អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមរភូមិ​ហាសាកេHassake របត់​ថ្មី​នៃ​សង្គ្រាម​នៅ​ស៊ីរី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​ដែល​​តំបន់​អាឡិប បានក្លាយ​ជា​សមរភូមិ​យ៉ាង​សន្ធោសន្ធៅ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី និង​ពួក​ឧទ្ទាម​ត្រៀម​បើក​សង្វៀន​ប្រយុទ្ធ​គ្នា​ទឹក​ថ្មី មាន​សមរភូមិ​ប្រយុទ្ធ​មួយ​កន្លែង​ទៀត នៅ​ចម្ងាយ​ប្រមាណ​តែ​ជាង​បីរយ​គីឡូម៉ែត្រ​ពី​តំបន់​អាឡិប ក៏​បាន​និង​កំពុង​ឆាប​ឆេះ​ឡើងយ៉ាង​តាន​តឹង។ ក្រោយ​ពី​មាន​ប៉ះទង្គិច​ប្រយុទ្ធ​គ្នា​រវាង​កង​យុទ្ធជន​គាំទ្រ​ក្រុង​ដាម៉ាស និង​ប៉ូលិស​គួដឌីស្ថាន កងកម្លាំង​របស់​លោក​បាស្ហារ អាល់អាសាដ បានបើក​យុទ្ធនាការ​ផ្លូវអាកាស​​ ជា​លើក​ទី​មួយ​ គិត​ចាប់​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១ វាយប្រហារ​​ទីតាំង​របស់​​គួដឌីស្ថាន នៅ​ហាសាកេ Hassake។ ឯ​ចំណែក​អាមេរិក​ ក៏​បាន​សម្រេច​ចិត្ត ជា​លើក​ទី​មួយដែរ វាយប្រហារ​ផ្លូវ​អាកាស​​​ ប្រឆាំង​នឹង​របបក្រុង​ដាម៉ាស។

ជនស៊ីវិល​គួដឌីស្ថានស៊ីរី រត់​គេច​ពី​ការ​ទម្លាក់​គ្រាប់​បែក​នៅ Hassakéភាគ​ឦសានប្រទេស
ជនស៊ីវិល​គួដឌីស្ថានស៊ីរី រត់​គេច​ពី​ការ​ទម្លាក់​គ្រាប់​បែក​នៅ Hassakéភាគ​ឦសានប្រទេស DELIL SOULEIMAN / AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​នៃ​កងទ័ព​អាកាស​​ស៊ីរី បាន​បន្ត​ហោះ​ឆ្វែល​ពេញ​មេឃ​លើ​តំបន់ ហាសាកេ (Hassake) នៅ​ថ្ងៃ​សៅរ៍​នេះ​ទៀត ប៉ុន្តែ​ក្នុង​ពេល​ភ្លាមៗ​ដូច្នេះ គេ​មិន​ច្បាស់​ទេថា តើ​យន្តហោះយោធាស៊ីរី​ យប់​មិញ ហោះ​ឆ្វែល​ក្នុង​បំណង​ដូច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃសុក្រ​ឬ​យ៉ាងណា​ទេ។​

នេះ​គឺ​​​​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពីសង្គ្រាម​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង នៅ​ឆ្នាំ​២០១១​មក ដែល​កងកម្លាំង​ការពារ​ជាតិ ឬ​ទាហាន​របស់​រដ្ឋាភិបាល​លោកបាស្ហារ អាល់អាសាដ បាន​បើក​ការ​វាយប្រហារ​លើទីតាំង​របស់​​ពួកគួដឌីស្ថាន​ នៅ​តំបន់​ហាសាកេ ដែល​ធ្លាប់​ធ្វើការ​រួម​គ្នា​ដើម្បី​យក​ឈ្នះ​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ អាជ្ញាធរ​ស៊ីរី បាន​បញ្ជាក់​ថា សកម្មភាព​វាយប្រហារ​របស់​យោធា​ស៊ីរី គឺ​ជា​​ប្រតិកម្ម​​តបត​យ៉ាង​សក្តិសម​លើ​ពួក​គួដឌីស្ថាន ដែល​ចង់​គ្រប់គ្រង​ទាំង​ស្រុង​តំបន់​ ហាសាកេ។ ប្រភព​រដ្ឋាភិបាល​ប្រចាំ​តំបន់​បាន​អះអាង​ ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ការ​ទម្លាក់​គ្រាប់​បែក​នេះ គឺ​ជា​សារ​ព្រមាន​ដល់​ពួក​គួដឌីស្ថាន ឱ្យ​បញ្ឈប់​សកម្មភាព​ទាមទារ​ណា​មួយ​ដែល​ប៉ះពាល់​ដល់​បូរណភាព​ជាតិ។

គួដឌីស្ថាន​នៅ​ស៊ីរី​ ​តំណាង​១៥%​នៃ​ប្រជាពល​រដ្ឋ​ស៊ីរី​ទាំង​អស់។ ក្រុម​នេះ ​ត្រួតត្រា​តំបន់​​ហាសាកេ​ដល់​ទៅ​ពីរ​ភាគ​បី។ ម្យ៉ាង​ទៀត​ពួកគួដឌីស្ថាន គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹង​មាំ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម នៅស៊ីរី។

អាមេរិកបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ស៊ីរី​

ដោយ​​ឃើញ​មាន​ការ​ប្រយុទ្ធ​លើ​ដី និង​ការ​សម្រុក​វាយប្រហារ​ទម្លាក់គ្រាប់​បែក​យ៉ាង​សន្ធាប់​លើ​ទីតាំង​គូដឌីស្ថាន ពីរ​ថ្ងៃជាប់​គ្នា​យ៉ាង​ដូច្នេះ សហរដ្ឋ​អាមេរិក ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​កង​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ ក៏​បាន​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ជា​លើក​ទី​មួយ ដោយ​សម្រេច​បញ្ជូន​យន្តហោះ​​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​ស៊ីរី ​ តែ​ម្តង។ ប៉ុន្តែ​ជា​សំណាង​ល្អ នៅ​ពេល​យន្តហោះ​ចម្បាំង​អាមេរិក  US Air force ទៅដល់​ យន្តហោះ​ចម្បាំង​របស់​ស៊ីរី SU-24 ទាំង​ពីរ​គ្រឿង​បាន​ត្រលប់​ចូល​បន្ទាយ​វិញ ទើប​គ្មាន​ក៏​ប៉ះទង្គិច​ច្បាំង​​គ្នាដោយ​ផ្ទាល់។

ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ស៊ីរី របស់​អាមេរិក មិនមែន​ដើម្បីការពារ​​កងកម្លាំង​គួដឌីស្ថានដែល​ជា​សម្ព័ន្ធមិត្ត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ទេ ប៉ុន្តែ​ នៅ​ទីនោះ មាន​កង​ទ័ព​ពិសេស​អាមេរិក ប្រមាណ​៣០០​នាក់ ​កំពុង​ឈរ​ជើង ​នៅ​ចម្ងាយ​ប្រមាណ​៤ឬ​៥​គីឡូម៉ែត្រ​ពី​ក្រុង​ហាសាកេ។ កង​កម្លាំងពិសេស​អាមេរិក​នេះ មាន​ភារៈ​ផ្តល់​ ប្រឹក្សា​ និង​បំពាក់បំប៉ន​កងកម្លាំង​គួដឌីស្ថាន។

សម្រាប់​​​វ៉ាស៊ីនតោន​ ការ​វាយប្រហារ​ផ្លូវ​អាកាស​​របស់​ស៊ីរី ប្រឆាំង​នឹង​កងកម្លាំង​គួដឌីស្ថាន គឺ​ជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​កម្លាំង​​សម្ព័ន្ធមិត្ត និង​ដែល​មិន​អាច​អនុគ្រោះ​ឱ្យ​បាន​ឡើយ។ អ្នក​នាំ​ពាក្យ​​សហរដ្ឋ​អាមេរិក​បាន​​ទាក់ទង​ទៅ​រុស្ស៊ី ដឹង​ច្បាស់​ណាស់​ថា​មិន​មែន​ជា​ស្នាដៃ​វាយប្រហារ​របស់​ម៉ូស្គូទេ តែ​បាន​ស្នើ​សុំ​ឱ្យ​សម្ព័ន្ធ​មិត្ត​ស៊ីរី​ម្នាក់​នេះ​ទៅ​ប្រាប់​លោក បាស្ហារ អាល់អាសាដ ឱ្យ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់លើ​ទីតាំង​គួដឌីស្ថាន តែ​មើល​ទៅ​សារ​នេះ មិន​បាន​ទៅ​ដល់​ក្រុង​ដាម៉ាស​ទេ ឬ​ទៅ​ដល់​ដែរ​តែ​គ្មាន​អ្នក​ធ្វើ​ឮ​​។

ហេតុអ្វី​ស៊ីរី​ធ្វើ​សង្គ្រាម​ជាមួយកង​កម្លាំង​គួដឌីស្ថាន ពេលនេះ ?

អាច​មាន​មូល​ហេតុ​ពីរ ៖ ទី​មួយ​គឺ​មូលហេតុ​ជាតិ ! កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែល​កម្លាំង​សម្ព័ន្ធមិត្ត​យុទ្ធជន​អារ៉ាបភាគតិច​ និងភាគច្រើន​ជា​គួដឌីស្ថាន​ បាន​រុល​ទៅ​មុខ​ឈ្នះ​លើ​​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមជា​បន្ត​បន្ទាប់។  ហើយ​ក្នុង​ពេល​ដែល​​កង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស វក់វី​ក្នុង​សមរភូមិ​ក្រុង​អាឡិប កងកម្លាំងគួដឌីស្ថានក៏​ឆ្លៀត​ ​យក​ចំណេញ​ពី​ជោគជ័យ​នេះ ដើម្បី​ប្រមូល​ផ្តុំ​សហគម​គួដឌីស្ថាន​ នៅ​ហាសាកេ ​និង​ខេត្ត​ជាប់គ្នា​ពីរ​បី​ទៀត ពង្រីក​ដី មាន​​កម្លាំង​ច្រើន​ ដែល​អាច​មាន​ប្រៀប​លើ​រដ្ឋាភិបាល​​នៅ​ពេល​ចរចា​ផ្សេងៗ។ ប្រឈម​នឹង​​ទស្សនវិស័យ​នេះ​ ទើប​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ត្រូវងាក​មក​វាយលើ​ពួក​​គួដឌីស្ថាន​នៅ​ហាសាកេ​នេះ​ទៅ។

​បរិបទ​តំបន់​និ​ងអន្តរជាតិ អាច​ជា​មូលហេតុ​ទីពីរ។ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ​បញ្ហា​ ​គួដឌីស្ថាន​នៅស៊ីរី បាន​​ក្លាយ​ជា​ប្រធានបទមួយ​នៃ​ការ​ចរចា​ការទូត។ របប​ក្រុង​ដាម៉ាស ទំនង​កំពុង​ចរចា​ជាមួយ​មហាអំណាច​ក្នុង​តំបន់​ផ្សេង​ទៀត ពិសេស​តួកគី ដែល​ក៏​លូក​ដៃ​ដោយ​ផ្ទាល់​ក្នុង​វិបត្តិ​ស៊ីរី និង​គួដឌីស្ថាន​នេះ​ដែរ។ ការ​វាយប្រហារ​នេះ អាច​ជា​សញ្ញា​នៃ​កិច្ចសហប្រតិបត្តិការ​ប្រទាក់ក្រឡា រវាង តួកគី អ៊ីរ៉ង់​និង​ស៊ីរី។ បី​ភាគី​នេះ​អាច​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​ ជុំ​វិញ​បញ្ហា​គូដឌីស្ថាន​នេះផង ទន្ទឹម​នឹង​​ការ​ត្រូវរ៉ូវ​គ្នា​ថ្មី​ៗ​រវាង​ ម៉ូស្គូ​និង​អង់ការ៉ា។ តាម​រយៈ​ជំនួប​រវាង​លោក​ពូទីន និង​អែដូហ្កាន​ កាលពី​សប្តាហ៍​មុន​ទៀត រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ ក៏​ទំនង​សម្រេច​​កិច្ចព្រមព្រៀង​គ្នា​ ដោយ​សម្ងាត់មួយដែរ​។

តែ​ការ​ត្រូវរ៉ូវ​ដោយ​ស្ងាត់ៗ​ ត្រូវ​ប្រឈម​នឹង​អន្តរាគមន៍​អន្តរជាតិ នោះ​គឺ​អាមេរិក ដែល​បញ្ជូន​យ៉ាង​ទាន់​ហន់​យន្តហោះ​ចម្បាំង​មក​ស៊ីរី។ ​វិបត្តិស៊ីរី​ ទំនង​ជា​​ដើរ​មក​ដល់​របត់​ថ្មី ដែល​មាន​គ្រប់​ទស្សនវិស័យ​ការ​ទូត។ ថ្វី​បើ​គ្រប់​គ្នា​កំពុង​ផ្តោច​ចក្ខុ​ទៅ​ក្រុងអាឡិប​មែន តែ​គឺ​ស្ថានការណ៍​នៅ​ហាសាកេ​នេះ​ឯង ដែល​ជា​មូលហេតុ​នៃ​ភាព​ពុះ​កញ្ជ្រោលផ្នែក​​យោធា​និង​ការទូត៕ ​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ