អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​និង​ម្ចាស់ជំនួយ​ជួបប្រជុំ ខណៈ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

កិច្ចប្រជុំ លើក​ទី​១៩ នៃ​គណៈកម្មាធិការ​សម្របសម្រួល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ដែល​តំណាង​ឲ្យ​ប្រទេស​អ្នកផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៦​ខែកញ្ញា​នេះ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ជិត​វត្តភ្នំ​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា និង​អនុម័ត លើ​សូចនាករ​តាមដាន​រួមគ្នា ដើម្បី​ធានា និង​បង្កើន​ប្រសិទ្ធភាព នៃ​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ​។ នៅក្រៅ​កិច្ចប្រជុំ​ឯណោះ​វិញ នៅ​ព្រឹក​ថ្ងៃពុធ​នេះ ក្រុម​ពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា ក៏​បាន​ប្រមូលផ្តុំ លើក​បដា និង​ស្រែក​តវ៉ា​រឿង​ដីធ្លី​។ រីឯ​ក្រុម​ពលរដ្ឋ ជា​អតីត​អ្នកភូមិ​សំបុកចាប ក៏​បាន​ប្រមូលផ្តុំ​តវ៉ា នៅមុខ​សាលាក្រុង​ភ្នំពេញ ប្រឆាំង​នឹង​រុះរើ​ផ្ទះ​ពី​សហគមន៍​ភូមិ​អណ្តូង ដែល​ស្ថិតនៅ​ជាយក្រុង​។​

បាតុកម្ម​តវ៉ា​រឿងដីធ្លី នៅពីមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា (CDC) ថ្ងៃពុធ ២៦ កញ្ញា ២០១២
បាតុកម្ម​តវ៉ា​រឿងដីធ្លី នៅពីមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា (CDC) ថ្ងៃពុធ ២៦ កញ្ញា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ជួបប្រជុំ​នឹង​ដៃគូ​អភិវឌ្ឍន៍ ជា​តំណាង​ប្រទេស​ម្ចាស់​ជំនួយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦​កញ្ញា​នេះ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជិត​វត្តភ្នំ​។

​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើង​ថា កិច្ចការ​សំខាន់ ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេលនេះ គឺ​ការអនុម័ត​លើ​សូចនាករ​តាមដាន​រួមគ្នា (JMI)​។ សូចនាករ​នោះ ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ចាប់តាំ​ង​ពី​ឆ្នាំ​២០០៤ ហើយ​បាន​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព មិន​ត្រឹមតែ​សម្រាប់​រំលេច​ពី​ការប្រឹងប្រែង​រួមគ្នា ទាំង​ធនធាន និង​ទាំង​បច្ចេកទេស ដើម្បី​ឈាន​ទៅ​សម្រេចបាន​លទ្ធផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូចនាករ​តាមដាន​រួមគ្នា​នោះ គឺជា​ក្របខ័ណ្ឌ សម្រាប់​ឆ្លុះបញ្ចាំង និង​សម្រាប់​ពិចារណា​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ធានា និង​បង្កើន​ប្រសិទ្ធភាព នៃ​ភាព​ជា​ដៃគូ​។​

​លោក គាត ឈ​ន់ បាន​បន្ថែមថា សូចនាករ​តាមដាន​រួមគ្នា ដែល​បាន​ពិភាក្សា​ជា​ច្រើនលើក​នោះ បាន​តម្រូវ​ឲ្យមាន​តម្លាភាព​ក្នុង​ការប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ ទាំង​របស់​រាជរដ្ឋាភិបាល ទាំង​ពី​ប្រភព​ហិរញ្ញប្បទាន​របស់​ដៃគូ​អភិវឌ្ឍន៍ និង​តម្រូវឲ្យ​មាន​លទ្ធផល​ជាក់ស្ដែង​ក្នុង​ការអនុវត្តន៍​ការប្ដេជ្ញា​នានា​របស់​ខ្លួន​។​

​មន្ត្រី​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ នៅពេលនេះ ក៏​ត្រូវ​ពិភាក្សា​ផងដែរ អំពី​ដំណើរការ​រៀបចំ​ឯកសា​រគោល​នយោបាយ​ចំនួន ២ ដែល​ជា​ស្នូល នៃ​ការងារ​ភាព​ជា​ដៃគូ​។ ឯកសារ​គោលនយោបាយ​ទីមួយ គឺជា​ឯកសារ​ស្ដីពី “​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤-២០១៨” ដែល​ត្រូវ​ចាប់ផ្ដើម​រៀបចំ នា​ឆ្នាំ​២០១៣​។ ឯកសារ​គោលនយោបាយ​ទី​២ គឺ “យុទ្ធសាស្ដ្រ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាព​ជា​ដៃគូ​”​។​

​ក្នុង​កិច្ចប្រជុំ លោកស្រី អា​ណែ​ត ឌី​ក​សុន (Annette Dixon) នាយក​ធនាគារពិភពលោក ប្រចាំ​កម្ពុជា ដែល​តំណាងឲ្យ​ដៃគូ​អភិវឌ្ឍ​ន៍ អ្នកផ្តល់​ជំនួយ បាន​លើកឡើង​ថា ដើម្បី​ក្លាយជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម កម្ពុជា​ត្រូវធ្វើ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ថ្មី មាន​ភាពបត់បែន ដើម្បី​ឲ្យ​ផលពី​កិច្ច​អភិវឌ្ឍនានា បាន​កាន់តែ​ច្រើនឡើង កំណែទម្រង់​ក្នុង​ការផ្ដល់​សេវាសាធារណ​នានា​កាន់តែ​លឿន កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ហើយ​ប្រជាជន​កាន់តែ​ច្រើន​បាន​ទទួល​ផល ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ការងារ​។

​តំណាង​ប្រទេស​ផ្តល់ជំនួយ ក៏បាន​លើកឡើង​នូវ​យោបល់​ចំនួន ៥ ចំណុច សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ពិចារណា រួមមាន​៖ ការ​រៀបរៀង​តាក់តែង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ គួរ​មាន​ការចូលរួម​ឲ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ភាពស៊ីសង្វាក់​គ្នា​រវាង ក្រសួង​-​ស្ថាប័ន និង​ភាគី​នានា ដែល​ពាក់ព័ន្ធ​នឹង​កិច្ចអភិវឌ្ឍន៍ ការបង្កើន​ល្បឿន​កំណែទម្រង់​ក្នុង​ការផ្ដល់​សេវា​សាធារណៈ​នានា ឲ្យ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​ប្រជាពលរដ្ឋ និង​ធានា​ថា ផល​នៃ​កិច្ច​អភិវឌ្ឍ​ត្រូវបាន​បែងចែក ជូន​ប្រជាជន​ទាំងអស់ និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ជាដើម​។​

​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាតិ​-​អន្តរជាតិ​ជាង ១០០ ស្ថាប័ន បាន​ជួបប្រជុំ និង​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម លើកឡើង​ពី​ក្តីបារម្ភ​ជុំវិញ​បញ្ហាដីធ្លី ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​កំណែទម្រង់​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ជាដើម​។ ក្តីបារម្ភ​ទាំងនោះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល ដាក់ជូន​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បរទេស និង​រដ្ឋាភិបាល ដើម្បី​បញ្ចូល​ក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​កិច្ចប្រជុំ គណៈកម្មាធិការ​សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល GDCC នា​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ដោយឡែក​នៅ​ក្រៅ​របង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ព្រឹក​មិញ ក្រុម​ពលរដ្ឋ​បឹងកក់ និង​អ្នក​រស់នៅ​បុរី​កីឡា បាន​ប្រមូលផ្តុំ​តវ៉ា អំពី​បញ្ហា​ដីធ្លី ព្រមទាំង​ទាមទារ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ អន្តរាគមន៍ ដោះស្រាយ​រឿង​ដី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់ និង​ស្ត្រី​បុរី​កីឡា​ម្នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ​។​

​ដោយឡែក​ក្រុម​ពលរដ្ឋ ជា​អតីត​អ្នកភូមិ​សំបុកចាប ក៏​បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ នៅ​ព្រឹក​មិញ ដើម្បី​ប្រឆាំង​នឹង​ការរុះរើ​ផ្ទះ ពី​សហគមន៍​ភូមិ​អណ្តូង ដែល​ស្ថិតនៅ​ជាយក្រុង​។ អតីត​អ្នកភូមិ​សំបុក​ចាប ១៩ គ្រួសារ ស្នើសុំ​រស់នៅ​សហគមន៍​ភូមិ​អណ្តូង​ដដែល បន្ទាប់ពី​ពួកគេ រួម​នឹង​ពលរដ្ឋ​ក្រីក្រ​ជាង ១.០០០ គ្រួសារ​ផ្សេង​ទៀត ត្រូវបាន​អាជ្ញាធរ​ក្រុង រុះរើ​លំនៅដ្ឋាន​ទាំង​បង្ខំ ចេញ​ពី​អតីត​សហគមន៍​ភូមិ​សំបុក​ចាប នៅ​ជិត​រដ្ឋសភា និង​បញ្ជូន​​ឲ្យទៅ​រស់នៅ​ក្នុង​សហគមន៍​ភូមិ​អណ្តូង កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០០៦៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ