អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ព្រមាន​ពី​ការ​ផ្ទុះ​សង្រ្គាមស៊ីវិល​ក្នុង​ប្រទេស​អេហ្ស៊ីប និង​បរិហារ​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​បួស ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​តមអាហារ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​រយៈពេល ១ខែ​បាន​បិទបញ្ចប់​ហើយ នៅ​ថ្ងៃព្រហស្បតិ៍ ទី៨ សីហា​ម្សិលមិញ។ ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី៩ សីហា​នេះ​នា​ឱកាស​បិទបញ្ចប់​ពិធី​តម​អាហារ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម លោកអាលី ខាមេនី មេដឹកនំា​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប និង​បាន​បរិហារ​ចំពោះ​ដំណើរ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

លោក​អាលី ខាមេនី មេដឹកនំា​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់
លោក​អាលី ខាមេនី មេដឹកនំា​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់ Reuters/Leader.ir/Handout
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នា​ពេល​សព្វថ្ងៃ វា​ហាក់​ដូច​ជា​ការ​ចាប់​ផ្តើម​សង្រ្គាមស៊ីវិល។ ប៉ុន្តែ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ធំ​របស់​លោក​អាលី ខាមេនី ប្រមុខ​ដឹកនំាសាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ គឺ​ការ​ដែល​ប្រទេស​អេហ្ស៊ីប​កំពុង​ផុងខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សង្រ្គាមស៊ីវិល​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ លោក​ខាមេនី​បាន​ហៅ​ស្ថានការណ៍​របៀប​នេះ​ថា ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រទេស និង​ប្រជាជន​អេហ្ស៊ីប​ទំាង​មូល។ ដោយ​សម្លឹង​ឃើញ​នូវ​គ្រោះមហន្តរាយ​ជា​យថាហេតុ​នេះ លោក​ប្រមុខ​ដឹកនំា​សាសនា​អ៊ីរ៉ង​បាន​អំពាវនាវ​ប្រជាជន​អេហ្ស៊ីប​គ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនំា​នយោបាយ ថ្នាក់នំា​សាសនា​គ្រប់រូប ព្រម​ទំាង​ក្រុមបញវន្ត​ទំាង​អស់ ឲ្យ​ថ្លឹងថ្លែង​អំពី​កម្រិត​គ្រោះថ្នាក់ ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​បន្ត​ដូច​សព្វថ្ងៃ។

ជាមួយ​គ្នា​នេះ លោក​ខាមេនី​ក៏​បាន​ធ្វើ​ការ​ផ្តន្ទាទោស​ចំពោះ​ទង្វើ​សម្លាប់​ប្រជាជន​ស្លូតត្រង់ និង​ការ​ប្រើប្រាស់​ភាសា​កម្លំាងបាយ​ប្រឆំាង​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ យោង​តាម​លោក​ខាមេនី បើ​សង្រ្គាមស៊ីវិល​ចាប់​ផ្តើម​មាន​រូបរាង​ពិតប្រាកដ​ហើយ​នោះ គឺ​ពិត​ជា​គ្មាន​អ្វី​អាច​នឹង​បញ្ឈប់​វា​បាន​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បន្ថែម គឺ​ការ​ដែល​ប្រមុខ​ដឹកនំា​សាសនា​អ៊ីរ៉ង់​បាន​ចាត់​ទុក​ស្ថានការណ៍​វឹកវរ​ក្នុង​ប្រទេស​អេហ្ស៊ីប​សព្វថ្ងៃ ថា​ជា​ការ​លូតដៃ​ចូល​ជ្រៀតជ្រែក​ពី​សំណាក់​ក្រុមប្រទេស​លោកខាងលិច ដោយ​លោក​ខាមេនី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ទេ។ អ៊ីចឹង​ហើយ​បាន​មេដឹកនំា​សាសនា​អ៊ីរ៉ង់​រូប​នេះ​បាន​ផ្តល់ទូន្មាន​ដល់​ថ្នាក់ដឹកនំា​អេហ្ស៊ីប​គ្រប់​និន្នាការ​នយោបាយ​ទំាងអស់ កុំ​ទុកបណ្តោយ​ឲ្យ​បរទេស​បង្វិលក្បាល​ស្រេច​តែ​នឹង​ចិត្ត។

គួរ​បញ្ជាក់​ជូន​បន្តិច​ថា តំាង​ពី​ជាង ៣០ឆ្នំា​មក​ហើយ​ដែល​អ៊ីរ៉ង់ និង​អេហ្ស៊ីប​មិន​មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ទេ។ មូលហេតុ គឺ​មក​ពី​អេហ្ស៊ីប​ជំនាន់​លោក​ប្រធានាធិបតី Hosni Moubarak បាន​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​ប្រទេស​អ៊ីរ៉ង់។

លោក​អាលី ខាមេនី​បរិហារ​កិច្ចចរចា​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ក្រៅ​ពី​ចាប់​អារម្មណ៍​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ប្រមុខ​ដឹកនំា​សាសនា​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក៏​និយាយ​អំពី​ដំណើរការ​ចរចា​ជា​ថ្មី​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ផង​ដែរ។ សម្រាប់​លោក​ខាមេនី ដំណើរការ​ចរចា​នោះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទៅ​វិញ​ទេ។

គួរ​បញ្ជាក់​ជូន​ឡើង​វិញ​បន្តិច​ថា កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​តំណាង​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ដំណាច់​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ជា​លទ្ធផល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក ពិសេស​គឺ​លោក​ប្រមុខ​ការទូត John Kerry។ លោក John Kerry ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា​រហូត​ដល់​ទៅ ៦លើក​ឯណោះ ក្នុង​រយៈពេល ៤ខែ​ចុង​ក្រោយ​នេះ។ មួយ​វិញ​ទៀត ការ​ផ្តើម​កិច្ចចរចា​ជា​ថ្មី​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​ជាប់​គំាង​អស់​រយៈពេល ៣ឆ្នំា និង​ក្រោយ​ពី​មាន​ជម្លោះ​ដ៏​រុំារ៉ៃ​រវាង​គ្នា​អស់​រយៈពេល​ជាង ៦ទស្សវត្ស​កន្លង​ទៅ។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ដឹកនំា​សាសនាអ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់ អាលី ខាមេនី​មិន​បាន​ត្រេកត្រអាល​ចំពោះ​ព្រឹត្តិការណ៍​នេះ​ទេ។ សម្រាប់​លោក​ខាមេនី កិច្ចចរចា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​សហរដ្ឋអាមេរិក​ពេល​នេះ គឺ​កំពុង​ផ្តល់​ផលប្រយោជន៍​បន្ថែម​ឲ្យ​អ៊ីស្រាអែល ជាង​ឲ្យ​ប៉ាឡេស្ទីន​ទៅ​វិញ។ ត្រង់​ចំណុច​នេះ លោក​ខាមេនី​បាន​អំពាវនាវ​ឲ្យ​ពិភពអ៊ីស្លាម​នំា​គ្នា​ផ្តន្ទាទោស​លើ​ទង្វើ​ដែល​រៀបចំ​ឡើង​ដោយ​អ៊ីស្រាអែល និង​អាមេរិក​ក្នុង​គោលដៅ​បំផ្លាញ​ប្រយោជន៍​របស់​ប្រជាជន​ប៉ាឡេស្ទីន។

លោក​ខាមេនី​បាន​សម្លឹង​ឃើញ​ទុក​ជា​មុន​ថា លទ្ធផល​នៃ​កិច្ចចរចា​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នឹង​រឹត​តែ​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុមអ្នក​ឈ្លានពាន​ឲ្យ​បន្ត​គាបសង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិទាមទារ​ស្រប​ច្បាប់​របស់​ប្រជាជន​ប៉ាឡេស្ទីន។

ប្រតិកម្ម​របស់​លោក​ប្រមុខដឹកនំា​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ថា អ៊ីរ៉ង​មិន​ដែល​ទទួល​ស្គាល់​ភាព​ស្របច្បាប់​របស់​ប្រទេស​អ៊ីស្រាអែល ហើយ​ថ្នាក់ដឹកនំាជាន់ខ្ពស់​អ៊ីរ៉ង់​ទៀត​សោត ពិសេស​គឺ​រូបលោក​ខាមេនី​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​ដង​ថា ប្រទេស​អ៊ីស្រាអែល​នឹង​ត្រូវ​រលប់​បាត់​ពី​ផែនទី​ពិភពលោក​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ថ្មីៗ​នេះ​ទៀត លោក​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី​ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​ប្រកាន់​និន្នាការ​កណ្តាលនិយម ក៏​បាន​ប្រកាស​ថា អ៊ីស្រាអែល​គឺ​ជា​ស្នាមរបួស​គ្មាន​ថ្ងៃ​រលុប​នៅ​ក្នុង​ខ្លួន​របស់​ពិភពអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ