អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

រលាក​ថ្លើម​ប្រភេទ​ C ៖ រក​ឃើញ​ថ្នាំ​ថ្មី​មាន​ប្រសិទ្ធភាព​៩០%​ តែ​តម្លៃ​កប់​ពពក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​​ជំងឺ​​រលាក​ថ្លើម​ប្រភេទ​ C ស្ទើរ​តែ​ទាំង​អស់ (សរុប​ប្រមាណ​ជិត ១៨៥​លាន​នាក់) នៅ​លើ​ពិភពលោក មិន​បាន​ឬ​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​ទេ នេះ​បើ​តាម​ការ​បរិហារ​របស់​អង្គកា​រ​សហប្រជាជាតិ​ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បើក​ទូលាយ​​ផ្នែក​ព្យាបាល​ និង​បញ្ចុះ​តម្លៃ​ថ្នាំ​ដ៏​ខ្ពស់​កប់​ពពក។ ថ្នាំ​រក​ឃើញ​ថ្មី មាន​ប្រសិទ្ធិភាព​ដល់​ទៅ​៩០% ប៉ុន្តែ​មាន​តម្លៃ​កប់​ពពក។ ហេតុ​អ្វី​បាន​ការព្យាបាល​ជំងឺ​នេះ​មាន​តម្លៃ​ខ្ពស់​ខ្លាំង ?

មាន​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ជំនាន់​ថ្មី​មាន​ប្រសិទ្ធិភាព​ខ្លាំង តែ​តម្លៃ​ខ្ពស់​កប់​ពពក
មាន​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ជំនាន់​ថ្មី​មាន​ប្រសិទ្ធិភាព​ខ្លាំង តែ​តម្លៃ​ខ្ពស់​កប់​ពពក Getty Images/ ERproductions Ltd
ផ្សាយពាណិជ្ជកម្ម

សព្វ​ថ្ងៃ​នេះ តម្លៃ​ព្យាបាល​ជំងឺ​​រលាក​ថ្លើម​ប្រភេទ​C ថ្លៃ​ជ្រុល​ហួស​ហេតុ ហួស​សមត្ថភាព​អ្នក​របស់​ជំងឺមួយ​ភាគ​ធំ។ នេះ​បើ​តាម​ការ​ទីប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ សប្បុរជន​ សង្គម​ស៊ីវិល​ និង​ឧស្សហកម្ម​ឧសថ​ សហការ​គ្នា​ ស្វែង​រក​ដំណោះស្រាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ព្យាបាល​ជំងឺ​នេះ អាច​ផ្តល់​ជូន​ដល់​បណ្តាជន​​អ្នក​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ​គ្រប់ៗ​រូប។

 
ប្រទេស​ដែល​មាន​អត្រា​អ្នក​កើតជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក គឺប្រទេស​អេហ្ស៊ីប (ជាង​១០%​នៃ​ប្រជាជន​សរុប) ប្រទេស​ប៉ាគីស្ថាន ៤,៨% ចិន ៣,២%។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក OMS ដែល​បាន​បញ្ជាក់​ជា​ថ្មី​នៅ​សប្តាហ៍​នេះ​ថា ស្ថិតិ​នៃ​អត្រា​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​លើ​លោក មាន​តិច​តួច​ណាស់ ប៉ុន្តែ​អ្នក​ឯកទេស​យល់​ថា​ជា​តួលេខ​ដែល​មិន​អាច​យក​ជា​ការណ៍​បាន​។ ហេតុ​អ្វី ? ព្រោះ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​​មេរោគ​។ អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ មួយ​ភាគធំ គ្មាន​រោគ​សញ្ញា​។

តើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ជា​អ្វី ? ជំងឺរ​លាក​ថ្លើម​​ប្រភេទ​នេះ​បង្ក​ឡើង​ដោយ​​វីរ៉ុស​ VHC ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ ម្នាក់​ទៀត តាម​រយៈ​ឈាម​។ នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ មាន​មនុស្ស​១៨៥​លាន​នាក់ រស់​ជាមួយ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ ប្រឈម​នឹង​គ្រោះ​ធ្លាក់​ខ្លួន​កើត​ជំងឺ​មហារីក​ថ្លើម និង​ជំងឺ​ក្រិន​ថ្លើម។ យោង​តាម​តួលេខ​អង្គការ​សុខភាព​ពិភពលោក អ្នក​ជំងឺ​ចំនួន​ ៣៥០០០០នាក់​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ ដោយ​មេរោគ ឬ​ដោយ​ផលវិបាក​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ។

ការព្យាបាល​មាន​តម្លៃ​ខ្ពស់ ! ថ្លៃ​រហូត​មានអ្នក​ជំងឺ​តិច​តួច​បំផុត​ហ៊ាន​ចំណាយ​ថវិកា​ព្យាបាល​​ខ្លួន។ នេះ​មិន​រាប់​អំពី​រយៈ​ពេល​ និង​ផលវិបាក​ពេល​កំពុង​ព្យាបាល ដែល​មាន​ទាមទារ​ការ​តាំង​ចិត្ត​ខ្លាំង​របស់​អ្នក​ជំងឺ​ផង។ នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប អង្គការ​សុខភាព​ពិភពលោក​រាប់​ឃើញ​ថា មាន​អ្នក​ជំងឺ​តែ​ប្រមាណ​ពី ២​ទៅ​៣​ភាគ​រយ​ប៉ុណ្ណោះ​បាន​ទទួល​ការ​ព្យាបាល​ ហើយ​នៅ​ប្រទេស​បារាំង ដោយ​មាន​ប្រព័ន្ធ​ធានា​រ៉ាប់​រង​សុខភាពល្អ មាន​អ្នក​ជំងឺ​ដល់​ទៅ​ ៦%​បាន​ទទួល​ព្យាបាល។​  

ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ គ្មាន​ថ្នាំ​ការពារ ថ្នាំ​វ៉ាក់សាំង ចាក់​បង្ក​ដូច​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ អា ឬ​បេ មែន ប៉ុន្តែ​ជា​សំណាង​ល្អ ជំងឺ​ប្រភេទ​នេះ​អាច​ព្យាបាល​ជា។ ថ្នាំ​ទំនើប​ជំនាន់​ចុង​ក្រោយ​ អាច​​ព្យាបាល​ ជា​សះ​ស្បើយ​ ក្នុង​កំរិត​​ខ្ពស់​បំផុត​ ពោល​គឺ​មាន​​ប្រសិទ្ធិភាព​ឡើង​ដល់​ ៩០% ​បើ​ប្រៀប​ទៅ​នឹង​ថ្នាំ​ជំនាន់​មុន​ ដែល​មាន​ប្រសិទ្ធិភាព​ត្រឹម ពី ៥០ ទៅ​៦០%។ ប៉ុន្តែ​អ្វីដែល​ជា​ការ​រំខាន​ ក្នុងការព្យាបាល​ គឺ​តម្លៃ។ តម្លៃ​ដែល​អង្គការ​សុខភាព​ពិភពលោក គិត​ថា​ថ្លៃ​ជ្រុល​ហួស​ហេតុ មិន​មែន​សម្រាប់​តែ​បណ្តា​ជន​ខ្មែរ ឬ​បណ្តាជន​ក្នុង​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត​ទេ សូម្បី​តែ​ប្រទេស​អ្នក​មាន​ក៏​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ សេ ត្រូវ​បាន​គេ​ចាត់​ទុក និង​ទទួល​ស្គាល់​ថា​ជា​ថ្នាំ​ថ្លៃ​ស្ទើរ​ខ្ពស់​ជាង​គេ​បំផុត​បន្ទាប់​ពី​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ តើ​ការ​តម្លៃ​ខ្ពស់​ខ្លាំង​នេះ មាន​ទំនាក់​ទំនង​នឹង​ប្រសិទ្ធិភាព​ថ្នាំ​ឬ​យ៉ាងណា ?

បើតាម​ប្រសាសន៍​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Jean Michel Pawlotsky នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ នៅ​សកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ ​Henri Mondor​ ប្រទេស​បារាំង មាន​ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​គួរ​កត់​សម្គាល់​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ដែល​ពី​មុន​គេ​ត្រូវ​ការ​ចាក់​ថ្នាំ​ អាំង​ទែហ្វេរ៉ុង រាប់​អាទិត្យ ពី​២៤ ទៅ​៤៨​អាទិត្យ ឬ​ពី​៦​ខែ​ទៅ​មួយ​ឆ្នាំ ដោយ​ត្រូវ​ទៅ​ពេទ្យចាក់​ជា​រៀង​រាល់​អាទិត្យ មាន​ផលរំខានធ្ងន់ធ្ងរ​ខ្លាំង​​ស្ទើរ​ទ្រាំ​មិន​បាន

ប៉ុន្តែ​ពេល​នេះ ជាមួយ​ថ្នាំ​ថ្មី គេ​លែង​ត្រូវ​ការ​ចាក់ម្ជុល​​ទៀត​ហើយ គឺ​ជា​ថ្នាំ លេប សម្រាប់​រយៈ​ពេល​១២​អាទិត្យ ប៉ុណ្ណោះ ហើយ​ប្រសិទ្ធិភាព​ថ្នាំ​នេះ ឡើង​ដល់​៩០%។ ជា​ការ​ជឿន​លឿន​គួរ​ឱ្យកោត​សរសើរ និង​កត់​សម្គាល់​ ប៉ុន្តែ​ការ​វិវឌ្ឍន៍​នេះ​អប​ដោយ​តម្លៃ​ក៏​កប់​ពពក​ទៅ​តាម​នោះ​ដែរ (៨០០​អឺរ៉ូ​មួយបន្ទះ) គេ​ត្រូវ​ចំណាយ​អស់​ប្រមាណជាង​​៨​ម៉ឺន​អឺរ៉ូ​ សម្រាប់​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ជំនាន់​ចុងក្រោយ​នេះ។

តើ​ថ្នាំ​ពិត​ជា​ថ្លៃ​ជ្រុល​ឬ ? តម្លៃ​ដើម​នៃ​ថ្នាំ​នេះ​មាន​លក្ខណៈ​ថ្លៃ​ស្រាប់​មិន​ធ្លាប់មាន​ទៅ​ហើយ (ប្រមាណ​ពី ៦៨​ទៅ ១៣៦​ដុល្លារ​ ក្នុង​មួយ​បន្ទះ) បូក​ផ្សំ​នឹង​ប្រសិទ្ធភាព​ខ្ពស់​ទៀត អាច​បញ្ជៀស​ករណី​ក្រិន​ថ្លើម ឬ​បន្សាំ​ថ្លើម ដែល​ថ្លៃ​ខ្លាំង​​បាន ដូច្នេះ ក្រុមហ៊ុន​ផលិត​ឪសថ​ ពិត​ជា​មាន​លេស និង​ហេតុផល​គ្រប់​យ៉ាង​សម្រាប់រក្សា​តម្លៃ​ថ្នាំ​ឱ្យ​ខ្ពស់​ដដែល។ ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុនផលិត​​ថ្នាំនេះ ខ្លះមាន​លេង​ភាគ​ហ៊ុន​ក្នុង​ទីផ្សារ​មូលប័ត្រ​ទៀត​ ក្នុង​ករណី​ជាក់ស្តែង​ក្រុមហ៊ុន​ផលិត​ថ្នាំ​រលាក​ថ្លើម​ប្រភេទ​សេ ជំនាន់​ក្រោយ​នេះ បាន​ទិញ​ភាគហ៊ុន តម្លៃ​ដល់​ទៅ ជាង​៨ពាន់​លាន​អឺរ៉ូ​ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ការ​ចំណេញ​។ តម្លៃ​ក៏​ត្រូវ​តែនៅ​ខ្ពស់។ ប្រទេស​អេហ្ស៊ីប​ដែល​មាន​​អត្រា​អ្នកកើត​ជំងឺ​រលាក​ថ្លើម​ខ្លាំង​ជាង​​នៅលើ​ពិភពលោក បានធ្វើ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ឱសថ​ Sofosbuvir បញ្ចុះ​តម្លៃ​ថ្នាំ​មក​ត្រឹម​តែ​​៩០០​ដុល្លារ​ក្នុងមួយបន្ទះ។

ដើម្បី​អាច​បញ្ចុះ​តម្លៃ​ថ្នាំ​ព្យាបាល​ សម្រាប់​អ្នក​ឯកទេស​អង្គការ​សុខភាព​ពិភពលោក គឺ​មាន​តែ​ពង្រីក​ការ​ប្រើប្រាស់​ថ្នាំ ឱ្យ​បាន​ទូលំទូលាយ​បំផុត តាម​រយៈ​នយោបាយ​ជាតិ និង​ការ​បង្កើត​យុទ្ធសាស្ត្រ​​ពិភពលោក ដូច​ដែល​អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​ធ្វើ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេសដ៏​ ឬ​ស៊ីដា។ ក្នុង​ពេល​រង់ចាំ​នេះ អង្គកា​សុខភាព​ពិភពលោក សង្ឃឹម​ថា​នឹង​មាន​ថ្នាំ​ជំនាន់​ថ្មីៗ​ទៀត​មក​ប្រកួត​ប្រជែង​លើ​ទីផ្សារ និង​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​ អាច​ឱ្យ​អ្នក​ជំងឺ​គ្រប់រូប​អាច​ធ្វើ​ការ​ព្យាបាល​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ