អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ពេល​នយោបាយ​កំពុង​តាន​តឹង​

ដូច​ការ​គ្រោង​ទុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ចាក​ចេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ មាន​ឯកសារ​ចំនួន​៩​ត្រូវ​គេ​គ្រោង​ចុះ​ហត្ថលេខា​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ពេលនេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ផ្ទៃ​ក្នុង​កំពុង​តាន​តឹង​ខ្លាំង។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន REUTERS
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​បាន​ចាក​ចេញពី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២៦ ធ្នូ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម។

 
ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ការអញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តឹង​យុង។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា។ នៅក្នុង​អំឡុងពេល​ទស្ស​ន​កិ​ច្ចនេះ លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ជួបពិភាក្សា
ការងារ​ជាមួយ​សម​ភាគី​វៀតណាម​ព្រមទាំង​ជួប​ជាមួយ​ប្រធានសភា ប្រធានាធិបតី និង​អគ្គលេខាធិការ​បក្ស​កុំម្មុយនិស្ត​វៀតណាម​ផងដែរ។

ឯកសារ​ចំនួន៩ត្រូវគេ​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុងអំឡុង​ពេលនោះ។ ឯកសារ​ទាំងនោះ​ជារួម​មាន៖ កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទំនិញ សន្ធិសញ្ញា​ស្តីពី​បត្យាប័ន កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ផែនការ សហប្រតិបត្តិការ​វិស័យ​អប់រំ  ផែនការ​សហប្រតិបត្តិ​ការ​ខាង​ព័ត៌មាន ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំងពីរ អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ផែនការ​សហប្រតិបត្តិកា​រ​រវាង​បណ្ណសារដ្ឋាន​ជាតិ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​និង​សាកលវិទ្យាល័យ​ហាណូយ និង​កិច្ចព្រមព្រៀង​នាំចូល​ជី​កសិកម្ម​ដែលមាន​តម្លៃថោក។

គួរ​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ​បានកើត​ឡើង​ចំ​ពេលដែល​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​កំពុង​តានតឹង​ខ្លាំង។ គណបក្សប្រឆាំង​កំពុង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះចេញ​ពីមុខ​តំណែង។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​សង្ស័យថា ទស្សនកិច្ច​នេះ​អាចជា​ឱកាស​ពិគ្រោះ​យោបល់​អំពី​រឿង​នយោបាយ។

ប៉ុន្តែ ការសង្ស័យ​នេះ​ត្រូវបាន​គណបក្សកាន់អំណាច​បដិសេធ។ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នេះ​ជា​ទស្សនកិច្ច​ដើម្បី​រឹតចំណង​មិត្តភាព​ជាមួយ​ប្រទេសជិតខាង​និង​ប្រទេស​ក្នុង​តំបន់​ដែល​បានគ្រោង​ទុក​និង​ដែល​លោកនាយក​រដ្ឋមន្ត្រី​បានធ្វើ​ជា​ហូ​ហែរ​រួចទៅហើយ។ បើតាម​លោក ជាម យៀប កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​មួយ​ដែលមាន​សិទ្ធិ​សម្រេច​អំពី​ជោគវាសនា​របស់ខ្លួន​គ្រប់បែបយ៉ាង​ដោយ​មិនចាំបាច់​ទៅសុំ​យោបល់​ពី​បរ​ទេសណា​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ