អានតួអត្ថបទ
រុស្ស៊ី

តំណាងរាស្ត្របក្សប្រឆាំងនឹងត្រូវដកអភ័យឯកសិទ្ធិ

ដក​នេះ​តាម​រយៈ​ការ​បញ្ឈប់​អាណត្តិ​គាត់ ជា​តំណាង​រាស្ត្រ ហើយ​បណ្តេញ​គាត់​ចេញ​ពី​សភា​ឌូម៉ា។ តំណាង​រាស្ត្រ​នេះ គឺ​លោក Guennady Gudkov ខាង​គណបក្ស​ប្រឆាំង​ដែល ជា​ផ្លូវការ គឺ​ជាប់​ពិរុទ្ធ ក្នុង​ការ​រំលោភ​លើ​ច្បាប់​សហព័ន្ធ​ ដែល​ហាម​មិន​ឲ្យ​តំណាងរាស្ត្រ​និង​សមាជិក​​ព្រឹទ្ធ​សភាប្រកប​ធុរកិច្ច​អ្វី​ណា​ឡើយ។ ប៉ុន្តែ តាម​សំដី​គាត់ គឺ​មក​ពី​មូលហេតុ​នយោបាយ​​ទេ​តើ ដ្បិត​រូប​គាត់​ល្បី ខាង​ដឹក​នាំ រលក​តវ៉ា​ទល់​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត សភា និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​បាន​បោក​បក់​នៅ​រុស្ស៊ី អស់​ប៉ុន្មាន​ខែ​កន្លង​ទៅ។

លោកGuennady Gudkov ​អ្នកតំណាង​រាស្រ្ត​ប្រឆាំង​នឹង​ត្រូវ​ដក​អភ័យ​ឯកសិទ្ធិ
លោកGuennady Gudkov ​អ្នកតំណាង​រាស្រ្ត​ប្រឆាំង​នឹង​ត្រូវ​ដក​អភ័យ​ឯកសិទ្ធិ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

ជា​ការ​កត់​សម្គាល់ គឺ​តាំង​ពី​រសៀល​ម្សិលមិញ​មក​ដែល​”សំណុំរឿង”​ពាក់​ព័ន្ធ​នឹង​លោកតំណាង​រាស្ត្រ Guennady Gudkov ក្លាយ​ជា​ដំណឹង​ទី​១ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី។

នេះ​គឺ បន្ទាប់​ពី​”គណៈកម្មការ​សភា​ឌូម៉ា​ខាង​ពិនិត្យ​មើល​ភាព​ត្រឹមត្រូវ​នៃ​ខ្ទង់​ចំណូល​និង​ទ្រព្យសម្បត្តិ របស់​ពួក​អ្នក​តំណាងរាស្ត្រ” បាន​ទូន្មាន សភា​ឌូម៉ា ឲ្យក្នុង​សម័យ​ប្រជុំពេញ​អង្គ​នៅ​ថ្ងៃ​សុក្រ​ទី​១៤ កញ្ញា​ខាង​មុខ បោះ​ឆ្នោត ដក​ពី​រូប​គាត់​នូវ​អាណត្តិ ជា​តំណាងរាស្ត្រ បាន​ន័យថា គាត់​នឹង​បាត់​អភ័យ​ឯកសិទ្ធិ​តែ​ម្តង​ហេតុ​ដែល​បើកផ្លូវ​​ឲ្យ​មហា​អយ្យកា​ចងក្រង​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ទល់​នឹង​រូប​គាត់។

ការ​ទូន្មាន​នេះ មាន​ចែង​ក្នុង​សេចក្តី​សម្រេច​អនុម័ត ម្សិលមិញ ដោយ​”គណៈកម្មការ”​នោះ ដែល​ពី​ក្នុង​សមាជិក​១៤​នាក់ មាន​៨​នាក់​បាន​គាំទ្រ ហើយ​ជំទាស់​គឺ​តែ ៥​នាក់​និង​ម្នាក់ អនុប្បវាទ។

ចំណែក បក្ស​កាន់​អំណាច ឈ្មោះ​”ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” ដែល​មាន​អាសនៈ​ភាគ​ច្រើន​ដល់​ទៅ​២៣៨​លើ​ចំនួន​អាសនៈ​សរុប​៤៥០ បាន​ប្រកាស​ទៅ​ហើយ​ថា​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​មុខ​គេ​នឹង​បោះឆ្នោត ដើម្បី​ខ័ណ្ឌ​បញ្ចប់​អាណត្តិ​របស់​អ្នក​តំណាងរាស្ត្រ Guennady Gudkov។ ដើម្បី​ឲ្យ លទ្ធផល​នេះ​យក​ជា​ការ​បាន​គឺ​ត្រូវ​ការ​សំឡេង តែ ២២៦ ឬ​៥០% នៃ​តំណាងរាស្ត្រ​ទាំង​៤៥០​បូក​និង​១​សំឡេង​ប៉ុណ្ណោះ។

សេចក្តី​សម្រេច​របស់”គណៈកម្មការ” នោះ​គឺ​យោង​ទៅ​លើ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​អំពី​របរ​រក​ស៊ី​របស់​លោក Guennady Gudkov នៅ​ខាង​ក្រៅ​បរិវេណ​សភា​ឌូម៉ា​បែប​យ៉ាង​ក្នុង​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១២​នេះ គាត់​មាន Business ខុស​ច្បាប់​នៅ​ប្រទេស​ប៊ុលហ្ការី​ហើយ​ក្នុង​ស្រុក គាត់​ជា​ថៅកែ​នៃ​ក្រុមហ៊ុន​ខាង​ផ្តល់​សេវាកម្ម​ជា​អង្គរក្ស​សម្រាប់​ការពារ​រូប​វន្ត​បុគ្គល​និង​នីតិបុគ្គល​។ បាន​ន័យ​ថា គាត់​ប្រព្រឹត្ត​ល្មើស​លើ​ច្បាប់ ដែល​ហាម​មិន​ឲ្យ តំណាង​រាស្ត្រ ធ្វើ Business ឡើយ។

ប៉ុន្តែ លោក Guennady Gudkov ផ្ទាល់​ដែល​ជា​អនុ​ប្រធាន​នៃ​ក្រុម​តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង​ឈ្មោះ“ប្រទេស​រុស្ស៊ី​យុត្តិធម៌” មាន​អាសនៈ​ចំនួន​៦៤​ក្នុង​សភា​បាន​ឆ្លើយ​បក​ទៅ​វិញ​ថា តំណាងរាស្ត្រ​ខាង​បក្ស​កាន់​អំណាច​មាន​ចំនួន​មិន​តិច​ទេ​ដែល​តែង​ឆ្លៀត​ធ្វើ Business ប៉ុន្តែ​គេ នៅ​តែ​ស្អាតស្អំ។ តាម​យោបល់​គាត់ ការ​កំណត់​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​ខាង​មុខ សម្រាប់ ព្រលះ​រូប​គាត់​មិន​មែន​ចៃដន្យ​ទេ​ដ្បិត​ដើម្បី​កាច់​បំបាក់​ជា​មុន ធ្មុង​ពួក​ប្រឆាំង​ដែល​គ្រោង​ចុះ​ថ្នល់​ទៅ​ក្នុង​រលក​ប្រឆាំង​ជា​ថ្មី ទល់​នឹង​អាជ្ញាធរ​ក្រោម​ឈ្មោះ​ថា ”ក្បួន​យាត្រា​លាន​នាក់ ជា​លើក​ទី​៣” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សោរ៍​ទី​១៥​កញ្ញា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ