អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

រោគសាស្ត្រ​ទាក់ទង​នឹង​ការបន្ទោរបង់ និង​បង្គន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កខ្វក់ ប្រើ​ច្របូក​ច្របល់​គ្នា​ ក្លិន​អាក្រក់ ​បង្គន់​ខ្វះ​អនាម័យ​​ គឺ​ជា​ចំណោទ​ដ៏​ធំ​មួយ​ក្នុង​សង្គម។ កង្វះអនាម័យ​ដែល​អាច​ផ្តល់​ផល​វិបាក​ច្រើន​ដល់​សុខភាព​​អ្នក​ប្រើប្រាស់​បង្គន់​កខ្វក់នោះ។ បើ​ជា​បង្គន់​​ (កន្ថោ) អង្គុយ កន្លែង​អង្គុយ​មិន​ស្អាត មាន​សល់ដក់​​ស្នាម​ ជាតិ​អំបិល ជាតិ​អាស៊ីត​នៃ​ទឹក​នោម ​នេះ​ជា​ប្រភព​នៃ​ការ​កកើត​បាក់តេរី។ តើ​ការ​បត់​ជើង​មិន​ត្រឹម​ត្រូវ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា ? បង្គន់​មិន​ស្អាត​អាច​ចម្លង​មេរោគ​អ្វី​ខ្លះ ?តើ​ការ​លាង​ដៃ​ក្រោយ​ពេល​ចេញ​ពី​បង្គន់​សំខាន់​កំរិត​ណា​ ?!សូម​អញ្ជើ់ញ​ស្តាប់​ការ​ពន្យល់​បំភ្លឺ​របស់​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត​ Professeur Gérard Amarenco, សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៅ សកលវិទ្យាល័យ​ Pierre et Marie Curie ក្រុង​ប៉ារីស។ 

Monsieur Toilettes នៅ​ក្នុង​ឧទ្យាន​បង្គន់​ ប្រទេសកូរ៉េខាង​ត្បូង
Monsieur Toilettes នៅ​ក្នុង​ឧទ្យាន​បង្គន់​ ប្រទេសកូរ៉េខាង​ត្បូង Frédéric Ojardias/RFI
ផ្សាយពាណិជ្ជកម្ម

គេ​ប៉ាន់​ប្រមាណ​ថា នៅ​លើ​ពិភពលោក​យើង​នេះ មាន​ប្រជាជន​ជាង​ពីរពាន់​លាន​នាក់​រស់​នៅ​ដោយ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ជា​ពិសេស​នៅ​តាម​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។ ហើយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បី​នាក់ គ្មាន​លទ្ធភាព​​ទៅ​បន្ទោរបង់​ក្នុង​​​បង្គន់​ស្អាត​​ត្រឹមត្រូវ។ ស្ថានភាព​បែប​នេះ អាច​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព ជាពិសេស​ទៅលើ​សរីរាង្គ។

តើ​អ្វី​ទៅ​ជា​ដំបូន្មាន​​នៅក្នុង​វិស័យ​នេះ ? តើ​របៀបបត់​ជើង​មួយ​ណា​ដែល​សម​ស្រប​បំផុត​ទៅ​នឹង​ក្បួន​អនាម័យ ? អ្វីទៅ​ជា​មូលហេតុ និង​ជា​ដំណោះស្រាយ​នៃ​ការ​ទល់​លាមក។ ទាំង​នេះ ជា​អ្វី​ដែល​លោក​អ្នក​នាង​បាន​ជ្រាប​តាម​រយៈ​បទ​អន្តរាគមន៍​របស់​លោក​សាស្ត្រាចារ្យ​ អាម៉ារេនកូ ដែល​ទើប​ចេញ​សៀវភៅ​មួយ​ មាន​ចំណង​ជើង “រោគា​នៃ​បង្គន់”។

RFI :ជំរាប​សួរ លោកសាស្ត្រាចារ្យ ! លោក បាន​ផ្តើម​ក្នុង​សៀវភៅ​របស់​លោក ដោយ​បង្ហាញ អំពី​ក្តី​ព្រួយ​បារម្ភ​ចំពោះការ​ប្រើប្រាស់​បង្គន់​របស់​​កុមារី នៅ​ពេល​ទៅ​សាលា​រៀន​។ ហេតុអ្វី?

Professeur Gérard Amarenco ៖ ជំរាបសួរ ! បង្គន់​នៅ​សាលា​ជា​បញ្ហា​ចោទ​ដ៏​ចំបង​ចំពោះ​សុខភាព​កុមារី ព្រោះ​ថា ជាទូទៅ​បង្គន់​សាលា​មិន​ស្អាត គ្មាន​អនាម័យ​គ្រប់​គ្រាន់​។ ដូច្នេះ​​ការ​បត់​ជើង​តូច ឬ​ជើង​ធំ​របស់​កុមារី​ទាំង​នោះ​ ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខខណ្ឌ​មិន​សមស្រប​ ហើយ​ប្រឈម​នឹង​គ្រោះ​ឆ្លង​មេរោគ​មួយ​ចំនួន​ទៀត។ ទៅ​បត់ជើង ដោយ​មិន​ហ៊ាន​អង្គុយ​ឱ្យ​ស្រួល​បួល​ មិន​អង្គុយ​ឱ្យ​ត្រូវ​ទំនង អាច​​នឹង​បង្ក​​ឱ្យ​មាន​វិបត្តិ​​ទឹក​នោម​នៅ​ថ្ងៃ​អនាគត។​ វិបត្តិ​ទឹក​នោម គឺ​ ការ​បញ្ចេញ​ទឹកនោម មិន​ត្រឹម​ត្រូវ មិន​​អស់​ពី​ប្លោក។ បើ​ដូច​ក្នុង​ករណី​ដែល​យើង​និយាយ​អំពី​កុមារី​វិញ ឥរិយាបថ​មិន​ទំនង​ក្នុង​ការ​បត់​ជើង​តូច​នេះ អាច​នឹង​ធ្វើឱ្យ​​ដំណើរការ​បញ្ចេញ​ចោល​ទឹក​នោម​មាន​សភាព​រអាក់រអួល​។ បត់​ជើង​តូច ឬ​ធំ ត្រឹម​ត្រូវ គឺ​​បញ្ចេញ​ទឹក​នោម​អស់រលីង​​ពី​ប្លោក ដោយ​មិន​ប្រឹង ដោយ​មិន​បង្ខំ​ ត្រូវ​បង្ហួរ​​​តាម​សម្រួល​រហូត​ដល់​អស់។ ប៉ុន្តែ​ប្រសិន​បើ​កុមារី​​ម្នាក់ ដោយ​មូលហេតុ​អនាម័យ ខ្លាច​ឆ្លង​មីក្រុប ឬ​ដោយ​ខ្លាច​ក្មេង​ប្រុស​លួច​មើល ហើយ​បង្ខំ​ចិត្ត​បត់​ជើងតូច​ក្នុង​ជំហរ​មិន​សម​ស្រប ឬ​ត្រូវ​បង្ខំ​នោម​លឿន​ៗ​ បត់​ជើង​មិន​អស់ គឺ​ស្ថានភាព​នេះ​ហើយ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​ថ្ងៃ​ក្រោយ។ ការ​បញ្ចេញ​ទឹកនោម​មិន​តាម​សម្រួល មិន​អស់​ពី​ប្លោក អាច​នឹង​មាន​ការ​បង្ក​រោគ​ឡើង​ ហើយ​បើ​ទម្លាប់ៗ​យូរៗ​ទៅ នឹង​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ដូចជា​អាច​មាន​បញ្ហា​ប្លោក​នោម ឬ រហូត​ដល់​ប្រព័ន្ធ​តំរង​នោម​ទៀត។

RFI : ដោយ​ហេតុ​ថា​ពេល​ខ្លះ​កុមារី​ត្រូវ​ឪពុក​ម្តាយ​ណែនាំ​ឱ្យ​ចេះ​ប្រឹង​ទប់​ មិន​ទៅ​បង្គន់​គគ្រិច ឬ​ពេល​ខ្លះ​​ដើម្បី​បង្ការ​ គួរ​តែ​ទៅប​ត់​ជើង​តូច​ជាមុន​ឱ្យ​ហើយ តើ​នេះ​ជា​គំនិត​ល្អ​ដែរ​ឬយ៉ាងណា?

Professeur Gérard Amarenco ៖ ទេ ! មិន​​​ល្អទេ ! យើង​ត្រូវ​ធ្វើ​តែ​កាលណា​ យើង​ចង់​តែ​ប៉ុណ្ណោះ។ បើ​ឈឺ​នោម ត្រូវ​ទៅ​នោម បើឈឺ​ជុះ​ត្រូវ​ទៅ​ជុះ ក្នុង​លក្ខខណ្ឌ​និង​កន្លែង​សមស្រប​។ ទៅ​បត់​ជើង​តូច​ឬ​ធំ​ដើម្បី​ការពារ​កុំ​ឱ្យ​ឈឺកណ្តាល​ផ្លូវ ជា​ការ​ការពារ​តាម​ផ្លូវ​សង្គម ប៉ុន្តែ​មិន​មែន​ជា​ការពារ​ក្នុង​ផ្នែក​សរីរវិទ្យា និង​វេជ្ជសាស្ត្រ​​ឡើយ។ បើ​ខំទប់​មិន​ទៅ​បត់ជើង​តូច នោះ​បន្តិច​ម្តងៗ ប្លោក​នោម​នឹង​រីក-​យា ធ្វើ​ឱ្យ​មាន​ការ​ពិបាក​បញ្ចេញ​ទឹកនោម​ឱ្យ​អស់​ពី​ប្លោក​។ ទឹកនោម​ ជា​ទឹក​សំណ​ល់​ ដែល​ត្រូវ​បញ្ចេញ​ចោល ប៉ុន្តែ​បើ​សល់​នៅ​​ក្នុង​ប្លោក​នោម​ក្រោយ​ពេល​បត់ជើង ត្រូវ​បាន​ចាត់ទុក​ថា​ជា​សំរាម និង​អាច​បង្ក​ជា​រោគ​ រលាក​ប្លោក បន្តិច​​​ម្តង​ៗ ម្តង​ហើយ​ម្តង​ទៀត​។ ផលវិបាក​ទី​ពីរ គឺ​ថា​បើ​កុមារី​ប្រឹង​ទប់ពេក នោះ​នឹង​មាន​ការ​លំបាក​ក្នុង​បញ្ចេញ​ទឹក​នោម​ ព្រោះ​ថា​នៅ​ពេលមាន​អារម្មណ៍​ឈឺនោម សន្ទះ​ប្លោក​នោម ចាប់​បើក តែ​គំនិត​ប្រឹង​ទប់ បែរ​ជា​ទៅ​ខ្ទាស់​មិន​ឱ្យ​ចេញ​ទៅ​វិញ។ កាយវិការ​ប្រឹង​បិទ ប្រឹង​ទប់​នេះ អាច​នឹង​ធ្វើ​ឱ្យ​ទឹក​នោម​ច្រាល់​ចេញ​ពី​ថង់ ពី​ប្លោក ទៅ​តំរង​នោម​ ដែល​ធ្វើ​ខូច​គុណភាព​​​តំរងនោម​។

ចំពោះ​ការ​បត់​ជើង​ធំ​វិញក៏ដូច​គ្នា​ ! យើង​ទៅ​បន្ទោរបង់លាមក​ គឺដូច​ពាក្យ​លេប​ខាយ​ខ្មែរ គឺ​​ដើម្បី​ដោះទុក្ខ​សត្វ។ ដូច្នេះ​ត្រូវ​បណ្តោយ​លាមក​ចេញ​មក​តាម​សម្រួល ៖ នៅ​ពេលឈឺ​ជុះ ​ថង់​លាមកចាប់​ផ្តើម​កន្ទ្រាក់​ ទ្វារ​​លាមកក៏​បើក​ ​ បញ្ចេញ​ដុំ​លាមក​ក្រៅតាម​ទ្វារធំ។ ប្រសិន​បើ​កុមារី ឬ​កុមារា ឬ​មនុស្ស​ធំក៏​ដោយ​ ចាស់​ក៏​ដោយ​ ដោយ​មូលហេតុ​ណាមួយ ខំ​ទៅ​ប្រឹង​ជុះ​តាំង​ពី​មិន​ទាន់​ឈឺ ​គឺ​ដូច​ជានៅ​ស្ងៀមៗ​ទៅ​រុញ ​​បង្ខំ​ធ្វើ​កន្ទ្រាក់​ថង់​លាមក ដែល​មាន​ទ្វារ​បិទ​ជិត។ ការ​ប្រឹងជំនះ​ទម្លុះ​សន្ទះ​បិទ​ជិត​​ដូច្នេះ​ រំខាន​ពេញ​ផ្ទៃពោះ បើ​ជា​កុមារី ឬ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ផង​អាច​នឹង​ធ្វើ​ឱ្យ​សរីរាង្គ​យា ធ្លាក់​ចុះ​ក្រោម​ -ធ្វើ​ឱ្យ​មាន​អាការៈទល់​លាមក និង​ផលវិបាក​ជាច្រើន​ទៀត។ ការ​ប្រឹង​បែប​នេះ​យូរទៅ​ៗ​អាច​បំផ្លាញ​ដល់​សរសែ​ប្រសាទ សរសែ​វិញ្ញា​ណ ដល់​អាយុ​ចាប់​ពី​៤០​ឆ្នាំ​​ ៥០​ឆ្នាំ ឬ​៦០​ឆ្នាំ​ឡើង​ទៅ គាត់​នឹង​លែង​មាន​​​បញ្ហាទល់​លាមក​ តែ​លេច​ចេញ​ជា​រាគ​ផោម រាគនោម រាគ​អាចម៍រាវ បន្ទាប់​មក​រាគដុំ​លាមក​​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន។ នេះ​ជា​ផល​រំខាន​មួយ​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​របស់​មនុស្ស។
 
RFI : បើ​បង្គន់​គ្មាន​អនាម័យ តើ​អ្នក​ទៅ​ប្រើប្រាស់​បង្គន់​នោះ​អាច​ជួប​គ្រោះ​កើត​ជំងឺ​អ្វី​ខ្លះ ?

Professeur Gérard Amarenco ៖ គ្រោះ​ទី​មួយ​មួយ គឺ​អាច​ក្អួត ព្រោះ​​បង្គន់​មាន​ក្លិន​មិន​ល្អ។ បន្ទាប់​មក​ទៀត បង្គន់​មិនស្អាត​ជា​ភ្នាក់ងារ​បង្ក​បង្កើត និង​ចម្លង​មីក្រុប និង​ចម្លង​ជំងឺ ទៅ​ដល់​តំបន់​ពោះវៀនទាល់​ ទ្វារ និង​រន្ធគូថ ឬ ផ្លូវ​យោនី​ផង​សម្រាប់​មនុស្ស​ស្រី​ ហើយ​ក៏​អាច​​ចម្លង​ជំងឺ​ឆ្លង​មួយ​ចំនួន​ទៀត​ផង។ ជំងឺ​ឆ្លង​ទាំង​នោះ​មានជាអាទិ៍ ជំងឺ​រលាក​ពោះ​វៀន រាគ​ ក្អួត ចុក​ពោះ​ ក្តៅ​ខ្លួន ។ល។ ប៉ុន្តែ​ដោយ​ហេតុ​ថា​យើង​មិន​ទាន់​អាច​ធ្វើ​ដំណើរ​ដើរ​ទៅ​ណាមក​ណា ដោយ​កាន់​ជាប់​ផលិតផល​សម្រាប់​មីក្រុប​តាម​ខ្លួន​ដើម្បី​សំអាត​បង្គន់​មុន​ជុះ កាយវិការ​ដែល​ចាំបាច់​បំផុត គឺ​លាង ដៃ មុន​និង​ក្រោយ​ការ​បន្ទោរបង់ ព្រោះ​យ៉ាង​ហោច​ណាស់​ជួយ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​តាម​ដៃ។

RFI : ការ​អង្គុយ​ចំ​កោង​ខ្លួន​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​គែប​បង្គន់ តើ​ជា​ការ​ល្អ​ដែរ​ឬទេ ?

- Professeur Gérard Amarenco ៖ ជា​គំនិត​មិន​ល្អទេ ! ជាថ្មី​ម្តងទៀត ឥវិយាបថ​នេះ មិន​ឆ្លើយ​តប​ទៅ​នឹង​សរីរៈវិទ្យា​តាម​បែប​វេជ្ជសាស្ត្រ​ទេ។ ឥរិយាបថ​ដែល​ល្អ​បំផុត​គឺ​​ការ​អង្គុយ​ឱ្យ​ស្រួល​ ជើង​កន្ទែក​បន្តិច !​ បើ​ជា​កុមារី ឬ ស្រ្តី​វិញ ត្រូវ​ទម្លាក់​ខោ​ក្នុង​ឱ្យ​ផុត​ក្រោម​ជង្គង់​ (កុំ​ខ្លាច​គេ​លួច​មើល​តាម​ក្រោមទ្វារ​អី)។ បើ​អាច​គួរ​តែ​លើក​ជើង​ឱ្យ​ផុត​ពី​ដី ប្រមាណ​ជាង​២០ ឬ ៣០ Cm ដោយ​ដាក់កូន​កៅអីទ្រជើង​ ! នេះ​បើ​យើង​ចង់​គោរព​ឱ្យ​កាន់​តែ​ត្រឹម​ត្រូវ​ទៅ​នឹង​សរីរាង្គ​មនុស្ស​ ក្នុង​ការ​បញ្ជូន​លាមក​ចេញ។ ការ​អង្គុយ​ចំទើត លើ​បង្គន់​កន្ថោ​ ដោយ​ខ្លាច​ឆ្លង​មេរោគ មិន​ល្អ​ទាំង​ឥរិយាបថ និង​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ទៀត ព្រោះ​វា​អាច​ក្រឡាច់​ធ្លាក់​បាន​យ៉ាង​ងាយ​។ បើ​ជា​ការ​អង្គុយ​ចោង​ហោង នៅ​លើ​បង្គន់បុរាណ​ អាច​ចាត់​ទុក​ថា​ដំណោះស្រាយ​ល្អ​ជាងគេ​បំផុត​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ