អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មួយឆ្នាំ​នៃការចូល​កាន់តំណែង លោក​ស្ហ៊ិនហ្សូ អាបេស្គាល់​ត្រជាក់ផង ក្តៅផង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ធ្នូ ជា​ខួប​គម្រប់​មួយឆ្នាំ នៃ​ការចូល​កាន់តំណែង​របស់​លោក​ស៊ីនហ្សូ អាបេ។ កាលពី​ថ្ងៃ​ទី ២៦ ធ្នូ ឆ្នាំ ២០១២ លោក​អាបេ​មក​ពី គណបក្ស​សេរីប្រជាធិបតេយ្យ បាន​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន បន្ទាប់ពី​ឈ្នះឆ្នោត​លើ​គូ​ប្រកួតប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន។

លោក​ស្ហ៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​តូក្យូ
លោក​ស្ហ៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​តូក្យូ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

 

នៅពេល​ លោក​ស្ហ៊ិនហ្សូ អាបេ ចូល​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ជប៉ុន កាលពី​ចុងឆ្នាំ ២០១២ ជប៉ុន​កំពុង​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក ដែល​ពិបាកនឹងមើល។ ជប៉ុន​បាន​បាត់បង់​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ​ទៅ​ឲ្យ​ចិន និង​ត្រូវ​ធ្លាក់​មកនៅទីបី។ សេដ្ឋកិច្ច​ជប៉ុន​កំពុង​តែដើរ​អូសជើង ប្រជាជន​ជប៉ុន​កំពុង​រងវិបត្តិ​ផ្លូវចិត្ត ដោយសារ​គ្រោះមហន្តរាយ រញ្ជួយដី នៅ​ហ្វូគូស៊ីម៉ា។ មួយ​វិញទៀត ជប៉ុន​កំពុង​ចាប់ផ្តើម​ថ្នាំងថ្នាក់ចិត្ត​ជាមួយ​អាមេរិក នៅពេល​ដែល​ចិន​ចាប់ផ្តើម​បញ្ចេញ​ឥទ្ធិពល និង​ទាមទារ​ជាម្ចាស់​លើ​ប្រជុំកោះ​សេនកាគូ ដែល​ជប៉ុន​គ្រប់គ្រង​តាំងពី​ក្រោយ​សង្រ្គាម​លោកលើក​ទីពីរ។

ក្នុង​ស្ថានភាព​បែបនេះ លោក​អាបេ​ត្រូវ​បាន​គេចាត់ទុក​ជា​មេដឹកនាំ ត្រលប់​មក​ជួយសង្រ្គោះ ស្រោចស្រង់​ប្រទេស​ជប៉ុន​ឡើងវិញ។ រូបភាព​របស់​ជប៉ុន​ដែល​ត្រូវតែ​ខ្លាំង។ ជាមួយ​គំនិតនេះ លោក​ ស្ហ៊ិនហ្សូ អាបេ​ដែល​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ជប៉ុន បាន​មួយឆ្នាំដែរ កាលពី​ឆ្នាំ ២០០៦​បាន​ផ្តោត​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ជាអាទិភាព​ជាងគេ។ លោក​បាន​បង្កើត​នយោបាយ​សេដ្ឋកិច្ច​មួយ ដែល​ត្រូវ​បាន​គេ​ផ្តល់​រហស្សនាមថា Abenomics។ នយោបាយ​សេដ្ឋកិច្ច​របស់លោក​អាបេ​ ផ្តោត​ទៅលើ​ការបង្កើន​ចំណាយ​សាធារណៈ និង​បោះពុម្ព​ក្រដាស​ប្រាក់បន្ថែម។

នយោបាយAbenomics របស់​លោក​ ស្ហ៊ិនហ្សូ អាបេ​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ជប៉ុន​មាន​ការកើនឡើង​ខ្ពស់ ​ហួស​ពី​ការរំពឹងទុក នៅ​ដើមឆ្នាំ រហូត​ធ្វើ​ឲ្យ​ប្រទេស​នៅអឺរ៉ុប​ខ្លះ ដែល​កំពុង​ជួប​វិបត្តិប្រាក់បំណុល ចង់​យក​គំរូតាម។

ក្រៅតែ​ពី​ជាស្ថាបនិក​ដែល​នាំ​ឲ្យ​ជប៉ុន​ជួប​កំណើន​សេដ្ឋកិច្ច លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ត្រូវ​បាន​គេមើលឃើញ​ថា ជាមេដឹកនាំ​ដែល​ពូកែ​ខាងនយោបាយ​ការទូត។ លោក​បាន​ពង្រឹង​ចំណង​មិត្តភាព មិន​ថា ជាមួយ​សម្ព័ន្ធមិត្ត ដូចជា​អាមេរិក ឬ​អតីត​សត្រូវ ដូចជា​​រុស្ស៊ី។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​សំបូរ​ប្រេង​នៅសមុទ្រ​ពែរ្ស ដើម្បី​រក​ទិញ​ប្រេង មក​ផ្គត់ផ្គង់​ជប៉ុន ដែល​ជួបការខ្វះខាត​ផ្នែកថាមពល ចាប់តាំងពី​ជប៉ុន ពន្លត់​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊េរ ក្រោយគ្រោះថ្នាក់ នៅ​Fukushima។ មួយវិញ ទៀត នៅតែ​ប៉ុន្មាន​ខែ​នៃ​ការចូល​កាន់តំណែង​របស់គាត់ ជានាយករដ្ឋមន្រ្តី លោក​អាបេ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច នៅគ្រប់​ប្រទេស​សមាជិក​អាស៊ាន។ បំណង​គឺ​ដើម្បី​ បញ្ចុះបញ្ចូល​ប្រទេស​មួយ​ចំនួន ដែល​ជាសមាជិក​អាស៊ាន ដែល​កំពុង​ឈ្លោះ​ដណ្តើមដីកោះ​ជាមួយ​ចិន ឲ្យ​មក​នៅ​ខាងភាគី​ខ្លួន។

ប៉ុន្តែ រហូតមកដល់​ពេលនេះ លោក​អាបេ មិន​ដែល​បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​ចិន និង​កូរ៉េខាងត្បូង ដែល​តាមពិតទៅ ជា​ភាគី​ជម្លោះ​ដ៏សំខាន់ របស់ ជប៉ុន

នរណា​ក៏ដឹងដែរថា លោក​អាបេ​ជា​នាយករដ្ឋមន្រ្តី​ជាតិនិយម។ ក្នុង​បញ្ហា​ទាមទារ​ទឹកដី​ជាមួយ​ចិន លោក​អាបេ បាន​សន្យា​ទៅ​ប្រជាជន​ជប៉ុន​រួចហើយថា លោក​នឹង​ការពារ ដែនកោះ​របស់​ជប៉ុន។ ប្រជុំកោះសេនកាគូ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យភាព​របស់​ជប៉ុន ដែល​លោក​នឹង​មិន​ចរចា​ជាដាច់ខាត​ជាមួយ​ចិន។ ក្នុង​ហេតុផល​ការពារទឹកដី​របស់​ជប៉ុន លោក​អាបេ ជានាយក​រដ្ឋមន្រ្តី​ជប៉ុន​ទីមួយ ដែល​គ្រាន់តែ​ក្នុង​រយៈពេល​តែ​មួយឆ្នាំ​នៃការចូលកាន់តំណែង បាន​ដំឡើង​ថវិកា​ការពារ​ជាតិ ដល់​ទៅពីរដង ដែល​តាមពិត​ទៅ ជប៉ុន​ខាន​បាន​ធ្វើ​អស់រយៈពេល​១០​ឆ្នាំមកហើយ។

បន្ទាប់ពី​ចិន​បង្កើតតំបន់​ការពារ​ដែនអាកាស កាលពី​ចុងខែ​វិច្ឆិកា ជប៉ុន​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​​វិធានការ​យោធា ដើម្បី​ទប់ទល់ និង​អន្តរាគមន៍​នៅក្នុង​ពេល​ណាដែល​ជប៉ុន​រង​ការឈ្លានពាន​​ពី​ចិន។ នៅលើ​ក្រៅស្រុក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​រឹតតែ​ខំប្រឹង​សម្រុក​នយោបាយ​ការទូត​របស់​ខ្លួន។ ជប៉ុន​បាន​ដុតដៃ ដុតជើង​ជួយ​ហ្វីលីពីន ដែល​ជួប​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ហៃយ៉ាន់។ កាលពី​ពីរសប្តាហ៍មុននេះទៀត ជប៉ុន​ថែម​ទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ ដល់​ប្រទេស​សមាជិក​អាស៊ាន រាប់ពាន់​លាន​ដុល្លារ​ទៀត។

នៅមុន​ប្រារព្ធខួប​មួយឆ្នាំ នៃការចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​អាបេ​ទទួល​អប្រជាប្រិយភាព​ខ្លាំង នៅក្នុង​ការស្ទង់មតិ ចុងក្រោយនេះ

លោក​អាបេ​បាន​ជួយ​ឲ្យ​ជប៉ុន​ជួប​កំណើន​សេដ្ឋកិច្ច និង​ការពារ​ទឹកដីជប៉ុន។ ប៉ុន្តែ លោក​ក៏អាច​ធ្លាក់កូដ ដោយសារ​តែ គេ​ចាប់ផ្តើម​សង្ស័យ​ពី​ប្រសិទ្ធិភាព​នយោបាយ​សេដ្ឋកិច្ច​របស់លោក និង​នយោបាយ​ជាតិ​និយម​ជ្រុល​របស់លោក។ រហូតមកដល់​ពេលនេះ នយោបាយ​សេដ្ឋកិច្ច​របស់​លោក​អាបេ មិន​បានជួយ​ធ្វើ​ឲ្យ​អត្រាអតិផរណា​ជប៉ុន​កើនឡើង ដល់​២ភាគរយ តាមការកំណត់ទេ។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជាដើម បារម្ភថា នយោបាយសេដ្ឋកិច្ច​របស់លោក​អាបេ ដែល​បង្កើន​ថវិកា​ចំណាយ​សាធារណៈ នឹង​មិនជួយ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​រយៈពេល​វែង បើសិន​ជា​រដ្ឋាភិបាល​មិន​ព្រម​ធ្វើ​កំណែទម្រង់​ក្នុង​ស្ថាប័ន​រដ្ឋ ដូចការសន្យា។ រដ្ឋគិតតែ​បង្កើន​ប្រាក់ការចំណាយ ដែល​ធ្វើ​ឲ្យ​ប្រាក់បំណុល​ជាតិ​របស់​ជប៉ុន បាន​កើនឡើង​ខ្ពស់ គឺ​រហូត​ដល់​ទៅ ២៣០ភាគរយ​នៃផលិតផល​ក្នុងស្រុក​សរុប។ ក្នុង​ពេល​ជាមួយគ្នានោះ ការចំណាយ​របស់​ប្រជាជន​ក៏មិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ដែរ។

ងាក​មកមើល​នយោបាយជាតិ​និយម​របស់លោកអាបេវិញ ប្រជាជន​ជប៉ុន​ គំាទ្រ​គំនិត​ដែល​រដ្ឋាភិបាល​ត្រូវ​ការពារ​ទឹកដី ប៉ុន្តែ ពួកគេ​ព្រួយបារម្ភ​ដែរថា លោក​អាបេ​អាច​នឹង​កែប្រែ​រដ្ឋធម្មនុញ្ញសន្តិភាព ដើម្បី​បំពាក់​អាវុធ និង​បញ្ចូលកងទ័ព​​ជប៉ុន​ទៅក្នុង​សង្រ្គាមជាថ្មី។

មូលហេតុ​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​លោក​អាបេ​​ធ្លាក់​ប្រជាប្រិយភាពដែរ គឺ​រដ្ឋាភិបាល​របស់លោក​បាន​បង្កើត​ច្បាប់​ស្តីពី​ការណ៍សម្ងាត់​របស់​រដ្ឋាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយ និង​សង្គមស៊ីវិល​ជាច្រើន បាន​បរិហារ​ច្បាប់​នេះ ថា ជា​ឧបសគ្គ​រំលោភ​សិទ្ធិ បញ្ចេញមតិ​របស់​ប្រជាជន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ