អានតួអត្ថបទ
ប៉េរូ

សន្និសីទ​អាកាសធាតុ​នៅ​លីម៉ា​ផលិត​ចេញ​បាន​ត្រឹម​កិច្ចព្រមព្រៀង​គោល

បន្ទាប់ពី​ពន្យារពេល​ពិភាក្សាបន្ថែម ​រយៈពេល ៣០​ម៉ោង សន្និសីទ​អាកាសធាតុ​​នៅ​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ បាន​បង្កើត​​ចេញ​ នូវ​កិច្ច​ព្រមព្រៀង​គោល​មួយ ដែល​គ្រប់​អ្នកតំណាង​ប្រទេស​ចំនួន​១៩៥​ អះអាងថា អាច​ទទួល​យកបាន នៅថ្ងៃ​អាទិត្យ​ទី ១៤ ធ្នូ។ ប៉ុន្តែ ក្រុមអង្គការ​ការពារ​បរិស្ថាន​វាយតម្លៃ​ថា អត្ថបទកិច្ច​ព្រមព្រៀង​គ្មាន​ប្រសិទ្ធិភាព ព្រោះ​វា​មិន​បាន​តម្រូវចាប់បង្ខំ​​​ក្រុម​ប្រទេស​បញ្ចេញ​ឧស្ម័នពុល ​ឲ្យទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់ខ្លួន។​

© REUTERS/Enrique Castro-Mendivil
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ជួប​ពិភាក្សា​គ្នា​រយៈពេល​១០​ ថ្ងៃ និង​បូកបន្ថែម ៣០​ម៉ោង​ដោយសារ​តែ​ជំហរ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុមប្រទេស​ខាងជើង និង​ក្រុមប្រទេស​នៅ​ខាងត្បូង​នៃ​ផែនដី នៅ​ទីបំផុត ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​បាន​យល់ព្រមព្រៀង​គ្នា ទៅលើ​កម្រិត​នៃ​ការចូលរួម​របស់ប្រទេស​នីមួយៗ ដើម្បី​​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។ ជា​កិច្ច​ព្រមព្រៀង​​​ដែល​កើតចេញ​ពីការពិភាក្សា​ក្នុង​ពេល​ដ៏​ប្រថុចញ៉ុច​មួយ។

 
​តាំងពី​ថ្ងៃ​បើក​សន្និសីទ​អាកាសធាតុ មតិ​ខ្វែង​គំនិត​គ្នា​បាន​កើតមាន​ជាហូរហែ​រវាង​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​អ្នកមាន នៅ​ខាងជើង​ផែនដី និង​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ប្រទេស​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ផែនដី។ ក្រុមប្រទេស​នៅ​ខាងត្បូង បាន​ទម្លាក់​កំហុស​ទៅលើ​ប្រទេស​អភិវឌ្ឍ​ ឬ​ប្រទេស​ឧស្សាហកម្ម​ថា​ ជាអ្នកបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនជាងគេ។ ដូច្នេះ គេ​ទាមទារ​ឲ្យ​ក្រុមប្រទេស​អ្នកមាន​ជាអ្នក​ត្រូវ​កាត់បន្ថយ​ឧស្ម័ន​ពុល​ច្រើនជាងគេ និង​ត្រូវ​ផ្តល់​ថវិកា​ដល់​ប្រទេស​ក្រីក្រ​ផ្សេងទៀត ដែល​កំពុង​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់។ សម្រាប់ក្រុមប្រទេស​អ្នកមាន ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ចិន និង​ឥណ្ឌា ជាជើងឯក​បញ្ចេញ​ឧស្ម័ន​ពុល លេខ១ និង​លេខ​៤ ក្នុង​លំដាប់​ពិភពលោក។

ក្រុមប្រទេស​ខាងត្បូង​បាន​ទាមទារ​ផងដែរ​ឲ្យ​គេ​ចាត់ថ្នាក់ ​សកម្មភាព​ទប់ស្កាត់​​កុំ​ឲ្យ​មានការឡើង​កំដៅ​នៃ​ភពផែនដី ចូល​ទៅក្នុង​ការចូលរួម​វិភាគទាន​ថ្នាក់ជាតិ។ ក្រុមប្រទេស​ខាងត្បូង ដែល​មិនមែន​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន ដូចយ៉ាង​នៅ​អាហ្វ្រិក នៅ​អាស៊ី ឬ​នៅ​អាមេរិកឡាទីន​ជាដើម ​បាន​ទាមទារ​យ៉ាង​ដូច្នេះ ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​អាច​ទទួល​បាន​កញ្ចប់​ជំនួយ​អន្តរជាតិ​សម្រាប់​សកម្មភាព​ថ្នាក់ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ក្រុម​ប្រទេស​ខាងត្បូង​ធ្លាប់​សង្ឃឹមទទួល​ប្រយោជន៍​ពី​កញ្ចប់​ថវិកា​១០០​ពាន់​លាន​ដុល្លារ ដែល​គេ​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​សន្និសីទ​ ​ក្នុង​ប្រទេស​ដាណឺម៉ាក ឆ្នាំ ២០០៩។ ប៉ុន្តែ ថវិកាដែល​នឹង​ត្រូវ​ផ្តល់​នៅ​ឆ្នាំ ២០២០​ ដល់​ប្រទេស​ដែល​សន្យា​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ពុល រហូត​មក​ដល់​ពេលនេះ នៅ​ស្ថិតនៅ​ក្នុង​​ក្តី​ស្រមៃ​នៅ​ឡើយ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនៅ​ទីក្រុង​លីម៉ា ក្នុង​ប្រទេស​ប៉េរូ គ្រាន់តែ​ជាកិច្ច​ព្រមព្រៀង ​គោល ដែល​គេ​នឹង​​លើក​យក​ទៅពិភាក្សា​លម្អិត​បន្ថែម ដើម្បី​អាច​ផលិត​ចេញ​ជា​កិច្ច​ព្រមព្រៀង​​សាច់ការ​ នៅក្នុង សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស នៅ​ខែធ្នូ ឆ្នាំ។ ក្នុង​រយៈ​ពេល​រង់ចាំ កិច្ច​ព្រមព្រៀង​ដ៏​មាន​មហិច្ឆតា នៅ​ឆ្នាំ ២០១៥ ក្រុម​អ្នកតំណាង​​ប្រទេស​ទាំង​១៩៥​បានសុខ​ចិត្ត​​​សន្យា​​រៀបចំកម្មវិធី​​នយោបាយ​​ថ្នាក់ជាតិ ដើម្បី​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ឡើង​កំដៅ​ភពផែនដី។ កម្មវិធី​នយោបាយ​ជាតិ​របស់​ប្រទេស​នីមួយៗ​ នឹង​ត្រូវ​លើក​យក​ទៅ​បង្ហាញ នៅក្នុង​សន្និសីទ ក្នុង​ទីក្រុង​ប៉ារីស ដែល​គេនឹង​ផ្តោតក្តី​សង្ឃឹមសា​ជាថ្មី​​ថា នឹង​អាច​ចូលរួម​កុំ​ឲ្យ​កំដៅ​ភព​ផែនដីឡើង​ខ្ពស់​ជាង ២​អង្សាសេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ