អានតួអត្ថបទ
លីប៊ី

សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ក្រុម​ឧទ្ទាម​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​លីប៊ី

សហគមន៍​អន្តរជាតិ​បាន​សម្រេច​ទទួលស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល (ក្រុមឧទ្ទាមលីប៊ី) ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​លីប៊ី។ ការទទួលស្គាល់​នេះ​ត្រូវបាន​ធ្វើឡើង កាល​ពី​ថ្ងៃ​សុក្រ ១៥ កក្កដា ២០១១ នៅក្រោយ​កិច្ចប្រជុំ​​ក្រុមប្រទេស​​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​លីប៊ី ក្នុងនោះរួមមាន​ជាអាទិ៍ ​​តំណាង​អ.ស.ប. សហភាព​អឺរ៉ុប អង្គការ​អូតង់ សហព័ន្ធ​អារ៉ាប់។

កងកម្លាំង​ឧទ្ទាម​លីប៊ី ដែល​ត្រូវ​គេ​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់​លីប៊ី
កងកម្លាំង​ឧទ្ទាម​លីប៊ី ដែល​ត្រូវ​គេ​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់​លីប៊ី REUTERS/Esam Al-Fetori
ផ្សាយពាណិជ្ជកម្ម

គិតជាសរុប មានប្រទេស​ជាង ៣០ ដែល​បាន​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី (ក្រុមឧទ្ទាម) ជា​រដ្ឋាភិបាល​ស្របច្បាប់​លីប៊ី។ ប្រទេស​ទាំងនេះ​​ក៏បាន​ទាមទារ​ផងដែរ​ឲ្យ​លោក​កាដាហ្វ៊ី​បោះបង់​អំណាច ហើយ​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី ខិតខំ​ធ្វើ​យ៉ាងណា​រៀបចំ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​ឲ្យ​បាន នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ សហរដ្ឋ​អាមេរិក ​ដែល​កន្លងមក​នៅរារែក​មិនចង់​ទទួលស្គាល់​ក្រុមឧទ្ទាមលីប៊ីនោះ ក៏​បាន​ប្រកាស​ទទួលស្គាល់​ក្រុមឧទ្ទាម​ដែរ។

លើសពីនេះ​ទៅទៀត កាលពីថ្ងៃ​សុក្រ​ម្សិលមិញ​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បើក​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​ប៊ិនហ្កាហ្ស៊ី (Benghazi)​ ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ឧទ្ទាម​លីប៊ី។

ការទទួលស្គាល់​​ផ្នែកការទូតពី​សហគមន៍​អន្តរជាតិ​អាច​នឹង​ជួយ​ពង្រឹង​កម្លាំង​របស់​ក្រុមឧទ្ទាម ទាំង​ផ្នែក​នយោបាយ ការទូត និង​ជាពិសេស ផ្នែក​ហិរញ្ញវត្ថុ។ ក្រុម​ឧទ្ទាម​អាច​នឹង​មាន​សិទ្ធិ​ដកយក​លុយ​រាប់ពាន់​លាន​ដុល្លារ​ ដែល​ប្រទេស​មួយចំនួន​ ដូចជា បារាំង អ៊ីតាលី និង​អាមេរិក ជាដើម បាន​ផ្អាប់ទុក ចាប់តាំង​ពី​មាន​ចលនា​បះបោរ​មក។

កន្លងមក ប្រទេស​កូវ៉ែត និង​កាតា​​បាន​ផ្តល់​លុយ​ប្រមាណ​ជា ១០០​លាន​ដុល្លារ​ដល់​ពួក​ឧទ្ទាម​លីប៊ី។ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ បារាំង​ក៏​បាន​សន្យា​ផងដែរ​ថា នឹង​អនុញ្ញាត​ឲ្យ​ក្រុមឧទ្ទាម​ដកលុយ​ចំនួន ២៥០​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​​ខាងមុខនេះ។ អ៊ីតាលី​សន្យា​ឲ្យ​ក្រុមឧទ្ទាម​ដក ១០០​លាន​ដុល្លារ។ អាមេរិក​វិញ នៅមិនទាន់​សម្រេច​នៅឡើយទេ​ថា តើ​ក្នុង​ចំណោម​លុយ​ជាង ៣០​ពាន់​លាន​ដុល្លារ ដែល​ផ្អាប់​ទុក​នៅអាមេរិក ក្រុម​ឧទ្ទាម​នឹង​អាច​ដក​យក​បាន​ប៉ុន្មាន?

គួរ​បញ្ជាក់ថា ក្នុងកិច្ចប្រជុំ​នៅតួគី កាល​ពី​ថ្ងៃ​សុក្រ​នេះ មិនមាន​វត្តមាន​រុស្ស៊ី និង​ចិន​ទេ។ ចិន និង​រុស្ស៊ី​ក៏​​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរនេះ​បាន​បដិសេធ។ រុស្ស៊ី​តែងតែ​បាន​រិះគន់​ប្រតិបត្តិការ​របស់​កងកម្លាំង​អូតង់ នៅលីប៊ី ដោយ​ចោទថា បានធ្វើ​ហួស​ពី​អ្វី​ដែល​បាន​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ