អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់កំពុង​ធ្លាក់ក្នុង​សង្គ្រាម​ដណ្តើម​អំណាច​ ទន្ទឹម​គ្នា​នឹង​​សង្គ្រាម​ជីហាត ឬ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ពេល​ដែល​ក្រុម​ជីហាត​កំពុង​វាតទី​កាន់កាប់​ក្រុង​ធំៗ​ ហើយ​​បង្ក​ជា​វិបត្តិ​មនុស្ស​ធម៌ នៅ​រដ្ឋធានី​បាកដាដ​វិញ ប្រមុខដឹកនាំ​អ៊ីរ៉ាក់​កំពុង​តែ​ប្រឈមមុខ​ដាក់​គ្នា ដែល​អាច​បង្ក​ទៅ​ជា​វិបត្តិ​នយោបាយ​បន្ថែម​មួយ​ទៀត។ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​​បាន​ដាក់ពង្រាយ​កងកម្លាំង​ខុស​ប្រក្រតី ក្រោយ​ពី​ប្រកាស​ចង់ប្តឹង​ប្រធានាធិបតី​​ពី​បទ​រំលោភ​រដ្ឋធម្មនុញ្ញ។ សូម្បី​តែ​មេប៉ូលិស​​អ៊ីរ៉ាក់ មេ​ប៉ូលិស​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា វត្តមាន​ប៉ូលិស ទាហាន កង​សន្តិសុខ​ នៅ​កណ្តាល​ក្រុង​បាកដាដ រដ្ឋធានី​របស់​អ៊ីរ៉ាក់ មាន​ទម្រង់​ដូចចេញ​ធ្វើ​ប្រតិបត្តិការ​ពិសេស មិន​ធ្លាប់​មាន នៅ​តាម​ស្ពាន សង្កាត់​យុទ្ធសាស្ត្រ ឬ​នៅ​តាម​ទីតាំង​ស្ថា​ប័នរដ្ឋ​សំខាន់ៗ ពោល​គឺ​ដូច​ចេញ​ធ្វើ​ប្រតិបត្តិការ​បន្ទាន់ ក្នុង​រដ្ឋ​មាន​អាសន្ន​។

យុទ្ធជន​គៀរឌីស្តង់​ នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ពេល​​អាមេរិក​ធ្វើ​អន្តាគមន៍​យោធា​ផ្លូវ​អាកាស ថ្ងៃទី ៩ សីហា ២០១៤
យុទ្ធជន​គៀរឌីស្តង់​ នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ពេល​​អាមេរិក​ធ្វើ​អន្តាគមន៍​យោធា​ផ្លូវ​អាកាស ថ្ងៃទី ៩ សីហា ២០១៤ REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

 

 ស្ថានការណ៍​អ៊ីរ៉ាក់ កាន់​តែ​ច្របូក​ច្របល់​ខ្លាំង ក្នុង​ថ្ងៃ​ចន្ទ​ទី ១១ សីហា​នេះ និង​​​គួរ​ឱ្យ​ភ្ញាក់​ផ្អើលមែនទែន។ បើ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី នូរី អាល់ម៉ាលិគិ លោក​ប្រធានាធិបតី​បាន​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ពីរ​ដង ៖ ទីមួយ ប្រធានាធិបតី​បាន​ស្នើ​សុំ​ពន្យារ​​ពេល​ជា​លើក​ទីពីរ មុន​នឹង​សួរ​គណបក្ស​នយោបាយ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។ ​ទីពីរ​ គឺ​ប្រធានាធិបតី​បដិសេធ​មិន​​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​នាយក​រដ្ឋមន្ត្រី។ បាន​សេចក្តី​ថា​ប្រធានាធិបតី​គិត​តែ​ពី​ប្រយោជន៍​បក្ស​ពួក មិន​គិត​គូរ​អំពី​ប្រយោជន៍​ប្រទេស​ជាតិ។

និយាយ​ឱ្យ​ចំ​គឺ​នាយករដ្ឋមន្ត្រី ដែល​មាន​ដើម​កំណើត​ឈីអ៊ីត ចង់​បញ្ចេញ​សកម្មភាព​​ប្រឆាំង​ នឹង​ប្រធានាធិបតី​ដែល​ជា​ជនជាតិ​គៀរឌីស្តង់ និង​មាន​និកាយ​ស៊ុននីត។ ឥលូវ​តុលាការ​ឱ្យ​លោក​ឈ្នះ ដូច្នេះ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ លោក​នូរី អាល់ម៉ាលិគិ នឹង​ត្រូវ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ង់​ ជា​លើក​ទីបី។

​ការ​តែង​តាំង​រដ្ឋាភិបាល​ជាប់​គាំង
 
លោក​នូរី​អាល់ម៉ាលិគិ និកាយ​ឈីអ៊ីត ជា​នាយក​រដ្ឋមន្ត្រី​ រង​ការ​រិះគន់​ខ្លាំង​ណាស់​ ពី​គ្រប់​មជ្ឈដ្ឋាន។ បក្ស​សម្ព័ន្ធ​របស់​លោក បាន​ជាប់​ឆ្នោត​សភា តាំង​ពី​ថ្ងៃ​ទី ៣០​មេសាមក ដែល​នឹង​អាច​នាំ​លោក​ឱ្យក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទីបី។ ប៉ុន្តែ​អ្នក​នយោបាយ​គ្រប់ជាន់​ថ្នាក់​ភាគ​ច្រើន​យល់​ថា​លោក​ជា​មនុស្ស​ផ្តាច់ការ​ រើង​អើង​ពូជសាសន៍​ស៊ុននីត ជាជនជាតិ​ភាគ​តិច​នៅ​អ៊ីរ៉ាក់ និង​ពូជសាសន៍​គៀរឌីស្តង់។

សមាជិក​សភាមិន​ព្រមព្រៀង​គ្នា​លើបេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​របស់​លោក នូរី អាល់ម៉ាលិគី​ ​ រដ្ឋាភិបាល​ថ្មី​មិន​អាច​ប្រសូត​ចេញ​បាន​ទៀត​រហូត​មក​ទល់​នឹង​ពេល​នេះ​ សភា​ក៏​បាន​ប្រកាស​ ម្សិលមិញ លើក​ពេល​ប្រជុំ​ទៅ​ថ្ងៃ​ទី ១៩ សីហា វិញ មិនព្រមតែង​តាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ទេ។

ប្រឈម​មុខ​នឹង​ការ​អូស​បន្លាយ​វិបត្តិ​នយោបាយ​ជាប់​គាំង​ដូច្នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ាក់ ក៏បាន​គំរាម​នៅ​ថ្ងៃ​ម្សិលមិញ រំលាយ​សភា​ចោល​ ប្រសិន​បើមិន​អាច​រក​មនុស្ស​ថ្មី​មក​ជំនួស​លោក ម៉ាលិគិ ឱ្យបាន​ឆាប់​រហ័ស​សម្រាប់​បង្កើត​រដ្ឋាភិបាល​នោះ។ ហេតុដូច្នេះ​ហើយ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ ម៉ាលិគិ ចោទ​ប្រធានាធិបតី​ថា​ចង់​បង្វៀង​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដេញ​លោក​ចេញ​ពី​អំណាច ដោយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

អាមេរិក​គាំទ្រ​ប្រធានាធិបតី ព្រមាន​នាយក​រដ្ឋមន្ត្រី

ក្នុង​ខណៈ​ដែល​ ពួក​ជីហាត​រដ្ឋអ៊ីស្លាមកំពុង​រុក​រាន​វាត​ទី​ដូច្នេះ ការ​បែក​បាក់​នយោបាយ​មិន​មែនជា​បច្ច័យ​ល្អ​សោះ។ ​អ៊ីរ៉ាក់​ចាំ​បាច់​ត្រូវ​​​បង្កើត​​រដ្ឋាភិបាល​បង្រួបបង្រួម​ ដ៏​រឹង​ម៉ាំ ទើប​មាន​អំណាច​ និង​មាន​កម្លាំង​ទប់​ទល់​នឹង​សត្រូវ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន។ ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់​អូបាម៉ា និង​បណ្តា​ប្រទេស​​បស្ចឹម​លោក​ផ្សេងទៀត មាន​ជា​អាទិ៍​បារាំង​បាន​ដាក់គំនាប​​លើ​អាជ្ញាធរ​អ៊ីរ៉ាក់​ឱ្យ​បង្កើត​រដ្ឋាភិបា​ល​ឱ្យ​បាន​លឿន​ ដើម្បី​ផ្តុំ​កម្លាំង​ទៅ​ប្រយុទ្ធ​នឹង​ពួក​ជីហាត។

នៅ​យប់​មិញ​ ក្រោយ​ពី​បាន​ឮ​សេចក្តី​ថ្លែងការណ៍​របស់​លោក នូរី អាល់​ម៉ាលិគិ​ ភ្លាម វ៉ាស៊ីនតោន​ បាន​បញ្ចេញ​ប្រតិកម្ម គំរាម​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ មិន​ឱ្យ​បង្ក​វិបត្តិ​នយោបាយ​បន្ថែម​លើ​វិបត្តិ​មនុស្សធម៌​ដែលកំពុង​ញាំញីស្រាប់​នៅ​អ៊ីរ៉ាក់ និង​បញ្ជាក់​អំពី​ជំហរ​គាំទ្រ​ទាំង​ស្រុង លោក​ប្រធានាធិបតី​អ៊ីរ៉ាក់ ហ្វូអាដ ម៉ាស៊ូម ថា​ពិត​ជា​អ្នកធានា​រ៉ាប់រង​រដ្ឋធម្មនុញ្ញ និង​ការ​ស្វែង​រក​​នាយក​រដ្ឋមន្ត្រី​ ដែល​អាច​បង្កើត​កុងសង់ស៊ុស​ជាតិមួយ។

 
បារាំង​ចង់​បំពាក់​អាវុធ​ដល់​ក្រុម​គៀរឌីស្តង់

ដោយ​សារ​អន្តរាគមន៍​ផ្លូវ​អាកាស​អាមេរិក កង​កម្លាំង​គៀរឌីស្តង់ ​បាន​ដណ្តើម​យក​ក្រុង​ពីរ​បាន​មក​វិញ ប៉ុន្តែ​អះអាង​ថា​ប្រតិបត្តិការ​អាមេរិក​មិន​គ្រប់គ្រាន់​ទេ ពួក​គេ​ត្រូវ​ការ​អាវុធ​យុទ្ធ​ភណ្ឌ​បន្ថែម​ទៀត​ ព្រោះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​មាន​កម្លាំង​ខ្លាំង និង​រុល​ទៅ​មុខយក​បាន​ក្រុង​គៀរឌីស្តង់​មួយផ្សេង​​ទៀត នៅ​យប់​មិញ។ សំណើ​សុំ​​បំពាក់​អាវុធ​ ដែល​​បារាំង​ តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស​​សន្យា​ស្វះ​ស្វែង​រក​ការ​ព្រមព្រៀង​ថ្នាក់​អឺរ៉ុប​តែ​ម្តង។ ក្នុង​ពេល​រង់ចាំ​ បារាំង​អង់គ្លេស អាមេរិក នាំ​មុខ​ ផ្តល់​ជំនួយ​មនុស្សធម៌​ ដល់​ក្រុម​ភៀស​ខ្លួន​រាប់​ពាន់​នាក់ ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​រត់​គេច​ពី​ការ​រាតត្បាត​របស់​ពួករដ្ឋ​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ