ម៉ូស្គូសុំបស្ចិមលោកកុំឲ្យលូកដៃចូលក្នុងការងារតុលាការរុស្ស៊ី
សំណូមពរនេះ លើកឡើងដោយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ក្នុងសន្និសីទកាសែតធ្វើរសៀលម្សិលមិញនៅក្រុង Helsinki រួមជាមួយសមភាគីហ្វាំងឡង់។ តបនឹងការរិះគន់ ដែលថា ការកាត់ទោសនារីរុស្ស៊ី៣នាក់ នៃក្រុមចម្រៀង Pussy Riot ឲ្យគេម្នាក់ៗ ជាប់ពន្ធនាគារដល់ទៅ២ឆ្នាំ គឺវា “ធ្ងន់ជ្រុល” លោកប្រមុខការទូតរុស្ស៊ីអំពាវនាវកុំឲ្យច្រាស់ច្រាល់ និងឆាប់ទាញយកសេចក្តីសន្និដ្ឋានអី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣០
ជាបឋម គួររំលឹកថា នារីរុស្ស៊ី៣នាក់ នៃក្រុមចម្រៀង Pussy Riot ដែលកាលពីថ្ងៃសុក្រ ទី១៧សីហាកន្លងទៅ ត្រូវបានតុលាការក្រុងម៉ូស្គូប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ម្នាក់ៗ រយៈពេល២ឆ្នាំនោះ គឺមកពីគេបានថ្លោះការចូលទៅច្រៀងផង ឡកផង កាលពី ថ្ងៃ២១ កុម្ភៈ ឆ្នាំនេះ ក្នុងវិហារឈ្មោះ “ព្រះគ្រិស្តសង្គ្រោះ” នៅក្រុងម៉ូស្គូ ដែលជាវិហារគ្រិស្តសាសនាអ័រថូដុក្ស ធំបំផុតនៅរុស៊្សី។ ចម្រៀងគេកាលណោះ បន្លឺឡើង ជាការបន់ស្រន់ “សុំឲ្យព្រះជាម្ចាស់បណ្តេញលោកពូទីនចេញពីអំណាចទៅ” និងទិតៀនសម្តេចសង្ឃ Kirill ជាប្រមុខគ្រិស្តសាសនាអ័រថូដុក្ស ទូទាំងប្រទេសរុស្ស៊ី ចំពោះការគាំទ្រលោកពូទីន ឲ្យនៅកាន់អំណាច។ ទង្វើនារីទាំង៣នាក់នោះ ត្រូវតុលាការរុស្ស៊ីចាត់ទុកជា “អំពើយូកូមប្រមាថលើសាសនា” ដែលតាមក្រមព្រហ្មទណ្ឌរុស្ស៊ី គឺអាចត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ រហូតដល់៧ឆ្នាំឯណោះ។
ដោយឆ្លើយ ក្នុងសន្និសីទកាសែតនោះ ផ្គើនទៅអ្នកកាសែតម្នាក់ ដែលរិះគន់ថា ទោសដែលដាក់លើនារីទាំងនោះ គឺវា “ធ្ងន់ជ្រុល” លើសពីទង្វើដែលគេបានប្រព្រឹត្ត លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ថែមទាំងលើកយក ករណីបែបនេះនៅតាមប្រទេសបស្ចិមលោក មកបង្ហាញជាឧទាហរណ៍ទៅផង គឺថា ចំពោះអំពើយូកូមប្រព្រឹត្តក្នុងវិហារ ដែលប្រមាថលើសាសនា៖ នៅអាល្លឺម៉ង់ ប្រមើលឲ្យជាប់ពន្ធនាគារដល់៣ឆ្នាំ, នៅប្រទេសបារាំង គឺឲ្យជាប់២ឆ្នាំ, នៅហ្វាំងឡង់ គឺឲ្យជាប់ ២ឆ្នាំដែរ, នៅអូទ្រីស គឺឲ្យជាប់ពន្ធនាគារ ៦ខែ ឬតម្រូវឲ្យបង់ប្រាក់ពិន័យ ក្នុងទំហំស្មើនឹងប្រាក់ការងារ ដែលសាមីជនរកបាន ក្នុងអំឡុងពេល៣៦០ថ្ងៃ។
ព្រមជាមួយនេះ លោកប្រមុខការទូតរុស្ស៊ី គូសបញ្ជាក់ថា ទោះក្នុងករណីណាក៏ដោយ ក៏ទណ្ឌិតទាំងនោះនៅមានលទ្ធភាពប្តឹងទៅសាលាឧទ្ធរណ៍ទេតើ។ ដូច្នេះ សូមកុំប្រញាប់ប្រញាល់ ទាញយកសេចក្តីសន្និដ្ឋានអី ហើយជាពិសេស កុំច្រាស់ច្រាល់ លូកដៃចូលក្នុងកិច្ចការតុលាការរុស្ស៊ីឡើយ។
ទាក់ទងនឹងការកាត់ទោសនារី៣នាក់ នៃក្រុមចម្រៀង Pussy Riot អង្គការសង្គមសាស្ត្ររុស្ស៊ី Levada-Center ទើបចេញលទ្ធផលនៃការស្ទង់មតិប្រជាពលរដ្ឋរុស្ស៊ី ដូចតទៅ៖ ៤៤% យល់ថា ការកាត់ទោសនោះគឺយុត្តិធម៌ត្រឹមត្រូវ និងសត្យានុម័ត។ ១៧% មិនជឿថា មានយុត្តិធម៌ឡើយ ក្នុងការកាត់ទោសនេះ។ ១៨% ប្រាកដក្នុងចិត្តថា ការកាត់ទោសនោះធ្វើទៅតាម “បញ្ជាពីថ្នាក់លើ”។ ២១% សល់ពីនេះ គ្មានយោបល់អ្វីណាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ