុ​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ