អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

ជំនួប​​រវាង​​​ប្រមុខ​ការទូត​​អាមេរិក​​និង​​ប្រមុខ​ការទូត​​រុស្ស៊ី​ ផ្តោត​លើ​​វិបត្តិ​​ស៊ីរី​

នៅក្រុង​ហ្សឺណែវ ថ្ងៃ​២៦សីហា​នេះ ​ប្រមុខការទូត​អាមេរិក​ចន ឃែររី បាន​ជួប​​ជាមួយ​ប្រមុខ ការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រូវ ​ដើម្បី​ពិភាក្សា​ពីវិបត្តិ​ជម្លោះ​ស៊ីរី។ អាមេរិក​និង​រុស្ស៊ី​ចង់​ជំរុញ​អោយ​មាន​កិច្ចពិភាក្សា​សន្តិភាព​ស៊ីរី​ ឡើងវិញ។ រុស្ស៊ី​​ក៏ត្រៀម​​ជជែក​ជាមួយ​អាមេរិក​ពី​របាយការណ៍​អង្គការ​សហប្រជាជាតិ​ ដែល​​បានចោទ​ថា កងទ័ព​ស៊ីរី​ប្រើប្រាស់អាវុធ​គីមីដែរ។ 

លោកឃែររី និង​លោក​ឡាវ្រូវ នៅ​ក្រុងហ្សឺណែវ ថ្ងៃ​សុក្រ​២៦សីហា ២០១៦។
លោកឃែររី និង​លោក​ឡាវ្រូវ នៅ​ក្រុងហ្សឺណែវ ថ្ងៃ​សុក្រ​២៦សីហា ២០១៦។ REUTERS/Martial Trezzini/Pool
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខក្រុមអ្នកសារព័ត៌មាន នៅ​ក្រុងហ្សឺណែវ​ ថ្ងៃសុក្រ២៦សីហា​នេះ ​​​​​ប្រមុខការទូត​អាមេរិក និង​​រុស្ស៊ី​មិនបាន​ប្រាប់ថា តើ​ពួកគេ​រង់ចាំ​អ្វីអោយពិតប្រាកដ​ពី​កិច្ចពិភាក្សា​សន្តិភាព​ស៊ីរី​ទេ។ ប្រមុខ​ការទូត​ស៊ែរហ្កី ឡាវ្រូវ ​ព្យាយាម​មិនបង្កភាពតានតឹង​ជាមួយ​អាមេរិក ដោយ​​មិនឆ្លើយសំណួរ​អ្នក​សារព័ត៌មាន​ ​​ទាក់ទង​នឹងឧបសគ្គ​ក្នុង​ការ​ប្រកាស​​​បទឈប់បាញ់​នៅ​ស៊ីរី។

អាមេរិក​និង​រុស្ស៊ី​មាន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ជា​សត្រូវតែមួយ។ ​អាមេរិក​គាំទ្រ​ក្រុមប្រឆាំង​ស៊ីរី មិនចង់​ឃើញ​លោក​អាសាដ បន្ត​កាន់អំណាច។ តែ​រុស្ស៊ី​វិញគាំទ្រ​លោក​អាសាដ។ តាំងពី​ដើមឆ្នាំ២០១៦​មក​ ក្រុងហ្សឺណែវ​​បានរៀបចំ​​កិច្ចពីភាក្សា​អន្តរស៊ីរី​ជាច្រើន​ ប៉ុន្តែ​គ្មា​នលទ្ធផល​អ្វី​​ទេ។

សង្គ្រាម​ស៊ីរី​ជាង​៥ឆ្នាំនេះ ​សម្លាប់​មនុស្ស​ជាង​២សែន៩ម៉ឺននាក់​ហើយ។ ជំនួប​រវាង​ប្រមុខការទូត​រុស្ស៊ីនិង​អាមេរិក នៅ​ក្រុងហ្សឺណែវ​ពេលនេះ ប្រហែល​អាច​ផ្តល់​ផលវិបាក​ដល់​ការផ្តួចផ្តើម​​របស់អង្គការ​សហប្រជាជាតិ ក្នុង​ការ​ជំរុញ​​ដំនើរការ​នយោបាយ​ស៊ីរី។ នេះ​បើ​យោងតាម​​​ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​ ​លោក​ស្តាហ្វាន ដឺ មីស្ទូរ៉ា។ ​ជំនួប​ប្រមុខការទូត​ទាំង២​ អាច​នឹង​ស្មុគស្មាញ​ច្រើន ព្រោះ​ពេលនេះ ​នៅស៊ីរី ​កងទ័ព​តួកគី កំទេចទាំង​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ទាំងក្រុម​គួដឌីស្ថាន​ដែលជា​មិត្ត​របស់​អាមេរិក។

​កងទ័ព​លោក​អាសាដវិញ​ បាន​វាយ​យកបាន​ក្រុងដារ៉ាយ៉ាស្ថិត​នៅ​ភាគនិរតី​ក្រុងដាម៉ាស​ ពី​ក្រុមឧទ្ទាម​​មកវិញ។ ក្រុងដារ៉ាយ៉ា​​តំណាង​ចលនា​បះបោរ​ប្រឆាំង​លោក​អាសាដ​ ​ឆ្នាំ២០១១។ កងទ័ព​ឡោមព័ទ្ធ​ក្រុងនេះ ៤ឆ្នាំ​​ហើយ។ កងទ័ព​ស៊ីរី​ និង​ក្រុមឧទ្ទាម​​​បាន​ព្រមព្រៀង​​គ្នា ​អោយ​ជម្លៀស​ជន​ស៊ីវិល​និង​ក្រុមបះបោរ​ចេញពី​ក្រុងដារ៉ាយ៉ា។ ហើយ​​ថ្ងៃសុក្រ​នេះ ក្រុមឧទ្ទាម​និង​​​គ្រួសារពួកគេ​ បាននាំគ្នា​ចាកចេញ​ពី​ក្រុងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ