សន្តិសុខនិងការបង្រួបបង្រួមជាតិនៅតែជាកាតព្វកិច្ចចំបងសម្រាប់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ហៃដា អាល់អាបាឌី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៧
នយោបាយអ៊ីរ៉ាក់ដែលជាប់គាំងក្រោយការបោះឆ្នោតសភា ជាង៣ខែមកនេះ ពេលនេះ បានរកឃើញច្រកចេញហើយ។ ថ្ងៃចន្ទម្សិលមិញ សម្ព័ន្ធជាតិនិកាយស៊ីអ៊ីតនៅសភាអ៊ីរ៉ាក់ បានតែងតាំងអនុប្រធានសភា គឺលោក ហៃដា អាល់-អាបាឌី អោយធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោកនូរី អាល់ម៉ាលីគិ។ សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អ៊ីរ៉ង់ អាមេរិក បារាំង និងអង់គ្លេស បានស្វាគមន៍ការតែងតាំងលោកអាល់-អាបាឌី។ ប៉ុន្តែ នាយករដ្ឋមន្ត្រីផុតអាណត្តិម៉ាលីគិ ដែលចង់ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៣ទៀត បានបដិសេធមិនទទួលស្គាល់ការតែងតាំងនេះទេ ដោយចាត់ទុកការតែងតាំងលោកអាបាឌី ថាជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។ ដោយឡែក ថ្ងៃអង្គារនេះ នៅក្រុងព្រុចសែល សហភាពអឺរ៉ុបបើកកិច្ចប្រជុំពីសន្តិសុខអ៊ីរ៉ាក់ ប្រឈមនឹងការវាយលុករបស់ក្រុមជីហាត។
លោក ហៃដា អាល់បាឌី ជាអ្នកណា?
លោកហៃដា អាល់បាឌី អាយុ ៦៤ឆ្នាំ ជាអ្នកនយោបាយស្ហ៊ីអ៊ីត ជាតំណាងរាស្ត្រ មកពីគណបក្សដាវ៉ា របស់នាយករដ្ឋមន្ត្រីផុតអាណត្តិម៉ាលីគិ។ មុននឹងលោកជាប់ឈ្មោះជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី លោកអាល់-អាបាឌី ត្រូវបានតែងតាំង កាលពីខែកក្កដា អោយធ្វើជាអនុប្រធានសភា។ លោកក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីផ្នែកទំនាក់ទំនង ក្នុងរដ្ឋាភិបាលអន្តរកាលដែរ។ ដូចជាលោកម៉ាលីគិ និងអ្នកនយោបាយអ៊ីរ៉ាក់ផ្សេងទៀតដែរ លោកអាល់អាបាឌី ធ្លាប់ភៀសខ្លួននៅក្រៅប្រទេសច្រើនឆ្នាំ ដើម្បីគេចពីរបបផ្តាច់ការលោកសាដាំ ហ៊ូសេន។ លោកអាបាឌី បានរស់នៅនិងសិក្សានៅអង់គ្លេស និងទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក កាលពីឆ្នាំ ១៩៨១ នៅសកលវិទ្យាល័យម៉េនឆេស្តឺ។
លោកអាបាឌីធ្លាប់ប្រាប់ថា ក្នុងរបបផ្តាច់ការរបស់សាដាំហ៊ូសេន ក្នុងដើមទសវត្សឆ្នាំ១៩៨០ បងប្អូនប្រុសរបស់លោកម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងសម្លាប់ចោល ដោយសារតែគាត់នោះជាអ្នកនយោបាយបក្សប្រឆាំងដាវ៉ា។ ក្នុងនាមជាអ្នកនយោបាយបក្សដាវ៉ា ជាបក្សប្រឆាំងសាដាំហ៊ូសេន នេះជាគុណសម្បត្តិមួយរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ក្នុងក្រសែភ្នែកអាមេរិក និងសហគមន៍អន្តរជាតិ ព្រោះសហគមន៍អន្តរជាតិនិងអាមេរិកមិនដែលពេញចិត្តរបបផ្តាច់ការលោកសាដាំទេ។
គេមើលឃើញថា លោកហៃដា អាបាឌី គឺជាអ្នករួសរាយ គ្មានអំណួត ស្និទ្ធស្នាលនឹងដៃគូសន្ទានា ជាអ្នកដោះស្រាយកិច្ចការតាមស្ថានភាពជាក់ស្តែង។ ដូច្នេះ ការតែងតាំងលោកអាបាឌីជានាយករដ្ឋមន្ត្រីថ្មីនេះ ក៏ជាបំណងរបស់សភាដើម្បីធ្វើអោយប្រជាជនអ៊ីរ៉ាក់ធូរស្រាលចិត្តដែរ។ ថ្វីបើបក្សរបស់នាយករដ្ឋមន្ត្រី ម៉ាលីគិបានជាប់ឆ្នោតសភា ថ្ងៃ៣០មេសាក៏ដោយ ក៏សភាមិនអាចអោយលោកម៉ាលីគិបន្តអាណត្តិទី៣ទៀតដែរ ព្រោះលោកម៉ាលីគិតែងរងការរិះគន់ថា រើងអើងអ្នកកាន់និកាយស៊ុននីត ធ្វើអោយប្រជាជនបែកបាក់គ្នា។ ហេតុនេះ សភាអ៊ីរ៉ាក់រើសលោកអាបាឌី មកពីបក្សជាប់ឆ្នោតដដែល អោយធ្វើជារដ្ឋមន្ត្រីថ្មី។ សភាអ៊ីរ៉ាក់ប្រហែលសង្ឃឹមថា បុគ្គលថ្មីអាចនឹងបិទបញ្ចប់ការរិះគន់លើរដ្ឋាភិបាលស្ហ៊ីអ៊ីតចាស់ កន្លងមកបាន។ លោកអាបាឌីមានពេល៣០ថ្ងៃដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ការរួបរួមជាតិនៅតែជាគន្លឹះចំបងក្នុងការស្រោចស្រង់បញ្ហាសន្តិសុខ
ដោយសារលោកអាបាឌីមកពីបក្សរបស់លោកម៉ាលីគិ នយោបាយលោកអាបាឌី ក៏ប្រហែលមិនខុសពីលោកម៉ាលីគិដែរ។ បើទោះជាមានសញ្ញាប័ត្រខ្ពស់ ដឹងពីស្ថានភាពក្នុងស្រុក មានគេកោតសរសើរច្រើន ក៏លោកអាបាឌីត្រូវធ្វើយ៉ាងណារួបរួមគ្រប់សហគមន៍សាសនាក្នុងស្រុក បញ្ឈប់ការរើសអើងអ្នកកាន់និកាយស៊ុននីតទៀត។ បើមិនដូច្នោះទេ ប្រជាជននិកាយស៊ុននីតអាចចុះចូលជាមួយក្រុមជីហាតស៊ុននីត ដែលកំពុងមានសក្តានុពលខ្លាំងក្នុងស្រុក គំរាមសន្តិសុខជាតិ។
ជាការពិតដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មីត្រូវដោះស្រាយបញ្ហាពុករលួយ បន្តពីអាណត្តិចាស់។ ប៉ុន្តែ សន្តិសុខគឺជាបញ្ហាចំបង ដូច្នេះ មានតែការរួបរួមជាតិ ការផ្សះផ្សាជាតិទេ ទើបជាគន្លឹះស្រោចស្រង់សន្តិសុខឡើងវិញ។ ម្យ៉ាងទៀត អាមេរិកក៏ចង់អោយអ៊ីរ៉ាក់រួបរួមជាតិវិញដែរ។ ប្រធានាធិបតីអូបាម៉ាបានទូរសព្ទប្រាប់លោកអាបាឌីថា បើចង់អោយអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ាក់ រដ្ឋាភិបាលថ្មីត្រូវតែធ្វើកំណែទម្រង់នយោបាយអោយល្អ។ គួរបញ្ជាក់ដែរថា ម្សិលមិញ អាមេរិកបានសម្រេចផ្តល់អាវុធជួយកងទ័ពគៀឌីស្តង់អ៊ីរ៉ាក់ ប្រយុទ្ធនឹងក្រុមជីហាត។ ហើយតាំងពីថ្ងៃសុក្រសប្តាហ៍មុន អាមេរិកបានប្រតិបត្តិការតាមផ្លូវអាកាសកំទេចទីតាំងក្រុមជីហាត ដណ្តើមយកក្រុងមួយចំនួន នៅគៀឌីស្តង់មកវិញ។ ដូច្នេះ នយោបាយរួបរួមជាតិសំខាន់ណាស់ ដើម្បីអោយអ៊ីរ៉ាក់ទទួលបានជំនួយពីបរទេស ស្រោចស្រង់បញ្ហាសន្តិសុខ។
លោកម៉ាលីគិមិនពេញចិត្តការតែងតាំងលោកអាបាឌីជានាយករដ្ឋមន្ត្រីថ្មី
លោកហៃដា អាល់-អាបាឌី ធ្លាប់ជាជាអ្នកស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី នូរី ម៉ាលីគិ។ ប៉ុន្តែ ជាអ្នកស្និទ្ធនឹងខ្លួននោះ មិនសំខាន់ទេ ព្រោះលោកម៉ាលីគិ មានមហិច្ឆតាបន្តអាណត្តិទី៣ទៀត។ ដោយសារតែអំណាច ម្សិលមិញ មុនមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោកម៉ាលីគិបានពង្រាយកងកម្លាំងនៅកណ្តាលក្រុងបាកដាតតែម្តង មើលទៅហាក់ដូចជាចង់ធ្វើសកម្មភាពរដ្ឋប្រហារអ្វីមួយអញ្ចឹង។ លោកម៉ាលីគិ ប្រាប់ថាចង់ប្តឹងប្រធានាធិបតី ហ្វ៊ូអាត ម៉ាស៊ូម ពីបទរំលោភរដ្ឋធម្មនុញ្ញ ព្រោះលោកម៉ាស៊ូមចង់ពន្យារពេលថែមទៀត មុនជជែកជាមួយបក្សនយោបាយ ពីការបង្កើតរដ្ឋាភិបាលថ្មី និងពីបទមិនពិភាក្សាបញ្ហានេះ ជាមួយលោកជានាយករដ្ឋមន្ត្រី។
លោកម៉ាលីគិចោទទៀតថា ការតែងតាំងលោកអាបាឌីជានាយករដ្ឋមន្ត្រីថ្មី ម្សិលមិញនេះ គឺជាការបំពានរដ្ឋធម្មនុញ្ញទាំងស្រុង។ លោកម៉ាលីគិអួតថា លោកនិងអ្នកនយោបាយបក្សដាវ៉ារបស់លោក បានចូលរួមបង្កើតរដ្ឋធម្មនុញ្ញ ហើយអាមេរិកក៏គាំទ្ររដ្ឋធម្មនុញ្ញនេះដែរ។ លោកម៉ាលីគិអួតដូច្នេះ ដើម្បីទាក់ទាញអាមេរិកអោយបដិសេធមិនទទួលស្គាល់លោកអាបាឌីជានាយករដ្ឋមន្ត្រីថ្មី។ តែអាមេរិកក៏ដូចសភាអ៊ីរ៉ាក់ដែរ ប្រហែលមិនចង់ឃើញលោកម៉ាលីគិដែលរើសអើងអ្នកកាន់និកាយស៊ុននីត បន្តដឹកនាំប្រទេសទេ។ ប្រធានាធិបតីអូបាម៉ាបានព្រមានមិនចំឈ្មោះ ទៅលោកម៉ាលីគិថា អោយប្រុងប្រយ័ត្ន មិនត្រូវប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលថ្មីទេ។ ចំណែកអង្គការសហប្រជាជាតិវិញ ក៏បានសុំអោយកងទ័ពចៀសវាងលូកដៃចូលក្នុងកិច្ចការនយោបាយ ក្នុងពេលកំពុងផ្ទេររដ្ឋាភិបាលថ្មីនេះ។
សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិកំពុងរកដំណោះស្រាយបន្ទាន់ជួយអ៊ីរ៉ាក់
រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានប្រជុំគ្នាថ្ងៃអង្គារ១២សីហា ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាលបារាំង និងអ៊ីតាលី។ ជាការប្រជុំផ្តោតលើប្រធានបទសន្តិសុខ ពោលគឺរកដំណោះស្រាយជួយអ៊ីរ៉ាក់ប្រឈមនឹងក្រុមជីហាត។ ពេលនេះ ក្រុមជីហាតគ្រប់គ្រងតំបន់សំខាន់ៗ នៅតាមខេត្តចំនួន៥។ អាមេរិកបានជួយវាយប្រហារក្រុមជីហាត តាមផ្លូវអាកាសក៏ពិតមែន តែអាមេរិកក៏នៅតែមិនអាចជួយដណ្តើមបានក្រុងចាឡាវឡា អោយគៀឌីស្តង់វិញដែរ។ អាមេរិកក៏មិនហ៊ានចូលជួយអ៊ីរ៉ាក់តាមជើងគោកទៀត។ ទន្ទឹមនេះដែរ ក្រុមជីហាតនិកាយស៊ុននីត បានបន្តកាប់សម្លាប់ប្រជាជន មកពីសហគមន៍សាសនាផ្សេងៗ។ ក្រៅពីនេះ ក្នុងមួយខែៗ ក៏មានមនុស្សជាង១រយនាក់ដែរដែលស្លាប់ដោយការវាយប្រហារផ្សេងៗ ក្នុងស្រុក។ ស្ថានការណ៍មនុស្សធម៌កាន់តែធ្លាក់ដុនដាប ជនភៀសខ្លួនពីហិង្សាមានរាប់សែននាក់។ ពួកគេប្រឈមនឹងភាពអត់ឃ្លាន នៅតាមភ្នំ រឺក៏សីតុណ្ហភាពក្តៅហែងហួសពី៥០អង្សារក៏មាន។ អាមេរិក បារាំងនិងអង់គ្លេសបានប្រើបញ្ជូនស្បៀងអាហារ ទៅជួយជនភៀសខ្លួន។
ប្រឈមនឹងស្ថានភាពដុនដាបនៅអ៊ីរ៉ាក់ពេលនេះ អង្គការសហប្រជាជាតិកំពុងតែរៀបចំសរសេរគម្រោង សេចក្តីសម្រេចចិត្ត ដើម្បីកាត់ផ្តាច់ស្បៀងអាហាររបស់ក្រុមជីហាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ