អានតួអត្ថបទ
អ៊ីរ៉ាក់

អាមេរិក​ បារាំង​ និង​អង់គ្លេស​ពួត​ដៃ​គ្នា​ស្រោចស្រង់​​អ៊ីរ៉ាក់​ពី​ការ​វាយលុក​របស់ ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត

ប្រឈម​ជាមួយ​ការ​ខិត​កាន់តែ​ជ្រៅទៅៗ​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត ទៅ​កាន់​តំបន់​ស្វ័យត​គៀកឌីស្តង់​របស់​អ៊ីរ៉ាក់ កងទ័ព​អាកាស​អេមេរិក​បាន​ចេញ​ប្រតិបត្តិការណ៍​វាយ​ប្រហារ​លើ​ពួក​នេះ កាលពី​ថ្ងៃ​សុក្រ។ ចំណែក​បារាំង​និង​អង់គ្លេស​វិញ បាន​សន្យា​ថា​នឹង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រជាជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម។

លោកប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ថ្លែងពីអន្តរាគមន៍​នៅអ៊ីរ៉ាក់​កាល​ពីថ្ងៃ​ទី៧​សីហា
លោកប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ថ្លែងពីអន្តរាគមន៍​នៅអ៊ីរ៉ាក់​កាល​ពីថ្ងៃ​ទី៧​សីហា REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

បី​ឆ្នាំ​បន្ទាប់​ពី​បាន​ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់ គ្រាប់បែក​របស់​អាមេរិក​បាន​ផ្ទុះ​សាជាថ្មី​កាល​ពី​ថ្ងៃសុក្រ។​ប៉ុន្តែ​ប្រតិបត្តិការ​សឹក​លើក​នេះ អាមេរិក​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​ទប់ទល់​ទៅ​នឹង​កំលាំង​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត ដែល​បាន​វាយ​ដណ្តើម​កាន់កាប់​ដែនដី​មួយភាគ​ធំ​នៅ​អ៊ីរ៉ាក់ ហើយ​បាន​ជម្លៀស​ប្រជាជន​ស្លូតត្រង់​ជា​ច្រើន​ម៉ឺននាក់​ចេញ​ពី​ផ្ទះ​សម្បែង។

 
លោក​ បារ៉ាក់ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា កងទ័ព​អាមេរិក​នឹង​ធ្វើ​ការវាយ​ប្រហារ​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ​នា​ពេល​នេះ។ លោក​បន្ត​ថា​ពេល​នេះ​ គេ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា​ប្រតិបត្តិការណ៍​នេះ​នឹង​ចប់​នៅ​ពេល​ណា​នោះ​ទេ។ តែ​បើ​តាម​លោក​ស្មាន​ វា​អាច​នឹង​ចំណាយ​ពេល​យូរ​ ក្នុង​ការ​បង្ក្រាប​កម្លាំង​របស់​ពួក​ឧទ្ទាម​ជ្រុល​និយម​អ៊ីស្លាម​ស៊ុនីត។ លោក​បារ៉ាក់ អូបាម៉ា ​ក៏​បាន​បន្ថែម​ថា អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​អ៊ីរ៉ាក់​ត្រូវ​តែ​រៀប​ចំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ថ្មី​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​គ្រប់​ភាគី​ទាំងអស់​បាន​ចូល​រួម ដោយ​ស្រុះស្រួល​ចិត្ត។

ដោយឡែក​រដ្ឋាភិបាល​បារាំង​និង​អង់គ្លេស​បាន​ចាប់​ផ្តើម​បញ្ជូន​ជំនួយ​មនុស្សធម៌ ដូចជា​ស្បៀង​អាហារ និង​បរិក្ខា​ពេទ្យ​ជាដើម​ ជួយ​ដល់​ប្រជាជន​ភៀសខ្លួន។ អង់គ្លេស​បាន​ចាប់ផ្តើម​ទំលាក់​ជំនួយ​ស្បៀង​អាហារ​តាម​យន្តហោះ។ ដូចគ្នា​ដែរ​ អាមេរិក​ក៏​បាន​ទម្លាក់​ស្បៀង​ពី​លើ​យន្តហោះ​ប្រមាណជា​៥ម៉ឺន២ពាន់​កញ្ចប់​ដែរ។ លោក ឡូរ៉ង់ ហ្វាប្យ៊ូស ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​បាដាដ​ហើយ​ នៅ​ថ្ងៃអាទិត្យ​នេះ មុន​នឹង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​អ៊ែរប៊ីល​ ក្នុង​តំបន់​ស្វ័យត​គៀកឌីស្តង់​ ដើម្បី​ត្រួតមើល​ការ​មកដល់​នូវ​បរិក្ខាពេទ្យ​សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ ដែល​បារាំង​បាន​បញ្ជូន​ទៅជួយ។

សូម​រំលឹក​ថា ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជីហាត​និកាយ​ស៊ុនីត បាន​ធ្វើ​ការ​វាយលុក និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ជនជាតិ​អ៊ីរ៉ាក់​ផ្សេងទៀត​ដែល​មិន​ប្រកាន់​សាសនា​ដូច​ខ្លួន តួយ៉ាង​មាន​ពួក​អ៊ីស្លាម​និកាយ​ឈីអ៊ីត ពួក​អ្នក​កាន់​សាសនា​គ្រឹស្ត និង​ពួក​ជនជាតិ​គៀក​ជាដើម។ ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ពួក​ឧទ្ទាម​ជីហាត​បាន​ដេញ​ប្រជាជន​ទាំងនោះ​ចេញ​ពី​ផ្ទះ​សម្បែង ដើរ​រសាត់អណ្តែត​តាម​ជ្រលង​ភ្នំ​ក្រោម​កំដៅ​ថ្ងៃ​យ៉ាង​អណោចអធម៌​ជា​ទីបំផុត។ គេ​កំពុង​តែ​ព្រួយ​បារម្ភ​ ថា​អាច​នឹង​មាន​ការ​ស្លាប់​រង្គាល​ជា​ច្រើន​រយ​នាក់។ លោក​ ម៉ាលីគី នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​រិះគន់​ថា​ក្រាញ​នឹង​អំណាច​ មិន​ព្រម​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់​ ដោយ​ការពារ​តែ​ផល​ប្រយោជន៍​របស់​ពួក​និកាយ​ឈីអ៊ីត។ ប្រការ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ពួក​ស៊ុនីត​កើតទុក្ខ​មិន​សុខចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ